ជំនន់បាក់ដីមួយនៅការដ្ឋានជីកថ្លើមថ្មមួយកន្លែងនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច ១០០ នាក់។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីកាកសំណល់ដីនៃការដ្ឋានជីកថ្លើមថ្មនេះបានបាក់ធ្លាក់ចូលក្នុងបឹងមួយ ដោយបានបង្កឲ្យមានរលកភក់ និងទឹកគ្រប់សង្កត់ពីលើកម្មករជាច្រើននាក់។
កម្មករជីកថ្លើមថ្មទាំងនេះកំពុងប្រមូលដុំថ្មតូចៗនៅតំបន់ Hpakant ដែលជាតំបន់សម្បូរទៅដោយថ្លើមថ្ម នៅក្នុងរដ្ឋ Kachin នៅពេលដែល «រលកភក់» នេះបានបាក់សង្កត់ពីលើពួកគេ ក្រោយពីមានភ្លៀងធ្លាក់ជោគជាំមក។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានពន្លត់អគ្គីភ័យនៅលើទំព័រ Facebook របស់ខ្លួន។
លោក Tar Lin Maung មន្ត្រីមូលដ្ឋាននៃក្រសួងព័ត៌មានមីយ៉ាន់ម៉ា បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «ឥឡូវនេះ យើងរកឃើញសាកសពចំនួនជាង ១០០ នាក់ហើយ។ នៅមានសាកសពផ្សេងទៀតកប់នៅក្នុងភក់។ ចំនួនអ្នកស្លាប់នឹងកើនឡើង»។
ថវិកាសរុបដែលបានមកពីការលក់ថ្លើមថ្មជាផ្លូវការនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានចំនួន ៧៥០ លាន ៤ ម៉ឺនដុល្លារអាមេរិក នៅរវាងឆ្នាំ ២០១៦ និងឆ្នាំ ២០១៧។ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលជាផ្នែកមួយនៃគម្រោងផ្ដួចផ្ដើមតម្លាភាពឧស្សាហកម្មជីករ៉ែ៕