បណ្តាមេដឹកនាំសហភាពអឺរ៉ុបកំពុងធ្វើសន្និសីទកំពូលដែលមានរយៈពេល២ថ្ងៃ ដើម្បីធ្វើផែនការសម្រាប់ពេលអនាគតក្រោយពីការចាកចេញរបស់អង់គ្លេស ដែលមានការសៅហ្មងរួចទៅហើយ ដោយភាពជ្រួលច្របល់ និងភាពល្វីងជូរចត់របស់សម័យប្រជុំសភាសហភាពអឺរ៉ុប។
ភាពច្របូកច្របល់ដែលបណ្តាលមកពីការបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសកាលពីសប្តាហ៍មុន បានឆ្លងចូលសម័យប្រជុំរបស់សភាអឺរ៉ុបនៅក្នុងរដ្ឋធានីប្រ៊ុចសែល កាលពីថ្ងៃអង្គារ ភា្លមៗមុនពេលពួកមេដឹកនាំសហភាពអឺរ៉ុបជួបគ្នា។
ជាឧទាហរណ៍ មានការផ្លាស់ប្តូរពាក្យសម្តីយ៉ាងខ្លាំងរវាងលោក Nigel Farage មេដឹកនាំគណបក្សឯករាជ្យរបស់អង់គ្លេសដែលជាមេដឹកនាំក្រុមអ្នកនយោបាយនៃការចាកចេញរបស់អង់គ្លេសឬ BREXIT និងពួកសមាជិកសភារបស់សហភាពអឺរ៉ុប។
«វាមិនមែនជារឿងលេងសើចទេ នៅពេលដែលខ្ញុំបានមកទីនេះកាលពី១៧ឆ្នាំមុន ហើយខ្ញុំបាននិយាយថា ខ្ញុំចង់ដឹកនាំយុទ្ធនាការមួយដើម្បីធ្វើឲ្យចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ហើយអស់លោកអ្នកបានសើចខ្ញុំ។ ឥឡូវនេះ ខ្ញុំត្រូវតែនិយាយថា អស់លោកអ្នកមិនសើចទៀតទេ មែនទេ? អស់លោកអ្នកបានបដិសេធគម្រោងនយោបាយ។ អស់លោកអ្នកបានបដិសេធពីរូបិយប័ណ្ណរបស់អ្នកដែលកំពុងបរាជ័យ។អស់លោកអ្នក កំពុងបដិសេធអំពីបញ្ហាទាំងអស់នេះ។ ឥឡូវ ចូរអ្នកក្រឡេកមើលបញ្ហាជនភៀសខ្លួននៅសមុទ្រមេឌីទែរ៉ាណេ»។
បន្ទាប់មកមានលោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុបដែលបានចោទជាសំណួរដល់អ្នកនយោបាយដែលគាំទ្រដល់ការចាកចេញរបស់អង់គ្លេស ឬ BREXIT នេះ។
«លោកបានទាមទារឲ្យចាកចេញ ហើយប្រជារាស្រ្តចក្រភពអង់គ្លេសបានបោះឆ្នោតគាំទ្រការចាកចេញនេះ ហេតុអ្វីបានជាលោកស្ថិតនៅទីនេះ»?
ការផ្លាស់ប្តូរពាក្យសម្តីគ្នានេះបញ្ជាក់ពីការរន្ធត់ និងការខឹងសម្បារដែលស្ថិតនៅក្នុងតំបន់អឺរ៉ុបនៅឡើយ បន្ទាប់ពីការបោះឆ្នោតប្រជាមតិរបស់ចក្រភពអង់គ្លេស។
នៅពេលមកដល់សន្និសីទកំពូល លោក David Cameron នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសដែលលាលែងពីតំណែងបាននិយាយថា ចក្រភពអង់គ្លេសនឹងស្វះស្វែងធ្វើឲ្យមានទំនាក់ទំនងដ៏ជិតស្និទ្ធបំផុតទៅតាមលទ្ធភាពដែលអាចធ្វើទៅបានជាមួយសហភាពអឺរ៉ុប។
ក៏ប៉ុន្តែ ពួកអ្នកវិភាគដូចជាលោក Alexandra de Hoop Scheffer ប្រធានមូលនិធិ German Marshall នៃការិយាល័យនៅទីក្រុងប៉ារីសរបស់សហរដ្ឋអាមេរិក សង្ស័យថា ពួកមេដឹកនាំសហភាពអឺរ៉ុបនឹងស្នើឲ្យមានការផ្លាស់ប្តូរយ៉ាងធំ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន