ប្រទេសកាណាដា លុបចោលរដូវកាលនាវាដំណើរកម្សាន្តមកកាន់រដ្ឋ Alaska សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២១ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ ការលុបចោលនេះបានធ្វើឲ្យអ្នកនយោបាយអាមេរិកាំងខឹងសម្បារ និងធ្វើឲ្យរង្គោះរង្គើវិស័យទេសចរណ៍របស់ប្រទេសទាំងពីរ។ ពលរដ្ឋនៅរដ្ឋ Alaska របស់អាមេរិក និងពលរដ្ឋនៅខេត្ត British Columbia របស់ប្រទេសកាណាដា ត្រូវប្រឈមនឹងផលប៉ះពាល់ដែលបណ្តាលមកពីការលុបចោលនេះ។
ដោយលើកឡើងពីការព្រួយបារម្ភជុំវិញការរាតត្បាតជំងឺកូវីដ១៩ ក្រសួងដឹកជញ្ជូនកាណាដា បានពន្យារពេលបន្ថែមលើបម្រាមចំពោះនាវាដំណើរកម្សាន្ត ដែលដឹកមនុស្សចំនួនលើសពី ១០០នាក់ទៅមករវាងប្រទេសកាណាដា និងរដ្ឋ Alaska សហរដ្ឋអាមេរិក។ ការពន្យារពេលបន្ថែមនេះ នឹងអូសបន្លាយរហូតដល់ខែកុម្ភៈ ឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ម៉ឹងម៉ាត់មួយ ប្រតិភូសភាអាមេរិកាំងប្រចាំរដ្ឋ Alaska បានតវ៉ាថា សេចក្តីសម្រចខាងលើនេះ គឺធ្វើឡើងដោយប្រទេសកាណាដាតែឯកឯង ដោយមិនមានការពិគ្រោះយោបល់ ឬផ្តល់ដំណឹងជាមុននោះទេ។ សេចក្តីថ្លែងការណ៍ពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកចំនួនពីររូប និងតំណាងតែមួយគត់ប្រចាំរដ្ឋ Alaska ក៏បានលើកឡើងដែរថា សេចក្តីសម្រេចនេះ គឺធ្វើឡើងដោយមិនគិតពីរដ្ឋ Alaska ឬសេដ្ឋកិច្ចរបស់រដ្ឋនេះនោះទេ។
យោងតាមសមាគមទេសចរណ៍រដ្ឋ Alaska នៅឆ្នាំ២០១៩ រដ្ឋ Alaska ស្វាគមន៍ភ្ញៀវទេសចរជាង ១,៣លាននាក់ ដែលមកដល់តាមនាវាដំណើរកម្សាន្ត ដែលក្នុងនោះ ៦០ភាគរយជាអ្នកទេសចរនារដូវក្តៅ។
ប្រធានសមាគមទេសចរណ៍រដ្ឋ Alaska អ្នកស្រី Sarah Leonard កំពុងជំរុញឲ្យមានការលើកលែងបណ្តោះអាសន្ននូវច្បាប់ U.S. Passenger Vessel Services ដើម្បីអនុញ្ញាតឲ្យនាវាដំណើរកម្សាន្តធ្វើនាវាចរណ៍ចេញពីកំពង់ផែនៅសហរដ្ឋអាមេរិក ដូចជា ពីក្រុង Seattle មកកាន់រដ្ឋ Alaska។ ដោយត្រូវបានអនុម័តនៅឆ្នាំ ១៨៨៦ ច្បាប់នេះ នៅតែហាមប្រាមនាវាដំណើរកម្សាន្តពីការធ្វើនាវាចរណ៍ដោយផ្ទាល់រវាងកំពង់ផែនៅសហរដ្ឋអាមេរិក ដោយជំរុញឲ្យនាវាមានគោលដៅទៅកាន់រដ្ឋ Alaska ត្រូវធ្វើដំណើរចេញពី ឬឈប់នៅប្រទេសកាណាដា។
អ្នកស្រី Sarah បានថ្លែងថា៖
