ភ្នំពេញ — សហភាពអឺរ៉ុបបានចាប់ផ្ដើមអនុវត្តជាផ្លូវការនូវការដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មលើទំនិញមួយចំនួន ដែលនាំចេញពីប្រទេសកម្ពុជា ខណៈដែលសេចក្ដីសម្រេចមួយកាលពីខែកុម្ភៈ របស់ទីក្រុងគណៈកម្មការនៅព្រុចសែលនេះ ដល់ថ្ងៃកំណត់ចូលជាធរមាន នៅថ្ងៃពុធនេះ។
គណៈកម្មការអឺរ៉ុប ដែលជាអង្គនីតិប្រតិបត្តិនៃប្លុកអឺរ៉ុប ដែលមាន ២៧ ប្រទេសបានសម្រេច កាលពីខែកុម្ភៈ ក្នុងការដាក់រនាំងពន្ធគយលើទំនិញកម្ពុជា ២០% ដែលត្រូវនាំទៅលក់នៅទីផ្សារអឺរ៉ុប ដែលពីមុនធ្លាប់នាំចេញដោយមិនមានកូតាមិនមានរនាំងពន្ធគយក្រោមក្របខណ្ឌឋានៈអនុគ្រោះពាណិជ្ជកម្ម EBA។ កម្ពុជាបានទទួលការអនុគ្រោះនេះ តាំងពីឆ្នាំ ២០០១ មក។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយចេញផ្សាយ នៅរសៀលថ្ងៃពុធនេះ គណៈកម្មការអឺរ៉ុបបានលើកឡើងថា សេចក្ដីសម្រេចនោះនឹងចូលជាធរមាននៅថ្ងៃទី១២ ខែសីហានេះតែម្ដង។ គណៈកម្មការសហភាពអឺរ៉ុបបានលើកឡើងថា៖
«លក្ខខណ្ឌអាទិភាពពិសេសដែលផ្ដល់ប្រយោជន៍ជូនកម្ពុជាក្រោមក្របខណ្ឌអនុគ្រោះពាណិជ្ជកម្មអ្វីៗក៏បានលើកលែងតែអាវុធ(EBA) …ត្រូវបានដកចេញជាបណ្ដោះអាសន្ន ទាក់ទិននឹងក្ដីបារម្ភជាពន្លឹកនិងជាប្រព័ន្ធទៅលើបញ្ហាសិទ្ធិមនុស្ស ដែលធ្លាប់តែត្រូវបានធានាក្នុងប្រទេសមួយនេះ»។
ផលិតផលដែលត្រូវជាប់ពន្ធ រួមមានផលិតផលសម្លៀកបំពាក់ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរជាដើម។ ពាណិជ្ជកម្មទ្វេភាគីអឺរ៉ុបនិងកម្ពុជាមានទំហំ ៦,៥៩ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៩ដែលកម្ពុជានាំចេញមានទំហំច្រើនលើសលប់ ធៀបនឹងការនាំចូលក្នុងការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។
ការណ៍ដែលនាំទៅដល់ការដាក់ទណ្ឌកម្មរនាំងពន្ធគយ ដោយផ្នែកលើទំនិញកម្ពុជានេះ គឺដោយសារសហភាពអឺរ៉ុប បានបញ្ជាក់ថា ខ្លួនបានកត់សម្គាល់អំពី «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនិងជាប្រព័ន្ធ» ទៅលើសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ទាក់ទងការបង្ក្រាបខាងនយោបាយមិនធ្លាប់មានពីមុនមក នៅមុន និងអំឡុងការបោះឆ្នោតជាតិឆ្នាំ ២០១៨។
បើយោងតាមគណៈកម្មការអឺរ៉ុបខ្លួន មិនបានមើលឃើញភាពល្អប្រសើរឡើងនៃបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះឡើយ និងបានស្នើសាជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជា ផ្ដល់សិទ្ធិធ្វើនយោបាយដល់អ្នកនយោបាយជំទាស់ ដែលត្រូវបានហាមប្រាម ហើយលុបចោល ឬធ្វើកំណែថ្មីលើច្បាប់ស្ដីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ដែលបង្កើតឆ្នាំ ២០១៥ និងច្បាប់ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានកែប្រៃនៅឆ្នាំ ២០១៧ ហើយដែលត្រូវបានយកទៅប្រើភ្លាមៗ ក្នុងការរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សជំទាស់ដ៏ធំ។
