ប្រែសម្រួលដោយ ឌី ខាំបូលី
ខណៈដែលប្រជាពលរដ្ឋអេហ្សីបប្រារព្ធខួបពីរឆ្នាំ ចាប់តាំងពីការបះបោរជាប្រវត្តិសាស្រ្តរបស់ពួគេ ប្រជាពលរដ្ឋជាច្រើនដែលរាប់ចាប់តាំងពីក្រុមបញ្ញវ័នរហូតដល់វណ្ណៈកម្មករ កំពុងឆ្លុះបញ្ចាំងមើលឡើងវិញនូវអ្វីដែលសម្រេចបាន និងអ្វីដែលចាំបាច់ត្រូវធ្វើបន្តទៀត។
សម្រាប់ប្រជាពលរដ្ឋអេហ្សីបធម្មតា រយៈពេលពីរឆ្នាំចាប់តាំងពីបដិវត្តន៍ គឺជាពេលវេលាប្រកបដោយភាពរីករាយផង និងការតស៊ូព្យាយាមផង។ ប្រជាពលរដ្ឋជាច្រើន ដូចជាអ្នកភូមិហ្គីហ្សា (Giza) លោក អ៊ីហាប ហ្គូហារ៍ (Ehab Gohar) និយាយថា ការសមិទ្ធផលយ៉ាងធំធេងបំផុត គឺជាអារម្មណ៍នៃការផ្តល់អំណាច។
លោកនិយាយថា គ្មានសេរីភាពទេមុនបដិវត្តន៍។ ឥឡូវនេះ លោកមានអារម្មណ៍ថាមានសេរីភាពក្នុងការប្រាប់ជាសាធារណដល់លោកប្រធានាធិបតីអំពីអ្វីដែលប្រជាពលរដ្ឋអេហ្សីបត្រូវការ។
អ្នកសរសេរប្រលោមលោកប្រកបដោយការផ្លាស់ប្តូរដ៏អស្ចារ្យមួយរូប គឺលោក អាឡា អែលអាសវ៉ានី (Alaa el Aswany) ដែលបានឃើញជាលើកដំបូង នៅពេលដែលលោកចូលរួមជាមួយប្រជាពលរដ្ឋរាប់លាននាក់ ដែលបាននាំគ្នាចេញមកតាមដងផ្លូវទាំងឡាយនៃប្រទេសអេហ្សីប នៅក្នុងអំឡុងពេលនៃការបះបោរ។
ការផ្លាស់ប្តូររបស់មនុស្ស ដែលជារឿងដ៏សំខាន់បំផុតនៅក្នុងបដិវត្តន៍ គឺថាប្រជាពលរដ្ឋបានជម្នះរណាំងនៃភាពភ័យខ្លាច។ នេះគឺជាអ្វីដែលមិនអាចកែប្រែវិញបានទេ។ ប្រជាពលរដ្ឋនឹងមិនមានការភ័យខ្លាចជាថ្មីម្តងទៀតទេ។»
ប៉ុន្តែ ប្រជាពលរដ្ឋមួយចំនួនមានការភ័យខ្លាចថា ស្មារតីបដិវត្តន៍ស្ថិតក្នុងភាពគ្រោះថ្នាក់។ សម្រាប់អ្នកទាំងនេះ ការបោះឆ្នោតកាលពីឆ្នាំមុន នៃលោកប្រធានាធិបតីអ៊ីស្លាមនិយម ម៉ូហាម៉េដ ម័រស៊ី (Mohamed Morsi) និងការអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយប្រកបដោយភាពចម្រូងចម្រាស់បង្កឱ្យមានបញ្ហានិងភាពបែកបាក់។
មេបញ្ជាការកប៉ាល់ទន្លេ នីល (Nile) លោក ម៉ូស្តាហ្វា សៀម (Mustafa Siam) មានការប្រយ័ត្នប្រយែងចំពោះចលនាដែលមានឈ្មោះថា ភាតរភាពអ៊ីស្លាម (Muslim Brotherhood) ហើយគិតថា ក្រុមនេះព្យាយាមសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។
លោកនិយាយថា អ្នកទទួលខុសត្រូវគួរយល់ថា ពួកគេទទួលខុសត្រូវចំពោះប្រទេសជាតិទាំងមូល។
លោក អែល អាសវ៉ានី(El Aswany) ដែលជាអ្នករិះគន់ចលនាភាតរភាពអ៊ីស្លាម និយាយថា ភាពបរាជ័យរបស់រដ្ឋាភិបាលក្នុងការអនុវត្តតាមការសន្យាពីដំបូង ដើម្បីកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតការងារ បន្ថែមបន្ទុកនៃការទទួលខុសត្រូវ ដោយហេតុថាឥឡូវនេះ អ្នកដែលស្ថិតនៅខាងក្រៅជាយូរមកហើយ កំពុងក្តោបក្តាប់ អំណាច។
