កំណត់និពន្ធ៖ ថ្មីៗនេះលោក Charles Foxជាអ្នកថតរូបអាជីពមានបទពិសោធន៍ន៍នៅក្នុងប្រទេសកម្ពុជា បានបង្កើតគេហទំព័រមួយដែលមានឈ្មោះ«Found Cambodia [រកឃើញកម្ពុជា]»។ គេហទំព័រមិនយកប្រាក់កម្រៃគឺក្នុងគោលបំណងប្រមូលរូបភាពគ្រួសាររបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងអំឡុងពេលមុន និងក្រោយសម័យខ្មែរក្រហម។ លោកនៅ វណ្ណារិននៃវីអូអេខេមរភាសា បានជួបសន្ធនាជាមួយលោក Charles Fox នៅក្នុងបន្ទប់ផ្សាយរបស់វីអូអេនៅរាជាធានីភ្នំពេញអំពីគេហទំព័រនេះ។
VOA៖ នៅថ្ងៃនេះ យើងមានលោក Charles Fox ជាអ្នកថតរូបអាជីពនិងមានបទពិសោធន៍ន៍ន៍នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍មកធ្វើជាភ្ញៀវកិត្តិយស។ នាពេលថ្មីៗនេះ លោកបានបង្កើតគេហទំព័រដែលមិនយកប្រាក់កម្រៃមួយហៅថា«Found Cambodia [រកឃើញកម្ពុជា]»ដែលបង្ហាញពីគ្រួសារកម្ពុជា និងការរស់នៅរបស់ពួកគេ តាមរយៈការប្រមូលផ្តុំរូបថតក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះគឺអំឡុងពេលមុននិងក្រោយរបបខ្មែរក្រហម។
ឆ្នាំនេះគឺជាខួបទី៤០នៃការឡើងកាន់កាប់អំណាចរបស់ខ្មែរក្រហមថ្ងៃទី១៧ ខែមេសា១៩៧៥ ជាពេលដែលការសម្លាប់រង្គាលបានកើតឡើង។ រហូតមកដល់ពេលបច្ចុប្បន្ន លោក Charles មានរូបថតប្រហែល១៥០សន្លឹកនៅលើគេហទំព័ររបស់លោកដែលគួរឲ្យចាប់អារម្មណ៍។ វាជាការប្រមូលផ្តុំរូបថតនៃការរស់នៅរបស់ប្រជាជនកម្ពុជាឆ្លងកាត់ទុក្ខលំបាក។ ដូច្នេះសូមស្វាគមន៍លោក Charles Fox។
Charles Fox៖ បាទ សួស្តី!
VOA៖ សូមអរគុណ សម្រាប់ការចំណាយពេលវេលានិងការអញ្ជើញមកបន្ទប់ផ្សាយរបស់ VOA នៅក្នុងរាជធានីភ្នំពេញ។
Charles Fox៖ សូមអរគុណដែលបានអញ្ជើញខ្ញុំមក។
VOA៖ មុនដំបូងបង្អស់ តើលោកអាចប្រាប់ពួកយើងបានទេអំពីគម្រោងនេះ? ព្រោះពួកយើងបានដឹងតិចតួចអំពីគម្រោងរបស់លោក។ យើងគ្រាន់តែដឹងថា លោកគឺជាម្ចាស់គម្រោង«Found Cambodia»ដែលជាការប្រមូលរូបថតនៃក្រុមគ្រួសាររបស់ប្រជាជនកម្ពុជា បង្ហាញពីការឆ្លងកាត់ទុក្ខលំបាកក្នុងសង្គ្រាម ហើយបន្ទាប់មកតាមរយៈការអភិវឌ្ឍនៅក្នុងប្រទេសនេះ។
Charles Fox៖ បាទ ប្រាកដជាបាន។ ខ្ញុំបានចាប់ផ្តើមធ្វើការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០៦។ នៅពេលនោះ ខ្ញុំបានធ្វើការនៅស្ថាប័នសារព័ត៌មានមួយគឺ The Cambodia Daily ជាស្ថាប័នព័ត៌មានមួយនៅក្នុងស្រុក។ ដូច្នេះខ្ញុំមានហេតុផលធ្វើការងារសមរម្យមួយនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំបានចំណាយពេលនៅក្នុងប្រទេសនេះច្រើនគួរសម ហើយខ្ញុំបានយកព័ត៌មាន និងព្រឹត្តិការណ៍ប្រចាំថ្ងៃ។ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំបានចាប់ផ្តើមចាប់អារម្មណ៍នូវអ្វីដែលខ្ញុំមិនបានឃើញ។ រឿងរ៉ាវដែលខ្ញុំមិនទាន់បានឮ។ នៅក្នុងឆ្នាំ២០០៨ ខ្ញុំបានត្រឡប់ទៅប្រទេសអង់គ្លេសវិញ ហើយបានជួបនឹងសិល្បករជនជាតិខ្មែរមួយរូបឈ្មោះយ៉ានី។ គាត់បានបង្ហាញរូបថតគ្រួសាររបស់គាត់ឲ្យខ្ញុំមើល ហើយពួកយើងបាននិយាយគ្នាអំពីការថតរូប និងអំពីមនុស្សដែលនៅក្នុងរូបថតនោះ ព្រមទាំងរឿងរ៉ាវប្រវត្តិរបស់គាត់។ នៅពេលនោះ ខ្ញុំបានគិតថា វាគឺជាវិធីដ៏គួរឲ្យចាប់អារម្មណ៍មួយដើម្បីបង្ហាញអំពីការផ្លាស់ប្តូរសង្គមក្នុងប្រទេសកម្ពុជា ហើយនិងការរីកចម្រើនរបស់ប្រទេសនេះដែលឆ្លងកាត់សម័យកាលដ៏លំបាក។ ប៉ុន្តែការបង្ហាញនេះគឺមិនមែនតាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្រ្តឡើយគឺគ្រាន់តែតាមរយៈការប្រាប់ដំណើររឿងរបស់មនុស្ស ដូចជាក្តីសុបិន ក្តីសង្ឃឹម និងការអស់សង្ឃឹមរបស់ពួកគេ។ ដូច្នេះខ្ញុំបានធ្វើការសន្យាជាមួយយ៉ានីថា ប្រសិនបើខ្ញុំត្រឡប់ទៅធ្វើការនៅក្នុងប្រទេសកម្ពុជាវិញ ខ្ញុំនឹងចាប់ផ្តើមគម្រោងនេះ។ នៅក្នុងឆ្នាំ២០១២ ខ្ញុំពិតជាបានត្រឡប់មកកម្ពុជាវិញ ហើយក៏ចាប់ផ្តើមគម្រោងនេះ។ អ្វីដែលខ្ញុំធ្វើគឺជួបជាមួយនឹងប្រជាជនកម្ពុជា ហើយមើលរូបថតក្រុមគ្រួសារ និងស្តាប់រឿងរ៉ាវប្រវត្តិគ្រួសាររបស់ពួកគេ។ នៅពេលដែលគម្រោងចាប់ផ្តើម ខ្ញុំបានផ្តោតសំខាន់ដោយធ្វើការស្វែងរករូបភាពដែលគួរឲ្យចាប់អារម្មណ៍ ស្វែងរករឿងរ៉ាវណាដែលគួរឲ្យចាប់អារម្មណ៍ ហើយបង្ហាញអំពីបទពិសោធន៍ន៍របស់ប្រជាជនកម្ពុជា ដូចជាថា តើប្រជាជនរស់នៅយ៉ាងដូចម្តេច? តើពួកគេដោះស្រាយទុក្ខលំបាកដោយរបៀបណា?
ដំបូងខ្ញុំបានចាប់ផ្តើមធ្វើជាប្លុក (blog) ដោយបានបង្ហោះរូបថតទៅក្នុងប្លុកនោះជារៀងរាល់ថ្ងៃ។ វាពិតជាចម្លែកណាស់ ព្រោះខ្ញុំមិនបានរំពឹងគិតថា នឹងមានមនុស្សច្រើននាក់រំភើបឬចាប់អារម្មណ៍នឹងវាឡើយ។ ខ្ញុំមិនបានគិតពីរឿងនោះទាល់តែសោះ។ ខ្ញុំបានចាប់ផ្តើមគម្រោងនោះ ព្រោះតែខ្ញុំចាប់អារម្មណ៍តែប៉ុណ្ណោះ ប៉ុន្តែវាបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយមនុស្សជាច្រើនបានចាប់អារម្មណ៍នឹងវា។ ដូច្នេះខ្ញុំបានបន្តធ្វើការគម្រោងនោះ។ កាលពី៣ខែមុន ខ្ញុំមានគំនិតចង់ផ្លាស់ប្តូរទិសដៅគម្រោងនេះ។ ខ្ញុំចង់ធ្វើវាឲ្យលើសពីអ្វីដែលគ្រាន់តែជាបណ្ណសារ ដែលមនុស្សគ្រប់គ្នាអាចទស្សនា។ ដូច្នេះខ្ញុំបានដាក់អាស័យដ្ឋានអចិន្រ្តៃយ៍សម្រាប់គម្រោងនេះ។ ខ្ញុំបានអភិវឌ្ឍ Found Cambodia ឲ្យទៅជាគេហទំព័រ។ គេហទំព័រនេះត្រូវបានអភិវឌ្ឍឡើងនៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំចំណាយពេលអស់៣ខែដើម្បីធ្វើវាឲ្យចេញទៅជាគម្រោងជាក់លាក់មួយ។ គម្រោងនោះគឺជារបៀបទុកដាក់រូបថត នៅក្នុងវិធីមួយ ដែលអ្នកចូលទស្សនាអាចរករូបថតបានដោយគ្រាន់តែវាយពាក្យគន្លឹះ ឃ្លាគន្លឹះ ដូច្នេះ រូបថត ដែលជាលទ្ធផលនៃការស្វែងរកនេះនឹងបង្ហាញដល់ពួកគេ។ ហើយខ្ញុំរកឃើញថា ការធ្វើវាឲ្យទៅជាគេហទំព័របែបនេះគឺជាវិធីមួយក្នុងការបង្ហាញរូបថតទាំងនោះជាជាងគ្រាន់តែធ្វើវាជាប្លុក។ ដូច្នេះគម្រោងនេះចាប់ផ្តើមពីកន្លែងនោះទៅ។ បច្ចុប្បន្ននេះ គេហទំព័រនេះមានរូបថតជាង១៥០សន្លឹកហើយ។ ប៉ុន្តែខ្ញុំមានរូបថតច្រើនជាងនេះទៀត ដែលនឹងត្រូវបញ្ចូលទៅក្នុងគេហទំព័រ ហើយខ្ញុំនឹងត្រូវជួបជាមួយមនុស្សជាច្រើនទៀតដើម្បីសម្ភាស។
VOA៖ បាទ អរគុណ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ តើមានមនុស្សប៉ុន្មាននាក់បានចូលរួមក្នុងគម្រោងរបស់លោក? ហើយតើពួកគេតួនាទីជាអ្វី?
Charles Fox៖ ខ្ញុំបាននិយាយទៅកាន់មនុស្សប្រហែលជា៥០ទៅ៦០គ្រួសារ ដែលមកពីប្រទេសអង់គ្លេស កម្ពុជា ហើយថ្មីៗនេះនៅសហរដ្ឋអាមេរិក។ កិច្ចសន្ទនាទាំងនោះ មានខ្លះកើតឡើងដោយចៃដន្យ តាមរយៈការដើរចូលទៅជួបគេ។ នោះគឺជាអ្វីដែលធ្វើឲ្យខ្ញុំពិតជាចូលចិត្តនៅក្នុងប្រទេសកម្ពុជា។ ផ្ទះមួយចំនួននៅកម្ពុជាគឺជាផ្ទះប្រកបរបបលក់ដូរផង និងស្នាក់នៅផង។ ដូច្នេះអ្នកនឹងឃើញរូបថតក្រុមគ្រួសាររបស់ពួកគេព្យូរនៅនឹងជញ្ជាំង។ ពេលខ្ញុំបានចូលទៅទិញឥវ៉ាន់នៅផ្ទះរបស់ពួកគេ ខ្ញុំបានឃើញរូបថតព្យួរដាក់ស៊ុមនៅលើជញ្ជាំងនោះ ហើយចាប់ផ្តើមសន្ទនាអំពីរូបថតនោះ។ នេះជាវិធីដែលខ្ញុំមានទំនាក់ទំនងជាមួយអ្នកដទៃឲ្យគេចូលក្នុងគម្រោងនេះ។ មានពេលខ្លះ ខ្ញុំធ្វើការជាមួយអ្នកបកប្រែ នៅពេលដែលខ្ញុំចាប់អារម្មណ៍នឹងផ្នែកណាមួយជាក់លាក់។ មានពេលមួយនោះ ខ្ញុំពិតជាចាប់អារម្មណ៍នឹងវិធីថតនៅក្នុងកម្ពុជា។ វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ដូចជាដំណាក់កាលនៃការថតរូប ដោយមានការប្តូរផ្ទាំងរូបភាពខាងក្រោយ មានស្ទីលថតរូបច្រើនបែប ការប្តូរសម្លៀកបំពាក់។ ខ្ញុំពិតជាចង់ធ្វើការស្រាវជ្រាវអំពីទម្រង់បែបនេះ។ ដូច្នេះខ្ញុំបានធ្វើការសិក្សាជាក់លាក់ជអំពីរូបថតប្រភេទអស់នោះ។
ថ្មីៗនេះ មានមនុស្សជាច្រើនបានទាក់ទងខ្ញុំអំពីគម្រោងនេះ។ មានបុរសខ្មែរអាមេរិកាំងម្នាក់បានទាក់ទងខ្ញុំកាលពី៣សប្តាហ៍មុន ហើយបានឲ្យរូបថតប្រហែល៣០ទៅ៤០សន្លឹកមកឲ្យខ្ញុំ ដើម្បីបញ្ចូលទៅក្នុងគម្រោង។ ហើយខ្ញុំបានសម្ភាសគាត់តាមរយៈ Skype។ យើងបានធ្វើបែបនេះ២ដងមករួចមកហើយ។ សម្ភាសន៍លើកទីមួយមានរយៈពេល៣ម៉ោង ហើយលើកទី២មានរយៈពេល២ម៉ោង។ មិត្តភក្តិរបស់ខ្ញុំនៅអង់គ្លេសក៏បានផ្តល់រូបថតមកឲ្យខ្ញុំផងដែរ។ វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ពីរបៀបដែលមនុស្សបានចូលរួមក្នុងគម្រោងនេះ។ ដូចដែលអ្នកបានដឹងហើយ ក្នុងនាមជាអ្នកកាសែត យើងមានពេលកំណត់ដែលត្រូវសរសេររឿង និងត្រូវបង្ហាញសាច់រឿងនោះក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែគម្រោងនេះ វាមិនអញ្ចឹងទេ។ ខ្ញុំមិនបានព្យាយាមតាមរកព័ត៌មានណាមួយឡើយ។ អ្នកដែលចូលរួម អ្នកដែលចាប់អារម្មណ៍នឹងគម្រោង អ្នកដែលផ្តល់រូបថតគឺសុទ្ធតែមកតាមសម្រួល ហើយវាបានរីកលូតលាស់តាមសម្រួល។ នេះគឺផ្នែកដែលគួរឲ្យសប្បាយចិត្តបំផុតអំពីគម្រោង។ អ្នកដែលចូលរួមគម្រោងគឺចូលរួមដោយស្ម័គ្រចិត្ត។ អ្នកដែលមិនចង់ចូលរួមមានសិទ្ធិជ្រើសរើសមិនចូលរួម។ វាខុសពីរបៀបដែលអ្នកថតរូបសារព័ត៌មាន ដែលត្រូវថតព្រឹត្តិការណ៍ដែលកើតឡើងក្នុងរយៈពេលមួយយ៉ាងខ្លី។ ដើម្បីបង្កើតគម្រោងដូចជា Found Cambodia នេះ យើងត្រូវមានជំនាញរៀបរ៉ាប់អំពីដំណើររឿង។ ទំនាក់ទំនងគឺពិតជាខុសគ្នាខ្លាំងណាស់។ វាគឺជាការផ្លាស់ប្តូរព័ត៌មាន ហើយខ្ញុំពិតជាពេញចិត្តអំពីគម្រោងនេះ។
VOA៖ និយាយអំពីការរៀបរ៉ាប់អំពីដំណើរជីវិតរបស់មនុស្ស និងឥទ្ធិពលនៃទុក្ខលំបាកនៅក្នុងប្រទេសកម្ពុជា និយាយឲ្យចំគឺសង្គ្រាមស៊ីវិល។ តើលោកសង្កេតឃើញអ្វីខ្លះតាមរយៈរូបថតទាំងអស់នេះ? តើលោកអាចបង្ហាញពួកយើងបានទេ?
