«កម្ពុជាសម្លឹងទៅមុខ»៖ អត្តសញ្ញាណជាតិ
សម្ភាសដោយ៖ សឹង សុផាត, ផលិតដោយ៖ ទែន សុខស្រីនិត, និពន្ធនាយក៖ Chris Decherd និង ចាប ចិត្រា
នៅក្នុងភាគទី ៤ នេះ លោក សឹង សុផាត អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ពិភាក្សាជាមួយកញ្ញា ឌិន ដារ័ត្នតី អំពីឥទ្ធិពលវប្បធម៌និងកេរ្តិ៍បន្សល់ទុកលើការកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន និងអត្តសញ្ញាណជាតិ និងអំពីថា តើអត្តសញ្ញាណរបស់កម្ពុជា នឹងផ្លាស់ប្តូរយ៉ាងដូចម្តេច ដើម្បីនាំមកនូវកម្ពុជាជំនាន់ថ្មីមួយ ដែលពោរពេញដោយភាពជឿនលឿន រឹងមាំ ក្លាហាន និងច្នៃប្រឌិត នាពេលអនាគត។
ការកំណត់ ទទួលស្គាល់ និងឲ្យតម្លៃលើអត្តសញ្ញាណផ្ទាល់ខ្លួន ឬអត្តសញ្ញាណជាតិ គឺជាដំណើរដ៏វែងឆ្លាយមួយ សម្រាប់បុគ្គល និងប្រទេសជាតិមួយ។ អត្តសញ្ញាណនេះទៀតសោត ក៏អាចត្រូវផ្លាស់ប្តូរ និងវិវត្តន៍ទៅតាមពេលវេលា និងបរិបទសង្គមផងដែរ។
សម្រាប់កម្ពុជា សម័យកាលអច្ឆរិយ្យអង្គរក្នុងចន្លោះសតវត្សរ៍ទី៩ និងទី១៥ និងសម័យកាលដ៏ជូរចត់នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានសម្លាប់ពលរដ្ឋខ្មែរប្រមាណ ១លាន ៧សែននាក់ បានក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពល ក្នុងការកំណត់អត្តសញ្ញាណរបស់កម្ពុជា។
ជាក់ស្តែង មនុស្សភាគច្រើននៅជុំវិញពិភពលោក បានស្គាល់ និងកត់សម្គាល់ប្រទេសកម្ពុជា និងប្រជាជនខ្មែរ តាមរយៈប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរក្រោមរបបខ្មែរក្រហម។ តើការកត់សម្គាល់អត្តសញ្ញាណរបស់កម្ពុជាបែបនេះអាចនឹងផ្លាស់ប្តូរដែរទេ ហើយតើការផ្លាស់ប្តូរនេះ អាចកើតឡើងបានដោយរបៀបណា ក្នុងរយៈពេល ២០ឆ្នាំទៅមុខ?
កញ្ញា ឌិន ដារ័ត្នតី អ្នកជំនាញខាងផ្នែកទំនាក់ទំនងសាធារណៈ និងជាអ្នកស្រាវជ្រាវនិងអ្នកនិពន្ធមួយរូប នៅក្នុងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040» ថ្លែងថា៖
«ខ្ញុំគិតថា អត្តសញ្ញាណផ្ទាល់ខ្លួន ក៏ដូចជាអត្តសញ្ញាណជាតិ គឺមានការផ្លាស់ប្តូរ ហើយនិងត្រូវផ្លាស់ប្តូរទៅតាមពេលវេលា និងបរិបទ។ ខ្ញុំគិតថា នៅពេលដែលពេលវេលាយើង ដើរកាន់តែទៅឆ្ងាយ ដូចដែលយើងឥឡូវ យើងសម្លឹងទៅមុខ ២០ឆ្នាំទៅមុខទៀត វាមានអ្វីច្រើនទៀត ដែលយើងជាប្រជាជនកម្ពុជា គួរតែមានមោទនភាព ហើយសម្រេចថា អាចចង់ប្រើប្រាស់កត្តាទាំងនោះ កត្តា វិជ្ជមានទាំងនោះ ទៅតំណាងឲ្យអត្តសញ្ញាណជាតិ»។
សព្វថ្ងៃនេះ ប្រាសាទអង្គរវត្ត និងកេរដំណែលពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម នៅតែជាប្រភពនៃការកំណត់អត្តសញ្ញាណរបស់ប្រជាពលរដ្ឋកម្ពុជា។
ស្របពេលជាមួយគ្នានោះ ផ្នត់គំនិត និងអត្តចរិតរបស់យុវជនជំនាន់ក្រោយរបស់កម្ពុជា ដែលជាក្រុមប្រជាពលរដ្ឋភាគច្រើននៃចំនួនប្រជាពលរដ្ឋកម្ពុជាសរុបប្រមាណ ១៦ លាននាក់ ក៏កំពុងតែជះឥទ្ធិពលលើការកំណត់អត្តសញ្ញាណថ្មីរបស់កម្ពុជាផងដែរ។
ក៏ប៉ុន្តែ ឥទ្ធិពលរបស់ក្រុមពលរដ្ឋជំនាន់ថ្មីនេះ នៅមានកម្រិតនៅឡើយ មួយផ្នែក ដោយសារតែ គុណតម្លៃ និងរបៀបរបបរស់នៅប្រចាំថ្ងៃរបស់ពួកគេ ត្រូវបានទទួលឥទ្ធិពលពីឪពុកម្តាយរបស់ពួកគេ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងពីស្ថាប័នរដ្ឋដែលដឹកនាំ និងគ្រប់គ្រងសង្គមកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់ខ្លាំងលើការថែរក្សា និងការពារវប្បធម៌ និងប្រពៃណីបុរាណរបស់កម្ពុជា៕
អំពីវាគ្មិន៖ កញ្ញា ឌិន ដារ័ត្នតី
ដោយបានធំដឹងក្តីឡើងនៅក្រុងតាខ្មៅ ខេត្តកណ្តាល ជាយរាជធានីភ្នំពេញ កញ្ញា ឌិន ដារ័ត្នតី បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត នៅឆ្នាំ២០១៣។ ហើយនៅឆ្នាំ២០១៦ កញ្ញា បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលអង់គ្លេសតាមរយៈកម្មវិធីអាហារូបករណ៍ Chevening ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកបណ្តាញព័ត៌មាន និងទំនាក់ទំនងសាកល នៅសាកលវិទ្យាល័យ Warwick នៅទីក្រុង Coventry ចក្រភពអង់គ្លេស។ ដោយសារចំណាប់អារម្មណ៍ និងមានការងឿងឆ្ងល់ ចំពោះកង្វះខាតនៃការពិភាក្សាអំពីអត្តសញ្ញាណបច្ចុប្បន្នរបស់កម្ពុជាក្នុងវិស័យសិក្សាស្រាវជ្រាវអំពីកម្ពុជា ដារ័ត្នតី បានឆ្លៀតឱកាសក្នុងពេលសរសេរនិក្ខេបទបញ្ចប់ថ្នាក់អនុបណ្ឌិត ទៅស្រាវជ្រាវលើប្រធានបទដែលទាក់ទងនឹងការចងចាំ និងអត្តសញ្ញាណរបស់កម្ពុជា ដោយផ្តោតលើបរិបទនៃការបន្សល់ទុករបស់របបខ្មែរក្រហម និងឥទ្ធិពលទៅលើការបង្កើតអត្តសញ្ញាណជាតិ និងអត្តសញ្ញាណផ្ទាល់ខ្លួនរបស់យុវជនកម្ពុជា។ សមិទ្ធផលស្រាវជ្រាវមួយនេះ បានពង្រីកចម្ងល់និងការយល់ដឹងរបស់ ដារ័ត្នតី ទៅលើប្រធានបទនៃការចងចាំ អត្តសញ្ញាណ និងកេរដំណែល ហើយជំរុញឲ្យកញ្ញា បន្តធ្វើការស្រាវជ្រាវ និងបង្កើតការពិភាក្សាជុំវិញប្រធានបទនេះ ជាបន្តបន្ទាប់។