ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះ​មាន​​ការ​អាម៉ាស់​ក៏​គ្រួសារ​នីហ្សេរីយ៉ា​ខ្លះ​ទាមទារ​យុត្តិធម៌​ក្នុង​រឿង​រំលោភ​ផ្លូវ​ភេទ​កុមារ


អ្នកស្រី​ Mercy Philip (ឆ្វេង) ជាមួយ​កូនស្រី​នាង​អាយុ​៨ឆ្នាំជួបជាមួយ​មេធាវី​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។
អ្នកស្រី​ Mercy Philip (ឆ្វេង) ជាមួយ​កូនស្រី​នាង​អាយុ​៨ឆ្នាំជួបជាមួយ​មេធាវី​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។

សកម្មជន​នៅ​ភាគ​ខាងជើង​ប្រទេស​នីហ្សេរីយ៉ា​កំពុង​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​មាន​ច្បាប់​កាន់​តែ​តឹងរ៉ឹង ដើម្បី​ដាក់​ទណ្ឌកម្ម​ជន​ជាប់​បទ​ល្មើស​​រំលោភ​សេពសន្ថវៈ​​កុមារ ខណៈ​ពេល​ដែល​គ្រួសារ​របស់​ជន​រងគ្រោះ​កាន់​តែ​ច្រើន​ ចេញ​មុខ​ប្រែក្លាយ​វប្បធម៌​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហា​នេះ និង​ទាមទារ​យុត្តិធម៌។

អ្នកស្រី Mercy Philip ​មិន​អាច​បំភ្លេច​ថ្ងៃ​ទី​១២​ខែ​មករា​ឆ្នាំ​២០១៧​បាន​ទេ។ គាត់​និយាយ​ថា ​នៅ​ថ្ងៃ​នោះ កូន​ស្រី​អាយុ​៨​ឆ្នាំ​របស់​គាត់​ មក​សួរ​គាត់​ថា តើ​នាង​អាច​បោក​ខោ​ទ្រនាប់របស់​នាង​បាន​ទេ?

អ្នកស្រី Mercy រៀបរាប់​បន្ត​ថា៖ «បន្ទាប់​មក​ខ្ញុំ​បាន​សួរ​នាង​វិញថា​ ហេតុអ្វី​បាន​កូន​ចង់​បោក​ខោ​របស់​កូន? ពេល​នោះ​នាង​និយាយ​ថា​ អ្នក​ជិត​ខាង​របស់​យើង​ប្រាប់​ឱ្យ​នាង​បោក​ខោ​នោះ។ ខ្ញុំ​ឆ្លើយ​តប​វិញ៖ «ថា​ម៉េច? មាន​រឿង​អ្វី​កើត​ឡើង?»

កូនស្រី​របស់​អ្នកស្រី Philip បន្ទាប់​មក​បាន​រៀបរាប់​ពី​ហេតុការណ៍ ដោយ​ចោទ​ប្រកាន់ បុរស​ម្នាក់​ (អ្នក​ជិត​ខាង)​នោះ​ថា​ បាន​ចាប់​រំលោភ​នាង។ ភ្លាមៗ​នោះ អ្នកស្រី Philip បាន​យក​កូនស្រី​របស់​គាត់​ទៅមន្ទីរ​ព្យាបាល​ឯកជន​មួយ។ អ្នកស្រី Philip និង ស្វាមី​ក៏​បាន​រាយការណ៍​ដល់​ប៉ូលិស​នៅ​ថ្ងៃ​ដដែល​នោះ​ផង​ដែរ។ យោង​តាម​លទ្ធផល​នៃ​របាយការណ៍​របស់​ពេទ្យ ប៉ូលិស​បាន​ធ្វើ​ការ​ចាប់​ឃុំ​ខ្លួន​បុរសជា​ដែល​ជា​ជន​សង្ស័យ​ និង​កំពុង​រង់​ចាំ​ការ​កាត់​ទោស។​