លោកស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបលោក Phil Hogan បានលើកឡើងថា សហភាពអឺរ៉ុបនៅតែបន្តជួយកម្ពុជា ជាពិសេសអំឡុងពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងរងវិបត្តិពីការរាតត្បាតនៃជំងឺកូវីដ១៩។
តែលោកបានបន្តថា៖ «យ៉ាងណាក៏ដោយ ជំនួយដែលនៅបន្តរបស់យើងមិនបានទម្លាក់ចោលនោះឡើយ ហើយភាពចាំបាច់ជាបន្ទាន់ដែលកម្ពុជាត្រូវគោរព គឺសិទ្ធិមនុស្សនិងសិទ្ធិការងារ។ យើងខ្ញុំនៅបន្តត្រៀមខ្លួនរួចរាល់ ដើម្បីបន្តទំនាក់ទំនងរបស់យើង និងដើម្បីស្ដារយកមកវិញទាំងស្រុងនូវការនាំទំនិញមិនបង់ពន្ធទាល់តែសោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប សម្រាប់ទំនិញពីប្រទេសកម្ពុជា កាលបើយើងបានឃើញការកែលម្អជាដុំភួននៅលើចំណុចទាំងនោះ»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ទោះជាមានសេចក្ដីសម្រេចចូលជាធរមាននៃការដាក់រនាំងពន្ធគយដោយផ្នែកលើការនាំចេញទំនិញពីកម្ពុជាទៅសហភាពអឺរ៉ុបក៏ដោយ ក៏លោកមិនរំពឹងថា ទំនាក់ទំនងកម្ពុជាអឺរ៉ុបនឹងរងផលប៉ះពាល់នោះទេ។
លោក កុយ គួង ប្រាប់ VOA ថា៖«ជាការណ៍ពិតទោះជាមានការសម្រេចលើ EBA បែបនេះក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់បន្តលើកស្ទួយ និងកែលម្អសិទ្ធិមនុស្សសិទ្ធិការងារ និងលទ្ធិប្រជាធិបតេយ្យទៅមុខជានិច្ច»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងថា ករណីនៃការដកដោយផ្នែកនៃឋានៈអនុគ្រោះពន្ធ EBA ពីកម្ពុជាស្ថិតនៅក្នុងចំណោមអាទិភាពបន្ទាប់បន្សំ ខណៈកម្ពុជាកំពុងទប់ទល់នឹងជំងឺកូវីដ១៩។
លោកប្រាប់ VOA ថា៖ «កម្ពុជាបានកំពុងដោះស្រាយដោយជោគជ័យ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ដែលជាហានិភ័យធំបំផុតរបស់កម្ពុជានិងពិភពលោក។ EBA គ្រាន់តែជាបន្ទុកតូចមួយនៃបញ្ហាក្នុងសម័យកូវីដ១៩»។
លោក ហេង សួរ បន្ថែមថា៖
«ការបារម្ភពីដើមឆ្នាំ គឺកម្ពុជាបារម្ភអំពីផលប៉ះពាល់ជំងឺកូវីដ១៩នេះខ្លាំងមែនទែន ពីព្រោះដោយសារជំងឺកូវីដ១៩ យើងត្រូវប្រឈមនឹងកង្វះវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរហើយដោយសារជំងឺនេះយើងបារម្ភថាចំនួនរោងចក្រដែលបិទទ្វារដួលរលំ គឺមានច្រើន ប៉ុន្តែជាក់ស្តែង យើងមានចំនួនមួយដែលអាចគ្រប់គ្រងបានល្អជាងការវាយតម្លៃពីដើមទី»។
គិតត្រឹមថ្ងៃទី១១ ខែសីហានេះ មានរោងចក្រ ២៣០ ដែលបានផ្អាកដំណើរការឬបិទទ្វារ និងបានប៉ះពាល់កម្មករនិយោជិក ៩២ ១៥៦ នាក់។ នេះបើយោងតាមតួលេខ ដែលផ្ដល់ជូនដោយលោកហេង សួរ។
យ៉ាងណាក៏ដោយលោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)និយាយថា ការសម្រេចចាប់ផ្ដើមអនុវត្តទណ្ឌកម្មពាណិជ្ជកម្មនេះ នឹងបន្ថែមបន្ទុកដល់ឧស្សាហកម្មកាត់ដេរដែលកំពុងរងគ្រោះជាស្រេចពីវិបត្តិកូវីដ១៩។
លោកអគ្គលេខាធិការ GMAC នេះ បានប្រាប់ VOA ថា៖ «យើងគ្រាន់តែសោកស្ដាយ...ស្ដាយថាខាង EU អត់ទទួលសំណូមពររបស់យើង។ នៅតែសម្រេចថ្ងៃនេះដកអនុគ្រោះពន្ធ ២០% ពីអីវ៉ាន់នាំចេញទៅអឺរ៉ុបតែប៉ុណ្ណឹង»។
