ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទោស​ការ​ផ្លាស់ប្តូរ​បរិស្ថាន​ថា​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់


បុរស​ខ្មែរ​ម្នាក់​ (ឆ្វេង) ចេញ​ពី​ផ្ទះ​របស់​លោក​ដែល​​ឡោម​ព័ទ្ធ​​ដោយ​ទឹក​ជំនន់​​ នៅ​តំបន់​សំណង់​អាណាធិបតេយ្យ​មួយ​កន្លែង​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​០៤ ខែ​កញ្ញា​ ឆ្នាំ​២០១១។ ទឹក​ជំនន់​​​​ពេល​ថ្មីៗ​នេះ​នៅ​ប្រទេស​កម្ពុជា​​ដែល​ធ្ងន់​ធ្ងរ​បំផុត​តា
បុរស​ខ្មែរ​ម្នាក់​ (ឆ្វេង) ចេញ​ពី​ផ្ទះ​របស់​លោក​ដែល​​ឡោម​ព័ទ្ធ​​ដោយ​ទឹក​ជំនន់​​ នៅ​តំបន់​សំណង់​អាណាធិបតេយ្យ​មួយ​កន្លែង​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​០៤ ខែ​កញ្ញា​ ឆ្នាំ​២០១១។ ទឹក​ជំនន់​​​​ពេល​ថ្មីៗ​នេះ​នៅ​ប្រទេស​កម្ពុជា​​ដែល​ធ្ងន់​ធ្ងរ​បំផុត​តា

ទឹក​ជំនន់​នៅ​កម្ពុជា​ជា​លទ្ធផល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​តំបន់​អាស៊ី​ដែលរហូត​ដល់​ពេល​នេះ បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ចំនួន​១៧៦​នាក់​នៅ​កម្ពុជា។ នេះ​បើ​តាម​សម្តីរបស់​លោក ​ម៉ុក ​ម៉ារ៉េត ​ទេសរដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​បរិដ្ឋាន ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​បន្ទាប់​ពី​សន្និបាត​រយៈពេល​បី​ថ្ងៃ​ក្នុង​ទីក្រុង​ភ្នំពេញ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ។

លោក​ម៉ុក ​ម៉ារ៉េត បាន​បញ្ជាក់​ថា ​ការ​ប្រែប្រួល​អាកាស​ធាតុ​បាន​ធ្វើ​ឲ្យ​របប​ទឹក​សមុទ្រ​ និង​ទឹក​ភ្លៀង មាន​ការ​ផ្លាស់​ប្តូរ។

«ទឹកជំនន់​នេះ​ពិត​ជា​ចេញ​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​មួយ​ភាគ​ធំ​ពី​ព្រោះ​យើង​ឃើញ​កំណើនព្យុះ​ កំណើន​កំដៅ​ទឹកសមុទ្រ​ ឬ​មួយ​ទឹក​សមុទ្រ​ត្រជាក់។ ដូច្នេះ​វា​ធ្វើ​ឲ្យ​មាន​កំណើន​ព្យុះ​ច្រើន​ហើយ​ កាច​ជាង​មុន។ យើង​ឃើញ​ថា ​នេះ​គឺ​ជា​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ»។

កម្ពុជា​ទទួល​រង​ជំនន់​ទឹកភ្លៀង​ និង​ជំនន់​ទឹក​ទន្លេ​មេគង្គ​ជា​បន្ដ​បន្ទាប់​គ្នា​ចាប់​តាំង​ពី​ខែ​សីហា ​ហើយ​បន្ដ​រហូត​មក​ដល់​ខែ​តុលា​នេះ។​ របាយការណ៍​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​អង្គារ ទី​៤​ ខែ​តុលា​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​បាន​បង្ហាញ​ថា​ ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​កើន​ដល់​១៧៦​នាក់​នៅ​ក្នុង​ខេត្ត​ចំនួន​១២ ​ក្នុង​ចំណោម​ខេត្ត​ចំនួន​១៧ ​ដែល​គ្រប​ដណ្ដប់​ដោយទឹក​ជំនន់។​ ខេត្ត​កំពង់ចាម​មាន​ជន​រងគ្រោះ​ស្លាប់​ច្រើន​ជាង​គេ​ គឺ​៤២​នាក់។​ បន្ទាប់​មក​គឺ​ខេត្ត​ព្រៃវែង​ចំនួន​៣៩ ​នាក់ ​និង​ខេត្ត​កំពង់​ធំ​ចំនួន​២៧ ​នាក់។ ​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួល​រង​ផលប៉ះពាល់​ជាង​២១៥.០០០​ គ្រួសារ​ ក្នុង​នោះ ​២០.៩១៤​ គ្រួសារ​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង។ ដោយឡែក​សន្ទូង​ចំនួន​ជាង​២៩០.០០០​ ហិកតា​បាន​លិចលង់​ក្នុង​នោះ​របាយការណ៍​របស់​គណកម្មាធិការ​ជាតិ​គ្រប់​គ្រោះមហន្ដរាយ​បញ្ជាក់​ថា ​សន្ទូង​ចំនួន​ជាង​ ៨៦.០០០ ​ហិកតា​បាន​ខូចខាត​ទាំង​ស្រុង។​ សាលារៀន ​មន្ទីរពេទ្យ ​និង​វត្តអារាម​សរុប​ចំនួន ​១.០៩៦ ​បាន​លិចលង់។​ ភ្លៀង​នៅ​បន្ដ​ធ្លាក់​នៅ​កម្ពុជា ​ហើយ​មន្ដ្រី​ផ្លូវការ​បញ្ជាក់​ថា​ ទឹក​នៅ​តាម​ដង​ទន្លេ​មេគង្គ​និង​ទន្លេ​បាសាក់​បាន​ឡើង​បន្ដិច​បន្តួច​ថែម​ទៀត។

