អ៊ីនធឺណិតជាពិសេសបណ្ដាញសង្គមហ្វេសប៊ុក (Facebook) បានក្លាយទៅជាប្រភពព័ត៌មានសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ ដោយបានយកឈ្នះលើទូរទស្សន៍ដែលធ្លាប់ជាប្រភពព័ត៌មាននាំមុខគេ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
របាយការណ៍ដែលសិក្សាពីការប្រើប្រាស់អ៊ីនធឺណិត និងទូរស័ព្ទដៃនៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៦នេះ បានរកឃើញថា ៣០ភាគរយនៃអ្នកឆ្លើយសំណួរបានឆ្លើយថា អ៊ីនធឺណិត ជាពិសេសបណ្ដាញសង្គមហ្វេសប៊ុកគឺជាប្រភពព័ត៌មានសំខាន់បំផុត ខណៈអ្នកដែលឆ្លើយថាទទួលព័ត៌មានពីទូរទស្សន៍មាន២៩ភាគរយ។
ក្នុងការសិក្សាដូចគ្នានេះកាលពីឆ្នាំមុន ៣២ភាគរយនៃអ្នកឆ្លើយសំណួរបានឆ្លើយថា ទូរទស្សន៍គឺជាប្រភពព័ត៌មានសំខាន់ជាងគេ តាមពីក្រោយដោយអ៊ីនធឺណិតឬហ្វេសប៊ុកដែលមាន២៥ភាគរយ។
ការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៦នេះ ត្រូវបានធ្វើឡើងដោយមូលនិធិអាស៊ី (The Asia Foundation) វិទ្យាស្ថានបើកទូលាយ និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដោយបានសម្ភាសពលរដ្ឋចំនួន២០៦១នាក់ អាយុចន្លោះពី១៥ឆ្នាំដល់៦៥ឆ្នាំកាលពីខែកញ្ញា នៅក្នុង៥រាជធានីខេត្ត។
យោងតាមការសិក្សាស្រាវជ្រាវ ការផ្លាស់ប្ដូរនៃប្រភពព័ត៌មានដែលពេញនិយមនេះបានកើតឡើងស្របគ្នាជាមួយនឹងការកើនឡើងនៃអ្នកប្រើប្រាស់ទូរស័ព្ទទំនើបឬSmart phone និងអ្នកប្រើប្រាស់អ៊ីនធឺណិត។
ក្នុងឆ្នាំ២០១៦ អ្នកប្រើប្រាស់ទូរស័ព្ទ Smart phone មាន៤៨ភាគរយ គឺកើនឡើងពី៤០ភាគរយកាលពីឆ្នាំ២០១៥ ខណៈអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងឆ្នាំ២០១៦ មាន៣៧ភាគរយ គឺកើនពី៣០ភាគរយនៅក្នុងឆ្នាំ២០១៥។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានប្រកាសកាលពីព្រហស្បតិ៍នៅឯពិធីសម្ពោធទីស្នាក់ការថ្មីរបស់ក្រសួងថា គិតត្រឹមខែកញ្ញាឆ្នាំ២០១៦ ចំនួនស៊ីមកាតទូរស័ព្ទចល័តមានជាង១៩,៣លានស៊ីម និងអ្នកប្រើប្រាស់អ៊ីនធឺណិតមានជាង៧,១លាននាក់។
លោក ផុង គឹមឆូយ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានបើកទូលាយដែលជាអ្នកសរសេររបាយការណ៍ម្នាក់ក្នុងចំណោមអ្នកសរសេររបាយការណ៍៣នាក់សម្រាប់ការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៦នេះ ពន្យល់ពីមូលហេតុនៃការកើនឡើងនៃចំនួនពលរដ្ឋស្វែងរកព័ត៌មានពីអ៊ីនធឺណិតឬហ្វេសប៊ុកដូចនេះថា៖
«ទី១ អាចទាក់ទងជាមួយការទទួលបានព័ត៌មានគ្រប់ពេលវេលា មិនថានៅទីណាក៏ដោយឱ្យតែគាត់មានអ៊ីនធឺណិតគឺគាត់អាច access បាន។ អញ្ចឹង វាងាយស្រួលជាងការស្ដាប់ radio (វិទ្យុ) ឬក៏ការមើលទូរទស្សន៍ព្រោះទូរទស្សន៍ឬក៏វិទ្យុហ្នឹងគេមានschedule (កាលវិភាគ) របស់គេ។ ម៉ោងព័ត៌មានរបស់គេ គេមានតាមព្រឹកថ្ងៃល្ងាចឬក៏អីចឹងទៅ។ បាទអញ្ចឹងគេអត់អាច access បាន convenient (ងាយស្រួល)ទេ»។
លោកផុង គឹមឆូយ បន្ថែមទៀតថា៖
«ហើយមួយទៀតអាចទាក់ទងជាមួយរឿងកត្តាដោយសារតែតម្លៃការប្រើប្រាស់អ៊ីនធឺណិតនៅប្រទេសកម្ពុជាយើងមានតម្លៃសមរម្យដែរ។ អ៊ីចឹងនៅពេលណាដែលផែនការទិន្នន័យហ្នឹងផ្ដល់ជូនពី mobile operator (ក្រុមសេវាទូរស័ព្ទ) មានតម្លៃសមរម្យ វាក៏ជាការផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋហ្នឹង គឺគាត់អាចប្រើប្រាស់អ៊ីនធឺណិតហ្នឹងបានដែរ។ ហើយម្យ៉ាងវិញទៀតហ្នឹងគឺដោយសារតែsmart phone មានការរីកចម្រើនច្រើន។ អញ្ចឹងប្រជាពលរដ្ឋ មានsmart phone បូកផ្សំជាមួយនឹងអ៊ីនធឺណិតហ្នឹងទៀត គឺគាត់អាច access ទៅលើព័ត៌មានអីផ្សេងៗបានច្រើន»។
លោក អ៊ូ វីរ: ប្រធានអង្គការវេទិកាអនាគតមានប្រសាសន៍ថា និន្នាការនៃការស្វែងរកព័ត៌មានតាមអ៊ីនធឺណិតនេះគឺទំនោរដែលកំពុងកើតមាននៅទូទាំងពិភពលោក ដោយសារភាពសម្បូរបែបនិងភាពងាយស្រួល។
ទោះយ៉ាងណា លោកថា គុណភាពនៃព័ត៌មាននៅលើទូរទស្សន៍ ក៏អាចជាមូលហេតុដែលនាំឱ្យមានការស្វែងរកប្រភពព័ត៌មានផ្សេងទៀតផងដែរ។
លោក អ៊ូ វីរៈ បន្តថា ការពឹងផ្អែកលើបណ្ដាញសង្គមដើម្បីទទួលបានព័ត៌មាន អាចមានផលអវិជ្ជមានមួយចំនួនដូចជាព័ត៌មានមិនពិតឬការប្រើពាក្យអសុរោះជាដើម។
យ៉ាងណាក៏ដោយ លោកថា បទពិសោធន៍នៃការប្រើប្រាស់អ៊ីនធឺណិតនិងបណ្ដាញសង្គមនេះយូរទៅនឹងអាចបង្រៀនពលរដ្ឋឱ្យចេះវាយតម្លៃថាព័ត៌មានណាដែលអាចជឿទុកចិត្តបាន។
លោកបន្តថា ក្រៅពីផ្ដល់ព័ត៌មានបន្ថែមលើអ្វីដែលស្ថាប័នព័ត៌មានផ្ដល់ឱ្យ បណ្ដាញសង្គមក៏ជាទីកន្លែងដែលពលរដ្ឋអាចចែកចាយនូវអ្វីដែលពួកគេបានជួបប្រទះ ដែលធ្វើឱ្យពលរដ្ឋកាន់តែមានការចូលរួមកាន់តែខ្លាំង។
«គាត់ហាក់ដូចជាមានអារម្មណ៍ថា គាត់ហ្នឹងមិនមែនគ្រាន់តែជាអ្នកឃ្លាំមើលព្រឹត្តិការណ៍ពិភពលោកឬព្រឹត្តិការណ៍ស្រុកខ្មែរទេ គាត់ក៏អាចចូលរួមសកម្មក្នុងការមានឥទ្ធិពលលើព័ត៌មានជាសាធារណៈផងដែរ»។
ការសិក្សាដដែល ក៏បានរកឃើញផងដែរថា ពលរដ្ឋ៨៨ភាគរយប្រើប្រាស់ទូរស័ព្ទដៃដើម្បីបើកមើលបណ្ដាញសង្គមហ្វេសប៊ុក ៣ភាគរយប្រើប្រាស់កុំព្យូទ័រ និង៩ភាគរយប្រើប្រាស់ឧបករណ៍ទាំងពីរនេះដើម្បីបើកបណ្ដាញសង្គមមួយនេះ។ ការសិក្សានេះក៏បានបង្ហាញផងដែរថា ៧៦ភាគរយនៃទូរស័ព្ទដែលពលរដ្ឋប្រើប្រាស់ អាចអានអក្សរខ្មែរបាន៕