គណៈកម្មាធិការវិន័យរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារនេះ បានសម្រេចបញ្ចប់សមាជិកភាពលោកស្រីឡាក់ សុភាពពីគណបក្សនិងពីសមាជិកគណៈកម្មាធិការនាយករបស់គណបក្ស បន្ទាប់ពីលោកស្រីបាននិយាយអំពីបញ្ហាពុករលួយរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិក្នុងទំព័រសារព័តមាន ហើយដែលគណបក្សបដិសេធថា មិនពិតនោះ។
ការសម្រេចរបស់គណៈកម្មាធិការវិន័យរបស់គណបក្សបានធ្វើឡើងក្រោយពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណបក្សបានទុកឱសានវាទដល់លោកស្រី ឡាក់ សុភាពធ្វើការកែតម្រូវចំពោះការចោទប្រកាន់របស់លោកស្រីទៅលើថ្នាក់ដឹកនាំគណបក្សថា បានទទួលប្រាក់ចំនួន៤០លានដុល្លាសហរដ្ឋអាមេរិកពីគណបក្សប្រជាជនជាថ្នូរនឹងការបញ្ចប់វិបត្តិនយោបាយ។
លិខិតមួយច្បាប់របស់គណបក្សសង្គ្រោះជាតិ ដែលបានចុះហត្ថលេខាដោយលោកអ៊ូ ច័ន្ទឫទ្ធិ តំណាងឲ្យគណៈកម្មាធិការវិន័យ បានសម្រេចបញ្ចប់សមាជិករបស់អ្នកស្រីឡាក់ សុភាពពីសមាជិកគណៈកម្មាធិការនាយក គណៈកម្មាធិការប្រតិបត្តិ ក្រុមការងារគណៈកម្មាធិការប្រតិបត្តិរាជធានីខេត្តក្រុងគ្រប់លំដាប់ថ្នាក់។
លោកអ៊ូ ច័ន្ទឫទ្ធិ ប្រធានគណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា មូលហេតុដែលនាំទៅរកការបញ្ឈប់សមាជិកភាពអ្នកស្រី ឡាក់ សុភាពគឺដោយសារតែអ្នកស្រីបានថ្លែងជាសារធារណៈដែលនាំឲ្យមានការប៉ះពាល់ដល់កិត្តិយសរបស់គណបក្ស។
លោកបញ្ជាក់ថា គណបក្សមិនមានការព្រួយបារម្ភទេ នាពេលខាងមុខ នៅពេលដែលអ្នកស្រីឡាក់ សុភាពព្យាយាមនិយាយអ្វីមិនពិតពីគណបក្សតទៅទៀតបន្ទាប់ពីការបណ្តេញចេញពីគណបក្ស។
លោកបាននិយាយថា៖«អ្នកដែលគាំទ្រគណបក្សសង្គ្រោះជាតិលោកមានការខកចិត្តណាស់ដោយឮសម្តីអ្នកស្រីឡាក់ សុភាព ដែលជាសមាជិកគណៈកម្មការនាយកទៅនិយាយ ទីមួយនិយាយពីបញ្ហាផ្ទៃក្នុង ហើយទី២បញ្ហាផ្ទៃក្នុងមិនមែនជារឿងពិតទាល់តែសោះ។ ដូច្នេះគាត់គ្មានតួនាទីអ្វីទៅនិយាយជាមួយអ្នកកាសែត ហើយនិយាយបំផ្លើស និយាយបំភ្លៃ និយាយបរិហារកេរ្តិ៍ថ្នាក់ដឹកនាំរបស់ខ្លួនបែបនេះទេ បាទ»។
អ្នកស្រីឡាក់ សុភាព បន្ទាប់ពីគណៈកម្មាធិការវិន័យបានសម្រេចបញ្ចប់សមាជិកភាពពីគណបក្សសង្គ្រោះជាតិ អ្នកស្រីបានដើរចេញពីរដ្ឋសភាមកធ្វើសន្និសីទកាសែត ដោយបានហៅសេចក្តីសម្រេចនេះជាការខុសច្បាប់អយុត្តិធម៌ និងមិនមានលក្ខណៈប្រជាធិបតេយ្យ។
ពាក់វែនតាខ្មៅ និងដៃមានការសេចក្តីសម្រេចរបស់គណបក្ស លោកស្រីឡាក់ សុភាពមានប្រសាសន៍ដោយទឹកមុខមាំ តែសម្តែងនូវការក្រៀមក្រំថា អ្នកស្រីនៅតែជាសមាជិកគណបក្សសង្គ្រោះជាតិដដែល ដោយសារតែអ្នកស្រីស្រឡាញ់អ្នកប្រជាធិបតេយ្យ។
អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីមិនទៅចូលរួមជាមួយគណបក្សណាផ្សេងឬសមាគមណាមួយទេ បន្ទាប់ពីអ្នកស្រីត្រូវបានគណបក្សសង្គ្រោះជាតិបញ្ចប់សមាជិកភាព ក្រោយពីអ្នកស្រីបានបម្រើគណបក្សប្រឆាំងអស់រយៈពេល២០ឆ្នាំ។
លោកស្រីនិយាយថា៖«រឿងនេះមិនមែនជារឿងខ្ញុំទេ។ បាល់ដែលទាត់លេងតែពីរនាក់ទេ ដល់ពេលទីបញ្ចប់គាត់ទាត់បាល់ហ្នឹងមកឲ្យខ្ញុំទប់ ខ្ញុំមិនអាចទប់បានទេ។ ល្បែងនេះហាក់បីដូចជាល្បែងមួយ នៅពេលទប់មិនបានឲ្យខ្ញុំមកទទួលថ្មបាក់ ដោយសារអស់លោក»។
លោកស្រីបានបញ្ជាក់ទៀតថា ប្រសិនបើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិស្អាតស្អំ សុំឲ្យចេញមុខបកស្រាយជាសារធារណៈ។
លោកស្រីបានបញ្ជាក់ថា៖ «បើសិនជាថ្នាក់ដឹកនាំទាំងអស់លោកស្អាតស្អំ សុំលោកធ្វើសន្និសីទកាសែត ឬសេចក្តីថ្លែងការណ៍ណាមួយឲ្យមតិមហាជននៅក្នុងស្រុក ឬក៏ប្រទេសខាងក្រៅ ជាតិនិងអន្តរជាតិឲ្យបានដឹងឮដើម្បីឲ្យគេស្ងប់ស្ងាត់ទៅ។ នេះជារឿងរបស់មេដឹកនាំទេ មិនមែនជារឿងរបស់ខ្ញុំទេ»។
កាលពីចុងសប្តាហ៍មុន កាសែតក្នុងស្រុក និងកាសែតជាភាសារអង់គ្លេសដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃច័ន្ទកន្លងទៅនេះ បានស្រង់សម្តីអ្នកស្រីឡាក់ សុភាពមកចុះផ្សាយថា លោកសម រង្ស៊ីបានទទួលប្រាក់ពីគណបក្សប្រជាជនកម្ពុជាចំនួន៤០លានដុល្លារសហរដ្ឋអាមេរិក។ អ្នកស្រីនិយាយដូច្នេះក្នុងឱកាសដែលអ្នកស្រីបានចូលរួមកិច្ចប្រជុំបណ្តាញសង្គម។
ការអះអាងនេះត្រូវបានគណបក្សសង្គ្រោះជាតិបដិសេធថា ជារឿងមិនពិតមិនមានមូលដ្ឋានច្បាស់លាស់ក្នុងការចោទប្រកាន់មកលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ៕