ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អឺរ៉ុប​ព្រមាន​ផ្តាច់​ជំនួយ ​និង​ពាណិជ្ជកម្ម​ដោយសារ​ការ​ធ្លាក់​ដុនដាប​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ


រូបឯកសារ៖ ក្បួនឃោសនាបោះឆ្នោត​ឃុំសង្កាត់ របស់​គណបក្ស​សង្រ្គោះជាតិ កាល​ពី​ថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ​២០១៧។
រូបឯកសារ៖ ក្បួនឃោសនាបោះឆ្នោត​ឃុំសង្កាត់ របស់​គណបក្ស​សង្រ្គោះជាតិ កាល​ពី​ថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ​២០១៧។

ប្រតិភូ​សភា​អឺរ៉ុប​បង្ហាញ​ក្តី​មិន​សប្បាយ​ចិត្ត​ និង​ព្រមាន​រដ្ឋា​ភិបាល​កម្ពុជា​ចំពោះ​ដំណើរ​ទៅ​រក​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។​ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រតិភូ​សភា​អឺរ៉ុប​ចេញ​នៅ​ល្ងាច​ថ្ងៃ​អង្គារ។​

សេចក្ដី​ថ្លែងការណ៍​របស់​ប្រតិភូ​សភា​អឺរ៉ុប ​ធ្វើ​ឡើង​បន្ទាប់​ពី​សមាជិក​ប្រតិភូ​សភា​អឺរ៉ុប​ចំនួន៦​នាក់​បញ្ចប់​ទស្សន​កិច្ច​នៅកម្ពុជា​ចំនួន​២​ថ្ងៃ​ ​គឺ​នៅថ្ងៃ​ទី​៣០​ ​និង​ថ្ងៃទី​៣១​ ​ខែ​តុលា​ ​ដើម្បី​ស្វែងយល់ពីបច្ចុប្បន្ន​ភាពនយោបាយ​ ​និងស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា។​ ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ពីរ​ថ្ងៃ​នោះ​ ​ពួកគេ​បាន​ជួប​ជាមួយមន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ ​សមាជិករដ្ឋសភា​ ​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប)​ ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នាក់។​

លោក​ ​Werner Langen​ ​ប្រធាន​ប្រតិភូ​សភា​អឺរ៉ុប​ទទួល​បន្ទុក​អាស៊ី​ ​និង​អាស៊ាន​ ​បញ្ជាក់​ក្នុង​សេចក្តីថ្លែង​ការ​ណ៍​នោះ​ថា​ ​កម្ពុជា​ត្រូវ​បើក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែងនយោបាយ​ស្មើ​គ្នា​ ​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ ​ឆ្នាំ​ក្រោយ​មាន​លក្ខណៈ​សេរី​ ​និង​យុត្តិធម៌។​ ​លោក​បន្ថែម​ដោយ​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាលលោក​ ​ហ៊ុន សែន​ ​ដោះលែង​លោក​ ​កឹម សុខា​ ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ឈប់​ដំណើរ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ និង​ស្តារ​ឡើង​វិញ​ឲ្យ​មាន​សេរីភាព​សម្រាប់​សកម្មភាព​របស់​គណ​បក្ស​នយោ​បាយ​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​អង្គការ​សង្គម​ស៊ីវិល។​

លោក​ ​Werner Langen​ ​បានបន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ដោយ​សម្រង់​ន័យ​ដើមថា​៖​

«​រដ្ឋាភិបាល​កម្ពុជា​គួរ​ដឹង​ថា​សភា​អឺរ៉ុប​គឺជា ​អ្នក​ធ្វើ​ច្បាប់​សម្រាប់​ទាំង​បញ្ហា​ថវិកា​ ​និង​ពាណិជ្ជកម្ម។​ ​ការ​ធ្លាក់​ដុនដាប​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស ​អាច​នឹង​មាន​បច្ច័យ​អាក្រក់​សម្រាប់​កម្មវិធី​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​ និង​ការ​អនុគ្រោះ​ពាណិជ្ជកម្ម»។​

ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​សភា​អឺរ៉ុប​ទាំង​៦​នាក់​នោះ​ ​ធ្វើ​ឡើង​មុន​ពេល​តុលាការ​កំពូល​ដែល​បាន​កំណត់​យកថ្ងៃទី១៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​ដើម្បី​បើក​សវនាការ​លើ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ ​ដាក់​កាល​ពី​ដើម​ខែ​តុលា​ ​ស្នើ​សុំ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​ឃុបឃិត​ជាមួយ​បរទេស​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន។​

បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដាក់​ក្រោយ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​ដោយ​អាជ្ញាធរ​បាន​ចោទ​លោក​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​ ​ដោយ​យោង​លើ​វីដេអូ​ឃ្លីប​មួយ​ដែល​លោក​ ​កឹម សុខា​ ​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​ ​កាលពី​ឆ្នាំ​២០១៣​ ​ពាក់ព័ន្ធ​នឹង​យុទ្ធ​សាស្រ្ត​នយោបាយ​ដើម្បី​យក​ឈ្នះ​គណបក្ស​កាន់​អំណាច​។​ ​រហូត​មក​ដល់​ពេល​នេះ លោក កឹម សុខា ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដែល​ជាខេត្ត​មានព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម។​

ក្រោយ​ជំនួបរបស់​ប្រតិភូ​សភា​អឺរ៉ុ​ប​ជា​មួយ​លោក​ ​ប្រាក់ សុខុន​ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣០ ខែ​តុលា​ ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​នៅ​ថ្ងៃ​ទី៣០ ខែ​តុលា​ ​ដោយ​បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​លទ្ធ​ផល​នៃជំនួប​នោះ។​ ​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ថា​ ​លោក​ ​ប្រាក់ សុខុន​ ​បាន​ប្រាប់​ទៅ​ប្រតិភូ​សភា​អឺរ៉ុបពី​សភាពការណ៍​បច្ចុប្បន្ន​នៅ​កម្ពុជា​ថា​ ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅកម្ពុជា​មាន​ភាព​រីក​ចំរើនដែល​ផ្សារ​ភ្ជាប់​ជាមួយ​ការ​ពង្រឹង​នីតិរដ្ឋ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​បាន​ស្រង់​សម្តី​របស់​លោក ​ប្រាក់ សុខុន​ បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​ «ករណី​កាសែត​The Cambodia Daily ​ការ​បិទ​អង្គការ​ NDI​ ​ហើយ​និងករណី​ការ​ចាប់​ខ្លួន​ប្រធាន​គណ​បក្ស​ប្រឆាំង​ ​ដែលវិធាន​ការទាំងនេះ​បាន​ធ្វើឡើង​ស្រប​ច្បាប់​ជា​ធរមាន​នៅ​កម្ពុជា ក្នុង​គោល​ដៅ​ពង្រឹង​នីតិរដ្ឋ​ ​និង​ការពារ​ឯករាជ្យ​ ​អធិបតេយ្យភាព​កម្ពុជា​ ​ប្រឆាំង​នឹង​ការប៉ុនប៉ង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ ​និង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់»។​

ក្រោយ​ជំនួប​របស់​ក្រុម​ប្រតិភូ​សភា​អឺរ៉ុប​នៅ​វិមាន​រដ្ឋសភា​ ​នៅ​ថ្ងៃទី​៣១ ខែ​តុលា លោក​ ​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​ ​សហប្រតិបត្តិការ​អន្តរជាតិ ​ឃោសនាការ​ ​និង​ព័ត៌មាន​ ​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​ប្រតិភូ​សភា​អឺរ៉ុប​បាន​បង្ហាញការ​បារម្ភអំពី​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​និង​ច្បាប់​ដែលរដ្ឋាភិបាល​កម្ពុជានឹង​អនុវត្ត​ ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ដែល​ឈាន​ដល់​អាច​រំលាយ​គណ​បក្ស​ប្រឆាំង។​ លោក​បន្ថែម​ថា​ ​លោក​បាន​ពន្យល់​ដល់​ប្រតិភូ​ថា ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា ដោយសារប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​ ​បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​តាមរយៈ​ការ​ទទួល​ប្រាក់​ពី​បរទេស​ ​ធ្វើឲ្យ​មាន​អស្ថិរភាព​សង្គម​ និងប៉ះពាល់​ដល់​សេចក្តី​សុខរបស់ប្រជាពលរដ្ឋ​។

