ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្រ្តី​អ៊ុយក្រែន​លាលែង​ពី​តំណែង​


រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​អ៊ុយ​ក្រែន​ Arseniy Yatsenyuk​ និយាយ​នៅ​ក្នុង​សភា​ ក្រុង​ Kiev ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​
រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​អ៊ុយ​ក្រែន​ Arseniy Yatsenyuk​ និយាយ​នៅ​ក្នុង​សភា​ ក្រុង​ Kiev ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​

កាល​ពី​ថ្ងៃ​អាទិត្យ​ លោកនាយករដ្ឋមន្ត្រី​អ៊ុយក្រែន​ Arseniy Yatsenyuk​ បាន​និយាយ​ថា​ លោក​លាលែង​ចេញ​ពី​តំណែង​ ដោយ​បើក​ផ្លូវ​ឲ្យ​មាន​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយរបស់​រដ្ឋាភិបាល​ក្រុង​ Kyiv។​

លោក Yatsenyuk បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​ផ្សាយ​តាម​ទូរទស្សន៍​និង​នៅ​ក្នុង​អត្ថាធិប្បាយ​តាម​ Twitter ថា ​លោក​សង្ឃឹម​ថា​ការ​លាលែង​ចេញ​ពី​តំណែង​របស់​លោក​ដែល​នឹង​ត្រូវ​ដាក់​ជា​ផ្លូវការ​ជូន​សភា​នៅ​ថ្ងៃអង្គារ​ នឹង​ផ្តល់​ឲ្យ​ប្រទេស​អ៊ុយក្រែន​នូវ​ឱកាស​មួយ​ ដើម្បី​ធ្វើ​កំណែ​ទម្រង់​ថ្មីៗ​ខាង​ការ​បោះឆ្នោត​ ខាង​រដ្ឋ​ធម្មនុញ្ញ​ និង​ខាង​តុលាការ​ ព្រម​ទាំង​ដើម្បី​ចូល​រួម​ក្នុង​សហភាព​អឺរ៉ុប​និង​អង្គការ​អូតង់​ដែល​ជា​សម្ព័ន្ធភាព​យោធា​របស់​ក្រុម​បស្ចិម​ប្រទេស។

លោក​នាយករដ្ឋមន្ត្រី​រូប​នេះ​បាន​និយាយ​ថា ​លោក​លាលែង​ចេញ​ពី​តំណែង​ពីព្រោះ​ «វិបត្តិ​នយោបាយ​នៅ​ក្នុង​រដ្ឋាភិបាល​ត្រូវ​បាន​បណ្តោយ​ឲ្យ​មាន​» ហើយ​ថា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ខំ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង​បាន​ «ធ្វើ​ឲ្យ​ក្រុម​អ្នកនយោបាយ​ក្លាយ​ទៅ​ជា​មនុស្ស​ខ្វាក់​និង​បាន​ធ្វើ​ឲ្យ​គាំង​ដល់​ឆន្ទៈ​របស់​ពួក​គេ​ក្នុង​ការធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​»។

គណៈរដ្ឋមន្ត្រី​របស់​លោក Yatsenyuk បាន​នៅ​រស់រាន​ពី​ការ​បោះឆ្នោត​មិន​ទុក​ចិត្ត​មួយ​កាល​ពី​ខែ​កុម្ភៈ​ ក៏​ប៉ុន្តែ​គណបក្ស​ពីរ​បាន​ចាកចេញ​ពី​ក្រុម​ចម្រុះ​គ្រប់គ្រង​ប្រទេស​ ដោយ​សារ​គ្មាន​ជោគជ័យ​ក្នុង​ការ​បណ្តេញ​លោក​ចេញ​ពី​តំណែង។លោក​បាន​ត្រូវ​រិះគន់​ដោយសារ​ធ្វើ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​អាក្រក់​ជាង​មុន​និង​មាន​ល្បឿន​យឺត​ក្នុង​ការ​កែទម្រង់៕

XS
SM
MD
LG