ពួកទាមទារបំបែករដ្ឋលម្អៀងប្រទេសរុស្ស៊ីក្នុងតំបន់ខាងកើតប្រទេសអ៊ុយក្រែននិយាយថា នាយករដ្ឋមន្រ្តីស្តីទីដែលហៅថា សាធារណរដ្ឋប្រជាមានិត Donetsk បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតដែលរដ្ឋាភិបាលទីក្រុងកៀវនិងប្រទេសលោកខាងលិច បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងមិនទទួលស្គាល់។
ពួកមន្រ្តីរៀបចំការបោះឆ្នោតបាននិយាយនៅថ្ងៃច័ន្ទនេះថា លោក Alexander Zakharchenko បានទទួលសន្លឹកឆ្នោត៧៩ភាគរយនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យដែលជាផ្នែកមួយនៃការបោះឆ្នោតជ្រើសរើសមេដឹកនាំអង្គការនីតិប្រតិបត្តិនៅក្នុងតំបន់នានាដែលពួកទាមទារបំបែករដ្ឋត្រួតត្រានៅក្នុងតំបន់ Luhansk និង Donetsk នៃប្រទេសអ៊ុយក្រែន។
អង្គការសហប្រជាជាតិ សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក បានហៅការបោះឆ្នោតរបស់ពួកឧទ្ទាមថាជាការខុសច្បាប់ ហើយបាននិយាយថា វារំលោភរដ្ឋធម្មនុញ្ញនៃប្រទេសអ៊ុយក្រែនហើយនឹងកិច្ចព្រមព្រៀងឈប់បាញ់គ្នា ដែលបានធ្វើឡើងកាលពីថ្ងៃទី៥ ខែកញ្ញារវាងពួកទាមទារបំបែករដ្ឋនិងរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន។
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប Federica Mogherini បាននិយាយកាលពីថ្ងៃអាទិត្យថា សហភាពអឺរ៉ុបនឹងមិនទទួលស្គាល់ការបោះឆ្នោតនោះទេដែលលោកស្រីបានហៅថា ឧបសគ្គថ្មីនៅលើផ្លូវឆ្ពោះទៅកាន់សន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតី Petro Poroshenko នៃប្រទេសអ៊ុយក្រែន បានហៅការបោះឆ្នោតនៅក្នុងតំបន់ទាមទារបំបែករដ្ឋថា ជាការគួរឲ្យអស់សំណើចដែលបានធ្វើឡើងនៅក្រោមការគំរាមកំហែងពីរថក្រោះនិងកាំភ្លើង។
ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអាទិត្យដោយប្រាប់ឲ្យដឹងថា ខ្លួនគោរពការបោះឆ្នោតរបស់ពួកទាមទារបំបែករដ្ឋថាជាការសម្តែងឆន្ទៈរបស់ប្រជាពលរដ្ឋក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន៕