ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​រិះគន់​លោក Biden ក្រោយ​រកឃើញ​ឯកសារ​សម្ងាត់​ជាច្រើន


រូបឯកសារ៖ សមាជិក​ព្រឹទ្ធសភា​ខាងគណបក្ស​ប្រជាធិបតេយ្យ​លោក Dick Durbin និយាយ​នៅក្នុង​សវនាការ​បញ្ជាក់​អំពី​បេក្ខភាព​តុលាការ​កំពូល​អ្នកស្រី Ketanji Brown Jackson នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។
រូបឯកសារ៖ សមាជិក​ព្រឹទ្ធសភា​ខាងគណបក្ស​ប្រជាធិបតេយ្យ​លោក Dick Durbin និយាយ​នៅក្នុង​សវនាការ​បញ្ជាក់​អំពី​បេក្ខភាព​តុលាការ​កំពូល​អ្នកស្រី Ketanji Brown Jackson នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

ក្រុម​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​រិះគន់ចំណាត់ការ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក​ Joe Biden ​ក្នុង​ការ​រក្សា​ទុក​ឯកសារ​សម្ងាត់ជាតិ​ បន្ទាប់​ពី​ការ​រក​ឃើញ​នា​ពេល​ថ្មីៗ​ចុងក្រោយ​នេះនូវ​ឯកសារ​ជា​ច្រើន​ទៀត ដែលមានសរសេរ​អក្សរថា​ជា​ឯកសារ​សម្ងាត់។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយ​កម្មវិធី​ «State of the Union» ​របស់​ទូរទស្សន៍​ CNN ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ លោក Dick Durbin និយាយ​ថា លោក Biden គួ​តែ​មាន​ការ«​ខ្មាស់​អៀន​លើ​បញ្ហានេះ»។

សមាជិក​ព្រឹទ្ធសភា​រូប​នេះ​និយាយ​ថា​ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​លោក​ Biden ឬ​អតីត​ប្រធានាធិបតីអាមេរិក​លោក Donald Trump គួរ​រក្សា​ទុកនូវ​ឯកសារ​ទាំង​នោះ​ផ្ទាល់​ខ្លួន​នោះ​ទេ​ដោយ​លោក​ថ្លែង​ថា «អ្វីដែល​បាន​កើត​ឡើង​ និង​កើត​ចេញ​ពី​បញ្ហា​នេះគឺមាន​ការខុស​ប្លែក​គ្នាខ្លាំង»។​
មេធាវីរបស់​លោក Biden បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ទី​ភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ FBI អាមេរិក​ បាន​រកឃើញនិង​យក​ឯកសារ​ចំនួន​៦​ដុំ​ដែលមាន​សរសេរអក្សរ​ថា​ ជា​ឯកសារ​សម្ងាត់​ចេញ​ពីគេហដ្ឋាន​របស់​លោក Biden ​ក្រោយ​ពី​បាន​រក​ឃើញ​ឯកសារ​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​ក្នុង​ពេល​កន្លង​ទៅ​ ដែលមាន​ដាក់​ថ្ងៃ​ខែតាំង​ពី​លោក Biden ធ្វើ​ជា​អនុប្រធានាធិបតីអាមេរិក​ម្ល៉េះ​ ដែលឯក​សារ​ទាំង​នោះ​ ត្រូវ​បាន​រក​ឃើញនៅ​អតីត​ការិយាល័យ​ធ្វើ​ការ​របស់​លោកនៅមជ្ឈមណ្ឌល Penn Biden ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​ ​

ដោយ​ឡែក​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិកវិញ​និយាយ​ថា​ លោក​ Trump បាន​យក​ឯកសារ​សម្ងាត់​រាប់រយដុំ ក្រោយ​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក​ក្នុង​ឆ្នាំ​២០២១ ហើយ​ថា​ ខ្លួន​ត្រូវតែ​រក​ដីកា​ឆែកឆេ​រមួយ​ពី​តុលាការដើម្បី​យក​ឯក​សារ​ទាំង​នោះ​មកវិញ បន្ទាប់​ពី​លោក​ Trump បាន​ប្រកែកមិនព្រមផ្តល់​ឯកសារទាំង​នោះ​តាម​សំណើ​របស់​រដ្ឋាភិបាល​មក។​

លោក Biden បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាល​ពី​ពេល​កន្លង​ទៅ​ក្នុង​ខែ​នេះ​ថា​ ​ក្រុម​របស់​លោកបាន​រក​ឃើញឯកសារ​មួយ​ចំនួន​ ដែល​ត្រូវ​បាន​រក្សាទុក​ខុស​កន្លែង​ ហើយ​ថា​ ​ក្រុម​របស់​លោក​បាន​ផ្តល់​ឯកសារ​ទាំង​នោះ​ជា​បន្ទាន់​រួច​ហើយទៅឱ្យ​ក្រសួង​មួយ​ចំនួន​ ​ដែល​ត្រូវចាត់ចែង​ឯកសារទាំង​នេះ​។​

ដោយ​ឡែក​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ទៀត​ ​ខាង​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក​ Joe Manchin បាន​ប្រាប់​កម្មវិធី​«Meet the Press»​ របស់ទូរទស្សន៍ NBC កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ វា​ជា​រឿង​ដែល​មិន​គួរឱ្យ​ជឿដែល​ទាំង​លោក ​Biden និង​លោក ​Trump មាន​បញ្ហា​នេះ​ដូច​គ្នា​ ហើយ​ក្រុមរដ្ឋអាជ្ញា​ស្រាវជ្រាវ​ពិសេស​ ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ពេញលេញ​សិន​ មុនប្រញាប់ប្រញាល់ធ្វើ​សេចក្តី​សន្និដ្ឋាន​ណា​មួយ​នោះ៕

ព័ត៌មាន​ខ្លះ​ក្នុង​អត្ថបទ​នេះ​ត្រូវបាន​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP។

XS
SM
MD
LG