ក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ ២០១៨នេះ មានការផ្ទុះអំពើហិង្សាមួយបានកើតឡើងនៅក្នុងខេត្តក្រចេះ ដែលបង្កឲ្យមានការអះអាងពីចំនួនមនុស្សស្លាប់និងរបួសផ្ទុយគ្នាដ៏ចម្រូងចម្រាស។ ក្រុមប្រជាពលរដ្ឋ និងមន្ត្រីសិទ្ធិមនុស្សបានអះអាងថា មានអ្នកស្លាប់ដោយគ្រាប់កាំភ្លើង ចំនួន ៦នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ ប៉ុន្តែអភិបាលខេត្តក្រចេះ បានបដិសេធភ្លាមៗថា គ្មានអ្នកស្លាប់ក្នុងហេតុការណ៍ផ្ទុះអាវុធនេះទេ។ អាជ្ញាធរក៏បានចាប់ខ្លួនអ្នកតវ៉ាជាច្រើននាក់ បន្ទាប់ពីការតវ៉ាក្នុងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចំការកៅស៊ូមួយ។
យ៉ាងហោចណាស់មានពលរដ្ឋចំនួន៦នាក់ ត្រូវគេរាយការណ៍មកថា បានស្លាប់ ១៥នាក់រងរបួស ហើយនឹងច្រើននាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនក្រោយកងកម្លាំងប្រដាប់អាវុធបើកការបាញ់ប្រហារ លើក្រុមអ្នកតវ៉ាក្នុងជម្លោះដីធ្លីមួយក្នុងខេត្តក្រចេះ នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស និងប្រជាពលរដ្ឋដែលស្ថិតក្នុងហេតុការណ៍នោះ។
ការតវ៉ារឿងដីធ្លីនាំដល់ការផ្ទុះអាវុធនេះ បានកើតឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី ៨ ខែ មីនា ឆ្នាំ ២០១៨ ក្រោយពីក្រុមប្រជាពលរដ្ឋ បើកការតវ៉ា នៅក្នុងតំបន់ក្រុមហ៊ុន ដាំដើមកៅស៊ូមួយ ក្បែរផ្លូវជាតិលេខ ៧៦ A នៅក្នុង ស្រុកស្នួល ខេត្តក្រចេះ។
តាមការឱ្យដឹងពីសាក្សីផ្ទាល់ភ្នែកឱ្យដឹងថា ក្រុមទាហានប្រដាប់ដោយអាវុធវែង ក្នុងចំណោមអាជ្ញាធរមានសមត្ថកិច្ចប្រមាណជា ១៥០នាក់ បានបើកការបាញ់ប្រហារដើម្បីបំបែកហ្វូងបាតុករទាំងនោះ។
លោក ប៊ី វន្នី មន្ត្រីសិទ្ធិមនុស្សរបស់សមាគមសិទ្ធិមនុស្សប្រចាំខេត្តក្រចេះបានប្រាប់ VOA ក្រោយការបាញ់បំបែកហ្វូងបាតុករ អំពីការស្លាប់របស់អ្នកតវ៉ាយ៉ាងដូច្នេះ៖
«តាមការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋចុងក្រោយយើងនេះ មានន័យថា ប្រជាពលរដ្ឋដែលស្លាប់ ៦នាក់ ហើយ ២នាក់ ដែលស្លាប់នៅកន្លែង។ ស្លាប់នៅពេលដែលបញ្ជូនទៅមន្ទីរពេទ្យ បួននាក់ទៀតណ៎ា! បួននាក់ទៀត។ ប្រជាពលរដ្ឋរងរបួស ១៥ នាក់ ១៥នាក់ណ៎ា! ហើយចំពោះប្រជាពលរដ្ឋ ហើយចំពោះប្រជាពលរដ្ឋដែលគេចាប់បញ្ជូនទៅ ច្រើននាក់ដែរ ប៉ុន្តែយើងមិនបានកំណត់ចំនួនច្បាស់លាស់ទេ។ ប៉ុន្តែច្រើន»។
