លោក Sebastian Kurz វ័យ៣១ឆ្នាំ ដែលជាមេដឹកនាំគណបក្សអភិរក្សនិយម បានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតនៅប្រទេសអូទ្រីស។ ជ័យជម្នះនេះបានធ្វើឲ្យលោកក្លាយទៅជាមេដឹកនាំក្មេងវ័យបំផុតនៅអឺរ៉ុប។
អ្នកអង្កេតនិយាយថា លោក Kurz បានទទួលជោគជ័យនៅក្នុងការបង្កើតគណបក្សអភិរក្សនិយមឡើងវិញ ហើយធ្វើឲ្យការប្រកាន់ស្តាំនិយមនៅអូទ្រីសមានសកម្មភាពឡើងវិញ ដោយរួមទាំងការប្រកាន់ស្តាំនិយមជ្រុលផងដែរ ក្រោយពីមានការបែកបាក់សាមគ្គីភាពរវាងអ្នកអភិរក្សនិយមនិងអ្នកសង្គមនិយម។
លទ្ធផលនៃការបោះឆ្នោតថ្មីពីអង្គការ SORA បានបង្ហាញថា សមាជិកគណបក្សប្រជាធិបតេយ្យសង្គមនិយម ដែលបានធ្វើយុទ្ធនាការទៅលើភាពចាំបាច់នៃសមភាពសង្គមបានដណ្តើមការគាំទ្រពីគណបក្សសេរីភាព ដែលប្រកាន់ស្តាំនិយមជ្រុល ដោយទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេទីពីរ បន្ទាប់ពីគណបក្សអភិរក្សនិយម។
យុទ្ធនាការនោះគឺផ្តោតទៅលើបញ្ហាអន្តោប្រវេសន៍។ ជាមួយនឹងចំនួនប្រជាជនជិត៩លាននាក់ ប្រទេសអូទ្រីសបានទទួលយកជនស្វែងរកសិទ្ធិជ្រកកោនចំនួន៩ម៉ឺននាក់ ក្នុងអំឡុងពេលដែលមានវិបត្តិអន្តោប្រវេសន៍កាលពីឆ្នាំ២០១៥ ដែលភាគច្រើននៃពួកគេទាំងនោះគឺជាអ្នកកាន់សាសនាឥស្លាម។ ការណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋផ្តោតការគាំទ្រលើអ្នកនយោបាយស្តាំនិយមកាន់តែច្រើន ដោយសារតែអ្នកនយោបាយទាំងនោះគាំទ្រឲ្យមានច្បាប់អន្តោប្រវេសន៍ដែលតឹងរ៉ឹងជាងមុន៕