តុលាការកោះហៅមន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយនិងសកម្មជនចំនួន១៣៧នាក់ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ«ក្បត់ជាតិ»និង«រួមគំនិតក្បត់» ប៉ុន្តែរដ្ឋាភិបាលបានមោឃភាពលិខិតឆ្លងដែនខ្មែររបស់ថ្នាក់ដឹកនាំសំខាន់ៗដែលធ្វើឲ្យផែនការមាតុភូមិនិវត្តន៍លើកទី២នៅថ្ងៃទី៤ខែមករាឆ្នាំ២០២១ឲ្យទាន់ពេលសវនាការនោះ កំពុងបង្កជាឧបសគ្គលើសពីផែនការមាតុភូមិនិវត្តន៍លើកទីមួយទៅទៀត។
ផែនការមាតុភូមិនិវត្តន៍លើកទី២របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយដឹកនាំដោយលោកស្រីមូរ សុខហួរដើម្បីទៅការពារខ្លួនតាមការកោះហៅរបស់តុលាការនោះ កំពុងប្រឈមឧបសគ្គខ្លាំងជាងមាតុភូមិនិវត្តន៍លើកទីមួយនៅថ្ងៃទី៩វិច្ឆិកាឆ្នាំមុនដឹកនាំដោយលោកសម រង្ស៊ីដែលបានបង្ខំឲ្យរដ្ឋាភិបាលដាក់ពង្រាយរថពាសដែកនិងកម្លាំងប្រដាប់អាវុធជាច្រើននៅតាមច្រកព្រំដែន។
រដ្ឋាភិបាលរបស់លោកហ៊ុន សែនបានធ្វើមោឃភាពលិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សនេះដោយចាត់ទុកថា «ជាឧទ្ទាមក្រៅច្បាប់»។ ចំណាត់ការនេះធ្វើឲ្យគម្រោងមាតុភូមិនិវត្តន៍លើកទីពីររបស់ពួកគេដើម្បីទៅការពារខ្លួនតាមការកោះរបស់តុលាការនោះ កំពុងប្រឈមនឹងបញ្ហាគ្មានច្រកចូលប្រទេសកម្ពុជាគឺដូចមាតុភូមិនិវត្តន៍លើកទី១។
លោកស្រីមូរ សុខហួរអនុប្រធានគណបក្សសង្គ្រោះជាតិដែលរដ្ឋាភិបាលលោកហ៊ុន សែនបានរំលាយកាលពីឆ្នាំ២០១៧បានដឹកនាំគម្រោងមាតុភូមិនិវត្តន៍លើកទី២ទៅកាន់ស្ថានកុងស៊ុលកម្ពុជានៅទីក្រុងLowell រដ្ឋ Massachusetts កាលពីថ្ងៃទី២២ ខែធ្នូ ដើម្បីសួរព័ត៌មានអំពីលទ្ធផលនៃការទាមទារឲ្យរដ្ឋាភិបាលផ្តល់សុពលភាពលិខិតឆ្លងដែនរបស់ពួកគេវិញ ដើម្បីឲ្យពួកគេអាចទៅបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ។
កាលពីថ្ងៃទី១០ខែវិច្ឆិកា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិតាមរយៈស្ថានទូតកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតោនបានសុំឲ្យលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្តល់សុពលភាពលិខិតឆ្លងដែនពួកគេ ប៉ុន្តែកិច្ចប្រឹងប្រែងទាំងនៅស្ថានកុងស៊ុលក៏ដូចនៅស្ថានទូតប្រឈមបញ្ហាដូចគ្នាគឺ«បិទទ្វារ»។
វីអូអេបានព្យាយាមទាក់ទងសុំការបកស្រាយពីលោកអ៊ូ សុវណ្ណមន្ត្រីស្ថានកុងស៊ុលកិត្តិយសកម្ពុជានៅក្រុង Lowell និងលោកជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក ប៉ុន្តែមិនអាចទាក់ទងបាន។
ទោះជាយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រាប់វីអូអេថ្ងៃព្រហស្បតិ៍ទី២៤ ខែធ្នូថា បន្ថែមលើបញ្ហាកូវីដដែលពិបាករកជើងយន្តហោះ ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិគ្មានលទ្ធភាពធ្វើមាតុភូមិនិវត្តន៍លើកទីពីរទៅបង្ហាញខ្លួននៅមុខតុលាការទេ ដោយលោកហៅថា«ពួកឧទ្ទាមក្រៅច្បាប់»ដែលមិនទទួលស្គាល់រដ្ឋាភិបាលលោកហ៊ុន សែន។
«បកមកវិញរដ្ឋាភិបាលក៏មិនទទួលស្គាល់អ្នកឯងជាពលរដ្ឋកម្ពុជាដែរ។ អ្នកឯងមានទោស។ អ៊ីចឹងទេ អ្នកឯងជាក្រុមឧទ្ទាមក្រៅច្បាប់ ដើរតែបំផ្លាញជាតិពីក្រៅប្រទេសមក។ អ៊ីចឹងរដ្ឋាភិបាលមានប្រយោជន៍អីឲ្យអ្នកឯងប្រើលិខិតគតិយុត្តរបស់រាជរដ្ឋាភិបាល?»
លោកបន្តថា «រឿងនេះផុតដៃរដ្ឋាភិបាល»គឺជារឿងរវាងអ្នកដែលត្រូវកោះហៅនិងតុលាការដែលលោកថា ឯករាជ្យពីរដ្ឋាភិបាល។
លោកស្រីមូរ សុខហួរអនុប្រធានគណបក្សសង្គ្រោះជាតិដែលនឹងដឹកនាំមាតុភូមិនិវត្តន៍លើកទីពីរនេះប្រាប់វីអូអេនៅមុខបន្ទប់ស្ថានកុងស៊ុលនៅក្រុង Lowell កាលពីថ្ងៃទី២២ ខែធ្នូថា ប៉ុន្មានម៉ោងក្រោយពីអ្នកស្រីទៅដាក់ញត្តិនៅស្ថានទូតកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតោន ស្ថានទូតកម្ពុជាបានចេញសេចក្តីប្រកាសថា លោកស្រីនិងមន្ត្រីផ្សេងទៀតជាអ្នករស់នៅក្រៅច្បាប់។
លោកស្រីប្រកាសថា៖
«បើថា ពួកយើងខ្ញុំរស់នៅក្រៅច្បាប់ យកយើងខ្ញុំទៅកាត់ទោសទៅ! យើងខ្ញុំទៅដើម្បីឲ្យកាត់ទោស ហេតុអីមិនយកពួកខ្ញុំ ឲ្យពួកខ្ញុំទៅប្រទេសកម្ពុជា ទៅមុខតុលាការដើម្បីកាត់ទោស?»