លោកអះអាងថា បើតាមសម្តីពលរដ្ឋ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលត្រូវបានចាប់ខ្លួនមានចំនួនជាង ៥០នាក់។ លោកបានបញ្ជាក់បន្តថា មានប្រជាពលរដ្ឋប្រមាណជាបួនរយនាក់បានចូលរួមតវ៉ានឹងអាជ្ញាធរមានសមត្ថកិច្ច។
ការតវ៉ារបស់ប្រជាពលរដ្ឋ ដែលឈានដល់ការប្រើប្រាស់អាវុធនេះ បានកើតឡើងមួយថ្ងៃ ក្រោយអាជ្ញាធរមូលដ្ឋាន និងក្រុមប្រជាពលរដ្ឋខែ្វងគំនិតគ្នាក្នុងការ វាស់ព្រំប្រទល់បែងចែកដី ដែលជាន់គ្នានឹងដីរបស់ក្រុមហ៊ុនចំការកៅស៊ូមេមត់។
យាងណាក៏ដោយ លោក ស ចំរុង អភិបាលខេត្តក្រចេះ បានបដិសេធភ្លាមៗ ចំពោះព័ត៌មានដែលថា មានការបាញ់ប្រហារបណ្តាលឲ្យស្លាប់មនុស្សនៅខេត្តក្រចេះនារសៀលនេះ។ លោកប្រាប់ VOA ថា ករណីទំនាស់ដីធ្លីនេះបានកើតឡើងរវាងពលរដ្ឋជាង២០០គ្រួសារ ជាមួយក្រុមហ៊ុនមួយឈ្មោះមេមត់ រហូតដល់មានការចេញមុខដោះស្រាយពីអាជ្ញាធរជាបន្តបន្ទាប់។ លោកបន្ថែមថា ប្រជាពលរដ្ឋប្រមាណជា១០ខ្ទម ក្រៅពីប្រជាពលរដ្ឋជាង២០០គ្រួសារនោះ បានមកសាងសង់បន្ថែមលើដីនោះនាពេលថ្មីៗ ទើបអាជ្ញាធររុះរើរហូតឈានដល់មានការឃាត់ខ្លួនពលរដ្ឋថ្មីម្នាក់នោះ។
លោក ស ចំរុង បន្ថែមថា ពលរដ្ឋ១០គ្រួសារនោះបានតវ៉ាបិទផ្លូវ និងព្រមានដុតគ្រឿងចក្រ ទាមទារឲ្យមានការដោះលែងអ្នកដែលត្រូវបានចាប់ខ្លួននោះ ដោយមានទាំងកាន់អាវុធកែច្នៃបាញ់មកលើសមត្ថកិច្ចផង។
អភិបាលខេត្តក្រចេះ ស ចំរុង បញ្ជាក់ថា៖
«សមត្ថកិច្ចកំពុងចរចាម៉ោងប្រហែលជា២ គាត់មានអាវុធកែច្នៃ គេហៅកាំភ្លើងខ្យល់នោះ បាញ់មកលើសមត្ថកិច្ចហ្នឹងរបួសប្រហែលជា៦-៧នាក់។ គាត់មានជំពាមកៅស៊ូគ្រប់ដៃ មានដុំថ្ម មានកាំបិត មានខ្វែវគ្រប់ដៃ។ អញ្ចឹងសមត្ថកិច្ចគេក៏ផ្ទុះអាវុធឡើងលើ ដើម្បីបំបែកហ្វូងហ្នឹងចេញ។ ហើយឧប្បត្តិហេតុហ្នឹងបណ្តាលឲ្យរបួសមនុស្សពីរនាក់ មនុស្សប្រុសម្នាក់ត្រូវកំភ្លៅស្រាលទេ ហើយមនុស្សស្រីម្នាក់របួសគូទ ហើយអាជ្ញាធរបានយកគាត់មកព្យាបាលនៅមន្ទីរពេទ្យខេត្តមួយនៅមន្ទីរពេទ្យស្រុក។ រឿងមានតែប៉ុណ្ណឹងទេ មកដល់ម៉ោងហ្នឹង»។
ក៏ប៉ុន្តែ លោកស្រី ទិន ភ័ក្រ្ត ពលរដ្ឋម្នាក់ដែលស្ថិតក្នុងហេតុការណ៍នោះប្រាប់ VOA នាល្ងាចថ្ងៃព្រហស្បតិ៍នេះថា លោកស្រី និងប្រជាពលរដ្ឋប្រមាណជា២០០នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរវាយបង្រ្កាប និងបាញ់ប្រហារ បន្ទាប់ពីក្រុមពលរដ្ឋបិទផ្លូវជាតិលេខ ៦ A ក្នុងស្រុកស្នួល តវ៉ាមិនឲ្យអាជ្ញាធរដុតផ្ទះរបស់ពួកគាត់។ លោកស្រីបន្ថែមថា ការបាញ់ប្រហារនោះធ្វើឡើងដោយអាជ្ញាធរ ហើយបានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ២នាក់ទៀតបាត់ខ្លួន និង៤នាក់ទៀតរងរបួសធ្ងន់។
លោកស្រីបញ្ជាក់ថា៖
«បាត់បួននាក់ទៀតប៉ុន្តែរកមិនទាន់ឃើញ សពហ្នឹងក៏រកអត់ទាន់ឃើញដែរ។ ស្លាប់ពីរនាក់ ខ្ញុំឃើញផ្ទាល់ភ្នែក ស្រីមួយ ប្រុសមួយ ខ្ញុំបានទាំងជួយលើកសពហ្នឹងទៀត។ ដល់ពេលរួចហើយខ្ញុំចូលយកសពហ្នឹងកម្លាំងសមត្ថកិច្ចអត់ឲ្យយក ដល់ពេលអត់ឲ្យយក វាយខ្ញុំរួចអីរួច ខ្ញុំក៏ដើរចេញមក ដល់ពេលពួកខ្ញុំដើរទៅយកសពហ្នឹងវិញ បាត់សពហ្នឹងបាត់»។
តាមការបញ្ជាក់បន្ថែមរបស់ប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀតបានឲ្យដឹងថា នៅមុនពេលមានការបាញ់ប្រហារពីសំណាក់ក្រុមទាហានមកលើ អ្នកតវ៉ានេះ គឺក្រុមអាជ្ញាធរមានសមត្ថកិច្ច បានចូលទៅរុះរើ និងដុតផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងតាំងពីព្រឹកព្រលឹម រហូតដល់រសៀលថ្ងៃព្រហស្បតិ៍។
ពលរដ្ឋម្នាក់ឈ្មោះ សុខ ម៉ន បាននិយាយថា៖
«គេៗ ដុតតើបង គេយកអាត្រាក់មកទាញដុតហ្មង ក្មេងអាយុ ១៣ ១៤ឆ្នាំអី វាយគ្នាទះគ្នាអីចឹង»។
លោក ប៊ី វន្នី មន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តក្រចេះ បានបញ្ជាក់ថា ក្រុមទាហានមិនគួរប្រើអាវុធដើម្បីបំបែកហ្វូងអ្នកតវ៉ា ដែលធ្វើការតវ៉ាដោយសន្តិវិធី ទោះបីពួកគេមានកាន់ដំបង និងកាំបិតក៏ដោយ។ លោកថា ការឆ្លើយតបយ៉ាងហិង្សារបស់ទាហាន មិនសមាមាត្រនឹងក្រុមអ្នកត៉វានោះទេ ដែលទាមទារឲ្យការបើកកិច្ចស៊ើបអង្កេត។ ប៉ុន្តែលោក សរ ចំរុង អះអាងការផ្តល់ព័ត៌មានរបស់អ្នកការពារសិទ្ធិមនុស្ស និងប្រជាពលរដ្ឋមិនអាចយកជាការបានទេ ប៉ុន្តែគ្រាន់តែជាការបំផ្លើស និង ញុះញង់ប៉ុណ្ណោះ៕