ក្តីស្រឡាញ់របស់អ្នកស្រី Bernadette Kwimbira-Mzika នៅក្នុងការធ្វើជាអាជ្ញាកណ្តាល បានចាប់ផ្តើមនៅពេលដែលអ្នកស្រីបានចូលកងទ័ពយោធាប្រទេសម៉ាឡាវី ធ្វើជាទាហានម្នាក់ កាលពី១៦ឆ្នាំមុន។
ក្នុងឋានៈជាទាហានម្នាក់ នាងតែងតែទៅចូលរួមនៅក្នុងការប្រកួតបាត់ទាត់។
«នៅពេលនោះ រឿងតែមួយគត់ដែលខ្ញុំដឹងពីបាល់ទាត់ គឺរឿងបាល់«អ៊កហ្សឺ» នៅពេលដែលជំនួយការអាជ្ញាកណ្តាលលើទង់ជាតិ ហើយអាជ្ញាកណ្តាលម្នាក់ទៀតបានផ្លុំកញ្ចែរ ហើយលើកដៃឡើង ចង្អុលទៅជ្រុងម្ខាងទៀតនៃទីលាន។ ខ្ញុំបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសកម្មភាពរបស់អាជ្ញាកណ្តាលទាំងនេះ»។
បច្ចុប្បន្ន ក្នុងឋានៈជាម្តាយរបស់កូនពីរនាក់ អ្នកស្រីកំពុងបម្រើការជាលេខាម្នាក់នៅមហាវិទ្យាល័យម៉ាឡាវី ហើយអ្នកស្រីបានចូលរៀនវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលសម្រាប់អ្នកទើបចាប់ផ្តើម និងទទួលបានសញ្ញាប័ត្រអាជ្ញាកណ្តាលកម្រិតទីបី។
ឥឡូវនេះ អ្នកស្រីបានធ្វើជាអាជ្ញាកណ្តាលបាល់ទាត់អស់រយៈពេល១៤ឆ្នាំ ហើយអ្នកស្រីមានឈ្មោះបោះសំឡេងទាំងនៅក្នុងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ។ នាឆ្នាំនេះ អ្នកស្រី Kwimbiri-Mzika បានក្លាយជាអាជ្ញាកណ្តាលស្រីជនជាតិម៉ាឡាវីដំបូងគេនៅក្នុងការធ្វើជាអាជ្ញាកណ្តាលនៅកីឡាអូឡាំពិក។ កាលពីឆ្នាំមុន អ្នកស្រីបានក្លាយជាជនជាតិម៉ាឡាវីដំបូងក្នុងការធ្វើជាអាជ្ញាកណ្តាលនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកផ្នែកស្រ្តីរបស់សហព័ន្ធបាល់ទាត់ FIFA ដែលធ្វើឡើងនៅប្រទេសកាណាដា។
នៅឆ្នាំមុនដូចគ្នានេះដែរ លោកស្រីក៏ត្រូវបានបោះឆ្នោតជ្រើសតាំងជាជំនួយការអាជ្ញាកណ្តាលសម្រាប់សម្ព័ន្ធបាល់ទាត់Super League ថ្នាក់កំពូលរបស់ប្រទេសម៉ាឡាវី។
នៅក្នុងឆ្នាំ២០១៣ អ្នកស្រី Kwimbiri-Mzika បានទទួលពានរង្វាន់អាជ្ញាកណ្តាលល្អបំផុតសម្រាប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលនៃសម្ព័ន្ធបាល់ទាត់អាហ្វ្រិក Elite A សម្រាប់ទាំងបុរស និងស្រ្តី ដែលបានធ្វើឡើងនៅប្រទេសអេហ្ស៊ីប។