Charles Fox៖ ប្រាកដជាបាន។ មានមូលហេតុមួយដែលទាក់ទាញឲ្យខ្ញុំមកធ្វើការនៅប្រទេសកម្ពុជា និងធ្វើឲ្យខ្ញុំចូលចិត្តធ្វើការនៅក្នុងប្រទេសនេះគឺការជាសះស្បើយរបស់ជនជាតិកម្ពុជា។ ពួកគេមានសមត្ថភាពយកឈ្នះបញ្ហាប្រឈម ហើយវាបានទាក់ទាញឲ្យអ្នកថតរូប ដូចជាខ្ញុំ ចូលមកប្រទេសនេះ។ ចាប់តាំងពីគម្រោងនេះបានចាប់ផ្តើម ខ្ញុំអាចមើលឃើញពីការជាសះស្បើយរបស់បុគ្គលម្នាក់ៗ។ ខ្ញុំបានឃើញគ្រួសារជាច្រើនបានទៅសិក្សានៅប្រទេសរុស្ស៊ីក្នុងនាមជានិស្សិតផ្លាស់ប្តូរការសិក្សានៅបរទេសដែលគេចេះភាសាតិចតួចបំផុត។ ប្រទេសរុស៊្សីគឺជាប្រទេសត្រជាក់ខ្លាំង ហើយពួកគេបានព្យាយាមសម្របខ្លួនរស់នៅទីនោះ។ ខ្ញុំឃើញក្រុមគ្រួសារដែលធ្វើការឲ្យអ៊ុនតាក់ (UNTAC) ធ្វើជាអ្នកបកប្រែភាសាសម្រាប់ជនបរទេសដែលមកធ្វើការនៅកម្ពុជា។ ខ្ញុំបានឃើញគ្រួសារដែលចាប់ផ្តើមធ្វើដំណើរជាលើកដំបូងក្នុងអំឡុងទសវត្ស១៩៩០ ហើយក៏មានមនុស្សមួយចំនួនដែលព្យាយាមអភិវឌ្ឍជីវិតខ្លួនឯងពីគ្មានអ្វីសោះរហូតដល់ចំណុចមួយដែលយើងមើលឃើញច្បាស់នូវការផ្លាស់ប្តូរ ក៏ដូចជាបទពិសោធន៍របស់ពួកគេ។
VOA៖ ចុះលោកមានរូបថតនៃក្រុមគ្រួសារ ដែលបង្ហាញពីរឿងរ៉ាវក្រុមគ្រួសាររបស់ពួកគេមុនរបបខ្មែរក្រហមឬទេ? ហើយតើការផ្លាស់ប្តូររបស់ពួកគេយ៉ាងណាដែរ?
Charles Fox៖ នៅពេលដែលខ្ញុំចាប់ផ្តើមគម្រោងនេះជាលើកដំបូង រូបថតភាគច្រើនគឺថតក្នុងអំឡុងពេលពីឆ្នាំ១៩៧៩រហូតដល់កំឡុងឆ្នាំ១៩៨០។ ខ្ញុំគិតថា វាជាអំឡុងពេលនៃរូបថតដំបូងៗដែលខ្ញុំទទួលបាន។ នៅពេលចាប់ផ្តើមមានរូបថតផ្តិត ពេលនោះទើបតែមានការថតរូបហ្វីលនៅឡើយ។ ហើយរូបថតទាំងនេះងាយនឹងខូចខាត។ ពេលដែលខ្ញុំចាប់ផ្តើមជួបជាមួយមនុស្សជាច្រើន រូបថតមុនរបបខ្មែរក្រហមចាប់ផ្តើមលេចចេញឡើង។ ខ្ញុំគិតថា ហេតុអ្វីក៏ខ្ញុំមិនបញ្ចូលរូបថតទាំងនេះចូលក្នុងគម្រោង? ខ្ញុំក៏ត្រូវពង្រីកទំហំគម្រោងដើម្បីបញ្ចូលរូបថតមុនរបបខ្មែរក្រហមទាំងនេះ។ ខ្ញុំបានឃើញរូបថតជាក្រុមគ្រួសារទាំងមូលដែលថតមុនសម័យខ្មែរក្រហម ហើយនិងរូបថតក្រុមគ្រួសារបន្ទាប់ពីរបបនេះបានរលំរលាយ។ ប៉ុន្តែសមាជិកគ្រួសារខ្លះនៅក្នុងរូបថតចាស់បានបាត់មុខនៅក្នុងរូបថតថតថ្មី។ ក្នុងនាមជាអ្នកថតរូបម្នាក់ ខ្ញុំគិតថា ការប្រៀបធៀបរូបថតចាស់និងរូបថតថ្មីបែបនេះគឺពិតជាមានឥទ្ធិពលខ្លាំងណាស់។
ខ្ញុំសូមលើកឧទាហរណ៍មួយអំពីស្រ្តីម្នាក់ដែលបានរៀបចំរូបថតក្រុមគ្រួសាររបស់ខ្លួន។ អ្នកស្រីបានយករូបថតក្នុងលិខិតឆ្លងដែនដែលថតមុនរបបខ្មែរក្រហមមកបញ្ចូលគ្នាក្នុងសៀវភៅរូបថតមួយ។ ក្រោយពីបានបិទរូបថត៤សន្លឹកក្នុងសៀវភៅរូបថតនោះ គាត់បាននិយាយប្រាប់ខ្ញុំអំពីរឿងរ៉ាវរបស់អ្នកនៅក្នុងរូបថតទាំងនោះ។ ម្នាក់នេះនៅរស់ ម្នាក់នោះនៅរស់ ម្នាក់នេះស្លាប់ដោយសារអត់ឃ្លានក្នុងរបបខ្មែរក្រហម។ រូបថតមុនរបបខ្មែរក្រហមទាំងនេះពិតជាមានឥទ្ធិពលខ្លាំងណាស់ ពីព្រោះរឿងរ៉ាវដែលក្នុងរូបថតគឺជារឿងរ៉ាវនៃទុក្ខលំបាក ការបាត់បង់ និងភាពរន្ធត់។ ហើយវាគឺជារូបថតដែលពិបាកទប់អារម្ភក្តុកក្តួលពេលមើលវា។ ប៉ុន្តែ នៅពេលដែលយើងនិយាយពីការធូរស្បើយផ្លូវចិត្តវិញ រូបថតបែបនេះគឺគួរឲ្យចាប់អារម្មណ៍ណាស់ ពីព្រោះនៅពេលដែលអ្នកទាំងនោះយករូបថតបែបនេះចេញមកបង្ហាញខ្ញុំ រូបថតបែបនេះពិតជាធ្វើឲ្យខ្ញុំរំភើប។
VOA៖ វាជាសោកនាដកម្មនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលគ្រួសារភាគច្រើនបានបាត់បង់សមាជិកយ៉ាងហោចណាស់ម្នាក់ ឬពីរនាក់ ហើយគ្រួសារខ្លះមានសំណាងដែលសមាជិកទាំងអស់បាននៅរស់រានមានជីវិត។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងនោះទេ។ ដូចដែលពួកយើងទាំងអស់គ្នាបានដឹងហើយថា ឆ្នាំនេះគឺជាខួបទី៤០នៃការឡើងកាន់កាប់អំណាចរបស់ខ្មែរក្រហមក្នុងឆ្នាំ១៩៧៥។ ជីវិតរបស់ប្រជាជនកម្ពុជាបានផ្លាស់ប្តូរចាប់ពីពេលនោះមក ដោយសារទុក្ខលំបាក ការបាត់បង់សមាជិកគ្រួសារ។ តើលោកបានសង្កេតឃើញទេថា តើវាបានផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះ? ខ្ញុំចង់សួរអំពីការផ្លាស់ប្តូរតាមរយៈរូបថត។ តើរូបថតក្រុមគ្រួសារទាំងនោះបានផ្លាស់ប្តូរយ៉ាងណាពីមុនរបបខ្មែរក្រហមរហូតមកដល់អំឡុងពេលរបបនេះកើតឡើង ហើយនិងពេលបន្ទាប់ពីរបបនោះបានបញ្ចប់? តើវាផ្លាស់ប្តូរដូចម្តេច?
Charles Fox៖ តាមរយៈរូបថតមុនរបបខ្មែរក្រហមទាំងអស់ដែលខ្ញុំមានក្នុងពេលបច្ចុប្បន្ន វាបង្ហាញយ៉ាងច្បាស់ណាស់ថា មនុស្សក្នុងរូបថតបានដឹងអំពីសោកនាដកម្មដែលបម្រុងនឹងកើតឡើង។ ប៉ុន្តែរូបថតទាំងនោះក៏បានបង្ហាញដែរថា ពួកគេគ្មានទោសពៃរ៍អ្វីទេ។ បន្ទាប់មក បើអ្នកមើលរូបថតដែលថតក្រោយរបបខ្មែរក្រហម រូបថតទាំងនោះបង្ហាញទឹកមុខនៃអារម្មណ៍ធូរស្បើយពេលដែលទុក្ខលំបាកទាំងនោះបានកន្លងផុតទៅ។ ហើយវាថែមទាំងនាំឲ្យមានអារម្មណ៍នៃការរួបរួមគ្នាផងដែរ។ ខ្ញុំបានឃើញរូបថតក្រុមគ្រួសារដែលថតនៅពេលដំបូងៗ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ។ ខ្ញុំបានឃើញមនុស្សចាប់ផ្តើមបង្កើតចំណងទាក់ទង ព្យាយាមបង្កើតទំនាក់ទំនង។ មានរូបថតមួយដែលដក់ចិត្តខ្ញុំយ៉ាងខ្លាំង។ វាជារូបស្រ្តី២នាក់ ស្លៀកសម្លៀកបំពាក់ដូចគ្នាបេះបិទ មានពណ៌ដូចគ្នា ស្ទីលថតដូចគ្នា។ ខ្ញុំបានសួរស្រ្តីនោះថា ហេតុអ្វីបានជាថតដូចគ្នា? គាត់បានឆ្លើយថា ពួកយើងមិនមែនបងប្អូនស្រីបង្កើតឡើយ។ យើងគ្រាន់តែជាមិត្តភក្តិ។ ប៉ុន្តែយើងមានអារម្មណ៍ថា យើងមានមនោសញ្ចេតនាច្រើនជាងនេះទៀតនៅក្នុងទំនាក់ទំនងរបស់ពួកយើង ប្រៀបបីដូចជាបងប្អូនស្រីអញ្ចឹង។ ប៉ុន្តែពួកយើងមិនមែនជាគ្រួសារតែមួយទេ។ ដូច្នេះការស្លៀកពាក់ដូចគ្នាធ្វើឲ្យយើងមានអារម្មណ៍ថា កាន់តែជិតស្និទ្ធជាងមុន ដូចជាបងប្អូនអញ្ចឹង។
ខ្ញុំទទួលបានអារម្មណ៍ថា រូបថតដំបូងៗទាំងអស់នោះបង្ហាញពីកិច្ចខំប្រឹងប្រែងពិតៗអំពីការព្យាយាមបង្កើតចំណងទាក់ទង និងទំនាក់ទំនង ដែលត្រូវបានបំផ្លាញដោយសាររបបខ្មែរក្រហម។ ទំនោរនៅក្នុងរូបថតទាំងអស់នោះគឺប្រហែលជាផ្នែកដែលរំភើបជាងគេសម្រាប់ខ្ញុំ។
VOA៖ ត្រូវហើយ វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ពេលដែលខ្ញុំបានស្តាប់ឮរឿងនេះ។ ចុះពេលនេះវិញ តើវាមានការផ្លាស់ប្តូរយ៉ាងដូម្តេចដែរអំពីជីវិតរបស់ពួកគេ? អំពីរឿងរ៉ាវដែលផ្លាស់ប្តូរជីវិតរបស់ពួកគេចាប់ពីទសវត្សរ៍ទី៨០រហូតមកដល់ពេលបច្ចុប្បន្ន?
Charles Fox៖ ដូចដែលលោកបានឃើញហើយ។ ខ្ញុំចាប់អារម្មណ៍ពីរបៀបដែលមនុស្សបានចាប់ផ្តើមជីវិតសារជាថ្មី។ ខ្ញុំជាជនជាតិអង់គ្លេស។ ខ្ញុំបានមើលរូបថតក្រុមគ្រួសាររបស់ខ្ញុំ ដែលបង្ហាញពីរឿងរ៉ាវកើតឡើងក្នុងគ្រួសាររបស់ខ្ញុំ។ ប៉ុន្តែវាគ្មានអ្វីគួរឲ្យចាប់អារម្មណ៍នៅក្នុងនោះទេ។ ប្រទេសអង់គ្លេសមានស្ថិរភាពអស់រយៈពេលជាយូរមកហើយ ហើយពលរដ្ឋអង់គ្លេសរីករាយចំពោះស្ថិរភាពទាំងនោះ។ ប៉ុន្តែពេលដែលខ្ញុំងាកមកមើលរូបថតរបស់ក្រុមគ្រួសារជនជាតិកម្ពុជាវិញ រូបភាពដែលថតថ្មីៗបន្ទាប់ពីរបបខ្មែរក្រហមបានបង្ហាញពីការព្យាយាមធ្វើឲ្យស្ថានការណ៍ប្រសើរឡើងវិញ។ ព្រឹត្តិការណ៍ទាំងនោះបានកត់ទុកតាមរយៈរូបថត។ ឧទាហរណ៍ដូចជាពេលគេទិញម៉ូតូថ្មី គេថតទុក។ ខ្ញុំមានរូបថតប្តីប្រពន្ធមួយគូ ដែលថតជាមួយម៉ូតូថ្មីរបស់គេ ពីព្រោះពួកគេចង់កត់ចំណាំថា មានព្រឹត្តិការណ៍សំខាន់មួយបានកើតឡើង ខណៈជីវិតរបស់ពួកគេកំពុងតែវិវឌ្ឍ។ ខ្ញុំបានឃើញរូបថតប្រជាជនបានធ្វើដំណើរកម្សាន្តជាលើកទីមួយ។ ប្រជាជនទាំងនោះបានព្យាយាមថតទុកនូវការរីកចម្រើននៅក្នុងជីវិតរបស់ពួកគេ។ ហើយមានចំណុចចាប់អារម្មណ៍ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ពីព្រោះមានព្រឹត្តិការណ៍ដែលទើបតែកើតឡើងថ្មីៗចំពោះពួកគេគឺរបបខ្មែរក្រហម។ ពួកគេបានថតទុកនូវការផ្លាស់ប្តូរនេះ ដូចជាការទទួលបានរបស់ថ្មី ការរើទៅនៅផ្ទះថ្មី។
ពួកគេក៏បានថតទុកនូវអ្វីដែលជាសេចក្តីប្រាថ្នាចង់បានរបស់ពួកគេដែរ។ ខ្ញុំបានឃើញរូបថតរបស់ស្រ្តីម្នាក់ដែលមានរូបផ្ទាំងខាងក្រោយជារូបផ្ទះ មានអាងហែលទឹក និងឡានមួយគ្រឿង។ នៅពេលដែលខ្ញុំសួរគាត់ថា ហេតុអ្វីបានជាយកផ្ទាំងខាងក្រោយជារូបបែបនេះ? គាត់បានឆ្លើយថា វាមិនមែនត្រឹមតែជាអ្វីដែលគាត់ចង់បានទេ ប៉ុន្តែវាក៏សម្រាប់កូនៗរបស់គាត់ផងដែរ។ ដូច្នេះពួកគេអាចនៅក្នុងស្ថានភាពដែលស្រណុកសុខស្រួល។ នេះគឺជារបៀបនៃការថតរូបរបស់ពួកគេ គឺជាសេចក្តីប្រាថ្នាចង់បានស្ថិរភាព ចង់បានជីវិតដែលមានសុវត្ថិភាព។ នេះគឺជាទំនោរនៃរូបថតរបស់គ្រួសារកម្ពុជាដែលខ្ញុំបានឃើញ។
VOA៖ វាពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន។ កាន់តែស្តាប់ កាន់តែជក់ចិត្ត។
Charles Fox៖ បាទ ខ្ញុំចំណាយពេលជាយូរ។ ចំពោះគម្រោងបែបនេះ ដូចខ្ញុំនិយាយអញ្ចឹង យើងមិនអាចទៅដេញតាមរឿងបានទេ។ រឿងរ៉ាវបានកើតឡើង។ រូបភាពដែលខ្ញុំបានឃើញកាន់តែច្រើនក៏មានរឿងរ៉ាវដែលខ្ញុំបានឮកាន់តែច្រើនដែរ។ វាប្រៀបបីដូចជាល្បែងផ្គុំរូបអញ្ចឹង។ អ្នកអាចបំពេញចំណែកដែលបាត់នោះ។ ដូច្នេះហើយបានជាមុខងារស្វែងរករូបថតនៅក្នុងគេហទំព័រនោះមានសារៈសំខាន់ណាស់។ ខ្ញុំអាចរកឃើញរូបថតណាមួយ ហើយរូបថតទាំងនោះអាចបង្ហាញជាក្រុមនៃទំនោរនៃការថតរូប។ ដូច្នេះនៅពេលដែលខ្ញុំឃើញរូបថតកាន់តែច្រើន ខ្ញុំអាចសរសេររៀបរាប់រឿងរ៉ាវរបស់ពួកគេកាន់តែច្រើន។ វាស្ថិតនៅដំណាក់កាលដំបូងពេកហើយ ខ្ញុំមិនអាចឆ្លើយក្នុងរយៈពេល១៨ខែឬ២ឆ្នាំដែលខ្ញុំបានធ្វើគម្រោងនេះទេ។ ប៉ុន្តែខ្ញុំបានឃើញនូវការជាសះស្បើយ។ ខ្ញុំបានឃើញសេចក្តីសង្ឃឹម។ ខ្ញុំឃើញសេចក្តីប្រាថ្នាចង់បាន។ ខ្ញុំបានឃើញធាតុផ្សំនៃភាពរីករាយនៅក្នុងគ្រួសារ។ រូបថតក្រុមគ្រួសារគឺពិតជាមានអត្ថន័យខ្លាំងណាស់។ ជាការណ៍ពិត រូបថតទាំងនេះពិតជាមានអត្ថន័យជ្រៅខ្លាំងណាស់។ ដូច្នេះខ្ញុំនឹងព្យាយាមធ្វើតាមដែលខ្ញុំអាចធ្វើទៅបាន។
VOA៖ លោកបាននិយាយមុននេះថា នឹងអភិវឌ្ឍគេហទំព័រនេះឲ្យទៅជាប្រភេទបណ្ណសារ ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចបង្ហោះរូបថតបានដោយខ្លួនឯង។
Charles Fox៖ ពិតណាស់។ សម្រាប់គម្រោងបែបនេះ ដំបូងខ្ញុំមានគំនិតទុកវាជាប្លុក។ ប៉ុន្តែវាចាប់ផ្តើមមានការវិវត្ត។ ការធ្វើវាឲ្យក្លាយទៅជាគេហទំព័របណ្ណសារគឺជារឿងសំខាន់សម្រាប់ខ្ញុំ។ ប៉ុន្តែខ្ញុំត្រូវធ្វើការច្រើនដើម្បីបង្កើតវា។ ឥឡូវវាស្ថិតនៅជាទម្រង់មួយដែលលើសពីរបៀបជាបណ្ណសារលើបណ្ដាញអ៊ីនធើណិត។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នា មានទំនាក់ទំនងជាមួយគេហទំព័រនេះ ដោយស្រាវជ្រាវរករូបថត ចែករំលែករូបថតទាំងនេះលើបណ្តាញផ្សព្វផ្សាយសង្គម បង្កើតការពិភាក្សាជុំវិញគម្រោងនេះ។ កាលពីប៉ុន្មានសប្តាហ៍មុន ខ្ញុំបានទទួលសារអេឡិចត្រូនិចមួយពីបុរសកម្ពុជាម្នាក់រស់នៅក្នុងសហរដ្ឋអាមេរិក ដែលយល់ព្រមបរិច្ចាគរូបថតមកគេហទំព័ររបស់ខ្ញុំ។ វាគឺជាអ្វីដែលខ្ញុំតែងតែសង្ឃឹមចង់ឲ្យកើតមានឡើង ហើយវាបានកើតឡើង។ ខ្ញុំបានធ្វើឲ្យខ្ញុំរំភើបជាងអ្វីដែលខ្ញុំបានគិតទុក។ រឿងរ៉ាវរបស់បុរសខ្មែរអាមេរិកាំងនោះគឺពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។ ឧទាហរណ៍ ខ្ញុំបាននិយាយជាមួយគាត់អំពីរឿងម្តាយរបស់គាត់ដែលមកពីខេត្តបាត់ដំបង។ គាត់បានបាត់បង់ឳពុកនិងសាច់ញាតិជាច្រើន។ ប៉ុន្តែម្តាយ ព្រមទាំងបងប្អូនប្រុស ស្រីរបស់គាត់បានរស់រានមានជីវិត។ មានរឿងពីរយ៉ាងដែលពួកគេបានធ្វើនៅក្នុងអំឡុងរបបខ្មែរក្រហម។ ពួកគេបានកប់ទុកគ្រឿងអលង្ការ និងមាស ហើយនិងរូបថត។ គេនៅសល់រូបថតពីមុនរបបខ្មែរក្រហម។ វត្ថុទាំងពីរនេះគឺជាអ្វីដែលពួកគេបានយកទៅតាមខ្លួនពេលដែលពួកគេធ្វើដំណើរឆ្លងកាត់ព្រំដែន។ មាសបានជួយឲ្យពួកគេឆ្លងផុតពីព្រំដែន និងរៀបចំជីវិតសារជាថ្មី។ ចំណែកឯរូបថតទាំងនេះគឺជាកំណត់ត្រាប្រវត្តិរឿងរ៉ាវគ្រួសាររបស់គេ។ នោះគឺជាវត្ថុពីរយ៉ាងដែលពួកគេបានរក្សាទុក។ សម្រាប់ខ្ញុំ រូបថតទាំងនេះមានឥទ្ធិពលមិនគួរឲ្យជឿ។ ហើយខ្ញុំដឹងថា រូបថតបែបនេះនៅមានច្រើនទៀត។ ដូច្នេះពេលដែលបុរសនោះបានបរិច្ចាគរូបថតមកឲ្យគម្រោងរបស់ខ្ញុំ ពួកយើងបានចាប់ផ្តើមធ្វើការពិភាក្សា ហើយគម្រោងនេះកាន់តែរីកចម្រើនដោយសារការចូលរួមបែបនេះ។ អ្នកទាំងអស់គ្នាអាចទាក់ទងខ្ញុំ ឬរកខ្ញុំតាមគេហទំព័រ ហើយពួកគេអាចចែករំលែករូបថត រឿងរ៉ាវរបស់ពួកគេបាន ប្រសិនបើពួកគេចង់។ អ្វីដែលខ្ញុំខ្លាចបំផុតគឺគុណភាពរបស់រូបថត។ ដូចដែលអ្នកដឹងហើយថា អាកាសធាតុនៅក្នុងប្រទេសកម្ពុជាមិនមានអំណោយផលដល់រូបថតឡើយ។ វាក្តៅហើយមានសំណើមជាច្រើន។ មានហ្វីលរូបថតជាច្រើននៅសេសសល់ តែមិនមានគុណភាពល្អឡើយ។ ខ្ញុំនៅចាំបានថា កាលពីពេលដែលខ្ញុំធ្វើការនៅកាសែត The Cambodia Daily អ្នកថតរូបបានទុកហ្វីលទាំងអស់នៅក្នុងការិយាល័យ ដោយសារតែនៅទីនោះមានម៉ាស៊ីនត្រជាក់។ ទៅនោះគឺជាកន្លែងមានសុវត្ថិភាពតែមួយដើម្បីទុកហ្វីលទាំងអស់នោះ។ កន្លងមក នៅប្រទេសអង់គ្លេស ខ្ញុំមិនដែលមានបទពិសោធន៍បែបនេះទេ។ យើងមិនចាំបាច់ខ្វល់ថា ត្រូវថែរក្សាហ្វីលរូបថតដោយរបៀបហ្នឹងទេ។ ហើយខ្ញុំខ្លាចការបាត់បង់ដោយសារតែបញ្ហាបែបនេះ។ នៅលើគេហទំព័រ អ្នកនឹងឃើញរូបថតដែលខូចខាតទាំងនោះ ដូចជារូបថតដែលផ្តល់ដោយបុរសខ្មែរអាមេរិកាំងនោះ។ នៅពេលដែលពួកគេឆ្លងព្រំដែនទៅកាន់ប្រទេសថៃ មានភ្លៀងធ្លាក់យ៉ាងខ្លាំង។ រូបថតរបស់ពួកគេបាននៅសល់រួចផុតពីជំនាន់ប៉ុល ពត ដោយសារពួកគេបានកប់វានៅក្នុងដី ប៉ុន្តែវាខូចនៅពេលដែលទឹកបានលេចចូលទៅក្នុងតង់របស់ពួកគេ នៅពេលដែលពួកគេបានចូលទៅដល់ប្រទេសថៃ។ ទឹកភ្លៀងបានបំផ្លាញរូបថតដែលជាកំណត់ត្រាប្រវត្តិគ្រួសាររបស់គេ។ ឥឡូវនេះពួកគេថែរក្សារូបថតទាំងនោះ។ ពួកគេបានស្គែន និងរក្សាវាទុក។ តើមានរូបថតប៉ុន្មានទៀតដែលប្រឈមនឹងលក្ខខណ្ឌបែបនេះ? សម្រាប់ខ្ញុំ ការបញ្ចូលរូបថតទាំងនោះចូលទៅក្នុងគម្រោងគឺពិតជាសំខាន់ខ្លាំងណាស់។ ខ្ញុំគិតថា មនុស្សយើងម្នាក់ៗមានប្រវត្តិរឿងរ៉ាវផ្ទាល់ខ្លួន ហើយវាគឺជាផ្នែកមួយនៃការអភិវឌ្ឍប្រទេស។ តើអ្នកដឹងទេ? វាអាចក្លាយជាចំណងជើងមួយនៅក្នុងសារព័ត៌មាន ហើយវាពិតជាសំខាន់ណាស់។ ប៉ុន្តែបទពិសោធន៍មនុស្សតាមរយៈរូបថតគឺជារឿងរ៉ាវមួយបែបទៀតនៃការកត់ត្រាទាក់ទងនឹងរឿងរ៉ាវជីវិត និងការអភិវឌ្ឍនៅក្នុងប្រទេស។ ខ្ញុំចូលចិត្តការថែរក្សាបែបនេះ តាមដែលខ្ញុំអាចធ្វើបាន។ មានមនុស្សជាច្រើនចង់បរិច្ចាគរូបថត និងរឿងរ៉ាវរបស់គេមកកាន់គម្រោងនេះ ហើយសម្រាប់ខ្ញុំគម្រោងនេះបានឈានទៅមុខមួយកម្រិតទៀត។ ខ្ញុំសង្ឃឹមថា វានឹងមានការរីកចម្រើន។
VOA៖ សូមអរគុណសម្រាប់ការចំណាយពេលវេលារបស់លោកក្នុងការផ្តល់បទសម្ភាសន៍អំពីគម្រោង Found Cambodia។
Charles Fox៖ បាទ សូមអរគុណ៕