លោក ចិន ចយ ជំទប់ទីមួយឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ មកពីគណបក្សសង្រ្គោះជាតិ បានចុះចូលគណបក្សប្រជាជនកម្ពុជា កាលពីខែតុលា គឺមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យមន្រ្តីបក្សប្រឆាំងថ្នាក់ក្រោមចុះចូលគណបក្សកាន់អំណាច ដើម្បីរក្សាតំណែង ពេលគណបក្សមួយនេះត្រូវរំលាយនាពេលខាងមុខ។
លោក ចិន ចយ អាយុ៦៥ឆ្នាំ មានប្រសាសន៍ថា លោកបានសម្រេចចិត្តភ្លាមៗ ចូលគណបក្សប្រជាជនកម្ពុជា បើទោះជាប្រឈមនឹងការអាក់អន់ចិត្តពីសំណាក់ប្រជាពលរដ្ឋនៅក្នុងឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ កាលពីខែមិថុនា ឆ្នាំ២០១៧ ដោយទទួលបានសំឡេងគាំទ្រច្រើនជាងគណបក្សប្រជាជនកម្ពុជា សម្រាប់ឃុំចំប៉ីនេះ។ លោកមានប្រសាសន៍ថា នៅពេលឮថាលោក កឹម សុខា មេដឹកនាំបក្សសង្រ្គោះជាតិដែលកំពុងជាប់ពន្ធនាគារ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ លោកអស់ទំនុកចិត្តលើបក្សសង្រ្គោះជាតិ ដូច្នេះលោកសម្រេចចិត្តចូលជាមួយគណបក្សប្រជាជនកម្ពុជាតែម្ដង ដើម្បីរក្សាតំណែងរបស់លោកជាក្រុមប្រឹក្សាឃុំ។
លោកបានថ្លែងប្រាប់VOAថា៖ «គោលបំណងដែលខ្ញុំចូល(គណបក្សប្រជាជនកម្ពុជា) កាលមុនយើងនៅខាងសង្រ្គោះជាតិ យើងជឿជាក់ទៅលើឯកឧត្តមកឹម សុខា គាត់អ្នកស្នេហាជាតិអញ្ចឹងទៅ។ ដល់តែក្រោយមក បានថាគាត់ក្បត់ជាតិចឹងទៅ បានជាយើង មិនអាចនឹងទុកចិត្តគាត់»។
ទោះជាយ៉ាងណា លោក ចយ មិនអាចពន្យល់ពីមូលហេតុអ្វីបានជាលោកជឿជាក់ថា លោក កឹម សុខា និងគណបក្សបានជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ក្រោមការចោទប្រកាន់ថា មានបំណងផ្តួលរំលំរដ្ឋាភិបាល ដោយមានអាមេរិកនៅពីក្រោយ ខណៈតុលាការកំពូលកំពុងដំណើរការរឿងក្តីនេះនៅឡើយ។
លោក ចិន ចយ មានប្រសាសន៍ថា៖ «ខ្ញុំអត់ដឹង មិនហ៊ានសន្និដ្ឋាន ព្រោះយើងមិនបាននៅជិតគាត់[លោក កឹម សុខា]»។
គណបក្សសង្រ្គោះជាតិបានចាត់ទុកការចោទប្រកាន់មេដឹកនាំ និងគណបក្សថាក្បត់ជាតិ គឺជារឿងនយោបាយ ដើម្បីបំបាក់គណបក្សនៅមុនការបោះឆ្នោតសាកលឆ្នាំ២០១៨ ខាងមុខ។
លោក ចយ បានចាប់ផ្តើមជីវិតនយោបាយរបស់លោកជាមួយគណបក្សសិទ្ធិមនុស្សដែលដឹកនាំដោយលោក កឹម សុខា កាលពីឆ្នាំ២០០៧។ លោកមានប្រសាសន៍ថាពេលនោះ លោកស្រឡាញ់គោលនយោបាយបក្ស និងការថ្លែងរបស់លោក កឹម សុខា ក្នុងនោះមានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងសារនយោបាយប្រឆាំងនឹងការរស់នៅខុសច្បាប់របស់ជនជាតិវៀតណាមនៅកម្ពុជា។
