តុលាការក្រុងភ្នំពេញ បានកាត់ទោសមេដឹកនាំរណសិរ្សរួបរួមជាតិខ្មែរដែលមានសញ្ញាក្បាលខ្លាជាសំគាល់ឲ្យជាប់ពន្ឋនាគារក្នុងម្នាក់ៗចំនួនពី២០ទៅ២៨ឆ្នាំពីបទជាប់ពាក់ព័ន្ឋនឹងអំពើភេរវកម្ម។តុលាការបានលើកលែងការចោទប្រកាន់ជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់៥រូប។ បន្ទាប់ពីប្រកាសសាលក្រម ទាំងជនជាប់ចោទនិងភរិយារបស់ជនជាប់ចោទបានស្រែកទ្រហោយំ និងបានចោទប្រកាន់ថា ពូកគេចាញ់កលរដ្ឋាភិបាលក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
«សូមតុលាការជួយរកយុត្តិធម៌ឲ្យប្តីខ្ញុំផង ដាក់គុកប្តីខ្ញុំ២០ឆ្នាំ ប្តីខ្ញុំមានលុយតែ១៥០ជាលុយរកស៊ីសុទសាធ សូមតុលាការ សូមព្រះអង្គ សូមព្រះជាម្ចាស់ជួយរកយុត្តិធម៌ឲ្យប្តីខ្ញុំផង»។
ខាងលើនេះគឺជាសម្រែកទ្រហោយំរបស់អ្នកស្រីលី វ៉ាន់ អាយុ៤០ឆ្នាំ ភរិយារបស់លោកពៅ វណ្ណរ៉ា នៅចំពោះមុខតុលាការក្រុងភ្នំពេញ បន្ទាប់ពីតុលាការបានប្រកាសសាលក្រមប៉ុន្មាននាទីប៉ុណ្ណោះ ឲ្យស្វាមីរបស់អ្នកស្រីជាប់ពន្ឋនាគាររយៈពេល២០ឆ្នាំពីបទប៉ុនប៉ងវាយប្រហារភេរវកម្ម ។
អ្នកស្រីបាននិយាយថា ការប្រកាសសាលក្រមរបស់តុលាការនេះមិនបានផ្តល់យុត្តិធម៌ដល់ស្វាមីរបស់អ្នកស្រីទេ។ អ្នកស្រីបានថ្លែងទៀតថា ស្វាមីរបស់អ្នកស្រីមិនបានប្រព្រឹត្តខុសដូចមានការចោទប្រកាន់របស់តុលាការទេ។ អ្នកស្រីថ្លែងថា៖
«ពៅ វណ្ណរ៉ា ប្តីខ្ញុំអត់មានធ្វើអ្វីខុសទេសួរអ្នកភូមិ អ្នកផងទាំងពួងទៅ ប្តីខ្ញុំអត់បានធ្វើអ្វីខុសទេ»។
លោកឌិន ស៊ីវុទ្ឋី ប្រធានចៅក្រមជំនុំជម្រះបានលើកលែងការចោទប្រកាន់លោក ភី សាវឹង បន្ទាប់ពីតុលាការបានរកឃើញថា លោកភី សាវឹង ពុំមានកំហុសជាប់ពាក់ព័ន្ឋ និងអំពើភេរវកម្មទេ។
ឯជនជាប់ចោទទាំងបួនរូបផ្សេងទៀតរួមមានលោកសម ឯក អាយុ៤៤ឆ្នាំត្រូវជាប់ពន្ឋនាគាររយៈពេល២៨ឆ្នាំ លោកឡឹក ប៊ុនញាន អាយុ៤៩ឆ្នាំ លោកពៅ វណ្ណរ៉ា អាយុ៥១ឆ្នាំ និងលោក ជា គឹមយ៉ាន អាយុ៤៥ឆ្នាំ ត្រូវជាប់ពន្ឋនាគារក្នុងម្នាក់ៗរយៈពេល២០ឆ្នាំ។
លោកឡឹក ប៊ុនញាន បន្ទាប់ពីតុលាការប្រកាសសាលក្រម លោកបាននិយាយថា ការប្រកាស សាលក្រមនេះ អយុត្តិធម៌។ លោកបានមានប្រសាសន៍ទៀតថា លោកត្រូវបានគេបោកបញ្ឈោតឲ្យប្រើប្រាស់។ លោកថ្លែងថា៖
«សូមអង្គការជាតិ អង្គការអន្តរជាតិរកយុត្តិធម៌ខ្ញុំផង ខ្ញុំជាអ្នកទោសសិប្បនិមិត្តមិនមែនអ្នកទោសពិតប្រាកដទេខ្ញុំបា្រប់ឲ្យច្បាស់»។
អ្នកស្រីប៉ុក ណារី អាយុ៤០ឆ្នាំភរិយារបស់លោកឡឹកប៊ុន ញាន បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅខាងក្រៅរបងតុលាការថា ស្វាមីរបស់អ្នកស្រី ត្រូវបានគេប្រើប្រាស់ឲ្យកែនកម្លាំងភេរវកម្ម ។
អ្នកស្រីបាននិយាយផង និងយំសោកផងយ៉ាងដូច្នេះថា ៖
«សម្រេចជោគជ័យជូនសម្តេចរួចរាល់ហើយ ហេតុអី្វឥឡូវក៏ឲ្យប្តីខ្ញុំទទួលនូវភាពអយុត្តិធម៌ជាប់គុកដល់២០ឆ្នាំយ៉ាងនេះ ប្រៀបបានដូចគាត់ហ្នឹងសម្លាប់ប្តីខ្ញុំ និងកូនខ្ញុំ និងខ្ញុំទាំងអស់មួយពូជតែម្តង ព្រោះខ្ញុំគ្មានអ្នកណាទេ ខ្ញុំសូមអង្វរ»។
លោកសម សុគង់ មេធាវីការពារក្តីឲ្យលោកសម ឯក បាននិយាយថា ការប្រកាសសាលក្រម នៅថ្ងៃនេះ ពុំមានភាពយុត្តិធម៌ទេ ចំពោះកូនក្តីរបស់លោក។ លោកបានមានប្រសាសន៍ទៀតថា លោកនឹងពិចារណាបណ្តឹងឧទ្ឋរណ៍ដើម្បីប្រឆាំងជំទាស់ ទៅនឹងការសម្រេចក្នុងសាលក្រមនេះ ។ លោកបន្តថា៖
«ការដាក់ទោសកូនក្តីរបស់ខ្ញុំរហូតដល់២៨ឆ្នាំ គឺជារឿងមួយ ដែលថា ជាការដាក់ទោសធ្ងន់ធ្ងរបំផុត ចំពោះកូនក្តីខ្ញុំ ដែលគ្រាន់តែជាអ្នកបង្កើតការចលនា ឬក៏បង្កើតគណបក្សនយោបាយក្នុងការចូលរួមបោះឆ្នោតថ្នាក់ជាតិនៅពេលខាងមុខ»។
លោកហាក់ ខេងងួន មេធាវីការពារក្តីលោក ភី សាវឹង បានសាទរចំពោះការសម្រេចរបស់តុលាការដែលបានលើកលែងការចោទប្រកាន់កូនក្តីរបស់លោក។ លោកបាននិយាយថា ការសម្រេចរបស់តុលាការ គឺជារឿងត្រឹមត្រូវ៖
«តាំងមន្រ្តីនគរបាលយុត្តិធម៌រហូតដល់ព្រះរាជអាជ្ញា ចៅក្រមស៊ើប ចៅក្រមជម្រះមិនអាចរកភស្តុតាងណាមួយបញ្ជាក់ឲ្យឃើញថា កូនក្តីខ្ញុំបានមាន ឬក៏បានចូលរួមប្រព្រឹត្តនូវអំពើដាក់គ្រឿងផ្ទុះ គ្រឿងប្រល័យនៅទីសាធារណៈទេ ។ អញ្ចឹងតុលាការបានផ្តល់យុត្តិធម៌ឲ្យគាត់វិញ ដោយឲ្យគាត់រួចផុតពីបទចោទ »។
កាលពីថ្ងៃទីពីរ ខែមករា ឆ្នាំ២០០៩ អាជ្ញាធរក្រុងភ្នំពេញ បានរកឃើញគ្រាប់បែកបង្កៃចំនួនបី គ្រាប់ មួយគ្រាប់ត្រូវបានគេយកបង្កៃនៅពីមុខក្រសួងការពារជាតិ និងពីគ្រាប់ផ្សេងទៀត ត្រូវបានគេយកបង្កៃនៅមុខស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ក៏ប៉ុន្តែគ្រាប់បែកទាំងបីគ្រាប់នោះពុំបានបង្កសំឡេងផ្ទុះនោះទេ ។
ការបង្កៃគ្រាប់បែកនេះ បានធ្វើឡើងរយៈពេលមួយថ្ងៃប៉ុណ្ណោះ មុនពិធីអាពាហ៍ពិពាហ៍កូនលោក នាយករដ្ឋមន្រ្តីហ៊ុន សែន ។ អាជ្ញាធររដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចោទប្រកាន់ថា ការបង្កៃគ្រាប់បែកនេះ មានបំណងប្រឆាំងនឹងស្មារតីថ្ងៃ៧ខែមករា៕