លោកMichael Bowman នៃវីអូអេ រាយការណ៍ថាសមាជិកសភានៃគណបក្សសាធារណរដ្ឋកំពុងតែឆ្លើយតបដោយការប្រុងប្រយ័ត្ន ចំពោះស្ថានការណ៍ដែលកំពុងផ្ទុះឡើង ហើយដែលកំពុងតែប្រែប្រួលគ្រប់ពេលវេលានេះ។
លោកប្រធានាធិបតី Donald Trump បានលើកយកការស៊ើបអង្កេតរបស់លោក Comey កាលពីឆ្នាំមុន ក្នុងការប្រើប្រាស់អ៊ីម៉ែលរបស់លោកស្រី Clinton ជាមូលហេតុចម្បងក្នុងការបណ្តេញលោកចេញពីតំណែង។ សមាជិកសភានៃគណបក្សប្រជាធិបតេយ្យដូចជាសមាជិកព្រិទ្ធសភា Chuck Schumer ជាដើម មន្ទិលសង្ស័យអំពីមូលហេតុមួយផ្សេងទៀត។
«សំណួរដែលចោទឡើងគឺហេតុអ្វីបានជារឿងនេះបានកើតឡើងកាលពីយប់មិញ? យើងបានដឹងហើយថាលោកនាយក Comey កំពុងដឹកនាំការស៊ើបអង្កេតមួយដើម្បីពិនិត្យមើលថាតើយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក Trump បានឃុបឃិតជាមួយជាមួយរុស្ស៊ីឬទេ។ នេះជាបទល្មើសយ៉ាងធ្ងន់ធ្ងរមួយ។ តើការស៊ើបអង្កេតទាំងនោះធ្វើឲ្យលោកប្រធានាធិបតីព្រួយបារម្ភខ្លាំងមែនទេ?»
សមាជិកសភានៃគណបក្សប្រជាធិបតេយ្យខ្លះ កំពុងប្រៀបធៀបសកម្មភាពរបស់លោក Trump ទៅនិងសកម្មភាពរបស់អតីតប្រធានាធិបតី Richard Nixon ដែលបានលាចេញពីតំណែងកាលពីឆ្នាំ១៩៧៤ នៅពេលដែលកំពុងមានការស៊ើបអង្កេតក្នុងរឿងអាស្រូវ Watergate។ ករណីនោះបាននាំឲ្យមានច្បាប់មួយអនុញ្ញាតឲ្យមានការតែងតាំងរដ្ឋអាជ្ញាពិសេសឯករាជ្យម្នាក់ ដើម្បីចាត់ចែងការស៊ើបអង្កេតណាដែលពាក់ព័ន្ធនឹងរឿងនយោបាយខ្លាំង។ សមាជិកសភានៃគណបក្សប្រជាធិបតេយ្យនិយាយថា រដ្ឋអាជ្ញាពិសេសឯករាជ្យបែបនេះ ជាសេចក្តីត្រូវការនៅពេលនេះ។
«រដ្ឋអាជ្ញាពិសេសម្នាក់ មិនចាំបាច់ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឬ នរណាម្នាក់ផ្សេងទៀត នៅក្រសួងយុត្តិធម៌ទេ។ នេះមានន័យថារដ្ឋអាជ្ញាពិសេសនោះ នឹងមានសេរីភាពច្រើនក្នុងការសម្រេចថាតើគាត់ចង់កោះហៅអ្នកណា ចង់សួរសំណួរអ្វីខ្លះ និងចង់ធ្វើការស៊ើបអង្កេតដោយវិធីណា។ ការតែងតាំងរដ្ឋអាជ្ញាពិសេសម្នាក់ ជាការបោះជំហានត្រឹមត្រូវមួយ។»
សមាជិកសភានៃគណបក្សសាធារណរដ្ឋមួយចំនួន ក៏បានចោទសួរអំពីពេលវេលានៃការបណ្តេញលោក Comey ចេញពីតំណែងដែរ។ ប៉ុន្តែមេដឹកនាំសភានៃគណបក្សសាធារណរដ្ឋដែលមានសំឡេងភាគច្រើន លោក Mitch McConnell កត់សម្គាល់ថា គឺបណ្តាសមាជិកនៃគណបក្សប្រជាធិបតេយ្យនោះទេ ដែលបានបញ្ចេញប្រតិកម្មដោយខឹងសម្បា ហើយថាអ្នកខ្លះទៀត ថែមទាំងបានអំពាវនាវឲ្យបណ្តេញលោក Comey ចេញពីតំណែងផង នៅពេលដែលលោកនាយកទីភ្នាក់ងារស៊ើបការសម្ងាត់សហព័ន្ធ បានប្រកាសបើកការស៊ើបអង្កេតករណីអ៊ីម៉ែលរបស់លោកស្រី Clinton ២សប្តាហ៏មុនការបោះឆ្នោតកាលពីខែវិច្ឆិកានោះ។
«ទោះជាគេយល់យ៉ាងដូចម្តេចចំពោះវិធីស៊ើបអង្កេតរបស់លោកនាយក James Comey ក្នុងករណីប្រើប្រាស់អ៊ីម៉ែលឯកជនរបស់លោកស្រីរដ្ឋមន្ត្រីការបរទេស Clinton និងការទុកដាក់ព័ត៌មានសម្ងាត់មិនត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏អ្វីដែលសហសេវិកយើងខាងគណបក្សប្រជាធិបតេយ្យ បានគិតទាំងនៅពេលនោះ និងពេលបន្ទាប់មកនោះ មានសភាពច្បាស់លាស់ណាស់។»
លោក McConnell បានបន្ថែមទៀតថា ការស៊ើបអង្កេតអ្វីថ្មីដោយរដ្ឋអាជ្ញាពិសេសនោះ នឹងគ្រាន់តែរារាំងដល់ការស៊ើបអង្កេតដែលកំពុងធ្វើឡើងក្នុងក្រសួងយុត្តិធម៌និងក្នុងសភាតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយ ប៉ូច រាសី