ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នករិះគន់​ជំទាស់​ទៅ​នឹង​ការគ្រប់គ្រង​ថ្មី​ទៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណែត​នៅ​ក្នុង​ប្រទេស​ ទួរគី


រដ្ឋាភិបាល​ទួរគី​បាន​ហៅ​ការគ្រប់គ្រង​ថ្មី​របស់​ខ្លួន​ទៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណែត​ថា​ជា​ការប្រើប្រាស់​អ៊ីនធឺណែត​ប្រកប​ដោយ​សុវត្ថិភាព។
រដ្ឋាភិបាល​ទួរគី​បាន​ហៅ​ការគ្រប់គ្រង​ថ្មី​របស់​ខ្លួន​ទៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណែត​ថា​ជា​ការប្រើប្រាស់​អ៊ីនធឺណែត​ប្រកប​ដោយ​សុវត្ថិភាព។

ប្រទេស​ទួរគី​បានហាមឃាត់​គេហ​ទំព័រ​អ៊ីនធីណែត​ច្រើន​ជាង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ ឥឡូវ​នេះ ​រដ្ឋាភិបាល​ គ្រោង​នឹង​ចាត់​វិធានការ​គ្រប់គ្រង​ថ្មីៗ​បន្ថែម​ទៀត​ ដែល​ក្រុម​មន្ត្រី​និយាយ​ថា មាន​ការចាំបាច់ក្នុង​ការការពារ​កុមារ។ ក្រុម​អ្នករិះគន់​ព្រួយ​បារម្ភ​ថា​ការណែនាំ​ថ្មី​ទាំង​នេះ​តំណាង​ឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ក្នុង​ការគ្រប់គ្រង​គេហទំព័រ។

រដ្ឋាភិបាល​ទួរគី​បាន​ហៅ​ការគ្រប់គ្រង​ថ្មី​របស់​ខ្លួន​ទៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណែត​ថា​ជា​ការប្រើប្រាស់​អ៊ីនធឺណែត​ប្រកប​ដោយ​សុវត្ថិភាព។ វិធានការ​ទាំង​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​ខែ​សីហា ​ហើយតម្រូវ​ឱ្យ​អ្នកប្រើ​ប្រាស់​អ៊ីនធឺណែត​ទាំងអស់​ត្រូវ​ជ្រើសរើស​យក​ប្រអប់​សម្រង់​ទិន្នន័យ​ចម្រោះ​មួយ​ក្នុង​ចំណោម​បួន​ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណែត​របស់​ពួកគេ។ សាស្រ្តាចារ្យ​ច្បាប់​ យ៉ាមមែន អាកដឺនី (Yamman Akdeniz) នៅ​ឯ​សាកល​វិទ្យាល័យ​ប៊ីលហ្គី (Bilgi) ក្នុង​ទីក្រុង ​អ៊ីស្តានប៊ូល ​និយាយ​ថា ​វិធានការ​ទាំងនេះ​បើក​ផ្លូវ​ឱ្យ​មាន​ការត្រួត​ពិនិត្យ​ពី​សំណាក់​រដ្ឋាភិបាល​ទៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណែត។

«យើង​មាន​ការព្រួយ​បារម្ភ​ថា ​រដ្ឋាភិបាល​នឹង​ធ្វើការ​ពង្រឹង ​និង​បង្កើត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រួតពិនិត្យ​មួយ។ សូម្បី​តែ​សម្រង់​ទិន្នន័យ​ធម្មតា​ក៏​អាច​ចាត់ជា​ប្រព័ន្ធ​សម្រង់​ទិន្នន័យ​ចម្រោះ​មួយដែរ​ហើយ​បញ្ហា​គឺ​ថា​រដ្ឋាភិបាល​ជា​អ្នកតម្រូវ​ឱ្យ​ធ្វើ​ រដ្ឋាភិបាល​គ្រប់គ្រង ហើយ​មិន​មាន​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​សហ​ភាព​អឺរ៉ុបឬ​ក្រុម​ប្រឹក្សា​អឺរ៉ុប ​ដែល​មាន​ប្រព័ន្ធ​ស្រដៀងគ្នានេះ​ទេ។ ហើយ​សេចក្តី​សម្រេច​ចិត្ត​ក៏​បាន​និយាយ​ផង​ដែរ​ថា ​ប្រសិន​បើ​ជន​ណា​ម្នាក់​ព្យា​យាម​គេច​ចេញ​ពីប្រព័ន្ធ​នេះ ​នឹង​ទទួលរង​វិធានការ​បន្ថែម​ទៀត»។

ក្រុម​មន្រ្តី​រដ្ឋាភិបាល​និយាយ​ថា ​បទប្បញ្ញត្តិ​ថ្មី​នេះ​គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ការពារ​ក្រុម​គ្រួសារ​ ជាពិសេស​កុមារ​ ពី​រូប​ភាព​អាស​អាភាស។ ប៉ុន្តែ​ ក្រុម​អ្នករិះគន់​និយាយ​ថា វា​មិន​មាន​ភាពច្បាស់​លាស់​ទេ ​ថា​តើ​គេហ​ទំព័រ​មួយ​ណា​អាច​ត្រូវ​បាន​ហាមឃាត់​ ហើយ​ដោយ​មូលហេតុ​អ្វី ​ហើយ​បទប្បញ្ញត្តិ​ទាំង​នេះ​ក៏​អាច​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​បំបិទ​សំឡេងគេហ​ទំព័រ​នយោ​បាយផង​ដែរ។ ណាដាយ ម៉ាធឺ (Nadire Mater) គឺជា​ប្រធាន​គេហទំព័រ​សិទ្ធិ​មនុស្ស​របស់​ទួរ​គី​ ដែល​មាន​ឈ្មោះ​ថា ប៊ីយ៉ាណែត (Bianet)។

