ការចាប់ខ្លួននិងការកោះហៅសាកសួរអតីតសកម្មជនគណបក្សសង្គ្រោះជាតិបានរើបឡើងវិញ រួមមានការចាប់ខ្លួនលោក នុត ពេជ នៅចុងសប្តាហ៍នេះផងដែរ។ គណបក្សសង្គ្រោះជាតិនិងអង្គការសិទ្ធិមនុស្សបានទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែនដោះលែងនិងទម្លាក់ការចោទប្រកាន់មន្ត្រីគណបក្សប្រឆាំងនេះ។
គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យគណៈកម្មការសិទ្ធិមនុស្សអ.ស.ប.ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក នុត ពេជ អាយុ៦៣ឆ្នាំ សកម្មជនរបស់គណបក្សនេះ ដែលត្រូវអាជ្ញាធរខេត្តកំពតចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា នៅពេលលោកកំពុងស្ទូងស្រូវ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិដែលចេញនៅថ្ងៃពុធនេះ។
សេចក្តីថ្លែងការណ៍នេះនិយាយថា ការចាប់ខ្លួនលោក នុត ពេជ ធ្វើឡើងតាមអំពើចិត្ត ហើយប៉ូលិសមិនបានបង្ហាញដីការបស់តុលាការទេ។ នេះបើតាមការអះអាងរបស់ភរិយាលោកសកម្មជនដែលជាអនុប្រធានរបស់គណបក្សសង្គ្រោះជាតិប្រចាំស្រុកឈូក ខេត្តកំពុង។ លោកត្រូវបានចោទប្រកាន់ពីបទបំពានសាលក្រមរបស់តុលាការកំពូលដែលបានរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។ លោកអាចត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ។
ការចាប់ខ្លួននេះធ្វើឡើងនៅពេលមានភាពតានតឹង ក្រោយពីលោក សម រង្ស៊ី ប្រកាសថា លោកនឹងវិលត្រឡប់ទៅប្រទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ហើយលោក ហ៊ុន សែន ព្រមានថានឹងចាប់ខ្លួនលោកសម រង្ស៊ី។
ពីរថ្ងៃក្រោយពីអាជ្ញាធរខេត្តកំពតចាប់ឃុំខ្លួនលោក នុត ពេជ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងអតីតមន្ត្រីនយោបាយមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិនេះ។ ប៉ុន្តែមន្ត្រីផ្លូវការរបស់រដ្ឋាភិបាលនិយាយថា ការអំពាវនាវរបស់អង្គការក្រៅរដ្ឋាភិបាលនេះមិនមានអត្ថន័យគួរពិចារណានោះទេ៕