ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​លំបាក​ខាង​សេដ្ឋកិច្ច​ប៉ះពាល់​ដល់​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន​


អ្នក​រាំរបាំ​ម៉ុងសាយសម្តែងនៅ​ទីក្រុងប៉េកាំង​ប្រទេស​ចិនកាលពីថ្ងៃទី៣០ មករា ឆ្នាំ២០២៥។
អ្នក​រាំរបាំ​ម៉ុងសាយសម្តែងនៅ​ទីក្រុងប៉េកាំង​ប្រទេស​ចិនកាលពីថ្ងៃទី៣០ មករា ឆ្នាំ២០២៥។

ពិធី​បុណ្យ​ចូលឆ្នាំ​ចិន ដែល​ត្រូវ​គេ​ហៅ​ថាជា​បុណ្យ​និទាឃរដូវនៅ​ក្នុង​ប្រទេស​ចិន ជា​ប្រពៃណី​តែង​ត្រូវ​គេ​ប្រារព្ធ​យ៉ាង​អធិកអធម ដោយ​មាន​ការ​រៀប​តុ​ដាក់​ម្ហូបអាហារ​និង​អាំងប៉ាវ​ដែល​មាន​ដាក់​លុយ​សម្រាប់​ក្មេងៗ។ ហើយ​ក៏​មាន​ការ​ដុត​លុយក្រដាស​ដើម្បីធានា​ថា​ សូម្បី​តែ​ដូនតាក៏​អាច​ដឹង​ពីវិបុលភាពរបស់​កូនចៅ​ក្នុង​ឆ្នាំ​កន្លង​ទៅ។

ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ការ​ថយ​ចុះ​កំណើន​សេដ្ឋកិច្ច​របស់​ចិន បាន​ផ្លាស់ប្តូរ​បរិយាកាស​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ចិន។ ពលរដ្ឋ​វ័យក្មេង​កំពុង​ពិនិត្យ​ឡើង​វិញ​នូវ​ប្រពៃណី​ពី​បរមបុរាណ ខណៈ​ពួកគេ​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ​ម្សាញ់ ដោយ​ពិចារណា​ពី​កម្មវីធី​ដែល​ចំណាយ​តិច​ជាង​មុន សម្រាប់​ពិធី​បុណ្យ​ជាតិរបស់​ចិន​ដែល​មាន​រយៈ​ពេល​៨​ថ្ងៃ​នេះ។

អ្នក​ធ្វើ​ការ​ផ្នែក​ច្បាប់​ម្នាក់​អាយុ​៣០​ឆ្នាំ​ដែល​រស់​នៅ​ទី​ក្រុង​សៀងហៃ​ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ព្រោះ​ខ្លាច​មាន​ការ​សងសឹង​ពី​អាជ្ញាធរ បាន​ប្រាប់​វីអូអេ​ថា ហាង​ដែល​លក់​គ្រឿង​តែង​លម្អ​សម្រាប់​ពិធី​បុណ្យ​ ហាក់​មាន​ភាព​ស្ងាត់​ជ្រងំ​ដ៏​ចម្លែក​នៅ​ក្នុង​ឆ្នាំ​នេះ។​

លោក​ថា មនុស្សម្នា​ហាក់​ដូច​ជា​ មិន​ទិញ​របស់​ថ្លៃៗ ហើយ​មិន​សូវ​ឱ្យ​អាំងប៉ាវ ទោះ​ឱ្យ​អាំងប៉ាវ​ក៏​មិន​ច្រើនដូច​ឆ្នាំ​មុនៗដែរ។​

លោក​ប្រាប់​វីអូអេ​ថា ជា​ទូទៅ​លោក​តែង​ឱ្យ​អាំងប៉ាវ​ដែល​មាន​ប្រាក់​១៤០ដុល្លារ​ទៅ​ក្មួយ​ស្រី ប៉ុន្តែ​នៅ​ឆ្នាំ​នេះ លោកឱ្យ​អាំងប៉ាវ​ត្រឹម​៩០ដុល្លារ​ដល់​នាង។

ការ​ធុញថប់​នឹង​ស្ថានភាព​សេដ្ឋកិច្ច​នេះ​ក៏​ត្រូវ​បានគេ​បង្ហាញ​នៅលើបណ្តាញ​សង្គម​ចិន​ដែរ ដោយ​មាន​ប្រជាជន​វ័យ​ក្មេង​បង្ហោះ​រូបភាព​និង​មតិ​ពណ៌នា​អំពី​សម្ពាធនិង​ការ​រិះគន់​ដែល​ពួក​គេ​ជួប​ប្រទះ​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ។

សូម្បី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ខ្លះ​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​សន្សំ​សំចៃ។ អាជ្ញាធរ​ក្រុង Baise (ប៉ៃស៊) ខេត្ត​ Guangxi បាន​ស្នើ​ថា​អាំងប៉ាវ​មិន​គួរ​លើស​ពី​៣​ដុល្លារ​ទេ។

លោក Sun Guoxiang សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ Nanhua នៅ​កោះ​តៃវ៉ាន់ ថា​ប្រពៃណី​នៅ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​រង​ផល​ប៉ះពាល់​ដោយ​កត្តា​ជា​ច្រើន ប៉ុន្តែ​បញ្ហា​សេដ្ឋកិច្ច​ជា​កត្តា​ធំ​ជាង​គេ។ លោក​ថា​អនាគត​នៃ​ប្រពៃណី​នានាក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​នឹង​អាស្រ័យ​លើ​ថា​តើ​ប្រទេស​ចិន​អាច​ជម្នះ​លើ​បញ្ហា​ឱនភាព​សេដ្ឋកិច្ច​នេះ​បាន​ឬ​ទេ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG