អង្គការពលកម្មអន្តរជាតិ ILO បានឲ្យដឹងថា ការរាតត្បាតនៃជំងឺកូវីដ១៩ កំពុងធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងនៅក្នុងវិស័យការងារ ដោយមានអ្នកធ្វើការពេញម៉ោងជិត ២០០ លាននាក់ ត្រូវគេរំពឹងថា នឹងបាត់បង់ការងារ។
ការរាតត្បាតនៃជំងឺកូវីដ១៩ ធ្វើឲ្យការព្យាករណ៍កាលពីលើកមុនរបស់អង្គការពលកម្មអន្តរជាតិ ILO ដែលថា អ្នកអត់ការងារធ្វើនៅទូទាំងពិភពលោក នឹងមានចំនួន ២៥ លាននាក់នៅចុងឆ្នាំនេះ មានភាពខុសស្រឡះ។ ការវាយតំលៃថ្មីមួយរបស់អង្គការ ILO ព្រមានថា តួលេខនៃអ្នកអត់មានការងារធ្វើ អាចខ្ពស់ជាងនោះឆ្ងាយណាស់ ប្រសិនបើជំងឺកូវីដ១៩បន្តរាតត្បាតដល់កម្រិតដែលមិនអាចគ្រប់គ្រងបាននោះ។
របាយការណ៍របស់អង្គការ ILO នេះ បានឲ្យដឹងថា ជំងឺកូវីដ១៩ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យបាត់បង់ម៉ោងធ្វើការចំនួន ៦ កន្តក់សញ្ញា ៧ ភាគរយនៅទូទាំងពិភពលោកក្នុងរយៈពេល ៣ ខែខាងមុខ។ នោះ គឺស្មើនឹងការបាត់បង់អ្នកធ្វើការងារពេញម៉ោងចំនួន ១៩៥ លាននាក់។
លោក Guy Ryder អគ្គនាយកអង្គការ ILO បានថ្លែងថា ផលប៉ះពាល់ដោយគ្រោះមហន្តរាយដែលមិនធ្លាប់មានពីមុនមកនេះ គឺអាក្រក់ជាងវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ ២០០៨ ទៅទៀត។
លោកថ្លែងទៀតថា គ្រប់តំបន់ទាំងអស់នៅលើពិភពលោក កំពុងប្រឈមនឹងការបិទកន្លែងធ្វើការមួយផ្នែក ឬក៏ទាំងស្រុង ដែលនេះជាស្ថានភាពមួយធ្វើឲ្យប៉ះពាល់ដល់ជាង ៨០ ភាគរយនៃអ្នកធ្វើការចំនួន ៣ពាន់៣រយលាននាក់ ក្នុងពិភពលោក។
លោក Guy Ryder បានថ្លែងបន្តក្នុងសម្តីដើមថា៖
«តួលេខខ្ពស់បំផុតដោយគិតជាចំនួនភាគរយ ឃើញថា មាននៅក្នុងបណ្តាប្រទេសអារ៉ាប់ បន្ទាប់មកអឺរ៉ុប និងរហូតមកដល់ពេលនេះ គឺបណ្តាប្រទេសដែលមានប្រាក់ចំណូលទាបបំផុតគិតជាសមាមាត្រ គឺនៅអាហ្វ្រិក។ ប្រសិនបើយើងនិយាយចំនួនភាគរយនោះ ទៅជាចំនួនជាក់លាក់វិញ តំបន់ដែលនឹងមានមនុស្សបាត់បង់ការងារច្រើនបំផុតនោះ គឺនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនេះ វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ពីព្រោះថា តំបន់នោះ ក៏មានមនុស្សច្រើនបំផុតនៅក្នុងលើពិភពលោកដែរ»។
នៅក្នុងរបាយការណ៍របស់អង្គការ ILO នោះ ក៏បានរកឃើញផងដែរថា វិស័យដែលមានហានិភ័យខ្ពស់បំផុតរួមមាន វិស័យផ្តល់ទីកន្លែងស្នាក់នៅ និងសេវាកម្មម្ហូបអាហារ វិស័យផលិតកម្ម ផ្នែកលក់រាយ និងសកម្មភាពពាណិជ្ជកម្ម និងរដ្ឋបាល។
ក្នុងខណៈពេលដែលសុខភាពរបស់ពលរដ្ឋនៅទូទាំងសកលលោក និងសេដ្ឋកិច្ច កំពុងរងប៉ះពាល់យ៉ាងខ្លាំង ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះ លោក Ryderបាននិយាយថា គ្មានវិធីខ្លាំងក្លាណាមួយ ដែលអាចត្រូវធ្វើបាន ដើម្បីដោះស្រាយបញ្ហានេះទេ។
លោក Ryder បន្តក្នុងសម្តីដើមថា៖ «ទំហំដ៏ធំធេងនៃបញ្ហាសេដ្ឋកិច្ច និងសង្គមដែលយើងកំពុងពិភាក្សាសព្វថ្ងៃនេះ គឺជាផលប៉ះពាល់ដោយផ្ទាល់នៃគោលនយោបាយដោយចេតនានៅក្នុងវិស័យសុខាភិបាល។ ដូច្នេះយើងត្រូវរួមបញ្ចូលការឆ្លើយតប ហើយព្យាយាមដោះស្រាយបញ្ហាទាំងពីរនេះតាមវិធីរួមមួយដែលមិនអាចបានមួយចោលមួយ ដូចការគិតរបស់អ្នកខ្លះនោះទេ។ បញ្ហានេះ វាមិនមែនជាបញ្ហាដែលយើងអាចជ្រើសរើសបាន ថាតើត្រូវយកការសង្គ្រោះជីវិតមនុស្ស ឬ សង្គ្រោះសេដ្ឋកិច្ចនោះទេ (គឺមានន័យថា យើងត្រូវសង្គ្រោះទាំងពីរ)»។
ការសិក្សារបស់អង្គការ ILO បានឲ្យដឹងថា រដ្ឋាភិបាលនានាត្រូវតែគាំទ្រដល់សហគ្រាស ការផ្តល់ការងារធ្វើ និងប្រាក់ចំណូល ហើយស្របពេលនោះដែរ លើកស្ទួយសេដ្ឋកិច្ច និងការងារ។ ការសិក្សានោះបានឲ្យដឹងទៀតថា អ្នកធ្វើការនានាត្រូវតែទទួលបានការគាំពារក្នុងសង្គម ដើម្បីជួយពួកគេឲ្យរួចផុតពីវិបត្តិនេះ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់