ក្រុមកីឡាបាល់ទាត់ស្ត្រីចំនួន ៣២ ក្រុមបានចាប់ផ្តើមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកផ្នែកស្ត្រីក្នុងឆ្នាំ ២០២៣ នេះ ដែលត្រូវបានរៀបចំឡើងរួមគ្នារវាងប្រទេសនូវែលស៊ីឡង់ និងប្រទេសអូស្ត្រាលី។ រហូតមកដល់ពេលនេះ នៅសល់តែ ២ ក្រុមប៉ុណ្ណោះ ដែលត្រូវឆ្លងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្របន្តទៀត។
កាលពីថ្ងៃអង្គារកន្លងទៅ ក្រុមកីឡាបាល់ទាត់ស្ត្រីរបស់ប្រទេសអេស្ប៉ាញបានយកឈ្នះលើក្រុមប្រទេសស៊ុយអែត ក្នុងលទ្ធផល ២ ទល់នឹង ១ នៅពហុកីឡដ្ឋាន Eden Park ក្នុងទីក្រុង Auckland ប្រទេសនូវែលស៊ីឡង់ ដើម្បីឈានទៅវគ្គប្រកួតផ្តាច់ព្រ័ត្រជាលើកដំបូងរបស់ខ្លួននៅក្នុងការប្រកួតបាល់ទាត់ពិភពលោកផ្នែកស្ត្រី។
ក្រុមកីឡាករប្រទេសអេស្ប៉ាញបានចូលរួមប្រកួតព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកផ្នែកស្ត្រីជាលើកដំបូងកាលពីឆ្នាំ ២០១៥ ហើយពេលនេះ នឹងត្រូវប្រកួតជាមួយក្រុមប្រទេសអង់គ្លេស ដែលជាជើងឯកអឺរ៉ុប នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងពហុកីឡដ្ឋានអូឡាំពិកទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យខាងមុខនេះ។
ក្រុមកីឡាករស្ត្រីរបស់ប្រទេសអង់គ្លេសបានយកឈ្នះលើក្រុមកីឡាករប្រទេសអូស្ត្រាលី ដែលជាសហប្រទេសរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់នេះ នៅចំពោះមុខអ្នកគាំទ្រប្រមាណជាង ៧ ម៉ឺន៥ ពាន់នាក់ក្នុងទីក្រុងស៊ីដនី។ នេះជាការប្រកួតដ៏ធំបំផុតមួយនៅលើទឹកដីប្រទេសម្ចាស់ផ្ទះ នៅក្នុងប្រវត្តិកីឡាបាល់ទាត់នៃប្រទេសរៀបចំការប្រកួតនេះ។
កីឡាករអូស្ត្រាលីនាង Mary Fowler បានប្រាប់ក្រុមអ្នកគាំទ្រនៅក្រោយការប្រកួតនោះថា វាជាកិត្តិយសមួយដែលនាងបានលេងឱ្យក្រុម ដែលមានការជំរុញទឹកចិត្តជាខ្លាំងដល់ប្រទេសជាតិ។
នាងបាននិយាយដូចនេះថា៖ «វាជាការប្រកួតមួយមិនគួរឱ្យជឿទេនៅយប់នេះ ជាការពិតណាស់ គឺដូចជាការប្រកួតរាល់ដងដែរ។ វាជាការប្រកួតមួយដ៏ល្អ បើទោះជាយើងស្ថិតក្រោមការវាយលុកខ្លាំង និងចាញ់ពិន្ទុគេក៏ដោយ។ យើងបានឮសំឡេងស្រែកហោគាំទ្រយ៉ាងខ្លាំង ក្នុងការជំរុញទឹកចិត្តយើងបន្ថែមទៀត។ មិនមានមនុស្សច្រើននាក់ទេ ដែលបានឆ្លងកាត់នូវបទពិសោធន៍ដ៏ពិសេសរបៀបនេះនៅក្នុងឆាកជីវិតពួកគេ ក្នុងការលេងឱ្យក្រុមកីឡាប្រទេសម្ចាស់ផ្ទះ ក្នុងការប្រកួតបាល់ទាត់ពិភពលោក ហើយខ្ញុំមានអារម្មណ៍ទទួលបាននូវការគាំទ្រពីប្រទេសជាមួយពួកគេ។ ដូច្នេះអ្នកដឹងទេ នេះជាអ្វីដែលយើងមានសំណាងបានចូលរួមព្រឹត្តិការណ៍នេះ»។
ក្រុមកីឡាករបាល់ទាត់ស្ត្រីរបស់អូស្ត្រាលី ដែលគេស្គាល់ឈ្មោះថា Matildas បានឆ្លងចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង។ នូវែលស៊ីឡង់ដែលជាសហប្រទេសម្ចាស់ផ្ទះ បានធ្លាក់ចេញពីពូលប្រកួតជម្រុះជុំដំបូង ដែលមាន ៤ ក្រុមនិងលេង៨ប្រកួតនោះ។ ក្រុមពីរប្រទេសក្នុងពូលនីមួយៗ ឈានទៅបន្តក្នុងវគ្គជម្រុះ ១៦ ក្រុមបន្តទៀត។
ក្រុមកីឡាករទាំងអតីតកាលនិងបច្ចុប្បន្ន ក៏ដូចជាគ្រូបង្វឹកនិងអ្នកចាត់ការរបស់ក្រុមពួកគេផងដែរសង្ឃឹមថា ការប្រកួតរបស់សហប្រទេសម្ចាស់ផ្ទះនេះនឹងបន្សល់ទុកនូវកេរដំណែលសម្រាប់កីឡាករនារី នៅក្នុងប្រទេសអូស្ត្រាលីនិងនូវែលស៊ីឡង់។ គេសង្ឃឹមថា ការលេងរបស់ប្រទេសផ្សេងៗទៀត ដូចជាប្រទេសនីហ្សេរីយ៉ា ប្រទេសម៉ារ៉ុក និងប្រទេសអាហ្វ្រិកខាងត្បូងជាដើម នឹងជួយលើកកម្ពស់កីឡា នៅក្នុងប្រទេសជាច្រើនទៀតផងដែរ។
អតីតកីឡាករខ្សែប្រយុទ្ធនៃក្រុមកីឡាបាល់ទាត់ស្ត្រីអូស្ត្រាលី អ្នកស្រី Angela Iannotta ដែលធ្លាប់ស៊ុតបាល់បញ្ចូលទីលើកដំបូងឱ្យក្រុមអូស្ត្រាលី នៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកផ្នែកស្ត្រីក្នុងឆ្នាំ១៩៥៥ បានប្រាប់ក្រុមហ៊ុនផ្សព្វផ្សាយ Australian Broadcasting Corp ថា ក្រុមបាល់ទាត់ស្ត្រីអូស្ត្រាលីមានការផ្លាស់ប្តូរខ្លាំង។
អ្នកស្រីថ្លែងដូចនេះថា៖ «វាគួរឱ្យចាប់អារម្មណ៍ណាស់ ព្រោះខ្ញុំនៅចាំថា ពេលដែលខ្ញុំអង្គុយរង់ចាំនៅអាកាសយានដ្ឋានក្នុងសម្លៀកបំពាក់កីឡាករអូស្ត្រាលី មានមនុស្សមួយចំនួនសួរថា តើអ្នកធ្វើអ្វីបានជាស្លៀកពាក់ពណ៌កីឡាករអូស្ត្រាលីដូចនេះ។ ហើយខ្ញុំឆ្លើយថា ខ្ញុំលេងឱ្យក្រុមកីឡាករបាល់ទាត់ស្ត្រីអូស្ត្រាលី។ តើយើងពិតជាមានក្រុមកីឡាករជម្រើសជាតិស្ត្រីមែនទេ? ចម្លើយគឺថាមាន។ នៅពេលនោះមានក្រុមមនុស្សមកចោមរោមមើលពី ១០០ នាក់ ទៅ ២០០ នាក់។ ដូចនេះ នៅពេលមើលឃើញពីការផ្លាស់ប្តូរនេះ និងការរីកចម្រើនរបស់ក្រុមកីឡាបាល់ទាត់ស្ត្រីនៅក្នុងប្រទេសអូស្ត្រាលី វាគឺជារឿងមួយមិនគួរឱ្យជឿនោះទេ»។
ក្រុមកីឡាបាល់ទាត់ស្ត្រីអូស្ត្រាលីនឹងប្រកួតជាមួយក្រុមកីឡាករស្ត្រីប្រទេសស៊ុយអែត ដើម្បីយកលេខ ៣ និងលេខ ៤ នៅក្នុងការប្រកួតនៅថ្ងៃសៅរ៍ខាងមុខនេះ ក្នុងទីក្រុង Brisbane ប្រទេសអូស្ត្រាលី។
ដោយឡែកការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់ជើងឯករវាងអេស្ប៉ាញនិងអង់គ្លេស នឹងត្រូវប្រព្រឹត្តទៅនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យនេះ។
កីឡាករខ្សែប្រយុទ្ធក្រុមប្រទេសអង់គ្លេសនាង Chloe Kelly បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជ័យជម្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើក្រុមប្រទេសអូស្រ្តាលី ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនេះគឺ «ជាក្តីសុបិនមួយ»៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