នៅក្នុងលិខិតមួយច្បាប់ ចុះថ្ងៃទី២៣ ខែតុលា លោក ចិន ចយ បានសរសេរទៅកាន់គណបក្សប្រជាជនកម្ពុជាថា ដោយសារលោក កឹម សុខា បានក្បត់ជាតិ មានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយម្យ៉ាងទៀតគណបក្សសង្រ្គោះជាតិពុំមានភាពរឹងមាំផ្នែកនយោបាយផ្ទៃក្នុង ក្នុងការបំពេញតួនាទីបម្រើប្រជាពលរដ្ឋ ទើបលោកសម្រេចលាលែងពីគណបក្សប្រឆាំង មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ លិខិតសរសេរដោយដៃ ដែលមានស្នាមមេដៃ និងរូបថតរបស់លោក ចិន ចយ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មាន Fresh News ដែលសិទ្ធិនឹងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។
លោក ចិន ចយ បានធ្វើជាក្រុមប្រឹក្សាឃុំចំប៉ី បានជាង៥ឆ្នាំមកហើយ នៅពេលលោកជាប់ឆ្នោតកាលពីឆ្នាំ២០១២ ក្រោមគណបក្សសិទ្ធិមនុស្ស។ គណបក្សសិទ្ធិមនុស្ស បានរួបរួមគ្នាជាមួយគណបក្សសម រង្ស៊ី កាលពីឆ្នាំ២០១២ បង្កើតគណបក្សសង្រ្គោះជាតិ ដើម្បីប្រកួតប្រជែងការបោះឆ្នោតសាកលឆ្នាំ២០១៣ ជាមួយលោក ហ៊ុន សែន។ ការរួបរួមនេះធ្វើឲ្យសំឡេងបក្សប្រឆាំងមានការកើនឡើងគួរឲ្យកត់សម្គាល់ រហូតទទួលបានអាសនៈសភាចំនួន៥៥ ក្នុងចំណោមអាសនៈសរុប១២៣។
ក្រោយមក ក្នុងការបោះឆ្នោតឃុំ-សង្កាត់កាលពីខែមិថុនាកន្លងទៅ គណបក្សមួយនេះ ដណ្ដើមបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៥០០៧ និងទទួលបានតំណែងជាមេឃុំ-ចៅសង្កាត់ចំនួន៤៨៩ ក្នុងចំណោម ១៦៤៦ឃុំសង្កាត់នៅទូទាំងប្រទេស និងសំឡេងឆ្នោតគាំទ្រជាង៣លានសំឡេង។
អង្គុយនៅក្បែរលោក ចិន ចយ ក្រោមផ្ទះរបស់លោកក្នុងភូមិម្កាក់ ឃុំចំប៉ី ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ គឺភរិយារបស់លោក គឺលោកស្រី សំ រ៉េន អាយុ៦៣ឆ្នាំ។ លោកស្រីមានប្រសាសន៍នៅចំពោះមុខស្វាមីថា លោក ចិន ចយ មិនបានពិភាក្សាជាមួយលោកស្រីអំពីការចុះចូលជាមួយគណបក្សកាន់អំណាចនោះទេ។ លោកស្រីបន្តថា ក្នុងចិត្តរបស់លោកស្រី មិនចង់ឲ្យស្វាមីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានោះទេ។
លោកស្រីមានប្រសាសន៍ថា៖ «គាត់ថាគណបក្សសង្រ្គោះជាតិរំសាយ រំលាយអី ខ្ញុំថាឲ្យគាត់ឈប់ធ្វើទៅ។ នៅផ្ទះហ្មងទៅ ធ្វើស្រែទៅ។ តែដល់ពេលនេះ គាត់ចូលហើយ ហើយគាត់ប្រាប់ខ្ញុំក្រោយហ្នឹង។ ចិត្តខ្ញុំ ខ្ញុំថាបើគណបក្សសង្រ្គោះជាតិរំលាយ ខ្ញុំថាឲ្យឈប់ធ្វើហ្មង។ ទ្រាំនៅផ្ទះធម្មតា។ បក្សណាក៏មិនឲ្យធ្វើ ឲ្យធ្វើប្រជាពលរដ្ឋ នៅផ្ទះនៅអី ទៅវត្ត ទៅអី សុំសីលពីរនាក់ប្តីប្រពន្ធទៅ»។
លោកស្រីបានឲ្យដឹងថា ដោយសារការចុះចូលរបស់ស្វាមី ប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិមិនសូវជានិយាយរាប់រកជាមួយលោកស្រី ដូចសព្វដងឡើយ។
លោក ចិន ចយ ក៏មានអារម្មណ៍ដូចនេះដែរ តែលោកថាមិនដឹងធ្វើយ៉ាងម៉េច បើលោកបានសម្រេចចិត្តចុះចូលរួចទៅហើយ។
លោកមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋ គាត់មានការអាក់អន់ស្រពន់ចិត្តជាមួយយើងហើយ ព្រោះគាត់ជឿជាក់លើយើង នៅក្នុងការដឹកនាំប្រទេស គឺថាយើងអាចដំណើរការជោគជ័យហើយនៅក្នុងមូលដ្ឋានឃុំយើង។ គឺគាត់ស្រឡាញ់យើង តែដល់យើងប្រាសចាកអញ្ចឹង គាត់មានកូនចិត្តមួយ មិនសម្រុះសម្រួលជាមួយយើងទេ គឺបែកចិត្តពីយើងហើយ ហើយយើងក៏បែកចិត្តពីគាត់ដែរ ធ្វើម៉េច ចាំថ្ងៃក្រោយ ថ្ងៃមុខទៀត ចាំយើងនិយាយទៀត»។
កាលពីថ្ងៃទី២២ ខែតុលា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យក្រុមប្រឹក្សាគណបក្សសង្រ្គោះជាតិនៅថ្នាក់ក្រោមជាតិ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាតំណែងរបស់ពួកគេឲ្យនៅដដែល នៅពេលគណបក្សប្រឆាំងត្រូវបានរំលាយ។ លោកបញ្ជាក់ថា នេះជានយោបាយឈ្នះ-ឈ្នះ ដែលលោកធ្លាប់ធ្វើជាមួយពួកខ្មែរក្រហម។
សំណុំរឿងប្ដឹងរំលាយគណបក្សសង្រ្គោះជាតិកំពុងស្ថិតក្នុងដៃតុលាការកំពូល តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានប្តឹងកាលពីខែកញ្ញា យោងតាមខ្លឹមសារនៃវិសោធនកម្មដ៏ចម្រូងចម្រាសទាំងពីរលើកក្នុងឆ្នាំនេះនៃច្បាប់ស្ដីពីគណបក្សនយោបាយ។ ប្រសិនបើបក្សនេះត្រូវបានរំលាយ ក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៥០០៧នាក់ ដែលខ្លួនបានឈ្នះតាមរយៈការបោះឆ្នោតកាលពីខែមិថុនាកន្លងទៅ នឹងបាត់បង់តំណែង។
