ទីភ្នាក់ងារព័ត៌មានបារាំង AFP រាយការណ៍ថា ស្ថានីយបោះឆ្នោតបានបើកកាលពីថ្ងៃសៅរ៍នៅឯដែនដីនាយសមុទ្រឆ្ងាយៗរបស់បារាំងសម្រាប់ការបោះឆ្នោតប្រធានាធិបតីដែលមិនអាចព្យាករណ៍បាននៅពេលដែលបេក្ខជនចំនួន១១រូបនៅក្នុងការប្រកួតប្រ ជែងប្រតិបត្តិទៅតាមការហាមឃាត់មិនឲ្យធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
ដោយការបោះឆ្នោតចាប់ផ្តើមនៅថ្ងៃអាទិត្យនេះនៅប្រទេសដីគោក រដ្ឋាភិបាលបានដាក់ពង្រាយប៉ូលិសនិងពួកហ្សង់ដាម៥ម៉ឺននាក់ដើម្បីការពារស្ថានីយបោះឆ្នោត៧ម៉ឺនកន្លែង ដោយការបន្ថែមទាហាន៧ពាន់នាក់ទៀតសម្រាប់ធ្វើការយាមល្បាត។
ការគ្មានការងារធ្វើចំនួន១០ភាគរយរបស់បារាំងហើយនឹងសេដ្ឋកិច្ចមិនសូវរីកចម្រើនរបស់ខ្លួនបានក្លាយជាការព្រួយកង្វល់យ៉ាងខ្លាំងរបស់ពួកអ្នកបោះឆ្នោតនៅពេលដែលការបោះឆ្នោតជុំទី១ធ្វើឡើងនៅចុងសប្តាហ៍នេះ។
ការស្ទង់មតិបង្ហាញថា ការបោះឆ្នោតនេះមានការប្រកៀកគ្នាក្នុងចំណោមអ្នកប្រកួតប្រជែង៤នាក់ដើម្បីឲ្យបានទៅដល់ការបោះឆ្នោតប្រធានាធិបតីជុំទី២ នៅថ្ងៃទី៧ ខែឧសភា ដែលនឹងសម្រេចថាតើនរណានឹងក្លាយជាមេដឹកនាំថ្មីរបស់ប្រទេសបារាំង។
ក៏ប៉ុន្តែ ការស្ទង់មតិក៏បានបង្ហាញដែរថា ការសម្រេចនេះភាគច្រើនស្ថិតនៅក្នុងកណ្តាប់ដៃអ្នកបោះឆ្នោតម្នាក់ក្នុងចំណោម៣នាក់ដែលមិនទាន់សម្រេចចិត្ត។
ការវាយប្រហារដ៏ប្រល័យទៅលើប៉ូលិសកាលពីយប់ថ្ងៃព្រហស្បតិ៍នៅមហាវិថី Champs-Elysees ដ៏ល្បីល្បាញធ្វើឲ្យស្មុគ្រស្មាញដល់ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីនេះ។ សន្តិសុខជាបញ្ហាដ៏សំខាន់មួយបន្ទាប់ពីការវាយប្រហារដ៏ខ្លាំងរបស់ពួកជ្រុលនិយមនៅលើទឹកដីបារាំង រួមទាំងខ្មាន់កាំភ្លើងម្នាក់ដែលបានសម្លាប់មន្រ្តីប៉ូលិសក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍មុនពេលជននោះត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខ។ ខ្មាន់កាំភ្លើងនោះ បានបន្សល់ទុកលិខិតមួយច្បាប់ដែលសរសើរក្រុមរដ្ឋឥស្លាម៕