ទោះជាលិខិតឆ្លងដែនកម្ពុជារបស់លោកស្រីត្រូវរដ្ឋាភិបាលធ្វើមោឃភាពហើយក្តី ក៏លោកស្រីមូរ សុខហួរតាំងចិត្តទៅការពារខ្លួននៅមុខតុលាការ ដោយដាក់ពាក្យសុំទិដ្ឋាការលើលិខិតឆ្លងដែនអាមេរិករបស់លោកស្រី ប៉ុន្តែការិយាល័យតំណាងរដ្ឋាភិបាលនេះបិទទ្វារ មិនឆ្លើយបំភ្លឺនឹងសំណើរបស់លោកស្រីទេ។ ស្ថានកុងស៊ុលបានរុញពាក្យសុំរបស់លោកស្រីក្រោមទ្វារបន្ទប់ស្ថានកុងស៊ុលដែលកិបសោរ។ លោកស្រីឲ្យដឹងថា តំណាងរាស្ត្រស.រ.អា.ក្នុងរដ្ឋរបស់លោកស្រីបានជួយធ្វើអន្តរាគន៍និងសូមឲ្យស្ថានទូតស.រ.អា.ជួយការពារសុវត្ថិភាពរបស់លោកស្រីដោយស្របច្បាប់។
លោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែនឲ្យដឹងថា ចំពោះអ្នកមានសញ្ជាតិពីរដូចជាករណីលោកស្រីមូរ សុខហួរអាចធ្វើដំណើរដោយប្រើលិខិតឆ្លងដែនអាមេរិក តែត្រូវមានទិដ្ឋាការពីមន្ត្រីស្ថានទូតឬស្ថានកុងស៊ុលកម្ពុជា។ ប៉ុន្តែលោកបញ្ជាក់ថា៖
«បើសិនជាគាត់ទៅហើយគាត់មានបញ្ហាអីជាមួយតុលាការអាហ្នឹងតុលាការគេចាត់នីតិវិធីត្រូវជាប់គុក អាហ្នឹងគេចាប់គាត់ហ្នឹងហើយ។ គេអត់ចាប់ជនជាតិអាមេរិកទេ។ គេចាប់ជនជាតិខ្មែរ។ ប៉ាស្ព័រគេយកទៅផ្ញើនៅទូតអាមេរិកឲ្យ»។
លោកសុខឥសានបន្តថា ស្ថានទូតអាមេរិកអាចធ្វើអន្តរាគមន៍ព្រោះលោកស្រីជាជនជាតិអាមេរិក ប៉ុន្តែមានប្រសិទ្ធភាពឬមិនមានគឺស្រេចលើតុលាការ ព្រោះលោកស្រីមូរ សុខហួរក៏ដូចជាអ្នកមានសញ្ជាតិពីរផ្សេងទៀតដែរ ពេលជាន់ទឹកដីកម្ពុជាគាត់ក៏ជាខ្មែរ ដែលលោកថា«ឧទ្ទាមក្រៅច្បាប់»។
លោកឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ទោះជាយ៉ាងណា មន្ត្រីគណបក្សដែលកាន់លិខិតឆ្លងដែនកម្ពុជាដែលអស់សុពលភាព នៅតែត្រៀមខ្លួនសម្រាប់ផែនការមាតុភូមិនិវត្តន៍លើកទីពីរនេះ ដោយសង្ឃឹមថានឹងរកឃើញដំណោះស្រាយ។
លោកឯម សុវណ្ណារ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយមានប្រសាសន៍ថា ឱកាសសម្រាប់មន្ត្រីគណបក្សសង្គ្រោះជាតិទៅការពារខ្លួនតាមការកោះហៅរបស់តុលាការគឺមិនអាចទៅរួចទេ ដោយសារបញ្ហាកូវីដ និងផលប្រយោជន៍នយោបាយ បន្ថែមពីលើការដកសុពលភាពលិខិតឆ្លងដែនខ្មែរនិងការមិនចេញទិដ្ឋការលើលិខិតឆ្លងដែនបរទេសឲ្យពួកគេ។
លោកនិយាយថា៖
«បញ្ហានេះខ្ញុំគិតថា មិនអាចវិលទាន់ពេលទេ។ ហើយបើសិនអាជ្ញាធរកម្ពុជាអនុគ្រោះ ក៏អនុគ្រោះក្រោយថ្ងៃ៤មករា ក្រោយថ្ងៃតុលាការកោះហៅដែរដើម្បីបញ្ជាក់អំពីគេហៅថា ឲ្យឃើញភាពខ្វះចន្លោះរបស់គណបក្សប្រឆាំង ដើម្បីឲ្យឃើញអំពីគេហៅថា មិនគោរពសម្តី ឲ្យបាត់ប្រជាប្រិយភាព»។
