នៅពេលជិតបីខែក្រោយការវាយប្រហារភេរវកម្មកាលពីខែវិច្ឆិកានៅក្នុងក្រុងប៉ារីស និងនៅក្រោយរយៈពេលជាច្រើនសប្តាហ៍នៃការជជែកដេញដោលគ្នា និងការធ្វើបាតុកម្មមក កាលពីថ្ងៃសុក្រក្រុមសមាជិកសភាបារាំងបានចាប់ផ្តើមពិនិត្យមើលសេចក្តីព្រាងច្បាប់ដើម្បីបង្កើនអំណាចច្បាប់សន្តិសុខដោយមានរួមបញ្ចូលសំណើកែប្រែរដ្ឋធម្មនុញ្ញដែលមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងផងដែរ។
គេរំពឹងថាក្រុមតំណាងរាស្ត្រក្នុងរដ្ឋសភាជាតិនឹងបោះឆ្នោតអំពីសំណើខ្លះក្នុងបណ្តាសំណើកែទម្រង់នៅថ្ងៃពុធក្រោយ។ ប្រសិនបើត្រូវអនុម័តសំណើទាំងនេះនឹងត្រូវបញ្ជូនទៅឱ្យព្រឹទ្ធសភាពិចារណា។ ក៏ប៉ុន្តែលទ្ធផលនៃកញ្ចប់សំណើទាំងនេះមិនទាន់ប្រាកដប្រជានៅឡើយទេ។
វិធានការពីរក្នុងបណ្តាវិធានការចម្រូងចម្រាស់បំផុតគឺការសរសេរស្ថានភាពមានអាសន្នដាក់ក្នុងរដ្ឋធម្មនុញ្ញជាមួយអត្ថបទស្តីពីការដកសញ្ជាតិបារាំងពីពួកជនដែលមានទោសពីបទប្រព្រឹត្តភេរវកម្ម និងពួកជនឯទៀតៗដែលគំរាមកំហែង «ផលប្រយោជន៍» របស់ប្រទេសជាតិ បានធ្វើឱ្យមានការតវ៉ាប្រឆាំងយ៉ាងខ្លាំងនិងបាននាំឱ្យមានការបែកបាក់គ្នាយ៉ាងជូរចត់ក្នុងគណបក្សសង្គមនិយមរបស់លោកប្រធានាធិបតី Francois Hollande ផងដែរ។
នៅក្នុងសុន្ទរកថាដែលលោកបានថ្លែងទៅកាន់រដ្ឋសភាជាតិកាលពីព្រឹកថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រីបារាំង Manuel Valls បានមានប្រសាសន៍បង្ហាញហេតុផលក្នុងការធ្វើឱ្យមានវិធានការទាំងនេះដោយលោកបានកត់សម្គាល់អំពីការវាយប្រហារភេរវកម្មធំៗពីរក្នុងក្រុងប៉ារីស កាលពីឆ្នាំទៅមិញដែលបានបណ្តាលឱ្យមនុស្សទាំងអស់ជិត១៥០នាក់បាត់បង់ជីវិត។
លោក Valls បានមានប្រសាសន៍ថា «ការប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយមជាកាតព្វកិច្ចរបស់មនុស្សមួយជំនាន់»។ លោកបានមានប្រសាសន៍បន្ថែមថាសាធារណជនបារាំងទាមទារដល់ក្រុមមន្ត្រីជាប់ឆ្នោតរបស់ពួកគេឱ្យធ្វើ «អ្វីៗទាំងអស់ដើម្បីការពារពួកគេ»៕