ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជា​រៀង​រាល់​ថ្ងៃ ​សារធាតុ​គីមី​បាន​ធ្វើ​សហរដ្ឋ​អាមេរិក​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​លើ​ការ​ថែទាំ​សុខភាព


ឯកសារ៖ កម្មករ​ម្នាក់​ប្រើ​ខ្សែ​ដើម្បី​ទាញ​​នៅ​ក្នុងគំនរ​ដប​ជ័រ​នៅ​ទី​ក្រុង Mumbai ប្រទេស​ឥណ្ឌា កាល​ពី​ឆ្នាំ​២០១៤។
ឯកសារ៖ កម្មករ​ម្នាក់​ប្រើ​ខ្សែ​ដើម្បី​ទាញ​​នៅ​ក្នុងគំនរ​ដប​ជ័រ​នៅ​ទី​ក្រុង Mumbai ប្រទេស​ឥណ្ឌា កាល​ពី​ឆ្នាំ​២០១៤។

ផល​​ប៉ះពាល់​សារ​ធាតុ​គីមី​កម្រិត​ទាប​​ប្រចាំ​ថ្ងៃ​ដែល​មាន​នៅ​ក្នុង​របស់​របរ​ផ្សេងៗ​ បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​លើ​​ការ​ថែទាំ​សុខភាព​ និង​ពិការភាព។ នេះ​បើ​តាម​ការ​សន្និដ្ឋាន​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ ដែល​បាន​បង្ហាញ​ថា​ បញ្ហា​ពាក់​ព័ន្ធ​នឹង​សរសៃ​ប្រសាទ​ និង​ភាព​មិន​អាច​បង្ក​កំណើត​ គឺ​ជា​ឧទាហរណ៍​ពីរ​នៃ​បញ្ហា​ដែល​បណ្តាល​មក​ពីអ្វី​ដែល​គេហៅ​ថា​ ធាតុ​បង្អាក់​ដំណើរ​ក្រពេញ​ផលិត​អ័រម៉ូន​របស់​ខ្លួន​មនុស្ស។

សារធាតុ​គីមី​គ្រោះ​ថ្នាក់កម្រិត​ទាប​ ត្រូវ​បាន​គេរក​ឃើញ​មាន​នៅក្នុង​សម្ភារៈ​ផ្សេងៗ​ដូច​ជា​ដប​ទឹក​ផ្លាស្ទិក​ កំប៉ុង​ចំណី​អាហារ​លោហៈ​ ប្រដាប់​ប្រដា​ក្មេង​លេង​ គ្រឿង​សម្អាង​ និង​សារធាតុ​បន្ថយ​អណ្តាត​ភ្លើង។

ការ​សិក្សា​ថ្មីនេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ​ New York ​និង​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ព្រឹត្តបត្រ​តាមអ៊ីនធឺណិត​ឈ្មោះ​ថា​ The Lancet Diabetes and Endocrinology។ ​ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា​ ថវិកា​ចំណាយ​លើ​ការ​ថែទាំ​សុខភាព​ប្រចាំ​ឆ្នាំ​ដោយ​សារ​ការ​ប៉ះពាល់​សារធាតុ​គីមី​ទាំង​នេះ​ គឺ​មាន​ប្រមាណ​ជាង​៣៤០​ពាន់​លាន​ដុល្លារ។ ទឹក​ប្រាក់​នេះ​គឺ​ស្មើ​នឹង​២,៣​ ភាគរយ​នៃផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស។

ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា​ សារធាតុ​គីមី​ដែល​មាន​ធាតុ​បង្អាក់​ដំណើរ​ក្រពេញ​ផលិត​អ័រម៉ូន​ បាន​បង្អាក់​ដំណើរ​អ័រមូន​ក្នុង​ខ្លួន​មនុស្ស​ ហើយ​ការ​ប្រមូល​ផ្តុំ​នៃ​សារធាតុ​ទាំង​នោះ​បង្ក​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ និង​អាកប្ប​កិរិយាផ្សេងៗ​ ដូច​ជា​ភាព​មិន​ប្រក្រតី​ដោយ​ភាព​សកម្ម​ហួស​ហេតុ​ និង​ភាព​លំបាក​ក្នុង​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​គេ​ឯង​សម្រាប់​កុមារ​ ភាព​មិន​អាច​បង្ក​កំណើត​បាន​ ការ​ខូច​ទ្រង់​ទ្រាយ​ពី​កំណើត​ និង​ជំងឺ​មហារីក​ផ្សេងៗ​ទៀត។

សារធាតុ​គីមី​ដែល​មាន​ធាតុ​បង្អាក់​ដំណើរ​ក្រពេញ​ផលិត​អ័រម៉ូន​ ដែល​គេ​ហៅ​យ៉ាង​ខ្លី​ថា​ E-Ds ក៏​អាច​បង្អាក់​ដល់​វិធី​ដែល​សារពាងកាយ​មនុស្ស​ប្រព្រឹត្ត​ទៅ​លើកាល់ឡូរី​ ដែល​ជា​លទ្ធផល​នឹង​នាំ​ឲ្យ​មនុស្ស​ធាត់​ជ្រុល​ និង​កើត​ជំងឺ​ទឹកនោម​ផ្អែម។ នេះ​បើ​តាម​ប្រសាសន៍​លោក​ Leonardo Trasande​ សាស្រ្តាចារ្យ​ផ្នែក​វេជ្ជសាស្រ្ត​បរិស្ថាន​ នៅ​មហា​វិទ្យាល័យ​វេជ្ជសាស្រ្ត​នៃ​សាកល​វិទ្យាល័យ​ New York។

លោក​សាស្រ្តាចារ្យ​ Trasande ​គឺ​ជា​សហការី​និពន្ធ​នៃ​ការ​សិក្សា​ដែលធ្វើ​ការ​ប៉ាន់​ស្មាន​អំពី​ការ​ចំណាយ​ថវិកា​លើ​ការ​ថែទាំ​សុខភាព​ដែល​បង្ក​ដោយ​ធាតុ​បង្អាក់​ដំណើរ​ក្រពេញ​ផលិត​អ័រម៉ូន ដែល​ការ​សិក្សា​នេះ​បាន​ប្រើ​ប្រាស់​គំរូ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​ការ​គណនា​ទិន្នន័យ​សេដ្ឋកិច្ច​នេះ។ លោក​សាស្រ្តាចារ្យ​ និង​ក្រុម​ការងារ​របស់​លោក​បាន​ប្រើ​ប្រាស់​ទិន្នន័យ​ដែល​បាន​មក​តាម​រយៈ​កា​រយក​លទ្ធផល​នៃ​សំណាក​ទឹកនោម​ និង​ឈាម​នៃអ្នក​ចូលរួម​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​ទំហំ​ដ៏​ធំ​មួយ​ក្នុង​ការ​រុករក​វត្តមាន​នៃ​ធាតុ​បង្អាក់​ E-Ds។

លោក​សាស្រ្តាចារ្យ​ Trasande ​មាន​ប្រសាសន៍​ថា​ តួ​លេខ​ទឹក​ប្រាក់ ​៣៤០​ ពាន់​លាន​ដុល្លារ​នេះ​ អាច​ជា​តួលេខ​បន្ធូរ​បន្ថយ​ផង​ ពីព្រោះ​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​គណនា​លើ​ការ​ចំណាយ​តែ​ ៥ ​ភាគរយ​នៃ​ធាតុ​បង្អាក់​ដំណើរ​ក្រពេញ​ផលិត​អ័រម៉ូន​តែ​ប៉ុណ្ណោះ។

