កីឡាអុកត្រូវបានបង្ហាត់បង្រៀនក្នុងទម្រង់ជាល្បែងប្រើជំនាញនិងភាពសមសួនមួយ ដោយត្រូវបានលេងនៅលើក្តារមួយដែលភាគីទាំងសងខាងស្មើភាពនឹងគ្នា។
នៅអាហ្វ្រិកខាងត្បូង ដែលជាសង្គមប្រកបដោយវិសមភាពជាងគេបំផុតមួយនៅលើពិភពលោក កីឡាអុកមិនមែនជារឿងសាមញ្ញមួយនោះទេ។ អស់រយៈពេលបីឆ្នាំមកនេះ សហព័ន្ធកីឡាអុកជាតិបានជាប់ក្នុងរឿងក្តីប្តឹងផ្តល់ ដែលបានចំណាយប្រាក់ជាច្រើន និងដែលបានបង្កឲ្យមានភាពរកាំរកូសនៅក្នុងល្បែងអុក ហើយសភាអាហ្វ្រិកខាងត្បូង បានលើកឡើងថា ការណ៍នេះបានរារាំងកីឡាករ ដែលមានសមត្ថភាពពីការតំណាងឲ្យជាតិនៅក្នុងការប្រកួតប្រជែងធំៗ។ ជាលទ្ធផល រដ្ឋាភិបាលបានផ្អាកបានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មវិធីកីឡាអុក ដែលមានទឹកប្រាក់ប្រមាណ ១សែន២ម៉ឺនដុល្លារក្នុងមួយឆ្នាំ រហូតដល់បញ្ហានេះត្រូវបានដោះស្រាយ។
សហព័ន្ធកីឡាអុកអាហ្វ្រិកខាងត្បូង បានផ្តល់ឲ្យកុមារី Lulu Mayaka អាយុ ១២ឆ្នាំ នូវចំណាត់ថ្នាក់ទី ៥២ថ្នាក់ជាតិ នៅក្នុងក្រុមអាយុរបស់នាង។ ហើយខណៈនាងមិនបានដឹងពីរឿងរ៉ាវកើតមានខាងក្រោយឆាកពាក់ព័ន្ធនឹងសហព័ន្ធមួយនេះ នាងបានឃើញផលវិបាកជារៀងរាល់ចុងសប្តាហ៍នៅពេលដែលនាងចូលរួមក្នុងការប្រកួតណាមួយ ឬលេងតាមប្រព័ន្ធអ៊ីនធឺណិត។ នាងឃើញត្រឹមតែអ្នកលេងអុកពីគ្រួសារដែលមានជីវភាពល្អប្រសើរដូចរួបនាងតែប៉ុណ្ណោះ។
នាងបាននិយាយថា៖ «ខ្ញុំចង់ឲ្យថ្លៃចូលរួមប្រកួតថោកជាងមុន ដើម្បីឲ្យក្មេងៗមកពីគ្រួសារក្រីក្រអាចចូលរួមលេងផងដែរ។ សម្រាប់ខ្ញុំ ខ្ញុំពិតជាបានលេងច្រើនរួចហើយ។ ប៉ុន្តែខ្ញុំមិនឃើញក្មេងៗ មកពីគ្រួសារក្រីក្រ ចូលរួមនោះទេ ពីព្រោះថ្លៃចូលរួមប្រកួតថ្លៃពេក ដែលធ្វើឲ្យក្មេងៗទាំងនោះមិនអាចចូលរួម»។
វិសមភាពដែលនៅតែបន្តមាន និងរបៀបដោះស្រាយបញ្ហានេះ ហាក់ដូចជា បញ្ហាចោទចម្បងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ សហព័ន្ធកីឡាអុកជាតិមានភាគីប្រជែងគ្នាចំនួនពីរ ដែលមានទស្សនវិស័យខុសគ្នាឆ្ងាយ ហើយភាគីទាំងពីទាមទារដឹកនាំរៀងៗខ្លួន និងបានចំណាយប្រាក់រាប់ម៉ឺនដុល្លារនៅតុលាការ ដើម្បីទទួលបានអំណាចគ្រប់គ្រង។ ភាគីទាំងពីរត្រូវបានកោះហៅមកកាន់សភាកាលពីខែវិច្ឆិកា ដើម្បីផ្តល់សក្ខីកម្ម ដែលការណ៍នេះនាំឲ្យមានការព្រមព្រៀងជាមួយក្រុមអាជ្ញាកណ្តាល។
សហព័ន្ធកីឡាអុកពិភពលោកនិយាយថា អុកគឺជា កីឡាដ៏មានប្រជាប្រិយភាពបំផុតនៅលើពិភពលោក ដោយមានអ្នកលេងចំនួន ៦០៥លាននាក់ ដែលនេះជាចំនួនបីដងច្រើនជាងកីឡាបាល់ទាត់។ ហើយអាហ្វ្រិកខាងត្បូងគឺជា ប្រទេសដែលខ្លាំងផ្នែកកីឡាអុកជាងគេនៅទ្វីបអាហ្វ្រិក ដោយមានចំនួនអ្នកលេងចំណាត់ថ្នាក់កំពូលច្រើនជាងគេបង្អស់នៅទ្វីបអាហ្វ្រិក។
VOA ចង់តំណាងឲ្យដោយស្មើភាពរវាងបុរសពីរនាក់ ដែលកំពុងទាមទារតំណែងដឹកនាំសហព័ន្ធ។ ដូច្នេះ យើងបានបោះកាក់ដើម្បីសម្រេចថា នរណានឹងនិយាយមុន ហើយសួរថា តើបញ្ហាគឺអ្វី?
