សមាជិកសភាសំខាន់ៗខាងគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃចន្ទម្សិលមិញ បានចោទប្រកាន់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ថាបានប៉ុនប៉ង «យ៉ាងអាក្រក់ និងខុសច្បាប់» ដើម្បីទាក់ទាញការគាំទ្រនយោបាយ នៅពេលដែលសេតវិមានគ្រោងនឹងបញ្ជូនជនអន្តោប្រវេសន៍គ្មានក្រដាសស្នាមត្រឹមត្រូវដែលជាប់ឃុំនៅព្រំដែនជាប់ប្រទេសម៉ិកស៊ិក ទៅកាន់ស្រុកណាដែលមានអ្នកតំណាងខាងគណបក្សប្រជាធិបតេយ្យ។
សមាជិកសភាលោក Jerrold Nadler លោក Elijah Cummings និងលោក Bennie Thompson ដែលលោកទាំង ៣ ជាប្រធានគណៈកម្មាធិការរដ្ឋសភាទទួលបន្ទុកការស៊ើបអង្កេតលើរដ្ឋបាលរបស់លោក Trump បានទាមទារឲ្យសេតវិមានបង្ហាញឯកសារ និងការទំនាក់ទំនងផ្សេងៗអំពីគម្រោងបញ្ជូនជនចំណាកស្រុកពីព្រំដែនទៅកាន់ទីក្រុងរាប់រយនៅទូទាំងសហរដ្ឋអាមេរិកនេះ។
មន្ត្រីមូលដ្ឋាននៅតាមតំបន់នៅទូទាំងប្រទេសបានប្រកាសអំពីដែនសមត្ថកិច្ចរបស់ពួកគេថាជាទីក្រុងសុខសាន្តសម្រាប់ជនចំណាកស្រុក ដោយទីក្រុងទាំងនោះមានគោលនយោបាយដាក់កំហិតចំពោះលទ្ធភាពដែលពួកគេអាចសហការជាមួយនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍របស់រដ្ឋាភិបាលសហព័ន្ធ ហើយក្នុងករណីខ្លះ ទីក្រុងទាំងនោះបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍គ្មានក្រដាសស្នាមត្រឹមត្រូវអាចប្រើប្រាស់សេវារបស់ទីក្រុង និងទទួលបានអត្តសញ្ញាណសម្គាល់ខ្លួនផងដែរ។
ច្បាប់សហព័ន្ធមិនតម្រូវឲ្យប៉ូលិសមូលដ្ឋានឃុំឃាំងនរណាម្នាក់ផ្អែកលើឋានៈអន្តោប្រវេសន៍របស់ពួកគេនោះទេ ហើយមន្ត្រីប៉ូលិសមូលដ្ឋាននៅតាមទីក្រុងទាំងនេះបានបញ្ជាក់ថា ពួកគេមិនចង់ឲ្យសហគមន៍អន្តោប្រវេសន៍ទាំងនោះមានការភ័យខ្លាចនៅក្នុងការទាក់ទងជាមួយនឹងប៉ូលិសនោះទេ៕