លោក​ ឈាង វុន បញ្ជាក់​ថា៖​

«សូម​ឲ្យ​គាត់​គិត​ពិចារណា​ថា បើ​ក្រុម​គាត់​នេះ ​ជា​ពិសេស​ប្រទេស​ ​EU​ ​ជា​ប្រទេសដែល​គាំទ្រលទ្ធិ​ប្រជា​ធិប​តេយ្យ​ ​គឺ​មាន​តែ២​ទេ​ដែល​គាត់​ត្រូវ​តែគិត។​ ​ទី១​ ​គឺ​ការ​បោះឆ្នោត​ដោយ​សេរី ​យុតិ្តធម៌​ ​ដែល​ទទួលយក​បាន​ទៅតាម​ច្បាប់​បោះឆ្នោត​ឲ្យ​បាន​ពុត​ប្រាកដ​មួយ។​ ​អាហ្នឹងគាត់​ត្រូវ​ពិចារណា​ថា​ ​តើ​យើង​កំពុង​អនុវត្ត ​ឬ​អត់។​ ​ទី​២ ​គាត់​ត្រូវ​គិត​ថា ​គាត់​ដែល​ជំរុញ​ ​ក៏​ដូចជា​យើង​អញ្ចឹង​ដែរ​ ​ជំរុញប្រទេស​ឲ្យ​ទៅ​ជា​ប្រទេស​ប្រជាធិបតេយ្យ​នីតិរដ្ឋ ​គឺ​ដើម្បី​សេចក្តី​សុខ​របស់ប្រជាពល​រដ្ឋកម្ពុជា​ ក៏​ដូចជា​សេចក្តី​សុខ​របស់​ប្រទេស​រៀងៗ​ខ្លួន​ដែរ​។ ​យើង​ធ្វើ​ដើម្បី​ប្រជា​ពលរដ្ឋ​ យើង​ធ្វើ​ដើម្បី​សង្គម»។​

VOA​ ​មិន​អាចទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​ហង្ស ពុទ្ធា​ ​អ្នកនាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​និង​លោក​ ​សុន ឆ័យ​ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃពុធ​នេះ។​

ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​ត្រៀម​រំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង ​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​កម្ពុជានេះ​ ​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​ និង​អន្តរ​ជាតិ​ជា​ច្រើន​ ​រួមមាន​សហរដ្ឋ​អាមេរិក ​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ជាដើម​ ​បាន​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន។​ ​ពួកគេ​បាន​បង្ហាញ​ពី​ការ​បារម្ភ​ថា​ ​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឈាន​ទៅ​រក​ភាព​ខ្ទេចខ្ទី​ ​ហើយ​ថា​ ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​ ​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។​

សមាជិកព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​ ​ក៏​បាន​ព្រមាន​បិទ​ទិដ្ឋាការ​ដល់​មន្រ្តី​កម្ពុជា​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ និង​បាន​ដាក់​ឱសានវាទ​ដើម្បី​ឲ្យ​មានការ​ដោះលែង​លោក​ ​កឹម សុខា​ ​ឲ្យ​បាន​មុន​ថ្ងៃទី​៩ ខែ​វិច្ឆិកា​ ​ខាង​មុខ។​ ​ទោះ​ជា​យ៉ាង​ណា​ ​ទាំង​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​និងមន្រ្តី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​កម្ពុជា​លើកឡើង​ថា​ ​ពួកគេ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ព្រមាន​ណា​មួយ​របស់​បរទេស​នោះ​ទេ៕

XS
SM
MD
LG