អតីតអ្នកតំណាងរាស្រ្តម្នាក់ដែលបានលាលែងចេញពីគណបក្សសង្គ្រោះជាតិបានចេញមុខមកបកស្រាយនៅថ្ងៃសុក្រនេះថា លោកស្រីមិនមានចេតនាចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាដូចការផ្សព្វផ្សាយនានាតាមបណ្តាញសង្គមទេ។
លោកស្រី លី ស្រីវីណា ដែលធ្លាប់ជាអ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញបានបញ្ជាក់ថា ការសុំលាលែង គឺធ្វើឡើងដោយសារមានការមមាញឹកក្នុងវិជ្ជាជីវៈ។
លោកស្រី លី ស្រីវីណា បានបន្ថែមក្នុងលិខិតបំភ្លឺថា៖
«ការលាលែងនេះគឺ ដោយសារពីមួយថ្ងៃទៅមួយថ្ងៃ កិច្ចការវិជ្ជាជីវៈរបស់នាងខ្ញុំមានភាពកាន់តែមមាញឹក។ នាងខ្ញុំសូមបញ្ជាក់ថា នាងខ្ញុំមិនត្រូវការ និងមិនបានសុំតំណែងអ្វីមួយពីគណបក្សកាន់អំណាចដូចការផ្សព្វផ្សាយតាមគណនីបណ្តាញសង្គមមួយចំនួននោះទេ»។
យោងតាមមន្ត្រីគណបក្សគឺ លោកស្រីលី ស្រីវីណា ដែលមានអាជីពជាវេជ្ជបណ្ឌិតបានសុំលាលែងតាំងពីថ្ងៃទី១ខែកញ្ញាគឺ មុនការចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សប្រឆាំងដែលនាំឱ្យមានការតានតឹងនយោបាយនៅកម្ពុជា និងមានប្រតិកម្មធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ។ ក្នុងពេលជាមួយគ្នានេះដែរ គណបក្សសង្គ្រោះជាតិប្រឈមនឹងការប្តឹងរំលាយហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានអំពាវនាវឱ្យអ្នកតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សប្រឆាំងចុះចូលមុននឹងការរំលាយ។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលើកឡើងថា មូលហេតុនៃការចាកចេញរបស់លោកស្រី លី ស្រីវីណា គឺជាការពិត ហើយលោកថា គណបក្សបានជ្រើសរើសបេក្ខភាពថ្មីសម្រាប់ជំនួសកន្លែងទំនេររបស់លោកស្រីរួចរាល់ហើយ។
លោក សុន ឆ័យ មានប្រសាសន៍ថា៖
«ដោយសារការងាររវល់របស់លោកស្រី ហើយចង់ទុកឱកាសឲ្យសមាជិកបេក្ខជនបន្ទាប់ហ្នឹងអាចនឹងបន្តជាតំណាងរាស្រ្តរយៈពេលចុងក្រោយនេះ ក៏លោកស្រីក៏លាលែងទៅ។ ដូច្នេះខ្ញុំថា នេះគឺជាការឆ្លុះបញ្ចាំងការពិតហើយអំពីការលាលែងនេះ។ មិនមានពាក់ព័ន្ធនឹងការទៅចុះចូលគណបក្សណា ឬក៏ការសៅហ្មងណាមួយនៅក្នុងគណបក្សទេ»។
បើតាមលោក សុន ឆ័យ រហូតមកដល់ពេលនេះ តំណាងរាស្រ្តគណបក្សប្រឆាំងចំនួន ៥៥រូប មានតែ ១៨រូបប៉ុណ្ណោះដែលកំពុងស្ថិតក្នុងប្រទេសកម្ពុជា ក្នុងនោះតំណាងរាស្រ្តមួយរូបបានចុះចូលជាមួយគណបក្សកាន់អំណាច។ ចំណែកក្រុមប្រឹក្សាឃុំសង្កាត់ចំនួនជាង ៥០នាក់ក្នុងចំណោម ៥០០៧នាក់នៅទូទាំងប្រទេស បានចុះចូលជាមួយគណបក្សកាន់អំណាច។ លោកបន្ថែមថា អ្នកដែលសម្រេចចុះចូលទាំងនោះនឹងត្រូវលុបឈ្មោះចេញពីគណបក្សសង្គ្រោះជាតិ៕