អាជ្ញាធរវៀតណាមនិងភូមាកំពុងធ្វើវិភាគលើអ្នកជំងឺបីនាក់ដែលគេសង្ស័យថាមានឆ្លងជំងឺអេបូឡាហើយបានចូលក្នុងប្រទេសទាំងពីរ។
VOA ផ្នែកភាសាវៀតណាមឱ្យដឹងថាមានបុរសជនជាតិនីហ្សេរីយ៉ាពីរនាក់បានមកដល់ប្រទេសវៀតណាមនៅយប់ថ្ងៃអង្គារ។ ពួកគេត្រូវបានយកទៅដាក់នៅដោយឡែកក្នុងមន្ទីរពេទ្យក្រុងហាណូយចំនួនមួយយប់ប៉ុន្តែបន្ទាប់មកមន្ទីរពេទ្យបានអនុញ្ញាតឱ្យពួកគេចាកចេញទៅវិញហើយពេលនេះកំពុងស្ថិតក្រោមការតាមដានរបស់ក្រុមសុខាភិបាលសហគមន៍។ ក្រុមគ្រូពេទ្យបានបញ្ចូនសំណាកឈាមរបស់ជនទាំងពីរដើម្បីធ្វើការពិនិត្យបន្តទៀត។
រីឯនៅប្រទេសភូមាវិញអាជ្ញាធរបានឃាត់អ្នកជំងឺម្នាក់ដែលសង្ស័យថាមានជំងឺអេបូឡាដែរ។ បុរសនោះអាយុ២២ឆ្នាំជាជនជាតិភូមាទើបត្រឡប់មកពីធ្វើការនៅប្រទេសនៅតំបន់អាហ្វ្រិកខាងលិចជាមួយនឹងគ្នីគ្នាបួននាក់ផ្សេងទៀតកាលពីថ្ងៃអង្គារ។ នេះបើតាមការបញ្ជាក់របស់វីអូអេផ្នែកភាសាភូមា។ អ្នកជំងឺនោះកំពុងត្រូវរក្សាទុកក្នុងកន្លែងដោយឡែកពីគេក្នុងពេលរង់ចាំលទ្ធផលពិនិត្យ។
ក្រុមគ្រូពេទ្យឱ្យដឹងថារោគសញ្ញាដែលអាចសង្ស័យថាមានជំងឺអេបូឡាគឺគ្រុនក្តៅ ឈឺក្បាល ក្អួតចង្អោរ រាគ និងធ្លាក់ឈាមតាមបាត។ មេរោគជំងឺនេះឆ្លងតាមការប៉ះពាល់វត្ថុរាវក្នុងខ្លួនអ្នកជំងឺ ដូចជាឈាមនិងទឹកមូត្រប៉ុន្តែមិនឆ្លងតាមខ្យល់ដូចជាជំងឺផ្តាសាយទេ៕