ជីវិត​គ្រប់គ្នា​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​ស្រី Philip គឺ​មិន​ដូច​មុន​ឡើយ បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​នេះ​កើត​ឡើង។ សម្រាប់​កូនស្រី​របស់​អ្នកស្រី Philip សាលារៀន​របស់​នាង​ក្លាយ​ជា​សុបិន​អាក្រក់​មួយ។​

កុមារី​រងគ្រោះ ដែល​ជា​កូនស្រី របស់​អ្នក​ស្រី Philip រៀបរាប់​ថា៖

«ពួកគេ​យក​ដុំ​ថ្ម​មក​គប់​ខ្ញុំ។ ពួកគេ​សើច​ចំអក​ឱ្យ​ខ្ញុំ វាយដំ​ខ្ញុំ។ ខ្ញុំ​យំ»។

ភាព​អាម៉ាស់​ចំពោះ​សង្គម​ដោយ​សារ​មាន​កូន​ក្នុង​គ្រួសារ​ត្រូវ​គេរំលោភ​សេព​សន្ថវៈ​ បាន​រារាំង​ក្រុម​គ្រួសារ​ជា​ច្រើន​នៅ​ភាគ​ខាងជើង​ប្រទេស​នីហ្សេរីយ៉ា មិន​ឱ្យ​ស្វែងរក​យុត្តិធម៌​តាម​តុលាការ។ ជា​ធម្មតា​ពួកគេ​ សម្រេច​ចិត្ត​បញ្ចប់​រឿង​ក្ដី​ដោយ​ទទួល​សំណង​ជា​សាច់ប្រាក់។

នៅ​ក្នុង​បរិវេណ​ដែល​គ្រួសារ​អ្នក​ស្រី Philip បាន​រស់​នៅ​ក្បែរ​ជន​ល្មើស​នោះ អ្នក​ជិត​ខាង​ផ្សេងៗ​ទៀត​បាន​ចំអក​ដល់​គ្រួសារ​អ្នក​ស្រី ហើយ​ការ​ចំអក​នេះ​បាន​បង្ខំ​ឱ្យ​អ្នកស្រី​និង​គ្រួសារ​ផ្លាស់​ប្ដូរ​ទីលំនៅ។

អ្នកស្រី Philip ថ្លែង​បន្ត​ថា៖ «ពួកគេ​នឹង​ចាប់ផ្ដើម​ជេរ​ប្រមាថ​ខ្ញុំ ថា​ខ្ញុំ​មិន​ចេះ​អប់រំ​កូន ពួកគេ​មើល​ងាយ​យើង ខ្ញុំ​និង​កូនស្រី​ខ្ញុំ។ ម្ចាស់​ផ្ទះ​ឈ្នួល​មិន​សប្បាយ​ចិត្ត​នឹង​ខ្ញុំ​ទេ។ គាត់​និយាយ​ថា​ ខ្ញុំ​គួរ​តែ​ឱ្យ​ជនល្មើស​មក​ជួប​សម្រួល​ស្ងាត់ៗ ​ហើយ​យើង​មិន​គួរ​នាំ​យក​បញ្ហា​ទាំង​នេះ​ទៅ​តុលាការ​នោះ​ទេ ហើយ​ខ្ញុំ​គួរ​តែ អនុញ្ញាត​ឱ្យ​បុរសជនល្មើស​មក​សម្រួល​រឿង​នេះ»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ស្រី Philip មិន​ស្ដាយ​ក្រោយ​ចំពោះ​ការ​សម្រេច​ចិត្ត​ប្តឹង​ទៅ​តុលាការ​ឡើយ។

គាត់​បាន​និយាយ​ថា៖​ «ខ្ញុំ​មិន​ចង់​ឱ្យ​រឿង​ដែល​កើត​ឡើង​មក​លើ​កូនស្រី​ខ្ញុំ កើត​លើ​មនុស្ស​ម្នាក់​ទៀត​ឡើយ​ ហើយ​ខ្ញុំ​ចង់​ឱ្យ​ឪពុកម្ដាយ​ផ្សេង​ទៀត​អាច​រៀន​ពី​អ្វី​ដែល​កើត​ឡើង​មក​លើ​កូន​ស្រី​របស់​ខ្ញុំ។ ខ្ញុំ​ឃើញ​ក្មេង​ដទៃ​ទៀត​រងគ្រោះដោយសារ​ការ​រំលោភ​ផ្សេងៗ»។

ទិន្នន័យ​ថ្មី​បំផុតដែល​ទាក់ទង​នឹង​ការ​រំលោភ​សេពសន្ថវៈ​កុមារ​ គឺ​មាន​ក្នុង​ឆ្នាំ​២០១៤។ ការ​សិក្សា​ស្រាវជ្រាវ​នេះ​ ដែល​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​ប្រជាភិវឌ្ឍន៍​ជាតិ​របស់​ប្រទេស​នីហ្សេរីយ៉ា មូលនិធិ​កុមារ​របស់​អង្គការ​សហប្រជាជាតិ ឬ UNICEF និង មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្មេង​ស្រី​ ម្នាក់​ក្នុង​ចំណោម ៤ នាក់ ហើយ​ក្មេង ប្រុស​ម្នាក់​ក្នុង​ចំណោម ១០ នាក់​នៅ​ប្រទេស​នីហ្សេរីយ៉ា ទទួល​រងគ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ផ្លូវ​ភេទ មុន​ពេល​ពួកគេ​មាន​អាយុ​១៨​ឆ្នាំ។​

វេជ្ជបណ្ឌិត Musa Shuaibu គឺ​ជា​ពេទ្យ​ខាង​ជំងឺ​កុមារ​នៅ​មន្ទីរពេទ្យ Barau Dikko Teaching ដែល​ជា​មន្ទីរពេទ្យ​បង្អែក​នៅ​រដ្ឋធានី​របស់​រដ្ឋ Kaduna។ ​មន្ទីរពេទ្យ​នេះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះ​របាយការណ៍​ពេទ្យ​លើ​ករណី​ជាប់​សង្ស័យ​ជាមួយ​ការ​រំលោភ​សេពសន្ថវៈ​កុមារ។

វេជ្ជបណ្ឌិត Shuaibu ​បកស្រាយ​ថា៖ «ខ្ញុំ​កត់​សម្គាល់​ជាពិសេស​ថា ​ស្ទើរ​តែ​ជា​រៀងរាល់​ថ្ងៃ តែង​តែ​មាន​ការ​រំលោភ​បំពាន​ក្នុង​ទ្រង់ទ្រាយ​ណា​មួយ។ ហើយ​វា​គួរ​ឱ្យ​ភ័យ​ព្រួយ​ណាស់ នៅ​ពេល​ដឹង​ថា​ជាក់ស្តែង​ការ​រំលោភ​បំពាន​នេះ​តិចតួច​បំផុត​ត្រូវ​បាន​រាយការណ៍​ទៅ​មន្ទីរពេទ្យ។ ហើយ​បើ​សិន​ជា​ការ​អាក់ខាន​រាយការណ៍​នេះ កើត​ឡើង​ជា​ប្រចាំ​ថ្ងៃ អ្នក​អាច​គិត​មើល​ទៅ ​ថា​មាន​រឿង​អ្វី​កំពុង​កើត​ឡើង​នៅ​ក្នុង​សង្គម​ខាង​ក្រៅ។ មនុស្ស​ទូទៅ​មិន​ចង់​រាយការណ៍​ពី​បញ្ហា​នេះ​ប៉ុន្មាន​ទេ។ ឥឡូវ​នេះ របាយការណ៍ ចំនួន​ពីរ​បី ដែល​ចេញ​ពី​មន្ទីរ​ពេទ្យ​នេះ ច្រើន​តែ​ជា​ករណី​ដែល​បង្ហាញ​ច្បាស់​ពី​ស្ថានភាព​សុខភាព​រាងកាយ​របស់​កុមារ​ជន​រង​គ្រោះ ដូច្នេះ​ហើយ​ពួក​គេ​រាយការណ៍​តែ​ករណី​ប្រភេទ​នេះ​ប៉ុណ្ណោះ។»

សកម្មជន​កំពុង​ធ្វើ​ការ​បញ្ចុះបញ្ចូល​រដ្ឋ Kaduna ឱ្យ​ធ្វើ​សច្ចានុមតិ​ច្បាប់​សហព័ន្ធឆ្នាំ​២០០៣ ​ស្ដី​ពី​សិទ្ធិ​កុមារ។ ក្នុង​ចំណោម​រដ្ឋ​ទាំង​៣៦​របស់​ប្រទេស​នីហ្សេរីយ៉ា មាន​តែ​១១​រដ្ឋនៅ​ភាគ​ខាងជើង​ប្រទេស​ប៉ុណ្ណោះ ​ដែល​មិន​ទាន់​បាន​អនុម័ត​ច្បាប់​នេះ។ ជំនួស​ឱ្យ​វិញ​ រដ្ឋ​ទាំង​១១​នេះ​ប្រើប្រាស់​តុលាការ​ Sharia របស់​អ៊ីស្លាម​និង​ច្បាប់​ព្រហ្មទណ្ឌ​សម័យ​អាណានិគម​ យក​មក​កាត់​ទោស​ជន​រំលោភ​សេព​សន្ថវៈ​កុមារ។

អ្នកស្រី Bukola Ajaoជា​មេធាវី​ដែល​កំពុង​ជួយ​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​ Phillipក្នុង​បទ ឧក្រិដ្ឋកម្ម​មក​លើ​កូនស្រី​របស់​ពួក​គេ។ អ្នកស្រី Ajao​ បាន​ពន្យល់​ថា៖

«ជាមួយ​ច្បាប់​ព្រហ្មទណ្ឌ​នេះ អ្នក​មាន​ស្ថានភាពមួយ ដែលចៅក្រម​មាន​សេរីភាព​សម្រេច​ចិត្ត​ក្នុង​ការ​កាត់ទោស ​និង​ផ្ដន្ទាទោស ជាប់​ពន្ធនាគារ ពីព្រោះ​ច្បាប់​នេះ ផ្តល់​ឱកាស​ឱ្យ​គាត់​ អាច​ដាក់ទោស​១៤​ឆ្នាំ​ឬ​ក៏​តិច​ជាង​នេះ។ ក៏​ប៉ុន្តែ​ច្បាប់​ស្តី​ពី​សិទ្ធិ​កុមារ ដែល​យើង​កំពុង​ព្យាយាម​ជំរុញ​នៅ​រដ្ឋ Kaduna តម្រូវ​ឱ្យ​ដាក់​ពន្ធនាគារ​១៤​ឆ្នាំ ដោយ​មិន​មាន​ការ​បង់​ប្រាក់​ពិន័យ។ ដូច្នេះ​ហើយ នៅ​ពេល​ទណ្ឌកម្ម​មាន​លក្ខណៈ​តឹងរ៉ឹង អ្នក​នឹង​មាន​មនុស្ស​ញញើត​ក្នុង​ការ​ប្រព្រឹត្ត​ល្មើស»។

​រដ្ឋមន្ត្រី​ក្រសួង​ស្ត្រី​និង​ការ​អភិវឌ្ឍន៍​សង្គម នៃ​រដ្ឋ Kaduna គឺ​អ្នកស្រី Hajia Hafsatu Mohammed Baba បាន​ប្រាប់ VOA ថា​ រដ្ឋាភិបាល​នៃ​រដ្ឋ Kaduna ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អនុម័ត​ច្បាប់​ស្តី​ពី​សិទ្ធិ​កុមារ​នោះ។ ក៏​ប៉ុន្តែ​កន្លង​មក​មាន​ការ​ប្រឆាំង​ច្រើន។

ក្រុមប្រឹក្សា​កំពូល Sharia ​ថា ច្បាប់​ស្តី​ពី​សិទ្ធិ​កុមារ​នេះ​គឺ​នាំ​ចូល​ពី​លោក​ខាង​លិច​ ហើយ​ជា​ការ​ប៉ុនប៉ង​បញ្ចុះ​តម្លៃ​តុលាការ​ Sharia ដែល​មាន​ដែន​សមត្ថកិច្ច​យុត្តាធិការ​ក្នុង​រដ្ឋ Kaduna​ ពិត​ប្រាកដ។

ប៉ុន្តែ ​គ្រួសារ​អ្នកស្រី Philip មិន​ឯកោ​ទេ​ក្នុង​ការ​តស៊ូ​បញ្ហា​សេពសន្ថវៈ​កុមារ​នេះ។

ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់​និយាយ​ថា ខ្លួន​កំពុង​ដើរ​ទៅ​សាលារៀន នៅ​ពេល​ដែល​អ្នក​លក់​ផ្លែឈើ​ម្នាក់ បាន​បន្លំ​ទាក់​ទាញ​ខ្លួន​គេ​ទៅ​ខាងក្រោយ​តូប​របស់​គាត់។ ការ​រំលោភ​កើត​ឡើង​រហូត​ដល់​ក្មេង​ប្រុស​នោះ​រអ៊ូ​ប្រាក់​ឪពុក​មា អំពី​ការ​ឈឺ​ចាប់​ក្នុង​រាងកាយ​របស់​គេ។

លោក Anas Abdullahi Umar ដែល​ជា​ឪពុកមា​ក្មេង​ប្រុស​នោះ​បាន​ទៅ​ប្ដឹង​ប៉ូលិស​បន្ទាប់​ពី​ឮ​ដំណឹង​នេះ។

​លោក Umar និយាយ​ថា​ គាត់​បាន​សរសេរ​សេចក្ដី​ថ្លែងការណ៍​ឲ្យ​ប៉ូលិស​នោះ ដោយ​ខ្លួន​គាត់​ផ្ទាល់។ មិត្តភក្ដិ​គាត់​ចង់​ទៅ​វាយ​ដុំ អ្នក​លក់​បន្លែ​ដែល​ជា​ជន​ល្មើស​នោះ ប៉ុន្តែ​លោក​ Umar ប្រាប់​ថា ​លោក​មិន​ចង់​យក​ខ្លួន​ឯង​ទៅ​កាត់​ក្ដី​ជំនួស​ច្បាប់​ទេ។ គាត់​បន្ត​ទៀត​ថា​មាន​អ្នក​ខ្លះ​ប្រាប់​គាត់​ឱ្យ​ទម្លាក់​សំណុំរឿង​នេះ ព្រោះ​ជនសង្ស័យ​គឺ​ជា​មនុស្ស​ចាស់​ជរា តែ​លោក Umar បដិសេធ។ គាត់​បញ្ជាក់​ថា​រឿង​នេះ វា​ធ្ងន់ធ្ងរ​ណាស់។

អ្នក​លក់​ផ្លែឈើ​ត្រូវ​គេ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ យោង​តាម​ច្បាប់​ដាក់​ទោស​ការ​រួម​ភេទ​ដូច​គ្នា​ ដែល​បង្កើត​ឡើង​ក្នុង​សម័យ​អាណានិគម។ ជនសង្ស័យ​មិន​មាន​លទ្ធភាព​បង់​ប្រាក់​ពិន័យ​សរុប ៨០,០០០ naira ឬ​ប្រមាណ $២០០ ហើយ​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ។

ឪពុកមា​ក្មេង​ប្រុស​នោះ​និយាយ​ថា ការ​កាត់​ក្ដី​នេះ​មិន​ទាន់​គ្រប់គ្រាន់​ទេ ប៉ុន្តែ​គាត់អរគុណ ដែល​យ៉ាង​ហោច​ណាស់​មាន​ការ​កាត់​ក្ដី​មួយ​កើត​ឡើង៕​

ប្រែ​សម្រួល​ដោយ ចាប ចិត្រា។

XS
SM
MD
LG