លោក​សាស្រ្តាចារ្យ​បាន​បញ្ជាក់​ថា៖ «យើង​គ្រាន់​តែ​បូក​តួលេខ​ចំណាយដែល​ត្រូវ​បាន​បោះពុម្ព​ក្នុង​ឯកសារ​រំលឹក​ទ្រឹស្តី​ ដែល​បាន​កត់​ត្រា​ការ​ចំណាយក្នុង​ការ​ថែទាំ​សុខភាព​នៃ​មេរោគ​ទាំង​នេះ​ និង​ការ​ចំណាយ​ផ្សេងៗ​ទៀត។ តួលេខ​នេះ ​ជា​ធម្មតា​យើង​មិន​ទាន់​គណនា​បូក​បន្ថែម​ការ​ចំណាយ​លើ​សុខុមាលភាព​ផ្លូវចិត្ត​ ដែល​បង្ក​ដោយ​ជំងឺ​នានា​ ដូចជា​ការ​រង​ទុក្ខ​លំបាករបស់​មនុស្ស​ ដែល​ទាំង​អស់​នេះ​ក៏​រាប់​ចូល​ក្នុង​តម្លៃ​នៃ​សង្គម​ផង​ដែរ»។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ក៏​បាន​បង្ហាញ​ព័ត៌មាន​ល្អ​មួយ​ចំនួន​ដែរ។ ​លោក​សាស្រ្តា​ចារ្យ ​Trasande ​មាន​ប្រសាសន៍​ថា​ មាន​វិធីសាស្រ្ត​មួយ​ចំនួន​ដែល​យើង​អាច​កាត់​បន្ថយ​ការប៉ះ​ពាល់​លើ​សារធាតុ​គីមី​ដែល​បង្អាក់​ដំណើរ​ក្រពេញ​ផលិត​អ័រម៉ូន។

លោក​សាស្រ្តាចារ្យ​បញ្ជាក់​ថា៖ «ក្រុម​គ្រួសារ​ទាំង​ឡាយ​គួរ​ជ្រើស​រើស​ហូប​ចំណី​អាហារ​សរីរាង្គ។ ពួក​គេ​អាច​ចៀស​វាង​ការ​ប្រើប្រាស់​ថ្នាំ​កម្ចាត់​សត្វល្អិត​សម្រាប់​ទប់​ស្កាត់​សត្វល្អិត​នានា​នៅ​តាម​ផ្ទះ​របស់​ពួក​គេ។ ពួក​គេ​អាច​ចៀស​វាង​ការ​ប្រើប្រាស់​ផ្លាស្ទិក​សម្រាប់​ចម្អិន​អាហារ​ក្នុង​ម៉ាស៊ីន​ Microwave ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ចំណី​អាហារ​កំប៉ុង​អាលុយមីញ៉ូម។ ពួក​គេ​អាច​ចៀសវាង​ការ​លាង​ចាង​ឆ្នាំ​ដោយ​ប្រើប្រាស់​ផ្លាស្ទិក​ ដប​ទឹក​ផ្លាស្ទិក​កម្រិត​លេខ៣, ៦​, និង​៧»។

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​ការ​សិក្សា​នេះ បាន​យក​គំនិត​សិក្សា​ស្រាវជ្រាវ​នេះ​ចេញ​ពីការ​សិក្សា​ស្រាវជ្រាវ​ស្រដៀង​គ្នា​មួយដែល​ត្រូវ​គេ​ធ្វើ​នៅ​ទ្វីប​អឺរ៉ុប។

លោក​សាស្រ្តាចារ្យ​ Trasande ​មាន​ប្រសាសន៍​ថា ​នៅ​ទ្វីប​អឺរ៉ុប​ការ​ចំណាយ​ថវិកា​លើ​ការ​ថែទាំ​សុខភាព​ដោយ​សារ​តែ​សារ​ធាតុ​បង្អាក់​ដំណើរ​ក្រពេញ​ផលិត​អ័រម៉ូន​ គឺ​មាន​ក្នុង​កម្រិត​ទាប​ជាង​ (នៅ​អាមេរិក)​ ពី​ព្រោះ​ទ្វីប​អឺរ៉ុប​មាន​លិខិត​បទដ្ឋាន​រឹងមាំ​សម្រាប់​គ្រប់គ្រង​លើ​សារ​ធាតុ​គីមីដែល​សហរដ្ឋ​អាមេរិក​ចាំបាច់​ត្រូវ​តែ​មាន​ដែរ៕

ប្រែសម្រួល​ដោយ​ កោះ​ សុគន្ធី

XS
SM
MD
LG