អ្នកណាដែលមានបំណងចង់ទស្សនាសហរដ្ឋអាមេរិក ក្នុងនាមជាសិស្ស ជាអាជីវករ ឬជាទេសចរក្តីដឹងថា ការទទួលបានទិដ្ឋការអាចចំណាយពេលច្រើនសប្តាហ៍ ឬច្រើនខែ ហើយត្រូវធ្វើដំណើរទៅកាន់ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកជាច្រើនដង។ ក្រុមមន្រ្តីសហរដ្ឋអាមេរិកនិយាយថា ពួកគេបានដឹងអំពីតម្រូវការនៃការធ្វើឲ្យប្រសើរឡើង នូវសេវាកម្មទិដ្ឋាការ និងសេវាកម្មផ្សេងទៀតសម្រាប់ទេសចរ ហើយថា ពួកគេកំពុងតែខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវគោលដៅនេះ។
នៅក្នុងពេលនៃកំណើនសេដ្ឋកិច្ចទន់ខ្សោយ និងសភាពតានតឹងនៃការចំណាយថវិកានៅក្នុងឆ្នាំសារពើពន្ធ សមាជិកព្រឹទ្ធសភាពីគណបក្សប្រជាធិបតេយ្យ អេមី ក្លូប៊ូចារ៍ (Amy Klobuchar) ប្រចាំរដ្ឋមីនីសូតា (Minnesota) មានប្រសាសន៍ថា សហរដ្ឋអាមេរិកមិនអាចព្រងើយកន្តើយនឹងទេសចរ និងភ្ញៀវបរទេសបានឡើយ។ លោកស្រីមានប្រសាសន៍ថា៖
«នេះជារឿងការងារ។ ភ្ញៀវបរទេសម្នាក់ៗដែលចូលមកកាន់ប្រទេសរបស់យើងចំណាយជាមធ្យម៤ពាន់ដុល្លា។ យើងកំពុងតែនិយាយអំពីលុយចាំបាច់ជាក់ស្តែង។ នៅក្នុងឆ្នាំ២០០៩តែមួយ ការចំណាយរបស់ភ្ញៀវបរទេស បានជួយទ្រទ្រង់ការងារសម្រាប់ប្រជាពលរដ្ឋអាមេរិកាំងចំនួន៩សែននាក់ និងបានចំណាយ២៣ពាន់លានដុល្លាសម្រាប់ប្រាក់បៀវត្សរ៍របស់កម្មករអាមេរិកាំង។»
លោកស្រី ក្លូប៊ូចារ៍ គឺជាប្រធានអនុគណៈកម្មការពាណិជ្ជកម្មរបស់ព្រឹទ្ធសភា ទទួលបន្ទុកការប្រកួតប្រជែង ការច្នៃប្រឌិត និងការជំរុញការនាំចេញ។ លោកស្រីមានប្រសាសន៍ថា ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៩ ភាគហ៊ុនរបស់សហរដ្ឋអាមេរិកទៅលើវិស័យទេសចរណ៍សកល បានធ្លាក់ចុះស្ទើរតែ១ភាគ៣ ដែលបានបណ្តាលឲ្យប្រទេសជាតិបាត់បង់ប្រាក់ចំណូលរាប់រយពាន់លានដុល្លា និងបាត់បង់ការងារចំនួនរាប់សែន។
កាលពីឆ្នាំទៅ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បានចុះហត្ថលេខាប្រកាសឲ្យប្រើច្បាប់ស្តីអំពីការលើកកំពស់ការធ្វើដំណើរ ដែលបានបង្កើតភាពជាដៃគូររវាងស្ថាប័នសាធារណៈ និងឯកជន ក្នុងការទាក់ទាញទេសចរបន្ថែមទៀតឲ្យចូលមកទស្សនាសហរដ្ឋអាមេរិក។ នៅក្នុងការជជែកដេញដោលកាលពីសប្តាហ៍មុន លោកស្រី ក្លូប៊ូចារ៍ បានមានប្រសាសន៍ថា ការផ្តួចផ្តើមនេះអាចដំណើរការទៅបាន លុះត្រាតែនីតិវិធីក្នុងការផ្តល់ទិដ្ឋាការរបស់សហរដ្ឋាអាមេរិកមានភាពប្រសើរឡើង។ លោកអូបាម៉ា មានប្រសាសន៍ថា៖
«វាមិនអាចធ្វើអ្វីឲ្យបានប្រសើរច្រើននោះទេ ក្នុងការផ្សព្វផ្សាយអំពីសហរដ្ឋអាមេរិកទៅកាន់អ្នកធ្វើដំណើរបរទេស នៅពេលដែលអ្នកធ្វើដំណើរបរទេសទាំងនោះ មិនអាចទទួលបានទិដ្ឋាការក្នុងរយៈពេលជាច្រើនខែ ដើម្បីមក ទស្សនាសហរដ្ឋអាមេរិក។ នៅក្នុងការស្ទាបស្ទង់មតិថ្មីៗមួយ អ្នកឆ្លើយតប៧៣ភាគរយបាននិយាយថា ពួកគេនឹងមិនមកទស្សនាសហរដ្ឋអាមេរិកទេ ប្រសិនបើគេដឹងថា ពួកគេត្រូវចំណាយពេលពីពីរទៅបីខែក្នុងការទទួលបានទិដ្ឋាការ។ គួរឲ្យសោកស្តាយ នៅក្នុងប្រទេសជាច្រើន នេះគឺជារយៈពេលដ៏យូរមួយដែលត្រូវចំណាយក្នុងការធ្វើទិដ្ឋាការ។»
ក្រុមមន្រ្តីសហរដ្ឋអាមេរិក ដែលបានឡើងមកធ្វើសក្ខីកម្មនៅចំពោះមុខអនុគណៈកម្មការ បាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងទាំងឡាយ នៅក្នុងការពន្លឿនពាក្យសុំទិដ្ឋាការ និងនៅក្នុងការជំរុញចំនួនបុគ្គលិករបស់ស្ថានឯកអគ្គកុងស៊ុល។ ពួកគេក៏បានធ្វើការចង្អុលបង្ហាញផងដែរ ទៅលើប្រទេសដែលកំពុងមានចំនួនកើនឡើង ដែលបច្ចុប្បន្នមានចំនួន៣៦ប្រទេសហើយ ដែលចូលរួមនៅក្នុងកម្មវិធីសុំលើកលែងទិដ្ឋាការ ដែលលុបចោលនូវតម្រូវការសម្រាប់ទិដ្ឋាការសហរដ្ឋអាមេរិក សម្រាប់ប្រភេទនៃការធ្វើដំណើរជាច្រើន។
ជំនួយការរងរដ្ឋមន្រ្តីក្រសួងការបរទេស សម្រាប់សេវាកម្មទិដ្ឋាការ លោក ដេវីត ដូណាហ៊ូ (David Donahue) មានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះបានបង្វែរការធ្លាក់ចុះ នៃចំនួនភ្ញៀវទេសចរណ៍បរទេស ដែលធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក។ លោកដូណាហ៊ូ បន្តថា៖
«នៅឆ្នាំ២០១០ ទេសចរបរទេស៦០លាននាក់បានចូលមកក្នុងសហរដ្ឋអាមេរិក គឺកើនឡើងចំនួន១៧ភាគរយពីឆ្នាំ២០០៦។ តម្រូវការសម្រាប់ទិដ្ឋាការមានការកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងប្រទេសដែលសេដ្ឋកិច្ចមានការកើនឡើងលឿនជាងគេបំផុត។ ចាប់តាំងពីឆ្នាំ២០០៥មក ការចេញទិដ្ឋាការនៅចិនកើនឡើងមួយទ្វេជាពីរ និងមានការកើនឡើង៥០ភាគរយនៅឥណ្ឌា ៥២ភាគរយនៅរុស្សី ២៤ភាគរយនៅក្នុងម៉ីកស៊ីក និងជាង៥០ភាគរយនៅមជ្ឈឹមបូព៌ាប្រទេស និងអាហ្រ្វិកខាងជើង។ នៅក្នុងប្រទេស ប្រេហ្ស៊ីល ការចេញទិដ្ឋាការកើនឡើងជិតដល់ទៅបីដង។»
ប៉ុន្តែ លោក ដូណាហ៊ូ បានបន្ថែមថា តម្រូវការសម្រាប់ដំណើរការទិដ្ឋាការឆាប់រហ័ស ត្រូវតែថ្លឹងថ្លែងជាមួយតម្រូវការរបស់សហរដ្ឋអាមេរិក ក្នុងការពិនិត្យពិច័យអ្នកទាំងឡាយណាដែលចូលមកក្នុងប្រទេស បន្ទាប់ពីការវាយប្រហារភេរវកម្មនៅក្នុងឆ្នាំ២០០១ ទៅលើទីក្រុងញូវយ៉ក និងរដ្ឋធានីវ៉ាស៊ីនតោន។ ឧទាហរណ៍ លោកបានកត់សម្គាល់ថា មនុស្សមួយចំនួនបានផ្តល់យោបល់អំពីការទទួលយកបច្ចេកវិជ្ជាសន្និសីទតាមវីដេអូ ដូច្នេះ ក្រុមមន្រ្តីសហរដ្ឋអាមេរិកអាចសម្ភាសអ្នកដាក់ពាក្យសុំទិដ្ឋាការពីចម្ងាយ ជាជាងបង្ខំពួកគេឱ្យមកកាន់ស្ថានឯកអគ្គកុងស៊ុលសហរដ្ឋអាមេរិក។ លោក ដាណាហ៊ូ បានមានប្រសាសន៍ថា បើនិយាយអំពីទស្សនៈសន្តិសុខ គំនិតនេះមិនមែនជាដំបូន្មានល្អនោះទេ។ លោកបន្តទៀតថា៖
«គោលបំណងនៃការសម្ភាសន៍ទល់មុខគ្នា គឺដើម្បីធ្វើការវាយតម្លៃពិតប្រាកដទៅលើមនុស្ស ដែលកំពុងតែឈរនៅពីមុខអ្នក និងធ្វើការកំណត់ថាតើពួកគេនឹងប្រើប្រាស់ទិដ្ឋាការត្រឹមត្រូវដែរឬទេ។ ហើយនៅក្នុងការប្រើប្រព័ន្ធប្រាស្រ័យទាក់ទងប្រភេទស្កែប (Skype) សាមញ្ញពេក ទោះបីជាបច្ចេកវិជ្ជានោះល្អជាងគេយ៉ាងណាក៏ដោយ យើងមិនជឿថា យើងនឹងអាចធ្វើការសម្រេចចិត្តទាំងនោះបានទេ។ វាគឺជាការបង្ហាញមុខបីមុំដោយផ្ទាល់ ដែលយើងគិតថាសំខាន់។»
ដើម្បីកាត់បន្ថយបញ្ហា និងការពន្យាពេល បន្ទាប់ពីភ្ញៀវបានធ្វើដំណើរមកដល់សហរដ្ឋអាមេរិក អតីតរដ្ឋបាលរបស់លោកប្រធានាធិបតី ប៊ូស បានបង្កើតកម្មវិធី «ចំណតចូលគំរូ» ឬហៅជាភាសាអង់គ្លេសថា «Model Ports of Entry»។ នៅក្រោមកម្មវិធីនេះ មន្រ្តីការពារព្រំដែន និងរដ្ឋាករគយបន្ថែមទៀតត្រូវបានដាក់ពង្រាយនៅតាមព្រលានយន្តហោះអន្តរជាតិដែលមមាញឹកជាងគេរបស់ប្រទេស។ តំបន់ត្រួតពិនិត្យត្រូវបានផ្លាស់ប្តូរទ្រង់ទ្រាយ ដើម្បីធ្វើឲ្យវាមាន លក្ខណៈស្វាគមន៍ដ៏ប្រសើរមួយ ហើយផ្លូវរហ័សត្រូវបានបង្កើតឡើង សម្រាប់ទេសចរដែលមកដល់ និងដែលត្រូវការតភ្ជាប់ទៅជើងហោះហើរផ្សេងទៀត៕
ប្រែសម្រួលដោយ ឌី ខាំបូលី