គណបក្សនយោបាយដែលមិនកាន់អំណាចច្រើនតែប្រើប្រាស់សារនយោបាយជាន់គ្នាដែលនាំឱ្យបែកសំឡេងគាំទ្រ ប៉ុន្តែមិនបានយកចិត្តទុកដាក់ដល់បញ្ហាសំខាន់ៗមួយចំនួនដែលជាក្តីកង្វល់ពិតប្រាកដរបស់អ្នកបោះឆ្នោតហើយអាចទាញសំឡេងពីគណបក្សកាន់អំណាចបាន។
លោកអ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ក្នុងកម្មវិធីហេឡូ VOA ប្រចាំខែកាលពីថ្ងៃច័ន្ទថា ការប្រើប្រាស់សារនយោបាយបំផុសគំនិតជាតិនិយមនិងប្រឆាំងអំពើពុករលួយត្រូវបានគណបក្សនយោបាយពុះច្រៀកចែកគ្នាជាច្រើនដែលជាកត្តារារាំងមិនឱ្យពួកគេឈ្នះគណបក្សកាន់អំណាចបាន។
ក្នុងពេលកន្លងមកថ្មីៗនេះមានលេចចេញនូវព័ត៌មានថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានមានគំនិតចង់បង្កើតគណបក្សនយោបាយថ្មីមួយទៀតសម្រាប់ចូលរួមក្នុងការបោះឆ្នោតក្នុងពេលខាងមុខ ហើយលោកវីរៈក៏សង្កេតឃើញថា គណបក្សនយោបាយថ្មីដែលអាចនឹងបង្កើតឡើងនេះគឺមិនមានសារនយោបាយណាដែលខុសគ្នានឹងគណបក្សប្រឆាំងនាពេលបច្ចុប្បន្ននេះនៅឡើយទេ។
លោកបានបន្ថែមថា៖
«មកដល់ពេលនេះ ខ្ញុំអត់ទាន់ឃើញមានសារណាដែលគាត់អាចទាក់ទាញអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជននៅឡើយទេ ដោយសារតែសាររបស់គាត់ស្រដៀងនឹងគណបក្សសង្គ្រោះជាតិអីអញ្ចឹង យើងរំពឹងចាំមើលសិន»។
ប៉ុន្តែលោកវីរៈយល់ថា ក្នុងករណីដែលមានគណបក្សថ្មីត្រូវបង្កើតឡើងគឺវា«ជាសារដាស់តឿនសំខាន់បំផុតដល់គណបក្សសង្គ្រោះជាតិ» ដែលតម្រូវឱ្យគណបក្សនេះត្រូវធ្វើកំណែទម្រង់ច្រើន។ លោកយល់ថា គណបក្សប្រឆាំងដ៏មានឥទ្ធិពលមួយនេះធ្វើការសម្រេចចិត្តតែអ្នកដឹកនាំពីរនាក់ ដោយមិនបានធ្វើឡើងជាក្រុម ហើយរមែងតែងមានការឈ្លោះគ្នានិងអាចឈានទៅបែកបាក់គ្នាផងដែរ។
លោកយល់ថា បើគណបក្សថ្មីប្រើប្រាស់គោលនយោបាយជ្រុលនិយមគឺអាចនឹងទាក់ទាញបានតែអ្នកគាំទ្រគណបក្សប្រឆាំងដែលមាននិន្នាការជ្រុលនិយមឱ្យមកគាំទ្រគណបក្សថ្មីនេះបាន។
លោកអ៊ូ វីរៈបានបញ្ជាក់ថា៖
«ជាទូទៅគណបក្សពីរណាដែលស្រដៀងគ្នាគឺនឹងបែកសំឡេង ហើយនឹងខាតអាសនៈ ដោយសាររូបមន្តរបស់យើងគឺចំណេញដល់គណបក្សធំ»។
ប៉ុន្តែលោកយល់ថា បើគណបក្សថ្មីនោះប្រើប្រាស់គោលនយោបាយកណ្តាលអាចនឹងទាក់ទាញបានទាំងអ្នកដែលគាំទ្រគណបក្សប្រឆាំងនិងសមាជិកខ្លះនៃគណបក្សកាន់អំណាច ដោយសារតែមានអ្នកគាំទ្របក្សកាន់អំណាចមួយចំនួនមានការធុញទ្រាន់ ហើយជាអ្នកជំនួញធុនកណ្តាលដែលត្រូវការឱកាសធ្វើការប្រកបរបរទទួលទានដោយសុខស្រួល។
លោកបានបន្ថែមថា៖
«តាមខ្ញុំដឹងមន្ត្រីគណបក្សប្រជាជនជាច្រើននិងអ្នកគាំទ្រគណបក្សប្រជាជនជាច្រើនគាត់តឹងទ្រូង មិនសប្បាយចិត្តនឹងការដឹកនាំប្រទេសផងដែរ ប៉ុន្តែគាត់មើលជម្រើសមួយ ជម្រើសគណបក្សប្រឆាំងគាត់អាចចាត់ទុកថា ជ្រុលពេកដែលអាចធ្វើឱ្យ អាចបង្កអស្ថិរភាព ឬមួយក៏អាចដូរក្រឡាប់ចាក់ទាក់ទងនឹងការរកស៊ីរបស់គាត់។ អញ្ចឹងជាការព្រួយបារម្ភរបស់គាត់មួយដែរ»។
យ៉ាងណាក៏ដោយ លោកអ៊ូ វីរៈយល់ថា សារនយោបាយដែលទាក់ទាញសម្រាប់អ្នកបោះឆ្នោតគឺសន្តិសុខ ផ្លូវថ្នល់ សំណង់អគារ ភ្លើងអគ្គិសនី វត្តអារ៉ាម ការធ្វើឱ្យមានមោទនភាពជាតិ។
ការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យទី២៨ខែកក្កដាឆ្នាំ២០១៣បានផ្តល់ជោគជ័យដល់គណបក្សនយោបាយពីរ ឱ្យមានអាសនៈនៅក្នុងរដ្ឋសភាគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ៕