លោកបន្ថែមថា ក្នុងស្ថានភាពកូវីដ១៩នេះ គណបក្សប្រឆាំងមិនអាចប្រមូលពលករបរទេសហែហមការវិលត្រឡប់នេះបានទេ បើទោះជាពួកគេបានមកដល់ប្រទេសថៃក៏ដោយ។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង បានព្យាយាមចូលប្រទេសកម្ពុជា ប៉ុន្តែការប៉ុនប៉ងនេះ មិនបានសម្រេចកាលពីឆ្នាំ២០១៩ ដោយអាជ្ញាធរថៃបានហាមលោកមិនឱ្យឆ្លងកាត់តាមផ្លូវគោក ហើយក្រុមហ៊ុនអាកាសចរណ៍ក៏ត្រូវបានហាមមិនឱ្យដឹកលោកចូលកម្ពុជាដែរ។
កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺមុនមាតុភូមិនិវត្តន៍លើកទីមួយថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងការបរទេសកម្ពុជាបានមោឃភាពលិខិតឆ្លងដែនរបស់មន្ត្រីគណបក្សនេះ១២នាក់ប៉ុន្តែពួកគេនៅតែអាចប្រើលិខិតឆ្លងដែននេះធ្វើដំណើរបានទៅកាន់ប្រទេសមួយចំនួនដែលមិនបានដឹង ឬមិនអើពើសេចក្តីប្រកាសនេះរបស់រដ្ឋាភិបាលលោកហ៊ុន សែន។ ទោះជាយ៉ាងណាសេចក្តីប្រកាសនេះមានប្រសិទ្ធភាពសម្រាប់អាជ្ញាធរព្រំដែនកម្ពុជាក្នុងការរារាំងមិនឲ្យពួកគេចូលប្រទេសកម្ពុជា។
កាលពីដើមខែវិច្ឆិកា តុលាការរាជធានីភ្នំពេញ បានសម្រេចលើកពេលការកាត់ក្តីសំណុំរឿងឧបឃាត ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំគណបក្សជំទាស់៩នាក់រួមមានលោក សម រង្ស៊ី លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឬទ្ធិ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក ឡុង រី លោក នុត រំដួល និងលោកស្រី ជូ ឡុង សូមួរ៉ា ភរិយារបស់លោក សម រង្ស៊ី។ កាលពីថ្ងៃទី២៦ខែវិច្ឆិកា តុលាការក្រុងភ្នំពេញ បានលើកពេលសវនាការពាក់ព័ន្ធនឹងរឿង«ក្បត់»ចំនួន៤សំណុំរឿង ដែលមានមនុស្សជិត១៤០នាក់ ទាក់ទងនឹងផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី មេដឹកនាំក្រុមជំទាស់កាលពីឆ្នាំមុន។
វិបត្តិនយោបាយនិងវិបត្តិកូវីដ១៩បានជំរុញឲ្យប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពព័ត៌មាននៅប្រទេសកម្ពុជាធ្លាក់ចុះដុនដាប ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch) និយាយថា ដីកាកោះរាប់សិបរបស់តុលាការ បង្ហាញថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ចង់បើកសវនាការទ្រង់ទ្រាយធំតាមរបៀបផ្តាច់ការដើម្បីបោសសម្អាតសកម្មជនគណបក្សប្រឆាំងម្តងឲ្យអស់រលីងតែម្តង» ដោយបង្ខំឲ្យសកម្មជនទាំងនោះភៀសខ្លួនទៅក្រៅប្រទេស ឬដាក់គុកពួកគេ ក្រោមបទចោទប្រតិដ្ឋដោយតុលាការដែលមិនអាចយកជាការបាន ។
លោកសង្កត់ធ្ងន់ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ក្លាយជាមេដឹកនាំផ្តាច់ការ ដែលពាក្យសម្តីរបស់គាត់ គឺជាច្បាប់យ៉ាងតឹងរ៉ឹង។
ក្នុងរបាយការណ៍ប្រចាំឆ្នាំដែលមានចំណងជើងថា Freedom on the Net 2020: The Pandemic's Digital Shadow អង្គការ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឲ្យពិន្ទុប្រទេសកម្ពុជា៤៣ លើ ១០០ ដែលមានន័យថា មានសេរីភាពតិចតួចប៉ុណ្ណោះ។
អង្គការអន្តរជាតិនិងក្នុងស្រុក ព្រមទាំងសហគមន៍ប្រជាធិបតេយ្យបានរិះគន់រដ្ឋាភិបាលលោកហ៊ុន សែនចំពោះរឹតត្បិតលំហសិទ្ធិមនុស្ស សេរីភាពព័ត៌មាន សេរីភាពបញ្ចេញមតិ ប្រជាធិបតេយ្យការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនលោកកឹម សុខានិងសកម្មជនគណបក្សនិងសកម្មជនសិទ្ធិមនុស្ស។ ការគាបសង្កត់នេះបានបង្ខំឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិជាច្រើន ក៏ដូចជាមន្ត្រីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ភៀសខ្លួនចេញក្រៅប្រទេស។
លោកស្រីមូរ សុខហួរប្រាប់វីអូអេនៅមុខទ្វារកិបសោររបស់ស្ថានកុងស៊ុលកម្ពុជាថា ការចាកចេញមកក្រៅប្រទេសគឺដើម្បីមកស្វែងរកការគាំទ្រជាអន្តរជាតិ មករួមកម្លាំងអ្នកប្រជាធិបតេយ្យនៅក្រៅប្រទេសគឺមិនអាចនៅឲ្យរដ្ឋាភិបាលចាប់ខ្លួនទាំងអស់ដែលនាំឲ្យបាត់បង់លទ្ធភាពទាមទារយុត្តិធម៌សិទ្ធិមនុស្សសេរីភាពនិងប្រជាធិបតេយ្យនោះទេ។ លោកស្រីថា នេះជាការដកឃ្លាមកក្រៅប្រទេសដើម្បីគេចចេញពីការចាប់ខ្លួនដោយអយុត្តិធម៌ដូចលោកកឹម សុខា។ ហើយពេលនេះត្រូវតុលាការកោះហៅគឺជាពេលត្រូវទៅវិញដើម្បីការពារខ្លួនការពារយុត្តិធម៌ដើម្បីបង្ហាញថា តុលាការអយុត្តិធម៌។
«ទោះបីជាតុលាការហ្នឹងគេហៅថា ដុល្លាការ តុលាការតេឡេអីក៏ដោយ ក៏ប៉ុន្តែយើងខ្ញុំត្រូវតែទៅមានវត្តមាន ទៅឆ្លើយចំពោះមុខចៅក្រមថា ចោទយើងខ្ញុំ ឯណាឯកសារ ឯណាភស្តុតាង?ចោទរឿងអី? ចាប់ផ្តើមមុនដំបូងខុសទៅហើយ នីតិវិធីនោះ!»
ដូចលោកស្រីមូរ សុខហួរ ដែលព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យនិងជាប្រធានអនុគណៈកម្មការព័ត៌មានគណបក្សសង្គ្រោះជាតិដែលគ្រប់គ្រងកម្មវិធីទូរទស្សន៍ព្រះអាទិត្យ មានសង្ឃដីកាថា ព្រះអង្គគង់ជាមួយដំណើរមាតុភូមិនិវត្តន៍របស់គណបក្សសង្គ្រោះជាតិជានិច្ច។ ព្រះអង្គបន្តថា មាតុភូមិនិវត្តន៍មិនបានសម្រេចដូចបំណងនិងសកម្មភាពទាំងអស់របស់គណបក្សសង្គ្រោះជាតិមិនមែនជាបរាជ័យទេ តែសុទ្ធតែជាជំហ៊ានជោគជ័យខាងសិទ្ធិមនុស្សសេរីភាពនិងប្រជាធិបតេយ្យ មិនមែនជោគជ័យខាងកម្លាំងអំណាចទេ។ ព្រះអង្គមានសង្ឃដីកាថា៖
«គ្រប់ដំណាក់កាល ផែនការរបស់គណបក្សសង្គ្រោះជាតិមិនដែលបរាជ័យទេ រាប់តាំងពីការបោះឆ្នោតឡើងទៅ!ដោយសារសង្គ្រោះជាតិបង្ហាញជាដៃគូជោគជ័យហ្នឹងហើយដែលធ្វើឲ្យរបបក្រុមភ្នំពេញភ័យ រំលាយយើងចោល។ មិនត្រឹមតែរំលាយយើងចោលទេ ហាមឃាត់មិនឲ្យយើងធ្វើនយោបាយទៀត។ មិនមែនហាមឃាត់តែថ្នាក់ដឹកនាំកំពូលទេ សូម្បីតែសកម្មជនក៏ហាមឃាត់គ្នាដែរ។ ដូច្នេះអាសញ្ញានៃភាពជោគជ័យរបស់គណបក្សសង្គ្រោះជាតិគឺនៅមានពន្លឺដូចព្រះអាទិត្យ បើដល់ម៉ោងរះ រះហើយ ដល់ម៉ោងលិច លិចហើយ»។
សម្ពាធអន្តរជាតិឲ្យរដ្ឋាភិបាលលោកហ៊ុន សែនបើកលំហប្រជាធិបតេយ្យបានឈានដល់ការកាត់២០%នៃប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងសព្វាវុធ(EBA)របស់សហភាពអឺរ៉ុប។ លោកហ៊ុន សែនបានលើកឡើងថា លោកមិនយកអធិបតេយ្យភាពដូរនឹងការអនុគ្រោះពន្ធដែលលោកថា គង់តែនឹងបាត់បង់ ដោយសារការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។
វិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩បន្ថែមពីលើការកាត់បន្ថយEBAគួបផ្សំនឹងគាបសង្កត់ផងការអំពាវនាវផងពីសហគមន៍ប្រជាធិបតេយ្យដូចជាស.រ.អា.ជាដើម នៅតែមិនអាចធ្វើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលមានប្រទេសចិនជាបង្អែក យល់ព្រម ពិចារណាឡើងវិញអំពីការស្រុះស្រួលនយោបាយជាមួយគណបក្សសង្គ្រោះជាតិដែលមានសំឡេងពលរដ្ឋគាំទ្រប្រហាក់ប្រហែលនឹងគណបក្សរបស់លោកនោះឡើយ។
លោកឯម សុវណ្ណារ៉ាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ យល់ថា ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមកូវីដ១៩ និងសេដ្ឋកិច្ចសាកលលោកកំពុងឆ្លាក់ចុះនោះ អន្តរាគមន៍អន្តរជាតិជំរុញឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនយល់ព្រមចរចាជាមួយគណបក្សប្រឆាំងនោះ ត្រូវការពេលវេលា និងកាលៈទេសៈសមស្រប។
លោកថា៖
«ទិដ្ឋភាពគណបក្សប្រឆាំងកាន់តែខ្សោយទៅៗហើយគណបក្សកាន់អំណាចកាន់តែមានឥទ្ធិពលក្នុងការអូសបន្លាយពេលវេលា ហើយមិនងាកមកការចរចាទេលុះត្រាតែគណបក្សកាន់អំណាចរងសម្ពាធ អន្តរជាតិ ណាមួយឬទណ្ឌកម្មអន្តរជាតិណាមួយដែលជំរុញឲ្យងាកមកឈរលើជំហរប្រជាធិបតេយ្យបរិយាកាសប្រជាធិបតេយ្យដូចមុនបរិយាកាសបោះឆ្នោតឃុំសង្កាត់២០១៧ ទើបមានគេហៅថា មានការចរចា»។
បើគ្មានដំណោះស្រាយនយោបាយទេ ដំណើរមាតុភូមិនិវត្តន៍លើកទីពីរនេះអាចនឹងខ្លីជាងមាតុភូមិនិវត្តន៍លើកទីមួយដែលដឹកនាំដោយលោកសម រង្ស៊ី ហើយខ្លឹមសារសាលក្រមអាចនឹងដូចរំពឹងទុក៕
រាយការណ៍បន្ថែមដោយលោក ស៊ុន ណារិន និងលោក ហ៊ុល រស្មី