លោក​បាន​មាន​ប្រសាសន៍​ថា៖

«អ្វីៗ​អាស្រ័យ​ទៅ​លើ​រដ្ឋាភិបាល​ អាស្រ័យ​ទៅ​លើ​រដ្ឋមន្រ្តី អ្នកណា​ក៏គេអាច​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​បាន​ដែរ។ នេះ​មិនមែន​ជា​ប្រជាធិបតេយ្យ​មួយ​នោះ​ទេ។ យើង​ធ្លាប់​បាន​ជួប​ប្រទះ​នូវ​ហេតុការណ៍​បែប​នេះ​ពី​មុន​មក ពីព្រោះ​ថា ពី​មួយ​ពេល​ទៅ​មួយ​ពេល​ ក្រុម​ប៉ូលីស​បាន​ចែកចាយ​នូវ​បញ្ជី​ខ្មៅ​ទាំង​នេះ។ ហើយ​នៅ​ក្នុង​ហាង​អ៊ីនធឺណែត​កាហ្វេ​ឬ​ក្រុម​ហ៊ុន​មួយ​ចំនួន​យើង​ទទួល​ការត្អូញ​ត្អែ​ពី​ភ្ញៀវ​ដែល​បាននិយាយ​ថា​ពួកគេមិន​អាច​ចូល​ទៅ​អាន​គេហទំព័រ​ប៊ីយ៉ា​ណែត​បាន​ទេ»។

គេហទំព័រ​ប៊ីយ៉ាណែត​រិះគន់​រដ្ឋាភិបាល​ចំពោះ​ការបង្កើត​ឱ្យ​មាន​វិធានការ​ថ្មី​ដោយ​ក្រិត្យ​ច្បាប់​ ជាជាង​ដោយ​ការបោះឆ្នោត​មួយ​នៅ​ក្នុង​រដ្ឋសភា​ហើយ​កំពុង​ធ្វើការ​ជំទាស់​ទៅ​នឹង​ការគ្រប់គ្រង​ថ្មី​នេះ​តាម​រយៈ​តុលាការ។ សេរីភាព​អ៊ីនធឺណែត​គឺ​ជា​កង្វល់​មួយ​នៅ​ក្នុង​សហភាព​អឺរ៉ុប ​ដែល​ប្រទេស​ទួរគី​កំពុង​ស្វែងរក​ការចូលរួម​ជា​សមាជិក។​ ស្នងការ​សហភាព​អឺរ៉ុប​សម្រាប់​ការពង្រីក​សមាជិកភាព ស្តេហ្វាន ហ្វូល (Stefan Fule) បាន​គូស​បញ្ជាក់​អំពី​កង្វល់​ទាំង​នោះ​ នៅ​ចំពោះ​មុខ​សភា​អឺរ៉ុប​កាលពី​ដើម​ឆ្នាំ​នេះ។

«សេរីភាព​សារព័ត៌មាន​មាន​ន័យ​ថា​ជា​ការធានា​ឱ្យ​បាន​នូវ​វេទិការមួយ​សម្រាប់​សាធារណជន​ក្នុង​ការជជែក​ដេញ​ដោល​គ្នា​ដោយ​សេរី​ដែល​រួម​ទាំង​ការជជែក​ដេញ​ដោល​តាម​អ៊ីន​ធឺ​ណែត​ផង​ដែរ។ សេចក្តីព្រាង​នៃ​សេចក្តី​សម្រេច​ចិត្ត​របស់​សភា​អឺរ៉ុប​ បាន​គូស​បញ្ជាក់​ចំៗអំពី​បញ្ហា​ទាំង​នេះ»។

ការខ្វល់​ខ្វាយ​គឺ​ស្ថិត​នៅ​ជុំវិញ​ ប្រវត្តិ​នៃ​ប្រទេស​ទួរគី​ដែលតុលាការ​បានហាម​ប្រាម​គេហទំព័រ​ច្រើន​ជាង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​សហភាព​អឺរ៉ុប។ នៅ​ក្នុង​ឆ្នាំ​២០០៩ រដ្ឋ​បាន​បញ្ឈប់​ការចេញ​ផ្សាយ​តួរលេខ​ ប៉ុន្តែ​ តួរលេខ​ចុង​ក្រោយ​ត្រូវ​បាន​គេ​ជឿជាក់ថា​លើស​ពី​ចំនួន​១២.០០០​គេហ​ទំព័រ។ ជា​ថ្មី​ម្តង​ទៀត​ លោក​សាស្រ្តាចារ្យ​ អាក​ដឺនី បាន​ថ្លែង​អំពី​រឿង​នេះ។

«គេហទំព័រ​ចំនួន​រាប់​ពាន់​ត្រូវ​បាន​បិទ។ ទោះបី​ជា​រដ្ឋាភិបាល​អះអាង​ថា ពួកគេ​មែន​ទែន​ទៅ​បិទ​ការចូល​មើល​គេហទំព័រ​អាសអាភាស ​តែ​មាន​គេហ​ទំព័រ​ព័ត៌​មានដែល​មាន​ទស្សនៈ​ផ្ទុយ​ចំនួន​រាប់​រយ​ ជា​ពិសេស​គេហទំព័រ​ដែល​ទាក់ទង​នឹង​ការជជែក​ដេញ​ដោល​អំពី​ជនជាតិ​ឃឺដ (Kurdish) ត្រូវ​បាន​បិទ​មិន​ឱ្យ​ចូល​មើល​បាន ដោយ​សារ​ហេតុ​ផល​នយោ​បាយ»។

ប្រែសម្រួលដោយ ឌីខាំ បូលី

XS
SM
MD
LG