គណបក្សសង្គ្រោះជាតិលើកឡើងថា ខ្លួននឹងធ្វើការកែសម្រួលថ្នាក់ដឹកនាំបក្សឡើងវិញឱ្យត្រូវតាមលក្ខន្តិកៈរបស់ខ្លួន ក្រោយពេលវិសោធនកម្មលក្ខន្តិកៈរបស់គណបក្សត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។
គណបក្សសង្គ្រោះជាតិបង្ហាញពីជំហរនេះ បន្ទាប់ពីក្រសួងមហាផ្ទៃព្រមានចាត់វិធានការផ្លូវច្បាប់លើគណបក្សប្រឆាំង ប្រសិនបើគណបក្សនេះមិនកែសម្រួលការជ្រើសរើសប្រធាន និងអនុប្រធានថ្មីរបស់គណបក្ស ដែលក្រសួងអះអាងថាបានធ្វើខុសនឹងលក្ខន្តិកៈរបស់គណបក្សផ្ទាល់។
ក្នុងលិខិតផ្ញើជូនក្រសួងមហាផ្ទៃកាលពីថ្ងៃព្រហស្បតិ៍ គណបក្សសង្គ្រោះជាតិលើកឡើងថា ក្រសួងមហាផ្ទៃបានទទួលស្គាល់ពីដំណើរការសមាជវិសាមញ្ញគណបក្សសង្គ្រោះជាតិ និងមិនយល់ទាស់នឹងការធ្វើវិសោធនកម្មលក្ខន្តិកៈរបស់គណបក្សលើប្រការ៤៥ និងប្រការ៤៧ នោះទេ។
លិខិតដដែលបន្តថា ករណីដែលមិនទាន់យល់ស្របគ្នា គណបក្សសង្គ្រោះជាតិនឹងរៀបចំកែសម្រួលក្រោយពេលវិសោធនកម្មលក្ខន្តិកៈគណបក្ស ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។
លោក អេង ឆៃអ៊ាង ដែលទើបត្រូវបានជ្រើសតាំងជាអនុប្រធានគណបក្សសង្គ្រោះជាតិប្រាប់VOA នាថ្ងៃព្រហស្បតិ៍ថា គណបក្សសង្គ្រោះជាតិអាចនឹងធ្វើការរៀបចំថ្នាក់ដឹកនាំឡើងវិញ ដើម្បីឱ្យស្របតាមវិសោធនកម្មលក្ខន្តិកៈរបស់គណបក្ស ក្រោយពេលក្រសួងមហាផ្ទៃទទួលស្គាល់ និងតម្កល់លក្ខន្តិកៈថ្មី។
«កាលណានេះទៅ [ក្រសួងទទួលស្គាល់លក្ខន្តិកៈ] យើងអាចធ្វើ (រៀបចំឡើងវិញ)។ យើងអាចប្រជុំគណៈកម្មការនាយក យើងអាចអី ដើម្បីពិនិត្យ ព្រោះពេលខ្លះក៏វាស្រួលដែរ ព្រោះយើងសម្រេចដោយសមាជហើយ ក្រសួងមហាផ្ទៃថាសម្រេចដោយសមាជដែលគ្របដណ្ដប់ទាំងស្ថាប័នគណៈកម្មការនាយក ស្ថាប័នក្រុមប្រឹក្សាជាតិ ហើយថាវាមិនត្រឹមត្រូវ ដូច្នេះយើងមករៀបរយត្រឹមគណៈកម្មការនាយក វាកាន់តែងាយស្រួលទៀតហើយ»។
VOA មិនអាចសុំការឆ្លើយតបពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ប៊ុន ហុន បានទេនាល្ងាចថ្ងៃព្រហស្បតិ៍។
ទោះយ៉ាងណា លោកប៊ុន ហុន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការធ្វើវិសោធនកម្មប្រការ៤៥ និងប្រការ៤៧នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិបានធ្វើឡើងស្របតាមលក្ខន្តិកៈរបស់គណបក្សនេះ ក៏ប៉ុន្តែក្រសួងនៅពុំទាន់ទទួលស្គាល់លក្ខន្តិកៈថ្មីនេះនៅឡើយទេ។ លោកបានបដិសេធមិនផ្ដល់មូលហេតុដែលក្រសួងពុំទាន់ទទួលស្គាល់លក្ខន្តិកៈថ្មីនេះ។
បញ្ហាចម្រូងចម្រាសពីសមាសភាពថ្នាក់ដឹកនាំថ្មីរបស់គណបក្សសង្គ្រោះជាតិកើតមានឡើង ក្រោយពេលគណបក្សបក្សប្រឆាំងរៀបចំសមាជវិសាមញ្ញមួយកាលពីថ្ងៃទី២ ខែមីនា ដើម្បីជ្រើសរើសមេដឹកនាំបក្សបន្ទាប់ពីលោកសម រង្ស៊ី បានលាលែងពីតំណែងជាប្រធានគណបក្ស។
នៅពេលសមាជវិសាមញ្ញនោះគណបក្សសង្គ្រោះជាតិបានធ្វើវិសោធនកម្មលក្ខន្តិកៈរបស់ខ្លួនចំនួនពីរប្រការ និងបានជ្រើសរើសលោកកឹម សុខា ជាប្រធានថ្មីរបស់គណបក្ស និងអនុប្រធានថ្មីចំនួន៣រូប គឺលោកប៉ុល ហំម លោកស្រីមូរ សុខហួរ និងលោកអេង ឆៃអ៊ាង៕