ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីតភ្ចាប់ទ្វីបអាហ្វ្រិក Connected Africa ក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី២២ ខែមេសាកន្លងទៅ ប្រធានាធិបតីកេនយ៉ាលោក William Ruto និយាយថា ការតភ្ចាប់គម្លាតបច្ចេកវិទ្យាមានសារៈសំខាន់សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចនិងនវានុវត្តន៍របស់ទ្វីបអាហ្វ្រិក។ លោកថ្លែងដូចនេះថា៖
«ការបិទគម្លាតឌីជីថលជាអាទិភាពមួយក្នុងការលើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នា ដោយពង្រីកការរួមចំណែកនៃវិស័យបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មាន(ICT) ដល់ផលទុនសរុបក្នុងស្រុក GDPរបស់អាហ្វ្រិកនិងបង្កើនការរីកចម្រើន GDP ទូទៅលើគ្រប់វិស័យទាំងអស់។ សេដ្ឋកិច្ចឌីជីថលរបស់អាហ្វ្រិកមានសក្តានុពលធំធេង ហើយពលរដ្ឋជាយុវជនរបស់យើង ដែលមានវ័យក្មេងជាងគេបំផុតក្នុងពិភពលោក មានទឹកចិត្តខ្ពស់ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលនិងលើកកម្ពស់ភាពច្នៃប្រឌិត និងបង្កើតបច្ចេកវិទ្យាថ្មីៗ»។
ក្រុមអ្នកជំនាញនិយាយថាការផ្លាស់ប្តូរប្រព័ន្ធឌីជីថលក្នុងទ្វីបអាហ្វ្រិកអាចធ្វើឱ្យប្រសើរឡើងនូវឧស្សាហូបនីយកម្ម កាត់បន្ថយភាពក្រីក្រ បង្កើតការងារ និងលើកកម្ពស់ជីវភាពពលរដ្ឋខ្លួន។
យោងលើលើធនាគារពិភពលោក ពលរដ្ឋអាហ្វ្រិកចំនួន៣៦ភាគរយនៃប្រជាជនសរុបទាំងអស់១ពាន់៣០០លាននាក់ក្នុងទ្វីបអាហ្វ្រិក មានប្រព័ន្ធអ៊ីនធឺណិតប្រើប្រាស់ ហើយតំបន់ខ្លះទៀតដែលមានការតភ្ចាប់ប្រព័ន្ធអ៊ីនធឺណិតរួចហើយ គុណភាពសេវារបស់វានៅមានស្ថានភាពយ៉ាប់នៅឡើយបើប្រៀបធៀបនឹងតំបន់មួយចំនួន។
តួលេខពីវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិបង្ហាញថា អ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងទ្វីបអាហ្វ្រិកមានការកើនឡើងចំនួន១១៥ភាគរយ រវាងពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ ហើយថាមនុស្សចំនួន១៦០លាននាក់ បានទទួលការប្រើប្រាស់កំព្យូទ័រដែលភ្ចាប់អ៊ីនធឺណិតរវាងពីឆ្នាំ២០១៩ដល់ឆ្នាំ២០២២។
ការរីកចម្រើននៃប្រព័ន្ធឌីជីថលអាហ្រ្វិកត្រូវបានរារាំងដោយការខ្វះខាតអ៊ីនធឺណិតដែលមានសុវត្ថិភាពនិងអាចទុកចិត្តបាន ដែលការណ៍នេះជារឿងដ៏សំខាន់មួយក្នុងការបិទគម្លាតឌីជីថល និងកាត់បន្ថយវិសមភាព។
លោក Lacina Kone ប្រធានអង្គការ Smart Africa ដែលសម្របសម្រួលសកម្មភាពបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មាន (ICT) នៅក្នុងទ្វីបអាហ្វ្រិក។ លោកនិយាយថា ការធ្វើសមាហរណកម្មបច្ចេកវិទ្យាទៅក្នុងសកម្មភាពប្រចាំថ្ងៃក្នុងសង្គមអាហ្រ្វិក ជាការចាំបាច់និងមិនត្រូវព្រងើយកន្តើយឡើយ។ លោកនិយាយដូចនេះថា៖
«ការផ្លាស់ប្តូរឌីជីថលលែងក្លាយជាជម្រើសទៀតហើយ ប៉ុន្តែជារឿងចាំបាច់មួយ ដូចជាការប្រើប្រាស់ទឹកនិងរបស់ផ្សេងទៀតនៅក្នុងផ្ទះដូច្នោះដែរ។ ដូចនេះការតភ្ចាប់អាហ្វ្រិកនេះ ជាឱកាសមួយសម្រាប់យើងទាំងអស់គ្នា។ ខ្ញុំឃើញមានប្រទេសជាសមាជិកនិងរដ្ឋមន្ត្រីបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានជាច្រើនស្ថិតនៅទីនេះ ដើម្បីតម្រង់ទិសចក្ខុវិស័យរបស់យើងទាំងអស់គ្នា»។
ជំងឺឆ្លងរាតត្បាតកូវីដ១៩ បានធ្វើឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំងនៅក្នុងផ្នែកផ្សេងៗក្នុងសេដ្ឋកិច្ចអាហ្វ្រិក ដោយអ្នកជំនាញនិយាយថា ពេលនេះឱកាសកំពុងកើតមាននៅលើសេវាចល័តការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ចាប់បណ្តាញអ៊ីនធឺណិតទៅប្រព័ន្ធកំព្យូទ័រ និងការរក្សាទុកទិន្នន័យជាដើម។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកេនយ៉ា អ្នកស្រី Meg Whitman បានអំពាវនាវដល់អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ឱ្យអភិវឌ្ឍបច្ចេកវិទ្យាដែលអាចជួយដោះស្រាយបញ្ហារបស់ពលរដ្ឋបាន។ អ្នកស្រីថ្លែងដូចនេះថា៖
«ខ្ញុំសូមលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាលើយុទ្ធវិធីនេះសម្រាប់សេដ្ឋកិច្ចរបស់អ្នក។ សូមអ្នកមើលលើភាពខ្លាំងដែលអ្នកមានរួចហើយក្នុងប្រទេសរបស់អ្នក និងសួរពីរបៀបដែលបច្ចេកវិទ្យា អាចដោះស្រាយការប្រឈមក្នុងវិស័យជាច្រើន ដើម្បីធ្វើឱ្យអ្នកក្លាយជាមេដឹកនាំតាមរយៈភាពច្នៃប្រឌិត។ ពេលខ្លះការច្នៃប្រឌិតមើលទៅដូចជាបញ្ញាសិប្បនិម្មិតAI ផ្កាយរណប និងលុយឌីជីថលដូច្នោះដែរ។ ជួនកាលវាមើលទៅមិនដូចយើងរំពឹងទុកនោះឡើយ។ ទោះបីជាយ៉ាងនេះក្តី ភាពច្នៃប្រឌិតត្រូវរួមបញ្ចូលនូវធាតុផ្សំចំនួន៣ គឺការផ្តោតលើដំណោះស្រាយ វាត្រូវមានលក្ខណៈជាក់លាក់ និងមានចីរភាព។ ការផ្តោតលើដំណោះស្រាយ ជាមូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរអនាគតសម្រាប់ការតភ្ចាប់ទ្វីបអាហ្វ្រិក»។
នៅមុនបញ្ចប់កិច្ចប្រជុំកំពូលនេះ អ្នកចូលរួមមានបំណងរិះរកវិធីនានា ដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាអាហ្វ្រិក ធ្វើឱ្យកាន់តែប្រសើរឡើងនូវការប្រាស្រ័យទាក់ទងគ្នានៅក្នុងទ្វីបនេះ ជំរុញការប្រកួតប្រជែងនិងធានាថា ទ្វីបអាហ្វ្រិកនៅតែវិវត្តទៅមុខក្នុងវិស័យបច្ចេកវិទ្យាដែលមិនធ្លាប់មានក្នុងពេលកន្លងទៅ៕
វេទិកាបញ្ចេញមតិ