គណបក្សសង្រ្គោះជាតិបានទទួល៣អាសនៈសម្រាប់ឃុំចំប៉ី ខណៈគណបក្សប្រជាជនកម្ពុជាទទួលបាន ២អាសនៈ។ សម្រាប់ខេត្តតាកែវ គណបក្សសង្រ្គោះជាតិទទួលបានក្រុមប្រឹក្សាចំនួន ៣១៨ ក្នុងចំណោម៧៣៦ក្រុមប្រឹក្សាទូទាំងខេត្ត។ រហូតមកដល់ពេលនេះ មានសមាជិកក្រុមប្រឹក្សាឃុំបក្សសង្រ្គោះជាតិចំនួន៤នាក់ មកពី ៤ឃុំផ្សេងគ្នានៅក្នុងខេត្តតាកែវ បានសម្រេចចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
មេឃុំចំប៉ីបច្ចុប្បន្នមកពីគណបក្សសង្រ្គោះជាតិ លោក ផន ថ្លាង អាយុ៥២ឆ្នាំ គឺជាអ្នកភូមិជាមួយគ្នានឹងលោក ចិន ចយ ដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ថ្លាង មានប្រសាសន៍ថា កាលពីឆ្នាំ២០០៧ លោកត្រូវបានលោក ចិន ចយ បបួលចូលគណបក្សសិទ្ធិមនុស្ស។ លោកក៏បានសម្រេចចិត្តចូលនាពេលនោះ ដោយមានគោលបំណងចង់បម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោក។ លោកបន្តថា លោកមានអារម្មណ៍ភ្ញាក់ផ្អើល ដែលលោក ចិន ចយ ត្រូវជាជំទប់ទីមួយឃុំ បានសម្រេចចាកចេញពីគណបក្ស ដោយមិនបានពិភាក្សាជាមួយរូបលោក និងក្រុមប្រឹក្សាម្នាក់ទៀត។
ទោះជាយ៉ាងណា លោកនៅតែប្រកាន់ជំហរមិនចុះចូលជាមួយគណបក្សណានោះទេ បើទោះជាគណបក្សសង្រ្គោះជាតិត្រូវរំលាយ ហើយលោកនឹងត្រូវបាត់បង់តំណែងដែលទទួលបានប្រាក់ឧបត្ថម្ភ ៨៨ម៉ឺនរៀល ក្នុងមួយខែក៏ដោយ។
លោកបានបញ្ជាក់ថា បើលោកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា មានន័យថា លោកក្បត់ឆន្ទៈប្រជាពលរដ្ឋជាង ១៨០០នាក់ ដែលបានបោះឆ្នោតឲ្យរូបលោកកាលពីខែមិថុនា។
លោកបានថ្លែងប្រាប់ VOA ថា៖ «មេឃុំ ខ្ញុំដោយថាមិនចង់ឲ្យកិត្តិយសខ្ញុំហ្នឹង ទៅកន្លែងណា ប្រជាពលរដ្ឋជេរខ្ញុំទេ ព្រោះខ្ញុំមកនេះ ដោយសារប្រជាពលរដ្ឋទុកចិត្តខ្ញុំ។ អញ្ចឹងមោទនភាពរបស់ខ្ញុំមួយហើយ ដោយសារប្រជាពលរដ្ឋ គាត់ទុកចិត្ត ហើយបែរខ្ញុំទៅចូលជាមួយគេ ប្រជាពលរដ្ឋ គាត់ខឹងប៉ុណ្ណា»។
មេឃុំរូបនោះមិនជឿថា គណបក្សសង្រ្គោះជាតិ ឬមេដឹកនាំរបស់លោកមានគម្រោងផ្តួលរំលំរដ្ឋាភិបាល ដោយអំពើក្បត់ជាតិនោះទេ។
អង្គុយក្បែរមេឃុំ នៅលើបង់ថ្ម ជាប់នឹងសាលាឃុំ លោក ភួង យ៉ាន់ អាយុ៦៧ឆ្នាំ ជាក្រុមប្រឹក្សាម្នាក់ទៀតមកពីគណបក្សសង្រ្គោះជាតិ។ នៅពេលមានការពិភាក្សាពីរឿងចុះចូលជាមួយគណបក្សកាន់អំណាច មេឃុំក៏បានចាប់ដៃលោក ភួង យ៉ាន ហើយសន្យាថា ពួកគេនឹងមិនចុះចូលជាមួយគណបក្សណាជាដាច់ខាត។ លោក យ៉ាន មានប្រសាសន៍ថា មានសមាជិកចុះពង្រឹងមូលដ្ឋានរបស់គណបក្សប្រជាជន មកទាក់ទងរូបលោក ដើម្បីចុះចូលនឹងគណបក្សរបស់គេ តែលោកថា លោកមិនចាកចោលគណបក្សសង្គ្រោះជាតិនោះទេ បើទោះប្រឈមនឹងការបាត់បង់តំណែង និងប្រាក់ខែក៏ដោយ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំអត់ទៅទេ ខ្ញុំសុខចិត្តប្តូរផ្តាច់នៅនឹងគណបក្សខ្ញុំហ្នឹងហើយ ព្រោះស្រឡញ់ជាតិទាំងអស់គ្នា ហើយនិងស្រឡាញ់គេអ្នកបោះឆ្នោតឲ្យខ្ញុំ បើខ្ញុំចាកចេញទៅ គេដូចថាគ្មានសិទ្ធិសេរីភាពអី គេមើលងាយ មើលថោក គេប្រមាថមើលងាយយើង ពួកអាអស់នេះ ខំបោះឆ្នោតឲ្យ ទៅប៉ាតណាប៉ាតណី អត់ដឹងខ្យល់អី។ ខ្ញុំខ្លាចបាត់បង់កិត្តិយសខ្ញុំណាស់»។
សម្រាប់ប្រជាជននៅក្នុងឃុំចំប៉ី ហាក់មិនពេញចិត្តនឹងការចុះចូលរបស់លោក ចិន ចយ ជាមួយគណបក្សប្រជាជនកម្ពុជានោះទេ ដោយសារពួកគេបានសម្រេចបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យក្រុមប្រឹក្សាទាំងនោះបានបំពេញការងារ។
លោក ទូច នាង អាយុ៤៩ឆ្នាំ ជាអ្នកភូមិរស់នៅក្បែរផ្ទះលោក ចិន ចយ បានមានប្រសាសន៍ថា ការចុះចូលនេះបានធ្វើឲ្យប្រជាជនបាត់បង់ទំនុកចិត្តលើក្រុមប្រឹក្សារូបនោះ។
លោកមានប្រសាសន៍ថា៖ «បើបាត់បង់តំណែងដូចថាវាបាត់សេចក្តីទុកចិត្តរបស់ប្រជាជនដែលគាត់ខំប្រឹងបោះឆ្នោតឲ្យគាត់ឡើងជាក្នុងការដឹកនាំឃុំសង្កាត់ មានអារម្មណ៍សោកស្តាយដែរ។ អារម្មណ៍ខ្ញុំមួយដូចថាវាពិបាកដែរ ដល់គាត់ធ្វើអញ្ចឹងទៅ។ សូម្បីតែខ្ញុំផ្ទាល់ក៏អត់មានទំនុកចិត្តលើគាត់ដែរ។ ខំប្រឹងទុកចិត្តលើគាត់ដែរ ដល់ពេលគាត់ធ្វើអញ្ចឹង យើង វាពិបាកទុកចិត្តគាត់។ មិនគួរណា គាត់ធ្វើអញ្ចឹង»។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀត លោក ស៊ុំ រតនា អាយុ៣៥ឆ្នាំ ជាកសិករម្នាក់ បាននិយាយថា លោកមិនទាន់បានដឹងព័ត៌មានដែលលោក ចិន ចយ ចុះចូលគណបក្សប្រជាជនកម្ពុជានៅឡើយទេ។ ទោះជាយ៉ាងណា លោកយល់ថា នេះជាសិទ្ធិសេរីភាពរបស់លោក ចិន ចយ ក្នុងការសម្រេចចូលរួមក្រុមនយោបាយណាមួយដែលលោកជឿជាក់។
លោកមានប្រសាសន៍ថា៖ «ដឹងអីគាត់ អាហ្នឹងរឿងបុគ្គលរបស់គាត់។ តែគាត់ថាចូល ចូលហើយ ខ្លួនរបស់គាត់»។