អ្នកត្រូវឆ្លើយដំបូងគឺ លោក Joe Mahomole ប្រធានសហព័ន្ធកីឡាអុកអាហ្វ្រិកខាងត្បូង។
លោកបាននិយាយថា៖ «ការផ្តោតរបស់យើងគឺគួរលើការផ្តល់ឱកាសដោយស្មើភាពចំពោះមនុស្សគ្រប់គ្នា។ ដោយឲ្យគ្រប់គ្នាអាចចូលរួម។ ហើយចូរចងចាំថា សម្រាប់កុមារ វាក៏ជាផ្នែកមួយនៃការចូលរួមក្នុងសង្គម និងការអប់រំផងដែរ។ មូលហេតុនេះហើយទើបវាសំខាន់។ ហើយនេះក៏ជាមូលហេតុដែលការផ្លាស់ប្តូរពិតជាសំខាន់ខ្លាំងណាស់។ វាពាក់ព័ន្ធនឹងការកសាងនូវសង្គមមួយ ដែលជឿទៅលើសមភាព និងការផ្តល់អ្វីល្អៗសម្រាប់គ្រប់គ្នា មិនថា ប្រាក់ចំណូល តំបន់រស់នៅ ភេទ ឬពិការភាពរបស់អ្នកនោះទេ»។
ហើយឥឡូវនេះងាកមក លោក Hendrick Du Toit ម្តងដែលលោកក៏បានហៅខ្លួនឯងថា ប្រធានសហព័ន្ធកីឡាអុកអាហ្វ្រិកខាងត្បូងផងដែរ។
លោកបាននិយាយថា៖ «ភាសានៃការផ្លាស់ប្តូរត្រូវបានបំពានដើម្បីកេងចំណេញផ្នែកនយោបាយ និងបង្កើតជារបៀបវារៈបែបមនោសញ្ចេតនាមួយ។ ហើយវាក៏បានផ្តល់នូវផលវិបាកត្រឡប់មកវិញផងដែរ ហើយតាមគំនិតខ្ញុំ ផលវិបាកដ៏អាក្រក់បំផុតដែលអ្នកអាចប្រឈមមុខនោះគឺថា វាធ្វើឲ្យបាត់បង់អ្នកមានសមត្ថភាព។ អាចនិយាយម្យ៉ាងទៀតថា យើងមិនបានជ្រើសរើសអ្នកលេងផ្អែកលើសមត្ថភាព ប៉ុន្តែលើពូជសាសន៍ទៅវិញទេ។ ខ្ញុំជឿថា វាមានគ្រោះថ្នាក់ខ្លាំងណាស់»។
រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងហាក់ដូចជា គាំទ្រលោក Mahomole ប៉ុន្តែសហព័ន្ធកីឡាអុកពិភពលោកបានប្តេជ្ញាប្រកាន់យកអព្យាក្រឹត្យភាព ដែលនេះជាស្ថានភាពមួយធ្វើឲ្យជាប់គាំងទៅដល់ភាគីពាក់ព័ន្ធទាំងអស់។
អ្នកស្រី Thuli Myaka ដែលបានពណ៌នាជា «ម្តាយដែលគាំទ្រកូនលេងអុក» បើទោះបីជា អ្នកស្រីកត់សម្គាល់ថា កូនប្រុសរបស់អ្នកស្រីក៏លេងបាល់ទាត់ផងដែរ បានផ្តល់នូវដំណោះស្រាយមួយថា៖
«ខ្ញុំគិតថា គាត់ទាំងពីរគួរតែលាលែងពីតំណែង ដូច្នេះយើងនឹងមិនមានការប្រជែងដណ្តើមគ្នាលើអ្វីៗទាំងអស់។ យើងមិនមែននៅទីនេះដើម្បីវាយប្រយុទ្ធគ្នានោះទេ។ យើងនៅទីនេះដើម្បីលេងអុក»។
បុរសទាំងពីរខាងលើបានច្រានចោលការលើកឡើងដូចនេះយ៉ាងលឿននៅពេល VOA បានបញ្ជាក់ប្រាប់។ ហើយពួកគេបានសន្យាថា រឿងនេះនឹងមិនបញ្ចប់ដោយភាគីទាំងសងខាងទទួលបានលទ្ធផលស្មើគ្នានោះទេ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា