«កម្ពុជាសម្លឹងទៅមុខ»៖ ការប្រែប្រួលអាកាសធាតុ
សម្ភាសដោយ៖ ស៊ូ ពេជ្រចិន្តា, ផលិតដោយ៖ ទែន សុខស្រីនិត, និពន្ធនាយក៖ Chris Decherd និង ចាប ចិត្រា
សម្រាប់ភាគទី ១ នេះ លោកអ្នកនាងស្វែងយល់ដឹងថា «តើកម្ពុជាគួរដឹងនិងធ្វើអ្វីខ្លះអំពីបញ្ហាប្រែប្រួលអាកាសធាតុដើម្បីទប់ទល់នឹងផលប៉ះពាល់បរិស្ថានដ៏មហន្តរាយនាពេលអនាគត» តាមរយៈការពិភាក្សារវាងអ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នកសម្របសម្រួលកម្មវិធី VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន និងលោក អ៊ួង ទីកេត្យា អ្នកស្រាវជ្រាវឯករាជ្យកម្ពុជា ដែលបានស្រាវជ្រាវនិងសរសេរអត្ថបទមួយជំពូក អំពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា នៅក្នុងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០»។
គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត គ្រោះបាក់ដី និងគ្រោះធម្មជាតិជាច្រើនផ្សេងទៀត កំពុងតែកើតមានឡើងកាន់តែញឹកញាប់នៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ។
អ្នកវិទ្យាសាស្ត្រ សន្មតថា ព្រឹត្តិការណ៍គ្រោះមហន្តរាយទាំងអស់នេះ ត្រូវបានបង្កឡើងមួយភាគធំ ដោយសារតែសកម្មភាពបំពុលបរិស្ថានរបស់មនុស្សនៅលើផែនដី។ ហើយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនេះទៀតសោត អាចបណ្តាលជាការវិនាសអន្តរាយដល់មនុស្សជាតិ និងភពផែនដីបាន។
លោក អ៊ួង ទីកេត្យា អ្នកស្រាវជ្រាវឯករាជ្យ និងជាអ្នកនិពន្ធម្នាក់ក្នុងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040» ថ្លែងថា៖
«ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ហ្នឹង មនុស្សអាចនឹងស្លាប់ នេះគឺជាតួលេខសកល ពី២សែន៥ម៉ឺននាក់ ក្នុងមួយឆ្នាំ ដែលជាមនុស្សដែលនឹងរងគ្រោះពីគ្រោះរាំងស្ងួត ទឹកជំនន់ ភ្លៀងធ្លាក់មិនទៀងទាត់ កង្វះទឹកស្អាត មនុស្សមានជំងឺ និងការដាំដុះធ្លាក់ចុះជាដើម និងការចំណាកស្រុកពីជនបទអីហ្នឹង»។
កាលពីឆ្នាំ ២០១៩ កម្ពុជាបានរងទាំងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។ ខេត្តជាច្រើននៅកម្ពុជាបានរងគ្រោះទឹកជំនន់ដល់ទៅ២លើក ដែលបង្កផលប៉ះពាល់សេដ្ឋកិច្ចនិងការខូចខាតផ្ទះសម្បែងដល់ពលរដ្ឋកម្ពុជាជាង ២៥០០ គ្រួសារ។ ក្នុងឆ្នាំដដែល កម្ពុជាក៏បានរងគ្រោះរាំងស្ងួតក្នុងខេត្តចំនួន ៧ ដែលនាំឲ្យខាតបង់ដំណាំស្រូវ ដល់ទៅជិត ៤ម៉ឺនហិកតា និងដំណាំរួមផ្សំផ្សេងទៀត ដែលត្រូវការទឹក។
បន្ថែមលើនេះ កាលពីខែមេសា ឆ្នាំ២០២០នេះ បញ្ហាខ្វះទឹកប្រើប្រាស់ដោយសារកម្ពស់ទឹកទន្លេមេគង្គមានកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ និងគ្រោះរាំងស្ងួត ក៏កំពុងបង្កក្តីព្រួយបារម្ភដល់ប្រជាពលរដ្ឋកម្ពុជា ដែលជិត៨០ភាគរយនៃចំនួនពលរដ្ឋសរុប ដែលពឹងផ្អែកលើទឹកទន្លេ ជាប្រភពចម្បងនៃការដាំដំណាំកសិផល៕
អំពីវាគ្មិន៖ លោក អ៊ួង ទីកេត្យា
មានដើមកំណើតនៅរាជធានីភ្នំពេញ និងធំដឹងក្តីក្នុងគ្រួសារដែលមានឪពុកនិងសាច់ញាតិជាច្រើននាក់បំពេញការងារក្នុងវិស័យសុខាភិបាលនិងអភិវឌ្ឍន៍សង្គម លោក អ៊ួង ទីកេត្យា បានបណ្តុះគំនិតនិងគោលបំណងដោះស្រាយបញ្ហាសង្គមនានា តាំងពីកុមារភាពមកម្លេះ។ រហូតដល់ពេលធំពេញវ័យនិងបញ្ចប់ថ្នាក់វិទ្យាល័យ លោក កេត្យា បានសម្រេចចិត្តជ្រើសរើសសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកសិក្សាអន្តរជាតិនៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងផ្នែកវិទ្យាសាស្ត្របរិស្ថាននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ហើយនៅទីនោះ លោកទទួលបាន ចំណេះដឹងយ៉ាងស៊ីជម្រៅអំពីប្រធានបទស្តីអំពីការប្រែប្រួលអាកាសធាតុ។ លោក កេត្យា ថែមទាំងទទួលបានអាហាររូបករណ៍ Fulbright ទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈនិងគោលនយោបាយបរិស្ថាន នៅសហរដ្ឋអាមេរិកផងដែរ។ សព្វថ្ងៃនេះ លោក កេត្យា សម្រេចគោលបំណងចូលរួមចំណែកដោះស្រាយបញ្ហាសង្គម ដោយផ្តោតការសិក្សាស្រាវជ្រាវរបស់លោកលើគោលនយោបាយបរិស្ថានការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍដោយនិរន្តភាព៕