នៅក្នុងអត្ថបទមួយក្នុងទស្សនាវដ្ដី Foreign Policy កាលពីពេលថ្មីៗនេះ អ្នកស្រី Yun Sun ប្រធានកម្មវិធីអំពីប្រទេសចិននៃមជ្ឈមណ្ឌល Stimson ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក បាននិយាយថា តួនាទីរបស់ចិននៅក្នុងការសម្របសម្រួលការផ្សះផ្សាជម្លោះរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់កាលពីឆ្នាំមុនបានបង្កើនក្ដីសង្ឃឹមថាចិនអាចធ្វើផែនការដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាបាន។ ផ្ទុយទៅវិញ អ្នកស្រីបាននិយាយថា៖ «ចិនមិនទាន់សម្រេចបានជោគជ័យនោះទេ»។
អ្នកស្រី Sun និងអ្នកវិភាគផ្សេងទៀតបានចង្អុលទៅលើការពឹងផ្អែកខ្លាំងក្លារបស់ប្រទេសចិនលើប្រេងឆៅពីតំបន់ឈូងសមុទ្រពែក្សសម្រាប់សេដ្ឋកិច្ចរបស់ខ្លួន ហើយដោយសារតែតម្រូវការថាមពលរបស់ខ្លួនចំនួន ៥៣% គឺបានមកពីតំបន់នោះ ចិនមើលឃើញស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ាថាមានសារៈសំខាន់បំផុត។
ប៉ុន្តែ អ្នកស្រី Sun បាននិយាយថា៖ «ចិនបានតាំងខ្លួនជាយូរមកហើយថាជាអតិថិជនទិញប្រេងពីតំបន់មជ្ឈិមបូព៌ា» ដែលជាតួនាទីមួយដែលផ្ដល់ថាមពលដល់ចិន «ដោយចិនមិនចាំបាច់រងសម្ពាធថានឹងផ្ដល់សន្តិភាព»។
លោក Hesham Alghannam ដែលជាប្រធានកម្មវិធីសិក្សាយុទ្ធសាស្ត្រនិងសន្តិសុខជាតិនៃសាកលវិទ្យាល័យ Naif Arab University for Security Sciences ក្នុងទីក្រុងរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីត បានថ្លែងកាលពីពេលថ្មីៗនេះក្នុងសិក្ខាសាលាតាមអនឡាញមួយរបស់អង្គការ Carnegie Endowment for International Peace ដោយបានសរសើរទស្សនៈដែលចិនបានចែករំលែកជាមួយនឹងបណ្ដាប្រទេសអារ៉ាប់ ដែលក្នុងនោះរួមមានទាំងការជំរុញឱ្យមានបទឈប់បាញ់នៅពេលដំបូងៗនៃសង្គ្រាមនៅតំបន់ហ្កាហ្សា (Gaza) ផងដែរ។
ប៉ុន្តែ លោក Alghannam បានបន្ថែមថា ការប្រឡូកផ្នែកនយោបាយរបស់ចិននៅក្នុងតំបន់មជ្ឈិមបូព៌ា «នៅតែមានកម្រិត»។
លោកបាននិយាយថា៖ «តំបន់មជ្ឈិមបូព៌ាមិនមែនជាចំណាប់អារម្មណ៍សំខាន់របស់ចិននោះទេ។ ខ្ញុំគិតថា គ្មាននរណាម្នាក់គួរតែនិយាយពន្លើសអំពីអំណាចនិងតួនាទីរបស់ចិននៅក្នុងតំបន់មជ្ឈិមបូព៌ានោះឡើយ។ ស្រដៀងទៅនឹងសហរដ្ឋអាមេរិកដែរ ចិនខ្វះយុទ្ធសាស្ត្រសន្តិសុខគ្រប់ជ្រុងជ្រោយដែលដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខចម្បងនានានៅក្នុងតំបន់ដូចជាការបញ្ចប់សង្គ្រាមនៅក្នុងតំបន់ហ្កាហ្សាជាដើម។ យើងមិនបានឃើញថាចិនបានធ្វើអ្វីដូចដែលយើងបានរំពឹងទុកនោះទេ។ មកទល់នឹងពេលនេះ ជាឧទាហរណ៍ ចិនមិនបានចាត់វិធានការណាមួយដែលនឹងបញ្ចប់សង្គ្រាមដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្កាហ្សានោះឡើយ»។
