មេដឹកនាំសាសនាជានិមិត្តរូបទីបេ សម្តេចសង្ឃដាឡាយ ឡាម៉ា (Dalai Lama ) បានបដិសេធតួនាទីជាប្រមុខរដ្ឋនិមិត្តរូបនៃរដ្ឋបាលនិរទេសខ្លួនទីបេនៅក្នុងប្រទេសឥណ្ឌា។ មេដឹកនាំទីបេបាននឹងកំពុងជម្រុញឲ្យព្រះអង្គទទួលយកតួនាទីនេះនៅក្នុងរយៈពីរខែបន្ទាប់ពីព្រះអង្គបានបោះបង់នូវតួនាទីនយោបាយនានានិងពីរខែមុនពេលនាយករដ្ឋមន្រ្តីទីបេនិរទេសខ្លួនថ្មីកំណត់នឹងធ្វើពិធីចូលកាន់តំណែង។
នៅគ្រប់កន្លែងនៅក្នុងពិភពលោក សមាជិកសភាទីបេនិរទេសខ្លួនជាច្រើនបានទៅជួបជុំគ្នានៅទីក្រុង ដារ៉ាំសាលា (Dharamsala) ប្រទេសឥណ្ឌាដើម្បីសំដែងការអង្វរករដល់មេដឹកនាំសាសនារបស់ពួកគេ គឺ សម្តេចសង្ឃ ដាឡាយ ឡាម៉ា។
នៅក្នុងកិច្ចប្រជុំស្រដៀងគ្នាមួយនៅក្នុងខែមិនា សម្តេចសង្ឃ ដាឡាយ ឡាម៉ា បានបញ្ជាក់ថាព្រះអង្គនឹងយាងចេញពីតួនាទីនយោបាយផ្លូវការដែលព្រះអង្គបានបំពេញអស់រយៈកាលជាងកន្លះសតវត្សរ៍មកហើយដើម្បីទុកតួនាទីនេះឲ្យមន្រ្តីផ្សេងទៀតដែលត្រូវគេជ្រើសតាំងដោយការបោះឆ្នោតតាមបែបប្រជាធិតេយ្យ។
អ្នកតំណាងរាស្រ្តទីបេជាច្រើននិងមេដឹកនាំដទៃទៀតសង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលព្រះអង្គឲ្យនៅកាន់តំណែងជាមេដឹកនាំសាសនាដដែលដូចគ្នានឹងព្រះមហាក្សត្រីយានីអង់គ្លេសដែរ។
ប្រធានក្រុមនិរទេសខ្លួនទីបេនៅក្នុងប្រទេសអ៊ីតាលី លោកស្រី កាល់សាង ដុលកឺរ (Kalsang Dolker) និយាយថា សម្តេច ដាឡាយ ឡាម៉ា បានបដិសេធយ៉ាងដាច់ខាត។
«ព្រះអង្គមានសង្ឃដិកាថា ព្រះអង្គនឹងមិនធ្វើជាប្រមុខរដ្ឋទេ។ ហើយព្រះអង្គមិនទទួលយកការស្នើសុំរបស់យើងទេ»។
វាពិបាកនឹងនិយាយពន្លើសពីសារ:សំខាន់របស់សម្តេចសង្ឃ ដាឡាយ ឡាម៉ា ទៅលើសហគមទីបេនិរទេសខ្លួននោះ។ ដំណើរចាកចេញពីប្រទេសចិនរបស់ព្រះអង្គនៅឆ្នាំ១៩៥៦ទៅកាន់ទីក្រុងដារ៉ាំសាលាប្រទេសឥណ្ឌាក្លាយជាប្រទេសដើមរបស់សហគមទីបេដោយមានប្រជាពលរដ្ឋរាប់ម៉ឺននាក់ដើរតាមការដឹកនាំរបស់ព្រះអង្គ។
ក្នុងរយៈកាលប៉ុន្មានទស្សវត្សរ៍ចាប់តាំងពីពេលនោះមកព្រះអង្គមិនត្រឹមតែបង្កើតចលនាតស៊ូដោយអហឹង្សាសម្រាប់អធិបតេយ្យភាពរបស់ទីបេប៉ុណ្ណោះទេ លើសពីនេះព្រះអង្គក៏បានដើរតួនាទីជាប្រមុខរដ្ឋនៃរដ្ឋាភិបាលដែលយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីបេជាង១សែន៣ម៉ឺននាក់នៅប្រទេសឥណ្ឌានិងជុំវិញពិភពលោកផងដែរ។
លោក ឡុបសាង សង់ហ្គេ (Lobsang Sangay) ជាអ្នកមានចំណេះដឹងផ្នែកច្បាប់ពីសកលវិទ្យាល័យហារវ៉ឺដ (Harvard) ត្រូវបានគេបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីនិរទេសខ្លួននៅដើមឆ្នាំនេះប៉ុន្តែ មានមនុស្សមួយចំនួនជឿជាក់ថាលោកអាចនឹងជំនួសប្រជាប្រិយភាពជាសាកលរបស់សម្តេចសង្ឃ ដាឡាយ ឡាម៉ាក្នុងពេលណាមួយឆាប់ៗនេះ។
លោកតិនហ្ស៊ិង ឆុងដិន (Tenzing Chonden) ជាសមាជិកសភាទីបេនិរទេសខ្លួននៅអាមេរិកខាងជើង មានប្រសាសន៍ថាសម្តេចសង្ឃ ដាឡាយ ឡាម៉ាបានពន្យល់ពីការបដិសេធមិនព្រមទទួលយកតួនាទីជាប្រមុខរដ្ឋជានិមិត្តរូបនោះដូច្នេះថា៖។
«ព្រះអង្គគិតថាប្រជាពលរដ្ឋទីបេត្រូវងើបឈរឡើងដោយខ្លួនឯងតាមរយៈកាលការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំតាមបែបប្រជាធិបតេយ្យ»។
លោកតិនហ្ស៊ិងមានប្រសាសន៍ផងដែរថាទោះជាប្រជាពលរដ្ឋទីបេយល់ពីភាពសមហេតុផលរបស់មេដឹកនាំដែលពួកគេហៅថា «សម្តេចសង្ឃ» យ៉ាងណាក៏ដោយក៏ពួកគេនៅតែមានការខកចិត្តដែរ។
«មនុស្សគ្រប់រូបក្រៀមក្រំចិត្តណាស់។ ការគោរពស្រឡាញ់យ៉ាងខ្លាំងក្លាបំផុតទៅលើសម្តេចសង្ឃ គឺថា ព្រះអង្គមិនមែនត្រឹមតែជាមេដឹកនាំនយោបាយរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គគឺជាមេដឹកនាំសាសនារបស់យើងផងដែរ»។
សម្តេចសង្ឃដាឡាយ ឡាម៉ា បានបញ្ជាក់ជាយូរយាមកហើយពីគោលបំណងផ្ទេរអំណាចនយោបាយរបស់ព្រះអង្គដើម្បីឲ្យមានការជ្រើសតាំងមន្រ្តីតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។ មួយផ្នែកនោះគឺពាក់ពន្ធ័នឹងការពិតថាព្រះអង្គមានព្រះជន្មាយុ៧៦ វស្សា ហើយ ព្រះអង្គនឹងមិនអាចរស់នៅបានយូរដូចដែលអ្នកគាំទ្រព្រះអង្គចង់បាននោះឡើយ៕
ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស