ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សង្គម​​ស៊ីវិល​​កម្ពុជា​​ស្នើ​រដ្ឋាភិបាល​កសាង​«ស្តូប​បញ្ឈប់​វប្បធម៌​និទណ្ឌភាព»


រូបឯកសារ៖ កម្រង​ផ្កាដែល​អ្នក​ចូលរួម​ដាក់​នៅ​ខាង​មុខ​រូប​សំណាក​របស់​លោក ជា វិជ្ជា ក្នុង​ពិធី​​គោរព​វិញ្ញាណ​ក្ខន្ធ​ លោក ក្បែរ​វិមាន​ឯករាជ្យ​ នៅ​រាជធានី​ភ្នំពេញ ​នា​ថ្ងៃ​ទី២២​ ខែ​មករា​ ឆ្នាំ២០១៨។ (កាន់​ វិច្ឆិកា/VOA)​
រូបឯកសារ៖ កម្រង​ផ្កាដែល​អ្នក​ចូលរួម​ដាក់​នៅ​ខាង​មុខ​រូប​សំណាក​របស់​លោក ជា វិជ្ជា ក្នុង​ពិធី​​គោរព​វិញ្ញាណ​ក្ខន្ធ​ លោក ក្បែរ​វិមាន​ឯករាជ្យ​ នៅ​រាជធានី​ភ្នំពេញ ​នា​ថ្ងៃ​ទី២២​ ខែ​មករា​ ឆ្នាំ២០១៨។ (កាន់​ វិច្ឆិកា/VOA)​

ក្រុម​សង្គម​ស៊ីវិល​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាលចំនួន ​៥៥ ​ស្ថាប័ន ​បាន​ដាក់​ញត្តិរួម​គ្នា ​ដោយ​ស្នើ​រដ្ឋាភិបាល​សាង​សង់​ស្តូប​ «បញ្ឈប់​វប្បធម៌​និទណ្ឌ​ភាព» ​នៅ​រាជធានី​ភ្នំពេញ ​ដើម្បី​ជា​ការ​បង្ហាញ​យុត្តិធម៌​សង្គម ​និង​រក្សា​នូវ​សន្តិភាព​ផ្លូវ​ចិត្ត​សម្រាប់​ប្រជា​ពលរដ្ឋ។​

ការ​ស្នើ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​មាន​ការ​ប្រារព្ធ​ខួប​ ២០​ឆ្នាំ​នៃ​ករណី​ឃាតកម្ម​ទៅ​លើ ​លោក ​ជា វិជ្ជា​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​នៅ​សួនច្បារ​ក្បែរ​ស្តុប​វត្តលង្កា ​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​ ២២ ​ខែ​មករា ​និង​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​សមាគម​ សហជីព ​និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ប្រហែល​១០០​នាក់។​

យោង​តាម​ញត្តិ​របស់​អង្គការ​សមាគម​ចំនួន​ ៥៥ ​ដាក់​ជូន​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី ​កាល​ពី​ថ្ងៃ​ទី​ ២២ ​ខែ​មករា​នេះ​ ​និទណ្ឌភាព​គឺ​ជា​បញ្ហា​ដ៏​រសើប​មួយ​ដែល​កំពុង​តែ​ញាំញី​នៅ​ក្នុង​សង្គម​ និង​ថា ​«ការ​បញ្ចប់​និទណ្ឌ​ភាព​នៅ​កម្ពុជា» ​គឺ​ជា​កាតព្វកិច្ច​ដ៏​សំខាន់​មួយ​របស់​រដ្ឋ​ក្នុង​ការ​លើក​កម្ពស់​នីតិរដ្ឋ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស។ ​ញត្តិ​បញ្ជាក់​ទៀត​ថា ​បើសិន​នៅ​តែ​បន្ត​ឱ្យ​មាន​នូវ​បញ្ហា​និទណ្ឌភាព​នោះ ​វា​គឺ​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សាធារណ​ជន ​បំបាក់​ស្មារតី​ប្រជា​ពលរដ្ឋ​ខ្មែរ​ ជា​ពិសេស​សកម្មជន​សិទ្ធិ​មនុស្ស​នានា ​ក្នុង​សកម្ម​ភាព​តស៊ូ​មតិ ​និង​ស្វែង​រក​ការ​គាំទ្រ ​ដើម្បី​ផល​ប្រយោជន៍​សង្គម​ជាតិ ​និង​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​ការ​រំលោភ​អំណាច ​និង​អំពើ​ពុក​រលួយ​ ហើយ​ជា​លទ្ធផល​ ភាព​អយុត្តិធម៌​សង្គម​បន្ត​កើត​មាន​កាន់​តែ​ធ្ងន់ធ្ងរ​ ហើយ​ប្រជា​ពលរដ្ឋ​កាន់​តែ​បន្ត​រងគ្រោះ​ជា​បន្ត​បន្ទាប់។​

វត្ត​មាន​នៃ​ស្តូប​មួយ​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង ​ដើម្បី​ជា​ការ​ដាស់​តឿន ​និង​រំឭកដល់​ភាគី​ដែល​ពាក់ព័ន្ធ​ឱ្យ​រួម​គ្នា​លុប​បំបាត់​វប្បធម៌​និទណ្ឌ​ភាព ​លើក​កម្ពស់ ​យុត្តិធម៌​សង្គម ​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស ​ដើម្បី​សន្តិភាព ​វឌ្ឍន​ភាព ​និង​ការ​អភិវឌ្ឍ​ដ៏​ពិត​ប្រាកដ។​ នេះ​បើ​យោង​តាម​ញត្តិ។​

ញត្តិ​ដដែល​បន្ត​ថា គិត​ចាប់​ពី​ឆ្នាំ​ ១៩៩៤​ មក ​យ៉ាង​ហោច​ណាស់​មាន​អ្នក​សារ​ព័ត៌​មាន​ចំនួន​១៥​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ពុំ​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ ​ហើយ​រហូត​មក​ដល់​ពេល​នេះ ​ក៏​មិន​ទាន់​មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​តាម​ច្បាប់​នៅ​ឡើយ។​

ករណី​ឃាតកម្ម​ទៅ​លើ​លោក​បណ្ឌិត ​កែម ឡី ​ក៏​ការ​ស៊ើប​អង្កេត​មិន​បាន​បង្ហាញ​មុខ​ជន​ល្មើស​ផ្សេង​ទៀត ​ក្រៅ​ពី​ឃាតក​ម្នាក់​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ និង​ត្រូវ​បាន​សាធារណ​ជន​ជឿជាក់​ថា​ មិន​មែន​ជា​ឃាតក​ពិត​ប្រាកដ​ឡើយ។ ​នេះ​បើ​តាម​ញត្តិ។​

អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​លោក ​ជា វិជ្ជា ​ក៏​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​កណ្តាល​ថ្ងៃ ​កាល​ពី​ថ្ងៃ​ទី ​២២ ​ខែ​មករា​ ឆ្នាំ​ ២០០៤​ នៅតូប​លក់​កាសែត​មួយ​កន្លែង​នៅ​ខាង​ក្រៅ​វត្តលង្កា។ ​អស់​រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ​ ដែល​ឃាតក​ពិត​ប្រាកដ​មិន​ទាន់​ត្រូវ​បាន​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។ ​នេះ​បើ​តាម​ញត្តិ។​

ក្នុង​ពិធី​ប្រារព្ធខួប ​២០​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​ ជា វិជ្ជា​ ​លោក​ ជា មុនី​ ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក ​ជា វិជ្ជា ​លើក​ឡើង​ថា ​លោក​នៅ​តែមាន​អារម្មណ៍​តក់​ស្លុត​ដដែល​ ដោយ​សារ​កាល​ពី​ ២០​ឆ្នាំ​មុន​ ទីតាំង​នេះ​ មាន​គេ​បាញ់​លោក​ ជា វិជ្ជា​ បង​ប្រុស​របស់​លោក ​ដែល​លោក​ថា ​ការ​បាញ់​នេះ​គឺ​ជា​ការ​រៀបចំ​ដើម្បី​ធ្វើ​ឃាត​តែ​ម្តង។ ​លោក​នៅ​តែ​បន្ត​ជំរុញ​ឱ្យ​ភាគី​ខាង​រដ្ឋាភិបាល​ជួយ​ស្វែង​រក​ជន​បង្ក ​និង​រកយុត្តិធម៌​ចំពោះ​ជន​រង​គ្រោះ។​

លោក ​ជា មុនី ​ថ្លែង​ថា៖ ​«ថ្ងៃ​នេះ​គឺជា​ឱកាស​មួយ​ដែល​ខ្ញុំ​ជម្រាប​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​មាន​ការស្វែង​រក​ឃាតក​ដែល​អស់​លោក​គិត​ថា គាត់​នៅ​មាន​សេរីភាព​នៅ​ឡើយ។ ​អ៊ីចឹង​ទៀត ​យើង​សុំថ្លែង​ទៅ​រដ្ឋាភិបាល​ទៀត​ថា​ គ្រប់​ករណី​ឃាតកម្មទាំង​អស់​ មិន​មែន​តែ​លោក​ជា វិជ្ជា​ទេ ​សូម្បី​ឃាតកម្ម​បង្ហូរ​ឈាម​នៅ​ផ្លូវ​វេង​ស្រេង​ក៏​ដោយ​បាទ ​ក៏​សុំ​ឱ្យ​មាន​ការ​វែក​មុខ​រក​យុត្តិធម៌​ឱ្យ​ពួក​គាត់​ផង»។​

រូបឯកសារ៖ ពិធី​ក្រុង​ពាលី​ឆ្លង​ចេតិយ​លោក កែម ឡី នៅ​ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ ពិធី​ក្រុង​ពាលី​ឆ្លង​ចេតិយ​លោក កែម ឡី នៅ​ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ។ (ហ៊ុល រស្មី/វីអូអេ)

រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​លោក ​ខៀវ សុភ័គ ​ប្រាប់​វីអូអេ​ថា​ ជុំវិញ​ករណី​នៃ​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា ​ក្រសួង​មហាផ្ទៃ​មិន​ទាន់​បិទ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ។ ​លោក​ក៏​អំពាវនាវ​ដល់​អ្នក​ដែល​បាន​ដឹង​រឿង​ជុំវិញ​នៃ​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា ​ឱ្យ​មក​សហការ​គ្នា​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ជន​ល្មើស។​

លោក​លើក​ឡើង​ថា៖​ «ករណី​នេះ​មិន​ទាន់​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បិទបញ្ជី​ស៊ើប​អង្កេត​ទេ។ ​បញ្ជី​នៅ​តែ​ចំហ​ដដែល​ទេ ​ប៉ុន្តែ​សុំ​អំពាវនាវ​ឱ្យ​អ្នក​ដែល​បាន​ព័ត៌មាន​ហ្នឹង​ ចូល​ខ្លួន​មក​បញ្ជាក់​ឱ្យ​ច្បាស់​លាស់​បន្ថែម​ទៀត។ ​អ្នក​ដែល​បាន​ឃើញ ​សាក្សី​ដែលបាន​ឃើញ ​ដើម្បី​ឱ្យ​យើង​មាន​មូលដ្ឋាន​ធ្វើ​ការ​វិនិច្ឆ័យ»។​

លោក ​ឃុន ថារ៉ូ ​ប្រធាន​គ្រប់​គ្រង​កម្ម​វិធី​ការងារ​របស់​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​សង់ត្រាល់ ​ដែល​ចូលរួម​ក្នុង​ការ​ដាក់​ញត្តិ​ស្នើ​សុំ​នេះ ​ប្រាប់​វីអូអេ​ថា​ គោល​បំណង​នៃ​ការ​ដាក់​ញត្តិ​នេះ​ឡើង​គឺ​ដើម្បី​ស្នើ​សុំ​ឱ្យ​មាន​ការ​កសាង​ស្តូប​រំឭក​ដល់​វីរភាព​របស់​សកម្ម​ជន ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ អ្នក​ប្រជា​ធិបតេយ្យ​ និង​អ្នក​ស្រឡាញ់​នូវ​យុត្តិ​ធម៌​ ដើម្បី​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​មួយ​ពិត​ប្រាកដ។​

ក្នុង​ឱកាស​ខួប​២០​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា​ ក្រុម​សង្គម​ស៊ីវិល​ និង​សមាគម​ពាក់​ព័ន្ធទាំង​អស់​ចង់​ឃើញ​ឱ្យ​មាន​ការ​បិទ​បញ្ចប់​នូវ​វប្ប​ធម៌​និទណ្ឌ​ភាព ​ដើម្បី​លើក​កម្ពស់​នីតិ​រដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ​ឃុន ថារ៉ូ។​

លោក​ថ្លែង​ថា៖​ «ការ​កសាង​ស្តូប​នេះ​វា​មាន​សារៈ​សំខាន់​ណាស់។ ​វា​អាចជា​ការ​ដាស់​តឿន​ក្រើន​រំឭក​ទៅ​ដល់​អ្នក​នយោបាយ ​អ្នក​ដែល​មាន​ឥទ្ធិពល ​មាន​អំណាច​ទាំង​អស់​ហ្នឹង ​គឺ​ត្រូវ​ចូល​រួម​ទាំង​អស់​គ្នា​ដើម្បី​លុប​បំបាត់ ​ពីព្រោះ​ថា​ អំពើ​អយុត្តិ​ធម៌​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​ អំពើ​ឃាត​កម្ម ទាំង​អ្នក​សារព័ត៌​មាន ​ទាំង​អ្នក​សកម្ម​ជន​សិទ្ធិ​មនុស្ស​ សិទ្ធិ​ការងារ​ សិទ្ធិ​ដី​ធ្លី​ បរិស្ថាន​ទាំង​អស់​ហ្នឹង គឺ​វា​កើត​ចេញ​មក​ពី​ទំនាស់​នៃ​អំណាច ​ឬ​ក៏​អ្នក​ដែល​មាន​ឥទ្ធិ​ពល​ហ្នឹង​នៅ​ក្នុង​ការ​ដែល​បង្កើន​ឡើង​និទណ្ឌ​ភាព​សង្គម»។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក​ ប៉ែន បូណា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​សង់​ស្តូប​មិន​មែន​ជា​ការ​រួម​ចំណែក​លើក​កម្ពស់​វិស័យ​យុត្តិធម៌​ ឬ​និទណ្ឌភាព​នៅ​កម្ពុជា​ឡើយ។​

លោក​បញ្ជាក់​ថា៖​ «ថ្មីៗ​នេះ​ឃើញ​ហើយ​ ក្រសួង​យុត្តិធម៌​បាន​ប្រកាស​ធ្វើ​សន្និសីទ​កាសែត​មួយ​កង​រំពង​ សុំ​ឱ្យ​ពួក​គាត់​មើល​ថា ​តើ​គេ​ធ្វើ​អ្វី? ​រដ្ឋាភិបាល​បាន​កំពុង​តែ​ធ្វើ​អ្វី​នៅ​ក្នុង​ការ​លើក​កម្ពស់​វិស័យ​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​យើង ​ខិត​ខំ​គ្រប់​បែប​យ៉ាង​ទាំង​អស់​ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ប្រជា​ពលរដ្ឋ​យើង​មាន​យុត្តិធម៌ ​ទទួល​បាន​យុត្តិធម៌ ​ភាគី​ទាំង​សង​ខាង​នៃ​គូ​ក្តី​ទទួល​បាន​យុត្តិធម៌។​ នេះ​គឺ​ការងារ​ពិត​ប្រាកដ​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា ​មិន​មែនទៅ​ធ្វើ​ស្តូប​ហើយ​អាច​កែ​លម្អ​វិស័យ​យុត្តិធម៌​ ឬ​ក៏​បំបាត់​និទណ្ឌ​ភាព​បាន​ទេ! ​ទាល់​តែ​សកម្ម​ភាព​ជាក់​ស្តែង»។​

លោក​ឱ្យ​ដឹង​ទៀត​ថា ​សព្វ​ថ្ងៃ​នេះ​រដ្ឋាភិបាល​កំពុងតែ​ខិតខំ​លើក​កម្ពស់​វិស័យ​យុត្តិធម៌ ​និង​ប្រព័ន្ធ​ច្បាប់​ជូន​ប្រជា​ពលរដ្ឋ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG