កាលពីថ្ងៃអង្គារ អាជ្ញាធរក្នុងប្រទេសហូឡង់បាននិយាយថា ពួកគេស៊ើបអង្កេតអំពីភេរវកម្មនៅពីក្រោយការបាញ់កាំភ្លើងនៅក្នុងរថភ្លើងដឹកមនុស្សក្នុងក្រុងមួយ ដែលបានបណ្តាលឱ្យមនុស្សបីនាក់ស្លាប់ និងប្រាំនាក់ទៀតត្រូវរបួសនៅក្នុងក្រុង Utrecht។
ប៉ូលិសនិងរដ្ឋអាជ្ញាហូឡង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា៖ «ហេតុផលភេរវកម្មកំពុងត្រូវលើកយកមកពិចារណាដោយហ្មត់ចត់... ដោយផ្អែកលើលិខិតមួយច្បាប់ត្រូវរកឃើញនៅក្នុងទូរថត្រាំវ៉ៃក្នុងចំណោមវត្ថុឯទៀតៗ និងផ្អែកទៅលើសភាពនៃការពិតជាក់ស្តែង។
លោកនាយករដ្ឋមន្ត្រី Marpk Rutte បាននិយាយកាលពីពេលមុននេះថា អាជ្ញាធរ «មិនអាចផាត់ចោល» ហេតុផលឯទៀតៗទេ ដោយមានរួមបញ្ចូលជម្លោះក្នុងគ្រួសារផងដែរ។ ទីភ្នាក់ងារព័ត៌មានតួកគី Anadolu បានរាយការណ៍ថា បងប្អូនរបស់ឈ្មោះ Tanis នៅក្នុងប្រទេសតួកគី បាននិយាយថា ការបាញ់កាំភ្លើងនេះអាចជាផ្នែកមួយនៃជម្លោះក្នុងគ្រួសារ។
ប៉ូលិសបានចាប់ខ្លួនជនជាប់សង្ស័យមា្នក់ឈ្មោះ Gokmen Tanis អាយុ៣៧ឆ្នាំ កើតនៅក្នុងប្រទេសតួកគី ក្នុងពេលតែប៉ុន្មានម៉ោងនៅក្រោយការតាមប្រមាញ់ចាប់ជនជាប់សង្ស័យដែលមានរយៈពេលបីបួនម៉ោងកាលពីថ្ងៃចន្ទ៕