«យើងបានរង់ចាំជាយូរយារណាស់មកហើយ ចាប់តាំងពីការកើតមានដំបូងនៃការរាតត្បាតជំងឺកូវីដ១៩ សម្រាប់ការលើកលែងជាបណ្តោះអាសន្ននូវច្បាប់សហព័ន្ធនោះ ដើម្បីអនុញ្ញាតឲ្យនាវាដំណើរកម្សាន្ត ឬនាវាដឹកជញ្ជូនអ្នកដំណើរធុនធំធ្វើដំណើរទៅកាន់រដ្ឋ Alaska»។
ទីក្រុង Vancouver គឺជាចំណុចចាប់ផ្តើមសម្រាប់នាវាដំណើរកម្សាន្តភាគច្រើនធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែរដ្ឋ Alaska ដោយមានទីក្រុង Seattle នៅជាប់នោះជាកន្លែងប្រជែងមួយ។ យោងទៅតាមកំពង់ផែក្រុង Vancouver ឆ្នាំ២០១៩ គឺជាឆ្នាំបំបែកកំណត់ត្រាមួយសម្រាប់ការចូលមកដល់របស់នាវាដំណើរកម្សាន្តចំនួនសរុប ២៨៨ ដែលជាការកើនឡើង ២២ភាគរយពីឆ្នាំ២០១៨។
លោក Walt Juda គឺជាប្រធានសមាគមទេសចរណ៍ខេត្ត British Columbia នៅប្រទេសកាណាដា។
លោកបារម្ភថា ការលើកលែងជាបណ្តោះអាសន្ននូវច្បាប់ Passenger Vessel Services អាចក្លាយជាអចិន្ត្រៃយ៍ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍របស់ខេត្ត British Columbia របស់កាណាដា។
លោក Judas ថ្លែងថា៖
«នៅពេលមានការលើកលែងបែបនេះ សូម្បីតែលើកលែងបណ្តោះអាសន្នក៏ដោយ តើនរណាអាចបញ្ឈប់មិនឲ្យមានការបញ្ចុះបញ្ចូលឲ្យលុបចោលច្បាប់នេះជាអចិន្ត្រៃយ៍នោះ? ហើយដូច្នេះ នេះជាការព្រួយបារម្ភចម្បងមួយ ប្រសិនបើអ្នកបើកនាវាចេញពី ឧទាហរណ៍ពីរដ្ឋ Alaska ទៅទីក្រុង Seattle ហើយពីក្រុង Seattle ត្រឡប់ទៅវិញ ហើយអ្នកមិនចាំបាច់ចូលកំពង់ផែកាណាដានោះ។ ឥឡូវនេះ យើងកំពុងបាត់បង់ឱកាសអាជីវកម្មដ៏ធំមួយសម្រាប់វិស័យទេសចរណ៍និងសម្រាប់សេដ្ឋកិច្ចទាំងមូល។ ជាទូទៅ វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងទឹកប្រាក់ប្រមាណពីរពាន់លានដុល្លារកាណាដា។
ការិយាល័យសន្និបាតនិងអ្នកទេសចរក្រុង Vancouver ប៉ាន់ប្រមាណថា នាវាមកដល់នីមួយៗនាំយកផលចំណេញផ្នែកសេដ្ឋកិច្ចយ៉ាងហោចណាស់ ២,២ លានដុល្លារ ក្នុងនោះរួមមានការកក់សណ្ឋាគារនៅក្រុង Vancouver មុន និងបន្ទាប់ពីការជិះនាវាដំណើរកម្សាន្តផងដែរ។
លោក Judas នៅតែសង្ឃឹមថា ជាមួយនឹងសម្ពាធគ្រប់គ្រាន់ទៅលើរដ្ឋាភិបាលកាណាដានិងការវិវត្តទៅមុខនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩ ប្រហែលមានមធ្យោបាយដើម្បីស្រោចស្រង់រដូវកាលជិះនាវាដំណើរកម្សាន្តយ៉ាងហោចណាស់បានមួយផ្នែកនៅឆ្នាំនេះ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា