ទំព័រហ្វេសប៊ុកចំនួន ២ ដែលមួយជាគណនីភាសាខ្មែរឈ្មោះ«លួន សុវ៉ាត»និងមួយទៀតជាទំព័រហ្វេសប៊ុកដែលបង្ហោះវីដេអូ ៤ ទាក់ទងនឹងការចោទប្រកាន់ថា សកម្មជនសង្ឃ ព្រះអង្គ លួន សុវ៉ាត មានទំនាក់ទំនងស្នេហា ត្រូវបានលុបចោលមកដល់ថ្ងៃនេះ។
ចាប់តាំងពីដើមខែមិថុនា ព្រះអង្គ លួន សុវ៉ាត ត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងស្នេហាជាមួយស្រ្តីមួយចំនួន រហូតដល់មានការប្រកាសផ្សឹកព្រះអង្គ និងមានការស៊ើបអង្កេតព្រះអង្គរឿង«រំលោភសេពសន្ថវៈ»ផងដែរ។
ស្របពេលជាមួយគ្នា ស្រ្តីម្នាក់ឈ្មោះ ទឹម រដ្ឋា ក៏បានចេញមុខដាក់ពាក្យបណ្តឹងថានាងមិនមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គនោះទេ ហើយថា ជនមិនស្គាល់អត្តសញ្ញាណបានបង្កើតទំព័រហ្វេសប៊ុកមួយដាក់ឈ្មោះហៅក្រៅរបស់កញ្ញា គឺទំព័រហ្វេសប៊ុកឈ្មោះ Srey Da Chi-Kraeng។ ទំព័រហ្វេសប៊ុកក្លែងក្លាយដែលត្រូវបានបង្កើតកាលពីចុងខែឧសភា ក៏បានបង្ហោះវីដេអូដែលយករូបកញ្ញា ប្អូនស្រីនិងម្តាយ ទៅចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាជាមួយព្រះអង្គលួន សុវ៉ាត ដែលព្រះអង្គក៏បានបដិសេធ។
ព្រះអង្គលួន សុវ៉ាតបានបង្ហោះសារលើហ្វេសប៊ុករបស់ព្រះអង្គនៅថ្ងៃច័ន្ទនេះថាហ្វេសប៊ុកឈ្មោះ«លួន សុវ៉ាត» ដែលត្រូវបានបង្កើតឡើងឲ្យដូចឈ្មោះព្រះអង្គដើម្បីខលតាមហ្វេសប៊ុកនោះ ត្រូវបានលុបចោល។ ចំណែកទំព័រហ្វេសប៊ុកឈ្មោះ Srey Da Chi-Kraeng ដែលបង្ហោះវីដេអូនោះក៏ត្រូវបានលុបចោលផងដែរ។ ព្រះអង្គបានអំពាវនាវឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនិងYoutube លុបចោលវីដេអូឃ្លីបនោះវិញជាបន្ទាន់ បើមិនដូច្នោះទេ ក្រុមហ៊ុនហ្វេសប៊ុក និងក្រុមហ៊ុនGoogle នឹងលុបគណនីហ្វេសប៊ុក និងឆែននែលYoutube នោះចោលតែម្តង។
ព្រះអង្គបន្តថា៖ «នេះមិនមែនជារឿងត្រូវយកមកនិយាយលេងសើច និងបង្ហោះបង្ខូចកិត្តិយស កេរ្តិ៍ឈ្មោះបរិហារកេរ្តិ៍អ្នកដទៃនិងតម្លៃព្រះពុទ្ធសាសនាជាសាធារណៈបែបនេះទេ»។
ព្រះអង្គ លួន សុវ៉ាតមានសង្ឃដីកាបន្តថាព្រះអង្គបានប្រមូលយកវីដេអូឃ្លីបពីលីង (Link )ក្នុងហ្វេសប៊ុកនិងYoutube ដាក់ពាក្យបណ្តឹងចូលទៅក្រុមហ៊ុនហ្វេសប៊ុក និងYoutubeហើយ។
ព្រះអង្គលួន សុវ៉ាត មានសង្ឃដីកាប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ក្រុមហ៊ុនហ្វេសប៊ុកជាអ្នកលុបចោលទំព័រហ្វេសប៊ុកទាំង ២ នោះ។ ព្រះអង្គបន្តថា៖ «យុត្តិធម៌នៅកម្ពុជាសម្រាប់ជនរងគ្រោះ ជាសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី ព្រៃឈើ សង្គម នយោយបាយជាដើម គឺពិបាករកណាស់ ព្រោះជារឿងនយោបាយតែទោះជាយ៉ាងណា យើងមិនអស់សង្ឃឹមទេ។ យើងនៅតែបន្តស្វែងរកយុត្តិធម៌»។
វីដេអូចំនួន ៤ ដែលមានការចោទប្រកាន់ថា ជាសំឡេងរបស់ព្រះអង្គ លួន សុវ៉ាត ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកមួយឈ្មោះ Srey Da Chi-Kraeng។ នេះជាទំព័រហ្វេសប៊ុកដែលទើបត្រូវបានបង្កើតឡើង កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០នេះ ដែលមានអ្នកចុច Likes ទៅដល់ជាង ១ ពាន់នាក់។
វីដេអូមួយក្នុងចំណោមវីដេអូផ្សេងទៀតដែលមានរយៈពេលជាង៧នាទី ជាវីដេអូថតចេញពីការហៅសន្ទនាគ្នាតាមប្រព័ន្ធសង្គមហ្វេសប៊ុក ដែលមានឈ្មោះជាភាសាខ្មែរ «លួន សុវ៉ាត»។ ការសន្ទនាគ្នានេះមាននិយាយទាក់ទងនឹងស្នេហា ការប្រើប្រាស់ពាក្យពេចន៍ដូចជាម៉ាស្សា ឈឺខ្នង ឈឺចង្កេះនិងការហៅមកជួបគ្នាផងដែរ។
ចំពេលមានការចោទប្រកាន់រឿងសន្ទនាស្នេហាតាមរយៈវីដេអូចំនួន ៤ ព្រះអង្គ លួន សុវ៉ាត សកម្មជនសង្ឃល្បីឈ្មោះកំពុងត្រូវបានតុលាការខេត្តសៀមរាបសង្ស័យថា បានប្រព្រឹត្តបទល្មើស«រំលោភសេពសន្ថវៈ»។
ព្រះអង្គ លួន សុវ៉ាត បានច្រានចោលការចោទប្រកាន់នេះ និងថាវា ជាការចោទប្រកាន់ក្នុងន័យនយោបាយដើម្បីធ្វើបាបព្រះអង្គ ដោយសារព្រះអង្គជាសកម្មជនសង្ឃដែលចូលរួមការពារយុត្តិធម៌សង្គម និងសិទ្ធិមនុស្សនៅកម្ពុជា៕