ការវាយប្រហារតាមអាកាសដោយក្រុមសម្ព័ន្ធមិត្តដឹកនាំដោយស.រ.អានៅក្នុងប៉ែកខាងកើតនៃប្រទេសស៊ីរីកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យបានបណ្តាលឲ្យក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម យ៉ាងតិចណាស់២៣នាក់ស្លាប់ និងបានធ្វើឲ្យមួយចំនួននៃពួកនោះត្រូវរបួស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីព្រឹកថ្ងៃអាទិត្យ ក្រុមចម្រុះបាននិយាយថា ការវាយប្រហារទាំងនេះបានយកជាទីដៅនូវហេដ្ឋារចនាសម្ព័ន្ធនិងផ្លូវឆ្លងកាត់ដែលបានត្រូវប្រើប្រាស់ដោយពួករដ្ឋអ៊ីស្លាមនៅក្នុង និងជុំវិញក្រុង Raqqa។
លោកវរសេនីយ៍ទោ Thomas Guilleran អ្នកនាំពាក្យក្រុមចម្រុះបាននិយាយថាការវាយប្រហារតាមអាកាសទាំងនេះ ដែលលោកបានហៅថាមានច្រើនក្រាស់ក្រែលមានគោលដៅធ្វើកុំឲ្យពួកជនសកម្មប្រយុទ្ធមានសមត្ថភាពក្នុងការបញ្ជូនពួកយុទ្ធជន និងអាវុធនៅទូទាំងប្រទេសស៊ីរី និងបញ្ចូលទៅក្នុងប្រទេសអ៊ីរ៉ាក់។
តួលេខនៃមនុស្សស្លាប់បានត្រូវផ្សាយដោយអង្គការ Syrian Observatory for Human Rights។ គេហទំព័រមួយមានចំណងទាក់ទងជាមួយពួករដ្ឋអ៊ីស្លាមបានបញ្ជាក់ថា មានការវាយប្រហារតាមអាកាសមែន ហើយថាមានមនុស្ស១០នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀតបានត្រូវរបួស៕