«ពិតណាស់ ខ្ញុំចង់ធ្វើដំណើរវែងឆ្ងាយទៅមុខជាមួយនឹងការធ្វើជាអាជ្ញាកណ្តាលបាល់ទាត់។ ប៉ុន្តែនិយាយឲ្យត្រង់ទៅ មិនមានថ្ងៃណាមួយ ដែលខ្ញុំបានស្រមៃថាខ្លួនខ្ញុំអាចឡើងមកជាអាជ្ញាកណ្តាលនៅក្នុងការប្រកួតបាល់ទាត់ធំៗ ដូចជាការប្រកួតបាល់ទាត់ពិភពលោក និងកីឡាអូឡាំពិកឡើយ»។ជោគជ័យរបស់អ្នកស្រី គឺមកពីការប្រកាន់ខ្ជាប់ក្បួនច្បាប់នៃកីឡាបាល់ទាត់។
«នៅក្នុងនាមជាអាជ្ញាកណ្តាលល្អម្នាក់ អ្នកមិនចាំបាច់ធ្វើជាមិនដឹង ដូចមិនបានឃើញអ្វីទាំងអស់នោះទេ នៅពេលដែលអ្នកបានឃើញហេតុការណ៍មួយបានកើតឡើងយ៉ាងច្បាស់ ហើយមិនត្រូវបង្កើតក្បួនច្បាប់របស់អ្នកឡើយ។ នៅពេលដែលហេតុការណ៍តម្រូវឲ្យមានការប្រើកាតលឿង អ្នកត្រូវផ្តល់កាតដើម្បីព្រមានទៅដល់កីឡាកររូបនោះ។ ប្រសិនបើហេតុការណ៍តម្រូវឲ្យមានការប្រើកាតក្រហម អ្នកត្រូវឲ្យកាតក្រហមទៅឲ្យកីឡាករនោះ»។
អ្នកស្រីថ្លែងថា ការធ្វើជាអាជ្ញាកណ្តាលស្រីនៅក្នុងប្រទេសមួយ ដែលការវិនិច្ឆ័យក្នុងវិស័យបាល់ទាត់ត្រូវបានគ្របដណ្តប់ដោយបុរស អ្នកស្រីបានរងនូវការប្រមាថពីអ្នកគាំទ្រកីឡាបាល់ទាត់រាល់ពេលដែលអ្នកស្រីចូលបំពេញតួនាទីនៅលើទីលាន។ អ្នកស្រីបានបន្តថា មនុស្សមួយចំនួនបានប្រាប់អ្នកស្រីឲ្យទៅធ្វើជាអាជ្ញាកណ្តាលកីឡាបាល់គប់វិញ ដែលជាកីឡាដ៏មានប្រជាប្រិយភាពមួយសម្រាប់ស្រីនៅប្រទេសម៉ាឡាវី។
អ្នកស្រីគិតថានឹងមានការប្រមាថដូចនេះ ប៉ុន្តែ អ្នកស្រីបាននិយាយថា «ខ្ញុំមិនខ្វល់សោះឡើយពីរឿងនោះ»។
លោក Madalitso Phiri គឺជា និពន្ធនាយកផ្នែកកីឡានៅក្នុងវិទ្យុ Capital ដែលជាវិទ្យុឯកជនមួយ។ លោកបាននិយាយថា លោកបានតាមដានរបៀបជាអាជ្ញាកណ្តាលរបស់អ្នកស្រី Kwimbira-Mzika ជាយូរណាស់មកហើយ។
«ខ្ញុំមិនដែលបានឃើញការប្រកួតបាល់ទាត់ណាមួយ ដែលត្រូវបានបញ្ចប់ដោយភាពចម្រូងចម្រាស ឬអំពើហិង្សា ឬក្រុមបាល់ទាត់មិនភាពពេញចិត្តនឹងសេចក្តីសម្រេចរបស់អ្នកស្រីនោះទេ។ ដូច្នេះការណ៍នេះបង្ហាញយ៉ាងច្បាស់ថា ស្រ្តីម្នាក់នេះដឹងពីអ្វីដែលខ្លួនធ្វើ»។
អ្នកស្រី Kwimbira-Mzika អាយុ ៣៥ឆ្នាំ និយាយថា វាជាក្តីប្រាថ្នារបស់អ្នកស្រី នៅក្នុងការរក្សាកេរ្តិ៍ឈ្មោះជាអាជ្ញាកណ្តាលដ៏ល្អមួយរូប រហូតដល់ពេលអ្នកស្រីចូលនិវត្តន៍ ដែលប្រហែលជាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា