គណបក្សប្រឆាំងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកែកតវ៉ានឹងដំណើរការបោះឆ្នោតអស់រយៈពេលជាច្រើនខែ រហូតដល់មានការស្លាប់មនុស្សនៅក្នុងខែមករា។ បើយោងទៅតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងថា មានមនុស្សយ៉ាងតិច៤០នាក់បានស្លាប់នៅក្នុងការតវ៉ាប្រឆាំងនៅតាមដងផ្លូវ។ រដ្ឋាភិបាលបានបដិសេធនឹងតួលេខនោះ ហើយនិយាយថាមានមនុស្សតែជាង១០នាក់ប៉ុណ្ណោះបានស្លាប់។
ការបាតុកម្មទាំងនោះបានធ្វើឲ្យមានការប្រកាសអំពីកាលបរិចេ្ឆទបោះឆ្នោតមួយ ក៏ប៉ុន្តែឥឡូវនេះ ក្រុមសកម្មជនប្រឆាំងបានធ្វើការតវ៉ានឹងថ្ងៃដែលបានកំណត់សម្រាប់ការបោះឆ្នោតក្នុងតំបន់និងតាមខេត្តនៅក្នុងឆ្នាំនេះ ដោយពួកគេនិយាយថា វាឆាប់រហ័សពេក។ ពួកគេនិយាយថា ក្រុមដឹកជញ្ចូនមិនទាន់មកដល់កន្លែង ហើយមានអ្នកបោះឆ្នោតវ័យក្មេងជាច្រើននឹងត្រូវដកចេញ។
លោក Christian Badosse អ្នកនាំពាក្យក្នុងតំបន់របស់គណបក្ស ការចូលរួមដើម្បីភាពជាពលរដ្ឋនិងលទ្ធិប្រជាធិតេយ្យ (Engagement for Citizenship and Democracy party) បានថ្លែងនៅឯកិច្ចប្រជុំជាសាធារណៈមួយនៅតាមផ្លូវក្នុងទីក្រុង Goma ថា កាលបរិច្ឆេទថ្មីនោះគឺមិនស្របនឹងរដ្ឋធម្មនុញ្ញទេ។
លោកនិយាយថា នេះគឺដោយសារតែរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា មនុស្សគ្រប់គ្នាដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅមានសិទ្ធិបោះឆ្នោត។
យោងតាមការប្រកាសអំពីកាលបរិច្ឆេទដោយប្រធានគណៈកម្មាការបោះឆ្នោត លោក Abbe Appollinaire Malu Malu បានឲ្យដឹងថា ការបោះឆ្នោតក្នុងតំបន់នៅក្នុងឆ្នាំនេះ គឺយោងតាមបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលបានចុះឈ្មោះក្នុងឆ្នាំ២០១១ ហើយអ្នកដែលមិនមានឈ្មោះនៅក្នុងបញ្ជីនោះមិនអាចបោះឆ្នោតឡើយ។
ដូចអ្វីដែលលោក Badosse បានចង្អុលបង្ហាញរួចហើយ ការដកចេញគឺធ្វើទៅលើមនុស្សដែលមានអាយុក្រោម១៨ឆ្នាំក្នុងឆ្នាំ២០១១ ប៉ុន្តែឥឡូវនេះ ពួកគេមានអាយុរវាង១៨ទៅ២២ឆ្នាំហើយ។
លោកបានប្រាប់ហ្វូងមនុស្សជាច្រើនថា ថ្មីៗនេះ មានជនជាតិកុងហ្គោជាច្រើនបានស្លាប់ដើម្បីសិទ្ធិក្នុងការបោះឆ្នោត។
លោកបានប្រាប់អ្នកស្តាប់ដែលភាគច្រើនមានវ័យក្មេងថា «អ្នកបានដាក់សម្ពាធនៅតាមផ្លូវក្នុងចន្លោះថ្ងៃទី១៩ដល់២២» ហើយថា វាអាចនឹងមានជនជាតិកុងហ្កោជាច្រើនស្លាប់ក្នុងការបាតុកម្មទាំងនោះ។
លោក Badosse បានស្នើឲ្យមានការបញ្ជាក់អំពីចំនួនអ្នកស្លាប់ជាង៤០នាក់ ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សបានបញ្ចេញ។
លោកនិយាយថា នៅពេលនេះ មានការសាកសួរអំពីសាកសព ដែលត្រូវបានរកឃើញនៅកន្លែងបញ្ចុះសព Maluku ក្បែរតំបន់ Kinshasa។
កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ រដ្ឋាភិបាលបានប្រកាសថា សាកសពជាង៤០០ ត្រូវបានរកឃើញនៅក្នុងរណ្តៅកប់សពរួមនៅឯ Maluku។ លោកឧបនាយករដ្ឋមន្រ្តីបាននិយាយថា សាកសពទាំងនោះ គឺជាសពទុគ៌តជននិងក្មេងដែលស្លាប់ពេលនៅជាទារក។
រដ្ឋាភិបាលបានប្រកាសថា នឹងមានការស៊ើបអង្កេតរបស់តុលាការអំពីស្ថានភាពនៅជុំវិញផ្នូរសពនោះ។
បេសកកម្មរបស់អង្គការសហប្រជាជាតិក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ បានស្វាគមន៍ចំពោះការប្រកាសនោះ ហើយនិយាយថា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនឹងចូលរួមអមដំណើរការស៊ើបអង្កេតនោះ។
ការជួបប្រជុំរបស់គណបក្ស ECIDE ត្រូវបានប៉ូលីសបញ្ឈប់ បន្ទាប់ពីបានចាប់ផ្តើមអស់រយៈពេល១០នាទី។
មនុស្សម្នាក់ក្នុងចំណោមអ្នកចូលរួមបាននិយាយថា៖ «ខ្ញុំដឹងថាប៉ូលិសនឹងមក»។ តែគ្មានការចាប់ខ្លួននិងអំពើហិង្សាកើតឡើងទេ៕
ប្រែសម្រួលដោយ៖ នូវ ពៅលក្ខិណា