អ្នកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនិងនីតិកម្ម នៃគណបក្សសង្រ្គោះជាតិ មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាឃុំសង្កាត់ ក្រុង រាជធានី ខេត្ត សរុបប្រមាណ៤០នាក់ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ អ្នកស្រីបន្តថា ការចុះចូលនេះ មិនមែនជាការចុះចូលដោយទឹកចិត្តនោះទេ។
អ្នកស្រីបានថ្លែងប្រាប់VOAថា៖ «ការដែលចុះចូលនេះ គឺដោយសារបរិយាកាសនយោបាយរបស់យើងបច្ចុប្បន្នក្តៅ ហើយរងការគំរាមផង កំហែងផង ទិញទឹកចិត្តផង បំភិតបំភ័យ ហើយរហូតដល់មានការប្តឹងរំលាយគណបក្សសង្រ្គោះជាតិផង។ ក៏ប៉ុន្តែខ្ញុំយល់ឃើញថា អ្នកដែលចុះចូលទាំងអស់ មិនមែនជាការចុះចូលដោយទឹកចិត្តរបស់គាត់ ដូចការដែលគាត់មកចូលរួមជាមួយគណបក្សសង្រ្គោះជាតិនោះទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាមិនមានវប្បធម៌ទិញជាលុយកាក់ សម្ភារៈ និងបង្ខិតបង្ខំ គំរាមកំហែងសម្រាប់ការចុះចូលនោះទេ។ លោកបញ្ជាក់ថា ការចុះចូល គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។
លោក ចិន ចយ មិនបានបញ្ជាក់នោះទេ ថាលោកបានទទួលបានការឧបត្ថម្ភអ្វីខ្លះ ក្រោមរូបភាពផ្សេងៗ ពីសំណាក់គណបក្សប្រជាជនកម្ពុជា ហើយលោកនិយាយថា ខ្លួនលោកក៏មិនដឹងដែរថា ទៅថ្ងៃមុខ គណបក្សនឹងផ្ដល់អ្វីខ្លះដល់លោកនោះទេ។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋរង់ចាំមើលសកម្មភាពរបស់លោក ក្នុងការបន្តជួយប្រជាពលរដ្ឋ បើទោះជាលោកនៅជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ។
លោកមានប្រសាសន៍ថា៖ «អានេះជាគោលបំណងរបស់ខ្ញុំ បើសិនជាខ្ញុំចេញពីគណបក្សសង្រ្គោះជាតិហើយ មកចូលនៅជាមួយគណបក្សប្រជាជន អារម្មណ៍របស់ខ្ញុំសោកស្តាយ យើងបានជាប់ជាក្រុមប្រឹក្សាហើយ អត់បានអ្វីនឹងជួយតបស្នងសងគុណប្រជាពលរដ្ឋ។ បើអញ្ចឹងខ្ញុំធ្វើអាដែងមួយជំហាននេះទៀត គឺដើម្បីរកផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ។ កុំឲ្យគាត់អស់ជំនឿលើខ្ញុំ គឺថាខ្ញុំនៅឈរជាក្រុមប្រឹក្សា ជាអនុប្រធានហ្នឹង ដើម្បីខិតខំស្នើពីថ្នាក់លើ ដើម្បីជួយអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្ញុំ។ កុំឲ្យអស់សង្ឃឹមថាខ្ញុំឈរ ក៏ខ្ញុំមិនប្រលែងដៃចោលប្រជាពលរដ្ឋដែរ»។
សមាជិកថ្មីថ្មោងនៃគណបក្សប្រជាជនកម្ពុជារូបនេះ បាននិយាយថា គណបក្សកាន់អំណាចក៏បានសន្យាផងដែរ ថា នឹងដំឡើងតំណែងលោក ប្រសិនបើលោកបំពេញការងារបានល្អសម្រាប់ប្រជាពលរដ្ឋ៕