បើយោងតាមលោក ខេន លូ ការនាំទំនិញទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះជិត ២០% នៅអំឡុងឆមាសទី១ ដើមឆ្នាំ ២០២០ នេះ។
«ឥឡូវប៉ះពាល់ត្រូវតែប៉ះពាល់ហើយ ព្រោះគេដក ២០% មានន័យថា រោងចក្រដែលនាំចេញអីវ៉ាន់ដែលគេដក មានបញ្ហាផលពិបាក ប៉ុន្តែយើងជឿថា បញ្ហាដែលយើងជួបចំពោះមុខសំខាន់ជាងគេជាបញ្ហាកូវីដ»។
រដ្ឋាភិបាលកម្ពុជាបានបញ្ចេញកញ្ចប់ទឹកប្រាក់ជាង ១ពាន់លានដុល្លារ ដើម្បីជួយវិស័យសេដ្ឋកិច្ចទប់ទល់នឹងផលប៉ះពាល់នៃការបាត់បង់ដោយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធ EBA និងពីការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើយោងតាមមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កាលពីខែមិថុនា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ មក៏បានស្នើក្រុមហ៊ុនបញ្ជាទិញពីរគឺ Adidas និង H&M ធានាជួយបង្កើនការបញ្ជាទិញផងដែរ។
អ្នកស្រី Ulrika Isaksson អ្នកនាំពាក្យក្រុមហ៊ុន H&M បានលើកឡើងថា EBA ជាបុរេលក្ខខណ្ឌដ៏អំណោយផលសម្រាប់ក្រុមហ៊ុនអន្តរជាតិមួយនេះ ក្នុងការបញ្ជាទិញទំនិញពីប្រទេសកម្ពុជា «ហើយបើសិនជាគ្មាន EBA វាពិបាកសម្រាប់ប្រទេស[កម្ពុជា] ក្នុងការបង្កើតការផ្លាស់ប្ដូរចាំបាច់នានាក្នុងវិស័យកាត់ដេរ»។
អ្នកស្រី Ulrika Isaksson បានសរសេរប្រាប់ VOA តាមសារអេឡិចត្រូនិកថា៖
«នៅពេលនិយាយដល់ការបញ្ជាទិញពីកម្ពុជានាពេលខាងមុខ យើងពិតជាមើលឃើញនូវកង្វះគំនិតផ្ដួចផ្ដើមសមល្មមណាមួយ ក្នុងការអភិវឌ្ឍឧស្សាហកម្មវាយនភណ្ឌកម្ពុជា ហើយថែមទាំងបាត់បង់ EBA ដោយផ្នែកអ៊ីចេះទៀត វាកាន់តែមានបញ្ហា។ ដូច្នេះយើងកំពុងតែធ្វើការវាយតម្លៃថា តើការធ្វើពាណិជ្ជកម្ម និងការផលិតរបស់យើងនៅកម្ពុជា ត្រូវផ្លាស់ប្ដូរឬយ៉ាងណា និងដោយរបៀបណាវិញ»។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ក្រោយការចូលជាធរមានដោយមិនបន្ធូរដៃរបស់សហភាពអឺរ៉ុបនេះ រដ្ឋអាចនឹងបង្កើនការបង្ក្រាប និងការធ្វើទុក្ខបុកម្នេញលើអ្នកជំទាស់កាន់តែខ្លាំង។ លោកបានបន្ថែមដូចគ្នាថា រឿងក្ដីលោក កឹម សុខា ក៏អាចនឹងរងផលពិបាកក្នុងការរកច្រកចេញដែរ ក្នុងបរិបទនេះ។
«ខ្ញុំយល់ថា វាជាការខាតបង់របស់កម្ពុជា។ ហើយវាអាចធ្វើឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរក្រីក្រមួយចំនួន»។
បើយោងតាមលោក អ៊ូ ច័ន្ទរ័ត្ន ថវិកាបម្រុងជាង ១ពាន់លានដុល្លារ មានទំហំតូចនៅឡើយមិនទាន់អាចទៅប៉ះប៉ូវផលប៉ះពាល់ពីការបាត់បង់ដោយផ្នែកនៃ EBA ឡើយ ហើយលោកជឿថា សម្ពាធពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនឹងកើន។
គួរបញ្ជាក់ថា ទណ្ឌកម្មដកប្រព័ន្ធអនុគ្រោះពន្ធជាផ្លូវការនេះកើតឡើង ស្របពេលដែលកម្ពុជានិងចិនឈានទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅថ្ងៃខាងមុខ ដោយកម្ពុជាសង្ឃឹមថា នឹងបង្កើនការនាំចេញផលិតផលកសិកម្មបន្ថែមទៅប្រទេសចិន៕