លោក ​ប្រាយអិន ​ឡន់ ​(Brian Lund) នាយក​អង្គការ​អកស្វាម​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា ​បាន​ទាញ​ហេតុ​ផល​ថា ​តួលេខ​នៃ​ការ​បំផ្លាញ​ដំណាំ​ស្រូវ​ជាង​៨ម៉ឺនហិចតា​នេះ​ស្មើ​នឹង​ការ​បាត់បង់​ប្រមាណ​ជា​៦០​លានដុល្លារ​នៃ​ដំណាំ​ស្រូវ​កម្ពុជា។

«ផល​ប៉ះពាល់​គឺ​នៅ​ទីនេះ​រួច​ជា​ស្រេច​ទៅ​ហើយ។​ នៅ​ក្នុង​ប្រទេស​មួយ​ដូច​ជា​ប្រទេស​កម្ពុជា​បើទោះ​ជា​លក្ខខណ្ឌ​នៃ​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់​នៅ​ឡើយ​ ប៉ុន្ដែ​យើង​មាន​អ្វីៗ​ត្រូវ​ធ្វើ​ច្រើន​ទៀត​សម្រាប់​ពង្រីក​ការ​យល់ដឹង​ពី​បញ្ហា​នេះ»។

ជាទូទៅ​មូលហេតុ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ពិភពលោក​ត្រូវ​គេ​បកស្រាយ​ថា ​បណ្ដាល​មក​ពី​ មូលហេតុ​នៃឧស្ម័ន​ផ្ទះ​កញ្ចក់។​ ក៏ប៉ុន្ដែ​នៅ​កម្ពុជា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​យ៉ាង​រីក​រាលដាល​ត្រូវ​បាន​មើល​ឃើញ​ថា​ ជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ​ផង​ដែរ។

លោក ​ម៉ុក ​ម៉ារ៉េត ​មាន​ប្រសាសន៍​ដោយ​មិន​បានសំអាង​លើ​ហេតុផល​នេះ​ទេ​ ក៏ប៉ុន្ដែ​លោក​ឆ្លើយ​ថា​ព្រៃឈើ​គឺ​ជា​ប្រភព​ជួយ​ការពារ​ដល់​ការ​ប្រែប្រួល​អាកាស​ធាតុ។

«ព្រៃឈើ​ជា​រួម​គឺ​ស្រាវជ្រាវ​ទៅ​ឃើញ​ថា​ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ស្រូប​យក​ឧស្ម័ន​ផ្ទះ​កញ្ចក់។​ហេតុ​ដូច្នេះ​ព្រៃឈើ​មាន​ប្រយោជន៍​ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ»។

លោក​ រ៉ាហ្វាអែល ​ម៉ូរ៉ូណូ ​ភារធារី​អម​គណៈកម្មាការ​អឺរ៉ុប​មាន​ប្រសាសន៍​ថា ​ត្រូវ​តែ​មាន​ការ​ចាត់វិធាន​ការណ៍​រួម​គ្នា​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ​ ហើយ​វិធាការណ៍​នោះ​ត្រូវ​តែ​ចាប់​ផ្ដើម​ក្នុង​ពេល​ឥឡូវ​នេះ។

លោក​ ម៉ុក ​ម៉ារ៉េត​ អំពាវនាវ​ឲ្យ​ប្រទេស​ឧស្សាហកម្ម​ជឿន​លឿន​ប្រឹងប្រែង​កាត់​បន្ថយ​ការ​បំពុល​បរិយាកាស​ដើម្បី​កាត់​បន្ថយ​ការ​កើន​ឡើង​នៃ​កំដៅ​ពិភពលោក​ និង​បង្កើន​ជំនួយ​មូលធន​ និង​បច្ចេកទេស​ដល់​កម្ពុជា​បន្ថែម​ទៀត៕

XS
SM
MD
LG