ក្រុមហ៊ុនចិនមួយបានបញ្ចេញយានយន្តកូនកាត់លក្ខណៈរថយន្តក្រុង និងរថភ្លើង ដែលគ្មានមនុស្សបើក ដែលប្រើប្រាស់ខ្សែបន្ទាត់ពណ៌គូសលើផ្លូវថ្នល់សម្រាប់តម្រង់ផ្លូវ។
ក្រុមហ៊ុន CRRC បានហៅយានយន្តអេឡិចត្រូនិចនោះថា "smart bus"។
យានយន្តស្វ័យប្រវត្តិមួយនេះត្រូវបានផលិតឡើងដោយមាន៣កំណាត់ និងមានប្រវែង៣០ម៉ែត្រ ហើយអាចផ្ទុកអ្នកដំណើរបានប្រហែល៥០០នាក់។ គេរាយការណ៍ថា យានយន្តនេះអាចបើកល្បឿនអតិបរមាដល់ទៅ៧០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចធ្វើដំណើរបានចម្ងាយ២៥គីឡូម៉ែត្ររាល់ពេលសាកភ្លើង១០នាទី។
យានយន្តនេះប្រើប្រព័ន្ធ Sensors ដើម្បីរក្សាគន្លងនៅលើខ្សែបន្ទាត់ពណ៌សលើដងផ្លូវ។
ការផលិត Smart Bus នេះគឺមានតម្លៃថោកជាងរថភ្លើង។ វាសក្តិសមបំផុតសម្រាប់ទីក្រុងនានា ដែលមានការកើនឡើងតម្រូវការយានយន្តដឹកជញ្ជូនសាធារណៈ និងដែលមិនមានថវិកាគ្រប់គ្រាន់ដើម្បីសាងសង់ផ្លូវរថភ្លើង។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua របស់រដ្ឋ ក្នុងប្រទេសចិន បានឲ្យដឹងថា ការផលិតនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរថភ្លើងសម្រាប់ប្រវែងមួយគីឡូម៉ែត្រត្រូវចំណាយថវិកាអស់ដល់ទៅ១០២លានដុល្លារអាមេរិក ប៉ុន្តែសម្រាប់ Smart Bus វិញ ត្រូវការចំណាយអស់ត្រឹមតែ ២លានដុល្លារតែប៉ុណ្ណោះ។
Smart Bus ខ្សែទីមួយនឹងមានប្រវែង៦គីឡូម៉ែត្រកន្លះ ហើយគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៨ខាងមុខនេះ ក្នុងខេត្តស៊ូចូវ៕