នាយកទីភ្នាក់ងារ CIA លោក John Brennan បានបរិហាររិះគន់អ្នកដែលចោទទីភ្នាក់ងាររបស់លោក អំពីការធ្វើទារុណកម្មអ្នកជាប់ឃុំ នៅកន្លែងឃុំឃាំងសម្ងាត់ ដោយលោកថ្លែងថា វិធីសួរចម្លើយរបស់ CIA បានជួយការពារមិនឲ្យមានការវាយប្រហារភេរវកម្មមកលើសរអា។
នៅក្នុងសន្និសិទ្ធសារព័ត៌មានផ្សាយផ្ទាល់នៅមន្ទីរចាត់ការរបស់ CIA កាលពីថ្ងៃព្រហស្បិត៍ម្សិលមិញ លោក Brennan បានសារភាពថា វិធីសួរចម្លើយ«ដែលមានការប្រឆាំងច្រើន»បានយកទៅប្រើជាមួយជនដែលជាប់សង្ស័យអំពីភេរវកម្មនៅក្រោយការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ មកលើសរអា។ លោកបានថ្លែងការពារកម្មវិធីសួរចម្លើយនេះ.
លោកថ្លែងថា បន្ទាប់ពី CIA បានប្រើកម្មវិធីដែលលោកហៅថា “Enhanced Interrogation Techniques” ឬ ហៅកាត់ថា EITs ដែលប្រែមកថា «វិធីសួរចម្លើយប្រសើរជាងមុន» គេបានទទួលព័ត៌មានសំខាន់និងមានប្រយោជន៍យ៉ាងច្រើន។ លោកថ្លែងថា មូលហេតុនិងផលប៉ះពាល់រវាងការប្រើ EITs និងព័ត៌មានដែលបានទទួលមិនអាចដឹងបានទេ តែការនិយាយថា គ្មានព័ត៌មានដ៏សំខាន់ណាមួយបានចេញមកពីការប្រើ EITs នេះជាការមិនពិតទាល់តែសោះ៕