«ខ្ញុំគិតថា កិច្ចការនេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់បដិវត្តន៍។ ខ្ញុំមិនគិតថា វាមានប្រយោជន៍សម្រាប់ចលនាភាតរភាពអ៊ីស្លាមនោះទេ ពីព្រោះឥឡូវនេះ ពួកគេកំពុងតែបរាជ័យ ហើយពួកគេកំពុងតែបាត់បង់ប្រជាប្រិយភាពរៀងរាល់ព្រឹក។»
អ្នកសរសេរប្រលោមលោក ដែលការសង្កេតយ៉ាងដិតដល់របស់លោក ចំពោះសេចក្តីសង្ឃឹមនិងការតស៊ូរបស់ជនរួមជាតិរបស់លោក ត្រូវបានសាទរដោយក្រុមអ្នករិះគន់ ក៏ដូចជាក្រុមអ្នកអាន និយាយថា លោកបានគិតថា ប្រជាពលរដ្ឋអេហ្សីបនឹងត្រូវចំណាយពេល១០ឆ្នាំក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរជាមួយចលនាភាតរភាពអ៊ីស្លាម។ ឥឡូវនេះ លោកជឿជាក់ថា ប្រជាពលរដ្ឋជាច្រើនបានងាកចេញបន្ទាប់ពីរយៈពេលតែ១០ខែប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋជាច្រើនផ្សេងទៀត បង្ហាញពីភាពអត់ធ្មត់ជាមួយលោកប្រធានាធិបតី ម័រស៊ី ដែលជាញឹកញាប់បំផុសស្មារតីបដិវត្តន៍។ លោក បែកឃ័រ អាស្រាហ្វ អាល់ហ៊ូស៊ីនី (Baker Ashraf Al Husseini) កំពុងតស៊ូជាមួយនឹងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ប៉ុន្តែប្រកបដោយសមាណចិត្ត។
លោកនិយាយថា រដ្ឋាភិបាលនៃចលនាភាតរភាពអ៊ីស្លាម ប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ហើយរដ្ឋាភិបាលកំពុងធ្វើការដើម្បីជម្នះឱ្យបាននូវបញ្ហាប្រឈមទាំងនោះ។
ចលនាភាតរភាពអ៊ីស្លាម នៅតែជាក្រុមនយោបាយដែលមានការរៀបចំបានយ៉ាងល្អរបស់ប្រទេសអេហ្សីប ដែលមានលទ្ធភាពប្រមូលផ្តុំអ្នកគាំទ្រខ្លួនរាប់សែននាក់ក្នុងការធ្វើបាតុកម្មប្រឆាំង ដើម្បីគាំទ្ររដ្ឋាភិបាល។
ក្រុមប្រឆាំង ដែលភាគច្រើននៃអ្នកទាំងនេះស្ថិតក្នុងចំណោមអ្នកដែល បានចូលរួមក្នុងទីលានតាហៀរ៍ (Tahrir Square) កាលពីពីរឆ្នាំមុន មិនទាន់បានរួមបញ្ចូលទៅជាកម្លាំងនយោបាយយ៉ាងរឹងមាំមួយនៅឡើយទេ។ លោក អែល អាស់វ៉ានី បានការពារភាពមិនឯកភាពគ្នា នេះ ដោយបានអះអាងថា ក្រុមនេះបែកបាក់ដោយសាររចនាសម្ព័ន្ធរបស់ខ្លួន ដោយបានទាត់ចោលនូវការបង្ខិតបង្ខំពីអ្នកផ្សេង ហើយគិតអំពីខ្លួនឯងតែប៉ុណ្ណោះ។
ប៉ុន្តែ អ្នកសរសេរប្រលោមលោកមានអារម្មណ៍ថា ពេលវេលាគឺនៅខាងពួកគេ។ លោកកត់សម្គាល់ឃើញអំពីថាតើប្រទេសបារាំងនិងសហរដ្ឋអាមេរិកត្រូវចំណាយយូរប៉ុនណា ដើម្បីឆ្លងកាត់រយៈកាលនៃបដិវត្តន៍របស់ពួកគេ។
«ប្រសិនបើយើងរំពឹងថា បដិវត្តន៍នឹងធ្វើការផ្លាស់ប្តូរពិតប្រាកដនៅក្នុងរយៈពេលពីរបីឆ្នាំនោះ វាមានន័យជាសាមញ្ញថា យើងមិនបានអាន ប្រវត្តិនៃបដិវត្តន៍ឱ្យបានគ្រប់គ្រាន់សោះ។»
ហើយដូចជាលោកមេបញ្ជាការកប៉ាល់ដែរ លោក អែល អាស់វ៉ានី ដឹងថា រឿងដែលសំខាន់ជាងគេបំផុត គឺការដឹកនាំនៅក្នុងទិសដៅត្រឹមត្រូវ។ លោកជឿជាក់ថា ប្រទេស អេហ្សីប គឺស្ថិតនៅក្នុងទិសដៅត្រឹមត្រូវហើយ៕