លោក Ahmed Aboudouh អ្នកសិក្សាស្រាវជ្រាវនៃកម្មវិធីមជ្ឈិមបូព៌ារបស់អង្គការ Chatham House នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ប្រទេសចិនបានដាក់សម្ពាធលើអ៊ីរ៉ង់ទាក់ទិននឹងការវាយប្រហាររបស់ក្រុមហ៊ូធី (Houthi) នៅសមុទ្រក្រហម «ប៉ុន្តែគឺដើម្បីការពារកប៉ាល់របស់ខ្លួនតែប៉ុណ្ណោះ»។
លោកបានបន្ថែមថា៖ «ចិននឹងមិនប្រើឥទ្ធិពលមានកម្រិតរបស់ខ្លួនដើម្បីគាំទ្ររបៀបវារៈរបស់សហរដ្ឋអាមេរិក» នៅក្នុងការស្វះស្វែងដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្មសាកលតាមផ្លូវសមុទ្រនៅក្នុងតំបន់នោះឡើយ។
លោក Aboudouh បានសរសេរថា៖ «កិច្ចប្រឹងប្រែងរបស់ចិនគឺផ្ដោតតែលើការធ្វើយ៉ាងណាឱ្យមានការធានាការការពារផលប្រយោជន៍ដោយផ្ទាល់របស់ខ្លួនតែប៉ុណ្ណោះ។ គេមិនឃើញមានភ័ស្តុតាងណាមួយបង្ហាញថាចិនមានចំណាប់អារម្មណ៍នៅក្នុងការធ្វើឱ្យគេទុកចិត្តខ្លួនលើការជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹងទាំងស្រុងនៅសមុទ្រក្រហមនោះទេ»។
លោកបានចង្អុលបង្ហាញថា ការគំរាមកំហែងរបស់ចិនបានបណ្ដាលឱ្យក្រុមហ៊ូធីផ្ដល់អភ័យឯកសិទ្ធិដល់កប៉ាល់របស់ចិននិងរុស្ស៊ី។
លោក Aboudouh បានថ្លែងថា ចិនបានប្រើ «វិធីសាស្ត្ររង់ចាំមើលដែលមានហានិភ័យទាប ដោយសារតែខ្លួនមិនអាចប្រើវិធីសាស្ត្រផ្សេងទៀតបាន។ ចិនមិនចង់បង្ខំខ្លួនផ្លាស់ប្ដូរគោលនយោបាយខ្លាំងក្លានិងលោតចូលទៅក្នុងការវាយប្រហារភ្លាមៗដោយសារតែកប៉ាល់របស់ខ្លួនត្រូវបានពន្លិចឬរងការខូចខាតធ្ងន់ធ្ងរនោះឡើយ»។
លោកសាស្ត្រាចារ្យ Degang Sun ដែលជាប្រធានផ្នែកសិក្សាអំពីតំបន់មជ្ឈិមបូព៌ានៃសាកលវិទ្យាល័យ Fudan ក្នុងទីក្រុងសៀងហៃ ប្រទេសចិន បានបញ្ជាក់នៅក្នុងការពិភាក្សាតាមអនឡាញមួយរបស់អង្គការ Chatham House ថា ចិនមើលឃើញការលេចឡើងនៃក្រុមមិនមែនរដ្ឋាភិបាល [ដូចជាក្រុមហ៊ូធីជាដើម] ថាជាការគំរាមកំហែងដោយផ្ទាល់ចំពោះផលប្រយោជន៍របស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ដោយសារតែតំបន់នេះគឺជាការវិនិយោគដ៏ធំបំផុតនិងជាដៃគូពាណិជ្ជកម្មរបស់ខ្លួន។
លោកបានថ្លែងថា៖ «ចិនថាសហរដ្ឋអាមេរិកមិនអាចចាកចេញពីតំបន់មជ្ឈិមបូព៌ាបានទេ។ តំបន់មជ្ឈិមបូព៌ាត្រូវការសហរដ្ឋអាមេរិក ដោយសារតែសហរដ្ឋអាមេរិកអាចជាកម្លាំងដែលធ្វើឱ្យមានស្ថិរភាពសម្រាប់ប្រទេសចិននិងបណ្ដាប្រទេសផ្សេងទៀតនៅទូទាំងពិភពលោក»។
លោកបានបន្ថែមថា ចិន «ចង់បញ្ជូនសញ្ញាទៅកាន់សហរដ្ឋអាមេរិកថា ចិនមិនមែនជាគូប្រជែងរបស់សហរដ្ឋអាមេរិកទេ ប៉ុន្តែជាដៃគូរបស់សហរដ្ឋអាមេរិកនៅក្នុងអភិបាលកិច្ចតំបន់មជ្ឈិមបូព៌ា» និងថា ការលេចឡើងនៃក្រុមមិនមែនរដ្ឋាភិបាលនៅតំបន់មជ្ឈិមបូព៌ា «គឺជាលទ្ធផលនៃកង្វះអភិបាលកិច្ច»។
លោក Sun ជឿថា សម្រាប់បញ្ហាកង្វះអភិបាលកិច្ចនេះ សហរដ្ឋអាមេរិកនិងចិនអាចបំពេញបានតាមរយៈកិច្ចសហប្រតិបត្តិការលើកិច្ចការសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា៕
ប្រែសម្រួលដោយលោកភី សុភាដា