ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​អេហ៊្សីបកាត់​ទោស​លោក​ Morsi ជាប់​ពន្ធនាគារ​​២០​ឆ្នាំ​


ប្រធានាធិបតី​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​ Mohammed Morsi លោក​ អង្គុយ​នៅ​ក្នុង​បន្ទប់​ឃុំ​កញ្ចក់​ ក្នុង​តុលាការ​អេហ៊្សីប​ ក្នុង​ទីក្រុង​ Cairo កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មេសា​ ឆ្នាំ​២០១៥។
ប្រធានាធិបតី​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​ Mohammed Morsi លោក​ អង្គុយ​នៅ​ក្នុង​បន្ទប់​ឃុំ​កញ្ចក់​ ក្នុង​តុលាការ​អេហ៊្សីប​ ក្នុង​ទីក្រុង​ Cairo កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មេសា​ ឆ្នាំ​២០១៥។

តុលាការ​នៃ​ប្រទេស​អេហ្ស៊ីប​បាន​កាត់​ទោស​អតីត​ប្រធានាធិបតី​ Mohamed Morsi ​ឲ្យ​ជាប់​គុក​២០​ឆ្នាំនៅ​ថ្ងៃ​អង្គារ​នេះនៅ​ក្នុង​ការ​ជាប់​ទាក់​ទិន​ជាមួយ​ការ​កាប់​សម្លាប់​បាតុករនៅ​ឆ្នាំ​២០១២។

លោក​បាន​គេច​ផុតពី​ទោស​ប្រហារ​ជីវិត ដោយ​តុលាការ​បាន​សម្រេច​ថា ​លោក​ហើយ​ក្រុម​មេដឹកនាំ​គណបក្ស​ Muslim Brotherhood ​១២​នាក់​ផ្សេង​ទៀត​ហើយ​នឹង​ក្រុម​អ្នក​គាំទ្រ​មាន​ទោស​ពី​ការ​បំផិត​បំភ័យ​និង​អំពើ​ហិង្សា ​ក៏​ប៉ុន្តែ​មិនមែនឃាតកម្ម​ទេ។

ការ​ចោទ​ប្រកាន់​ទាំង​នេះ ​បាន​ទាក់​ទិន​ទៅ​នឹង​ការ​ប្រយុទ្ធ​គ្នា​នៅ​ខាង​ក្រៅ​វិមាន​ប្រធានា​ធិបតី​ដែល​បាន​ចាប់​ផ្តើម​ជាមួយ​ក្រុម​អ្នកគាំទ្រ​អ៊ី​ស្លាម​របស់​លោក Morsi ​ដែល​បាន​វាយ​ប្រហារ​ក្រុម​បាតុករ​ដែល​បាន​ធ្វើ​ការ​ប្រជុំ​មហាជន​ប្រឆាំង​ច្បាប់​ដែលប្រកាស​សេចក្តី​សម្រេច​របស់​លោក​មិន​អាច​ជំ​ទាស់​ប្រឆាំង​ដោយ​តុលាការ​បាន​ទេ។

លោក Morsi ​ជា​ប្រធានា​ធិបតី​ជាប់​ឆ្នោត​តាម​បែប​ប្រជា​ធិបតេយ្យ​លើក​ដំបូង​របស់​អេហ្ស៊ីប ​បាន​ឡើង​កាន់​អំណាច​កាល​ពី​ជិត​៤​ឆ្នាំ​មុន​ដោយ​សន្យាធ្វើ​ឲ្យ​មាន​អនាគត​ដ៏​ភ្លឺ​ត្រចះ​ឡើង​សម្រាប់​អេហ្ស៊ីប​ បន្ទាប់​ពី​ការ​រើ​បះបោរ​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​បញ្ចប់​ការ​គ្រប់​គ្រង​ដ៏​យូរ​របស់​ប្រធានា​ធិបតី Hosni Mubarak។ ​ក៏​ប៉ុន្តែ ​គោល​នយោបាយ​របស់​លោក ​បាន​នាំ​ឲ្យ​មាន​ការ​តវ៉ាប្រឆាំង​ដ៏​ធំ​ដែល​នាំ​ឲ្យ​លោក Abdel Fattah El-Sissi ​ដែលពេល​នោះ​ជា​ប្រធាន​កងទ័ព​ បណ្តេញ​លោក​ចេញពី​តំណែង។

អន្តរកាល​ដែល​ដឹកនាំ​ដោយ​ក្រុម​យោ​ធាបាន​បញ្ចប់​ដោយ​លោក Sissi ​ខ្លួនឯងបាន​ក្លាយ​ជា​ប្រធានាធិបតី ក៏​រួម​មាន​ការ​បង្ក្រាបលើ​គណបក្ស Muslim Brotherhood របស់​លោក Morsi ដែរ។ គណបក្ស​នោះ​ដែល​កាល​ពី​ពេល​មុន​បាន​ត្រូវ​ហាម​ឃាត់​នៅ​ក្រោមប្រធានា​ធិបតី Mubarak ​ហើយ​បន្ទាប់​មក​ឡើង​វិញនៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Morsi ​ត្រូវ​បាន​ប្រកាស​ថា ​ជា​អង្គការ​ភេរវកម្ម​នៅ​ក្រោម​រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ននេះ ដោយ​មេដឹកនាំ​របស់​គណបក្ស​នោះ​ភាគ​ច្រើន​ត្រូវ​បាន​ចាប់​ខ្លួន។

គណបក្ស Brotherhood ​បាន​បន្ត​ទទូច​ថា​លោក Morsi ជា​មេដឹកនាំ​ស្របច្បាប់​របស់​ប្រទេស​អេហ្ស៊ីប​ហើយ​ថា​ លោកSissi ​បាន​ដឹកនាំ​រដ្ឋប្រហារ​ទំលាក់​លោក។ គណបក្ស​នោះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មុន​សាលក្រម​នៅ​ថ្ងៃ​អង្គារ​នេះ ​ដោយ​និយាយ​ថា​លោក​ប្រធានា​ធិបតី Sissiកំពុង​កេង​ប្រយោជន៍​ពី​ប្រព័ន្ធ​តុលា​ការដែល​ជា​អាវុធ​មួយ​ប្រឆាំង​នឹង​ឆន្ទៈ​ប្រជាពលរដ្ឋ។ គណបក្ស​ក៏​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​អេហ្ស៊ីប​ចាប់​ផ្តើម​ការតវ៉ា​ប្រឆាំង​ថ្មី៕

XS
SM
MD
LG