កាលពីថ្ងៃអង្គារ ទី ២២ ខែកញ្ញា តុលាការមួយនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន បានផ្តន្ទាទោសសេដ្ឋីអចលនទ្រព្យចិនលោក Ren Zhiqiang ដែលធ្លាប់ហៅមេដឹកនាំចិនលោកXi Jinping ថាជា «អ្នកលេងសៀកកំប្លែង» ឲ្យជាប់ពន្ធនាគាររយៈពេល ១៨ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦២០.០០០ ដុល្លារអាមេរិក បន្ទាប់ពីរកឃើញថា លោកមានទោសពីបទពុករលួយ សូកប៉ាន់ កេងបន្លំថវិកាសាធារណៈ និងរំលោភអំណាចជានាយកប្រតិបត្តិសហគ្រាសរដ្ឋ។
ពលរដ្ឋចិនមួយចំនួនដែលរិះគន់លើរឿងនេះ បានហៅសាលក្រមខាងលើថា «គ្មានការអៀនខ្មាស» និងជា «ការធ្វើទុក្ខបុកម្នេញនយោបាយ» ខណៈក្រុមអ្នកតាមដានស្ថានការណ៍ ដែល VOA បាននិយាយជាមួយ បានលើកឡើងថា សាលក្រមនេះមានគោលដៅបំបិទសំឡេងក្រុមប្រឆាំង ក៏ដូចជាសមាជិកនៅក្នុងជួរគណបក្សកុម្មុយនីស្តចិនណាដែលរិះគន់លោកប្រធានាធិបតី Xi Jinping ហើយនេះជាសញ្ញាដែលសបញ្ជាក់ឲ្យឃើញពីកង្វះជំនឿទុកចិត្តលើការដឹកនាំរបស់លោក Xi Jinpingផងដែរ។
លោក Yang Jianli អ្នករិះគន់ជនជាតិចិនម្នាក់ ដែលឥឡូវនេះកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក និងជាប្រធានអង្គការ Citizen Power Initiatives for China បានថ្លែងប្រាប់ VOA មុនពេលការចេញសាលក្រមលើលោក Ren Zhiqiang នេះថា៖ «នេះជាឧទាហរណ៍បង្ហាញថា មានរលកប្រឆាំងនឹងលោក Xi Jinping នៅក្នុងជួរគណបក្ស។ ហើយលោក Xi Jinping កំពុងធ្វើអ្វីតាមតែលោកអាចធ្វើបាន ដើម្បីបំបិទសំឡេងប្រឆាំងនោះ និងរារាំងអ្នកដែលប្រឆាំងនឹងលោកមិនឲ្យរួបរួមគ្នា»។
បទចោទប្រកាន់ប្រឆាំងនឹងលោក Ren Zhiqiang
បើយោងតាមសេចក្តីប្រកាសមួយចេញផ្សាយដោយតុលាការប្រជាជនកណ្ដាលលេខ ២ ប្រចាំទីក្រុងប៉េកាំង លោក Ren Zhiqiangត្រូវបានរកឃើញថា បានប្រព្រឹត្តអំពើពុករលួយ និងបានកេងចំណេញប្រាក់ដោយខុសច្បាប់ចំនួនជិត ៧ លាន ៤ សែនដុល្លារអាមេរិក ទទួលសំណូកចំនួន ១៨៤.៥០០ ដុល្លារអាមេរិក និងកេងបន្លំថវិកាសាធារណៈចំនួន ៨ លាន ៩ សែនដុល្លារអាមេរិក រវាងឆ្នាំ ២០០៣ និងឆ្នាំ ២០១៧ នៅពេលលោកបម្រើការជានាយកក្រុមហ៊ុនរដ្ឋឈ្មោះ Huayuan Real Estate Group។
តុលាការក៏បានរកឃើញផងដែរថា លោក Ren Zhiqiang បានរំលោភអំណាចជានាយកប្រតិបត្តិ ដោយបានធ្វើឲ្យមានការខាតបង់ថវិកាជិត ១៧ លានដុល្លារអាមេរិកនៅក្នុងក្រុមហ៊ុនរដ្ឋ ជាថ្នូរនឹងការទទួលបានប្រាក់ចំណេញផ្ទាល់ខ្លួនក្នុងទឹកប្រាក់ជិត ៣ លានដុល្លារអាមេរិក។
សេចក្តីថ្លែងការណ៍ខាងលើបានបន្ថែមថា លោក Ren Zhiqiang បានសារភាពទទួលកំហុស និងបានសងប្រាក់ដែលរកបានដោយខុសច្បាប់ទាំងនេះ ហើយព្រមព្រៀងមិនប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ក្រោយពីតុលាការបានប្រកាសសាលក្រម។
លោក Ren Zhiqiang វ័យ ៦៩ ឆ្នាំ គឺជាកូនប្រុសរបស់អតីតអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមួយរូប។ លោកត្រូវបានគេស្គាល់ច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែការនិយាយដោយចំហរបស់លោកអំពីការរឹតត្បិតលើបណ្តាញផ្សព្វផ្សាយ និងប្រធានបទប្រទាំងប្រទើសដទៃទៀតនៅក្នុងប្រទេសចិន។
ជាអ្នករិះគន់លោកប្រធានាធិបតី Xi Jinping ដោយចំហ
លោក Ren Zhiqiang ត្រូវបានឃុំខ្លួនក្រោមការស៊ើបអង្កតពីបទឧក្រិដ្ឋកាលពីខែមីនា គឺក្នុងពេលមិនយូរប៉ុន្មានបន្ទាប់ពីការលើកឡើងរបស់លោក ដែលបានរិះគន់ថារដ្ឋាភិបាលចិនគ្រប់គ្រងមិនបានត្រឹមត្រូវលើការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន ហើយការអធិប្បាយនេះត្រូវបានចែករំលែកតៗគ្នាយ៉ាងច្រើននៅលើប្រព័ន្ធអ៊ីនធឺណិត។
នៅក្នុងអត្ថបទដ៏ប្រទាំងប្រទើសមួយ លោក Ren Zhiqiang មិនបានបញ្ជាក់ឈ្មោះបុគ្គលណាម្នាក់នោះទេ ប៉ុន្តែហាក់ដូចជាបានហៅលោកប្រធានាធិបតី Xi Jinping ថាជា «អ្នកលេងសៀកកំប្លែងស្រាតម្នាក់ ដែលទទូចបន្តធ្វើជាអធិរាជ»។
សាលក្រមរបស់តុលាការលើលោក Ren Zhiqiang បានបង្កឲ្យមានការរិះគន់នៅក្នុងចំណោមក្រុមអ្នករិះគន់ និងអ្នកតាមដានស្ថានការណ៍ទាំងនៅក្នុងប្រទេសចិន និងក្រៅប្រទេស។
លោក Li Datong ស្ថាបនិកទំព័រប្រចាំសប្ដាហ៍ Freezing Point នៃសារព័ត៌មាន China Youth Daily បានហៅសាលក្រមនោះថាជាការធ្វើទុក្ខបុកម្នេញ «ដោយឥតអៀនខ្មាស»។
លោក Li Datong បានប្រាប់ VOA ថា នៅពេលដែលលោក Ren Zhiqiang ចុះចេញពីតំណែងជានាយកសាជីវកម្ម Huayuan កាលពីឆ្នាំ ២០១១ «អង្គភាពសវនកម្មរបស់រដ្ឋាភិបាលបានតាមដានបញ្ជីហិរញ្ញវត្ថុរបស់សាជីវកម្មនេះយ៉ាងដិតដល់ [ពេលស្ថិតនៅក្រោមការដឹកនាំរបស់លោក Ren Zhiqiang] ហើយអង្គភាពនោះមិនបានរកឃើញថាមានកំហុសណាមួយនោះទេ។ ...ដូច្នេះ [សាលក្រម] នេះគឺដូចជាការទះកំផ្លៀងខ្លួនឯងអ៊ីចឹងសម្រាប់រដ្ឋាភិបាល»។
លោក Li Datong បានបន្តថា លោកជឿថា លោក Ren Zhiqiang ព្រមសារភាពកំហុស ដោយសារតែកូនប្រុសរបស់លោកត្រូវបានក្រុមអាជ្ញាធរចាប់ជាចំណាប់ខ្មាំង។ លោក Li Datong បានបន្ថែមថា បទចោទប្រកាន់ចំនួន ៤ ប្រឆាំងនឹងលោក Ren Zhiqiang គឺមិនត្រឹមត្រូវនោះទេ។
លោក Li Datong បានហៅលោក Ren Zhiqiang ថាជាអ្នករិះគន់ដោយបើកចំហមួយរូប ដែលនិយាយពីគំនិតរបស់ពលរដ្ឋចិនទូទៅ។
លោក Li Datong បាននិយាយថា៖ «លោក Ren Zhiqiang គឺជាមនុស្សម្នាក់ដែលហ៊ាននិយាយអ្វីដែលស្ថិតនៅក្នុងគំនិតមនុស្សជាទូទៅ។ លោកមិនបានបង្កការគំរាមកំហែងដល់នរណាម្នាក់នោះទេ ហើយគ្មានស្ថាប័នណាត្រូវបានផ្តួលរលំ ដោយសារតែការបញ្ចេញមតិ [ដោយសេរី] នោះឡើយ។ លោកមិនបានធ្វើអ្វីក្រៅពីនិយាយអំពីអ្វីដែលនៅក្នុងចិត្តប្រជាពលរដ្ឋទូទៅតែប៉ុណ្ណោះ ដែលការធ្វើដូច្នេះបានធ្វើឲ្យអាជ្ញាធរមិនអាចអត់ធ្មត់បាន»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា